ក្រសួងកសិកម្ម​​នឹង​ជួយ​រក​យុត្តិធម៌​ដល់​មន្ត្រី​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​អាមេរិក ក្រោយ​រង​ការ​ចោទ​ថា​លួច​រត់ពន្ធ​សត្វស្វា​ខុសច្បាប់

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ការ​ពារ ដោយ​អះអាង​​ថា​នឹង​​​ស្វែង​​រក​យុត្តិធម៌ដល់​​មន្ត្រីរបស់ខ្លួនដែល​​ត្រូវបាន​​ចាប់​​ខ្លួន​​នៅ​​សហរដ្ឋអាមេរិក ក្រោម​​បទ​​ឧក្រិដ្ឋ​កម្ម​​របស់​​ប្រទេសលោកសេរីមួយនេះ ជុំវិញ​​ការ​​រត់​​ពន្ធ​សត្វ​ស្វាក្ដាមចេញពីកម្ពុជា។

ការថ្លែងការពារនេះធ្វើឡើងក្រោយពីប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បានចាប់ខ្លួន​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ដែលអាចឈានដល់ការចោទប្រកាន់ ពាក់ព័ន្ធការរ​ត់ពន្ធសត្វស្វាព្រៃខុ​ស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​​ករណី​នេះ​ដែរ។


សត្វ​ស្វាក្ដាម (long-tailed macaques)។ (Cruelty Free International)

មន្ត្រី​កម្ពុជា​មួយរូប​ត្រូវបាន​ចាប់ខ្លួន​នៅ​អាមេរិក ពាក់ព័ន្ធ​នឹង​បទលួចរត់ពន្ធ​សត្វស្វា​ខុសច្បាប់

មន្ត្រីក្រសួង​កសិកម្មម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក ក្រោម​បទ​ឧក្រិដ្ឋ​កម្មរបស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រត់​ពន្ធ​សត្វ​ស្វាក្ដាម (long-tailed macaques) ចេញពីកម្ពុជា ខណៈអគ្គនាយក​រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មម្នាក់ ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះផង​ដែរ។


ក្រសួងកសិកម្ម នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ​បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ​បង្ហាញ​ការភ្ញាក់​ផ្អើល និង​​ខក​ចិត្តជាខ្លាំងចំពោះការចាប់ខ្លួនលោក គ្រី ម៉ះផល ខណៈ​លោក​​ធ្វើដំណើរ​ទៅ​ចូល​រួមកិច្ចប្រជុំអនុសញ្ញាការ​ពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ សាយ​តេស (CITES) នៅប្រទេសប៉ាណាម៉ា។

ក្រសួង​បា​នលើក​ឡើង​​ថា នៅ​កម្ពុជា​ សត្វស្វាក្ដាម ជាប្រភេទសត្វសម្បូរ និងមាន​វត្តមាន​នៅទូទាំង​ប្រទេស ទាំង​ក្នុង​ព្រៃធម្មជាតិ រួម​ទាំង​នៅ​តំបន់ជាយ​ក្រុង និងទីក្រុង ជាពិសេសនៅរមណីយដ្ឋានវត្តភ្នំ​ ក្នុងរាជធានីភ្នំពេញ។

ក្រសួងអះអាងថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយ​បាន​នាំចេញ​សម្រា​ប់គោលដៅវេជ្ជសាស្ត្រ ជាពិសេស​សម្រាប់ការធ្វើពិសោធ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសម្អាង ហើយថាសត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ហើយបញ្ជូនចេញទៅក្រៅទេសនោះទេ។

ក្រសួង​បញ្ជាក់​ទៀត​ថា កសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះ ទម្រាំទទួលបានការទទួលស្គាល់តាម​ផ្លូវ​ច្បាប់ គឺ​សុទ្ធ​តែតម្រូវ​ឱ្យគោរពតាមបទដ្ឋានអនាម័យ និ​ង​វិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហេ្សនេទិករបស់វា​ ដោយមិន​ឱ្យផុតពូជ​​នោះឡើយ។

ក្រសួង​កសិកម្ម​បន្តថា សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា​ បានអនុញ្ញាត​ឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និង​បទប្បញ្ញត្តិជាតិនិងអន្តរជាតិ ហើយថាការនាំចូលទៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវ​អនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

ក្រសួងបានគូសបញ្ជាក់​ថា៖ «រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋាភិបាលកម្ពុជា នឹង​ខិតខំប្រឹង​ប្រែង​ឱ្យអស់ពី​លទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេស​អ្នក​ដែល​បំពេញ​កាតព្វ​កិច្ច​ផ្លូវការ​តំណាង​ប្រទេស​ ស្របតាមអនុសញ្ញាអន្តរជាតិ»

យោង​តាម​សេច​ក្ដីថ្លែងការណ៍​ដែលចេញ​ដោយ​ការិយា​ល័យ​មេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសំណុំរឿងទាក់ទងនឹងការរត់​ពន្ធ​សត្វ​ស្វាព្រៃខុស​ច្បាប់​នេះ មានជន​សង្ស័យ​៨នាក់​ ក្នុង​នោះ មន្ត្រីក្រសួងកសិកម្ម២នាក់ និងបុគ្គលិក៦នាក់របស់ក្រុមហ៊ុន Vanny Bio Research

សេចក្តីថ្លែងការណ៍ដដែលបន្តថា ជនសង្ស័យ​ទាំង​៨នាក់ត្រូវបាន​ចោទ​ប្រកាន់​ថាបាន​​ចា​ប់​ប្រមូល​សត្វ​ស្វាក្ដាម​​​នៅ​ក្នុងឧទ្យាន​ជាតិ និងតំបន់ការពារ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានសត្វស្វាចំនួន៣ ០០០​ក្បាលត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រីក្រសួង​កសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រលប់មកវិញផងដែរ។

យ៉ាងណា បុរសជនជាតិបរទេសម្នាក់ដែលលើកទូរសព្ទក្រុមហ៊ុន Vanny Bio Research និងបានហុចទូរសព្ទបន្តទៅកាន់បុរសជនជាតិខ្មែរម្នាក់ទៀត បានប្រាប់វីអូឌីយ៉ាងខ្លីកាលពីថ្ងៃព្រហស្បតិ៍​ថា អាជីវកម្មរបស់​ពួកគេ គឺធ្វើឡើងដោយស្របច្បាប់​ត្រឹមត្រូវ។

យោងតាមអង្គការ Action for Primates ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងដោយផ្អែក​លើតួលេខ​របស់​ភ្នាក់​ងារ U.S. Fish and Wildlife Service ថាសត្វស្វាក្ដាម ចំនួន១៧ ០០០​ក្បាល ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០២១ កន្លងទៅ។

អង្គការដដែលនេះបន្តថា កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងពីការប្រកាសអាសន្ន​ អំពី​ «សត្វស្វា​ពី​កម្ពុជា​» ដែលត្រូវ​បាននាំចេញសម្រាប់ការស្រាវជ្រាវ និងការធ្វើតេស្តជាតិពុល ដោយ​ថា ប្រភេទសត្វនេះ​ត្រូវ​បានចាត់ថ្នាក់ជាធនធានងាយ​រង​គ្រោះ ខណៈចំនួនក៏មានការថយចុះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ