អង្ករកម្ពុជា​ជាប់​ជា​អង្ករ​ល្អដាច់គេ​ក្នុង​វេទិកា​ស្រូវអង្ករ​ពិភពលោក ខណៈ​កសិករ​ត្អូញត្អែរ​ពី​វិបត្តិ​ទីផ្សារស្រូវ

រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែចង្វាក់នៃផលិតកម្មស្រូវនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

អង្ករ​​​ផ្ការំដួល​​កម្ពុជា​ ជាប់​​ជា «​អង្ករ​ល្អ​ដាច់​គេ» ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក ខណៈកសិករនៅខេត្តមួយ​ចំនួន​ត្អូញត្អែរពីវិបត្តិទីផ្សារស្រូវ ដោយថាអង្ករកម្ពុជាល្អដាច់គេមែន តែពួកគាត់លក់ស្រូវបានតម្លៃថោក មិន​ចំណេញ ស្របពេលតម្លៃទំនិញ-ជី​លើទីផ្សារឡើងថ្លៃជាលំដាប់ ដែលចាំបាច់ឱ្យរដ្ឋាភិបាល​បំពេញ​តួនាទីរបស់ខ្លួនបន្ថែមក្នុងការ​ជួយជ្រោមជ្រែងពួកគាត់ជាបន្ទាន់។

ការត្អូញត្អែរនេះធ្វើឡើងបន្ទាប់ពីអង្ករ​ពូជ «​ផ្ការំដួល​» របស់​កម្ពុជា​ ត្រូវបាន​ជាប់​ជា «​អង្ករ​ល្អ​ដាច់​គេ» ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ភូកេត ប្រទេស​ថៃ ខណៈ​នេះ​ជា​លើកទី​៥ ហើយ ដែល​​អង្ករ​កម្ពុជា​​ឈ្នះ​​ពានរង្វាន់​នេះ។​

រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក ឌិត ទីណា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ បាន​បង្ហោះ​​នៅលើ​បណ្ដាញ​​សង្គម​​ផ្ទាល់​ខ្លួនរ​បស់លោក ដោយ​សាទរ​​ចំពោះ​អង្ករ​​កម្ពុជា​​ពូជ «​ផ្ការំដួល​» ដែល​ទទួល​ជ័យលាភី​លេខ ១ សម្រាប់​ឆ្នាំ២០២២។

លោកសរសេរ​ថា៖ «នេះជាលើកទី ៥ ហើយដែលអង្ករកម្ពុជាទទួលជ័យលាភីនេះ និងនាំមកនូវមោទកភាព​​​​​សម្រាប់កម្ពុជា»

​កន្លងមក ​អង្ករ​កម្ពុជា​ ​ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ចំនួន៤​លើក​រួច​ម​ក​​ហើយ ដោយ​​ឈ្នះ ៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ និង​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៨ នៅ​ប្រទេស​​វៀត​ណាម។ ក្រៅពី​នោះ ​អង្ករ​កម្ពុជា ក៏​ធ្លាប់​ទទួល​បាន​លេខ២ ក្នុង​ឆ្នាំ​២០១៥, ២០១៦ និង​ឆ្នាំ ២០១៧។

កសិករ​នៅ​ខេត្ត​សៀម​រាប ដែលនិយមធ្វើស្រូវពូជសែនក្រអូប អ្នក​ស្រី ប៊ុន កិមឡា ថ្លែងប្រាប់ VOD ដោយ​សាទរ​ករណី​អង្ករ​​​កម្ពុជា​​ត្រូវបាន​ជាប់​ជា «​អង្ករ​ល្អ​ដាច់​គេ» ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក។

យ៉ាងណា អ្នកស្រីត្អូញត្អែរ​ថា អង្ករកម្ពុជាល្អដាច់គេ តែគាត់នៅតែ​លក់ស្រូវបាន​តម្លៃថោ​ក ពោល​​គាត់លក់​ស្រូវ​សើម​ជាមធ្យម​បានត្រឹម៩០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ចំណែក​ស្រូវស្ងួត​បាន​ជាង១ ០០០រៀល។ អ្នកស្រីបន្តថា តម្លៃជី​ឡើងថ្លៃជាលំដាប់ ក្នុងនោះឡើងថ្លៃពី​ ៩៥ ០០០ ទៅចន្លោះ ១៧០ ០០០ឬ ២០០ ០០០ម៉ឺនរៀល​ ទៅតាម​ប្រភេទ ដែល​ជា​ហេតុធ្វើឱ្យ​គាត់​មិន​ទទួល​ផល​ចំណេញ ហើយ​ថែម​ទាំងខាតបង់​ទៅ​ទៀត។

អ្នក​ស្រី​ស្នើ​​ក្រសួងកសិកម្ម ជួយសម្រួលតម្លៃជីឱ្យធូរជាង​នេះ និង​​ធ្វើយ៉ាងណាឱ្យ​​តម្លៃ​​ស្រូវ​​បាន​ថ្លៃ​ជាង​​បច្ចុប្បន្ន។ ក្រៅ​​​ពី​នោះ អ្នកស្រីស្នើរដ្ឋាភិបាល​​ជួយ​​​ទិញ​​ស្រូវ​ពី​កសិករ​ ដូច​នៅ​ប្រទេស​ថៃ វៀតណាម ជាដើម ក្នុងតម្លៃស​មរម្យ ដើម្បីកុំឱ្យឈ្មួញកណ្ដាល​ដាក់តម្លៃស្រេចតែ​ចិត្ត​ នៅ​ពេល​ពួក​គាត់​ប្រមូល​ផល​ម្តងៗ។

អ្នកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​ជួយជ្រោមជ្រែង​ពលរដ្ឋ ទិញ​កសិផល​កសិករ​ទុក​ ជា​ដើម ដោយកុំគ្រាន់តែប្រាប់​ឱ្យពលរដ្ឋប្រឹងផលិត។

អ្នកស្រីថា«រដ្ឋ​ ដូចជាមន្ទីរកសិកម្ម បានចុះជួយផ្សព្វផ្សាយថាឱ្យធ្វើស្រូវតាម​ស្តង់ដារ ប៉ុន្តែ​ស្តង់​ដារ​ដូចតែ​អាមិន​ស្តង់​ដារ ពេល​ច្រូត​ទៅ ប្រជាជន​អាសុទ្ធក៏ដូចជាមិនសុទ្ធ​ដែរ តម្លៃដូចតែគ្នា។ អ៊ីចឹង​ទៅ​ប្រជាជនបាក់​ទឹក​​ចិត្ត ព្រោះអី​ឈ្មួញ​​​កណ្ដាល ​វា​ទិញ​អាសុទ្ធ ​ក៏​ដូច​ជាមិ​​ន​សុទ្ធ តម្លៃដូចតែគ្នា។ ដល់ពេលអ៊ីចឹង​ប្រជាជន គឺ​ខ្ជិលនឹងរើស​ពូជ​ផង ឱ្យធ្វើតែធម្មតាៗដូចតែគេដូចតែឯង តៗគ្នាទៅ។ ប្រជាជន​ចេះ​តែសំណូមព​រឱ្យរដ្ឋជួយទិញ​ស្រូវប្រជាជន​​ឱ្យបានតម្លៃ​ថ្លៃបន្តិច ដើម្បី​ឱ្យធ្វើដំណើរ​ទៅ​មុខ ប៉ុន្តែរដ្ឋដូចអត់មានវិធានការ​ណានឹ​ង​ជួយ​ទិញ​ស្តុក​ទុក​ទេ បាន​តែជួយផ្សព្វផ្សាយឱ្យប្រជាជនធ្វើពូជឱ្យល្អៗ»

កសិករមួយរូប​ទៀតនៅ​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់​ដំបង លោក មួង ចាន់​តារ៉ា លើក​ឡើង​ថា កសិករបច្ចុប្បន្ន​ ​​លក់​​កសិផល​​បាន​​តម្លៃ​អាស្រ័យ​​លើ​មាត់​​​ឈ្មួញ ខណៈ​​តម្លៃ​​ដែ​ល​​ទទួល​​បាន​​​គឺទាប​​ ​បើ​ធៀប​​នឹង​តម្លៃ​​ទំនិញ ជី និង​​​ថ្នាំកសិកម្ម​​ ជាដើម។ ចំណែក​​រដ្ឋាភិបាល លោកថាហាក់មិនទាន់មានភាពសកម្មក្នុងការជួយ​ជ្រោមជ្រែងកសិករឱ្យមានលំនឹងដូចប្រទេសជិតខាង។

លោក​បន្ត​ថា គាត់លក់ស្រូវបានចន្លោះពី ៨០០ ទៅ ៩៧០រៀលប៉ុណ្ណោះក្នុ​ង​មួយ​គីឡូក្រាម ខណៈធ្វើស្រែ​​​មួយ​ឆ្នាំ២ដង ហើយ​​ចេះតែ​ខាត​បង់​រហូត ប៉ុន្តែ​ពុំមាន​​ជម្រើស​ទៅធ្វើការ​ផ្សេង។

លោកថា៖ «ស្រូវក្នុងខេត្តយើង ក្នុងប្រទេស​យើង ​វាដូច​អត់​មាន​ទីផ្សារ ស្រូវនៅស្រុកយើងចេះតែចុះទៅៗ។ អ៊ីចឹងប្រជាពលរដ្ឋ​នៅ​តែ​ខាត​ទៅ​ទៀត បើ​ស្រូវ​ចុះ​ដល់​ថ្នាក់​នេះ។ អ៊ីចឹង​យើង​សំណូមពរ​ឱ្យ​រដ្ឋាភិបាលយើង​ជួយទាញតម្លៃកសិករយើងបន្តិច ទាញតម្លៃឱ្យកសិករយើង ឱ្យបានថ្លៃបន្តិចទៅ ហើយទាញតម្លៃជីឱ្យចុះថោកបន្តិចទៅ ជីទិញចូលពីគេមក គឺថ្លៃទាំងអស់! បើបណ្តោយឱ្យពលរដ្ឋរកទីផ្សារខ្លួនឯង លក់​បាន​ប៉ុន្មាន​ក៏ប៉ុណ្ណឹង​ទៅ នោះប្រជាពលរដ្ឋយើង អ្នកស្រែរត់ទៅស្រុកគេអស់ហើយ ធ្វើពលករស្រុកគេ​អស់ហើយ។ ហើយរាល់ថ្ងៃ ប្លង់ដីប្រជាពលរដ្ឋមានតែនៅអង្គការ ធ្វើស្រែខ្ចីលុយអង្គការ ដល់ពេលអត់លុយបង់អង្គការ មានតែលក់ដី»

សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន កញ្ញា អឹម រចនា អះអាងថា ក្រសួងកសិកម្មទទួលស្គាល់នូវក្តីបារម្ភរបស់កសិករ តែយ៉ាងណា រដ្ឋមន្ត្រីកសិកម្ម ​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​ បាន​ចុះបេសកកម្មនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីតាមដាននូវការលក់ជីនៅតាមដេប៉ូចែក​ចាយ និងណែនាំមន្ត្រីថ្នាក់ក្រោមចុះជួបពលរដ្ឋ និងណែនាំឱ្យពួកគាត់ប្រើប្រាស់ជីឱ្យ​សម​ស្រប​នឹង​ដី។ កញ្ញាថា នេះជាការឆ្លើយតបនូវកង្វល់របស់ពលរដ្ឋពីសំណាក់ក្រសួង។

យ៉ាងណា កញ្ញាថា ចំណុច​សំខាន់ ​ក្រសួង​មិនចង់​រុញឱ្យកសិផលលក់បានតម្លៃថ្លៃទេ តែគឺចង់ឃើញ​កសិករចំណាយតិច ហើយទទួលបានផលចំណេញច្រើនជាងមុន។

​​​កញ្ញា អឹម រចនា ថា៖ «វាអាក្រក់ទៅវិញទេ នៅពេលដែលលក់តម្លៃកសិផលបានថ្លៃ ប៉ុន្តែផលចំណេញនៅដដែល វាប៉ះពាល់ដល់អ្នកបរិភោគថែមទៀត។ អ៊ីចឹងជាគោលនយោបាយរបស់ឯកឧត្តម [ឌិត ទីណា] ដែលកំពុងតែប្រឹងប្រែងធ្វើរាល់ថ្ងៃហ្នឹង គឺធ្វើម៉េចកាត់បន្ថយនូវការចំណាយ ហើយដើម្បីឱ្យប្រជាកសិករលោកបានប្រាក់ចំណេញច្រើនជាងមុនពីការលក់កសិផលរបស់ពួកគាត់។ ហើយដើម្បីឆ្លើយតប ដើម្បីទទួលបាននូវលទ្ធផលហ្នឹង លោកបានបង្កើតក្រុមការងារ លោកបានផ្តួចផ្តើមនូវការផលិតពូជស្រូវដែលមានគុណភាពល្អ ហើយដែលដាំដុះទៅទទួលបានទិន្នផលខ្ពស់»

អ្នកជំនាញកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា កង្វល់​របស់​ពលរដ្ឋ​ គឺ​ជារឿង​ត្រឹម​ត្រូវ ខណៈ​ផលស្រូវរបស់​ពួក​គាត់​មិន​កើន​​ប៉ុន្មាន តម្លៃមិន​​បាន​​ខ្ពស់ ខណៈ​តម្លៃ​ជីកាន់​តែថ្លៃ។

លោកបន្តថា ដើម្បីឱ្យការចំណាយ​ និងចំណូលមានភាពស៊ីចង្វាក់គ្នា និងបានសស់ផលចំណេញ លុះណាតែ​រដ្ឋគាំទ្រជា​ប្រព័ន្ធ​ដល់ក​សិក​រ ដូច​ជា ជ្រោម​ជ្រែង​ទុន កា​ររៀប​ចំដី ពូជ ជី ការ​ទិញ​ស្តុក​ទុក កែ​ច្នៃ និងសម្ងួត​ស្រូវ​នៅតា​មស​ហគមន៍ ​ជាដើម។

លោកថា តម្លៃលក់កសិផល​នៅប្រទេសជិតខាង ក៏មិនថ្លៃណាស់ណាទេ ប៉ុន្តែរដ្ឋាភិបាលរបស់គេ​បានអន្តរាគមន៍​ឱ្យទំនិញ​ពាក់ព័ន្ធមានតម្លៃថោក និង​ទិញ​ស្តុក​ទុក ដូច្នេះកសិករ​ក៏បានផលចំណេញច្រើន មិនខាតបង់ ព្រោះឈ្មួញមិនអាចដាក់តម្លៃតាមចិត្ត។

លោ យ៉ង សាំងកុមារ ថ្លែង​ថា៖ «ដំណោះស្រាយ​ខ្លី​ នៅ​ពេល​ច្រូត​កាត់​ហ្នឹង វា​គ្មាន​អី​ក្រៅពីការ​ទម្លាក់​ទុនទៅ​ឱ្យ​រោង​ម៉ាស៊ីន​ឯកជន សហគមន៍ រដ្ឋខ្លួនឯងហ្នឹងប្រមូលស្រូវទុក ទោះបីថាមិនបានទិញទាំងអស់អី ក៏បាន ៣០[ទៅ]៤០% អ៊ីចឹងទៅ។ វាអាចជួយ ដើម្បីកុំឱ្យតម្លៃធ្លាក់ចុះ អ៊ីចឹងវាមានការប្រកួតប្រជែង។ មានមួយឆ្នាំ ១០០លានដុល្លារអ៊ីចឹងទៅ ដើម្បីជាទុនបង្វិលទិញស្រូវមួយរដូវៗ។ បន្ទាប់មក យើងចេះតែថែមតិចៗទៅ ឆ្នាំក្រោយឡើង១៥០[ទៅ]២០០លានដុល្លារ។ យូរៗទៅនឹងមានទុនបង្វិលគ្រប់គ្រាន់នៅក្នុងវិស័យស្រូវ​អង្ករ​​ហ្នឹង​ហើយ»

​ក្រសួង​កសិកម្មបានឱ្យដឹង​ថា ក្នុង​រយៈពេល១០​ខែ ​ឆ្នាំ​២០២២ កម្ពុជាបាន​​នាំចេញ​​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ ចំនួន៥០៩ ២៤៩តោន កើន​ឡើង៤៩ ០៨០តោន ស្មើ១០,៦៧​ភាគរយ ​បើ​ធៀប​​​រ​យៈពេល​​ដូចគ្នា​​ក្នុង​ឆ្នាំ​២០២១ ដែល​​មាន៤៦០ ១៦៩តោន​។ រីឯ​ខែ​តុលា ឆ្នាំ​២០២២ ការ​​នាំចេញ​មាន​ចំនួន៥៩ ៨៨៨ តោន កើន១០ ៤១៧តោន ស្មើ២១,០៦​ភាគរយ ​ធៀប​នឹង​ខែ​តុលា ឆ្នាំ​២០២១។

ប្រភពដដែលបន្តថា ទឹក​ប្រាក់​​បាន​​ពី​ការ​នាំចេញ​អង្ករ​ក្នុង​រយៈពេល១០ខែ ​ឆ្នាំ​២០២២ មាន៤៣៥ ៤០៧ ៨៩៥ដុល្លារ កើន​ឡើង១០,៧៩ភាគរយ ​ពី​ចំនួន៣៩២ ៩៨៤ ៣២៦ដុល្លារ ​ក្នុង​រយៈពេលដូចគ្នានៅឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ