រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សង្ឃឹមថា កម្ពុជាអាចនឹងរើខ្លួនចេញពីបញ្ជីប្រផេះនៃប្រទេសឃ្លាំមើលការលាងលុយកខ្វក់ នៅឆ្នាំក្រោយ ដោយសម្អាងពីការផ្ដល់សញ្ញាវិជ្ជមានពីក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់នេះជិត៥ឆ្នាំ។
នេះបើតាមកិច្ចប្រជុំបិទទ្វារមួយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលត្រូវបានគេស្រង់សម្តីមកចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ លោក ស ខេង ខណៈកិច្ចប្រជុំនោះមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
លោក ស ខេង ថ្លែងថា កិច្ចប្រជុំនោះមានគោលបំណងដើម្បីវាយតម្លៃអំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការចុះមកពិនិត្យដោយផ្ទាល់របស់ FATF នៅខែមករា ឆ្នាំ២០២៣ ដែលលោកថា សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF នាពេលខាងមុខ។
ជុំវិញបញ្ហានេះ លោកប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបិទបញ្ចប់កិច្ចប្រជុំដូច្នេះថា៖ «នេះជាក្តីសង្ឃឹមរបស់យើង យើងសង្ឃឹមថាយើងអាចនឹងដកខ្លួនចេញពីបញ្ជីប្រផេះបាន ដោយសារតែឆន្ទៈនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»។
លោកគូសបញ្ជាក់ថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ។
តែយ៉ាងណា មេដឹកនាំរូបនោះនៅតែព្រួយបារម្ភពីបញ្ហានេះ ដោយថា ការចុះធ្វើអធិការកិច្ចរបស់ស្ថាប័នអន្តរជាតិ «ជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា»។ បញ្ហានេះ លោកបានក្រើនរំឭកឱ្យស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមថ្មីឱ្យមានប្រសិទ្ធភាព។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា កន្លងទៅ វិធានការទប់ស្កាត់បទល្មើសសម្អាតប្រាក់ មានការវិវត្តជាវិជ្ជមានមួយចំនួន ដូចជា ការធ្វើច្បាប់ និងរៀបចំឱ្យមានស្ថាប័នជំនាញ ដើម្បីទទួលខុសត្រូវទាក់ទិននឹងការប្រយុទ្ធប្រឆាំងបទល្មើសលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មលើទឹកដីកម្ពុជា។
បន្ថែមពីនេះ លោកថា ប្រទេសដែលរើខ្លួនចេញពីបញ្ជីប្រផេះបាន ទាល់តែការអនុវត្តច្បាប់របស់ប្រទេសឈានទៅទប់ស្កាត់បទឧក្រិដ្ឋលាងលុយកខ្វក់ តបតាមអនុសាសន៍របស់ FATF ដែលបានដាក់ជូន។
ដោយឡែក បញ្ហាកម្ពុជា លោកនៅតែបារម្ភចំពោះការរំពឹងទុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយលោកយល់ថា ការអនុវត្តច្បាប់របស់កម្ពុជានៅមានកម្រិតនៅឡើយ។
លោកថា៖ «កម្ពុជាយើងបានរៀបចំយន្តការគ្រប់គ្រាន់ ក៏ប៉ុន្តែការអនុវត្តច្បាប់ទាក់ទងនឹងការលាងលុយនៅមានកម្រិតនៅឡើយ ជាពិសេសការឈានទៅចាប់ខ្លួនជនសង្ស័យក្នុងទ្រង់ទ្រាយធំ ហើយជាប្រព័ន្ធលើយន្តការលាងលុយអាចមានការពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដទៃទៀត រួមទាំងការកេងប្រវ័ញ្ចពលកម្ម ការរកស៊ីខុសច្បាប់ ការបោកប្រាស់ផ្សេងៗ ហើយនឹងគម្រោងដែលមិនមានលក្ខណៈច្បាស់លាស់នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ ជាដើម»។
បញ្ហាមួយទៀត លោក ប៉ិច ពិសី គិតថា ដើម្បីទប់ស្កាត់បទឧក្រិដ្ឋលាងលុយកខ្វក់ ឬការវេរសាច់ប្រាក់ពាក់ព័ន្ធហិរញ្ញប្បទានភេរវកម្មបានជោគជ័យ គេត្រូវមានកិច្ចសហប្រតិបត្តិការជាមួយវិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យវិនិយោគ គណនេយ្យករ និងអ្នកធ្វើសវនកម្ម រួមទាំងទីភ្នាក់ងារលក់អចលនទ្រព្យ និងភ្នាក់ងារជាមេធាវីរត់ការ ជាដើម ដើម្បីត្រួតពិនិត្យពីប្រភពនៃចរន្តវេរលុយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា កម្ពុជាបានជាប់ក្នុងបញ្ជីប្រផេះនេះជិត៥ឆ្នាំមកហើយ។
លោកបន្តថា ការដែលកម្ពុជាអាចនឹងដកខ្លួនចេញពីចំណាត់ថ្នាក់នេះជាដំណឹងរីករាយមួយ។ ប៉ុន្តែលោកថា កម្ពុជានឹងមិនជោគជ័យទេ បើកិច្ចសហការពេលនេះធ្វើឱ្យមានឧបសគ្គដល់វិធានការបង្ក្រាបអំពើពុករលួយជាប្រព័ន្ធនោះ។
បញ្ហានេះ លោកថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ទំនងជាមានប្រភពនិងទិន្ន័យលើភាពមិនប្រក្រតីមួយចំនួន តែគេចង់ឱ្យអាជ្ញាធរកម្ពុជាបង្ហាញសុឆន្ទៈទទួលខុសត្រូវដោយខ្លួនឯង។
លោកថា៖ «ខ្ញុំគ្រាន់តែគិតថា អាជ្ញាធរមានសមត្ថកិច្ចហ្នឹងគួរតែពន្លឿន ឬពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងម៉េចជាមួយនឹងបណ្តាញត្រួតពិនិត្យអន្តរជាតិហ្នឹង កុំឱ្យយើងធ្លាក់ទៅក្នុងបញ្ជីខ្មៅ»។
ក្រោយសហរដ្ឋអាមេរិកដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អ្នកឃ្លាំមើលខ្លះបានលើកឡើងថា ក្រោយមានការបង្ក្រាបទ្រង់ទ្រាយធំ នៅទីក្រុងម៉ាកាវ ប្រទេសចិន ប៉ុន្មានឆ្នាំក្រោយមកនេះ កម្ពុជាបានក្លាយជាជម្រកសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជន មានអំពើពុករលួយប្រទាក់ក្រឡាគ្នា រហូតដល់សែស្រឡាយមេដឹកនាំ។
តែយ៉ាងណា ក្រោយលេចឮបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញឆន្ទៈបង្កើនវិធានគ្រប់គ្រងជនបរទេស និងចាត់វិធានការច្បាប់នូវអ្វីដែលលោកថា ដើម្បីទប់ស្កាត់បទឧក្រិដ្ឋគ្រប់ទម្រង់ដែលប្រទាក់ក្រឡាគ្នាលើទឹកដីកម្ពុជា ដោយសម្អាងថា កម្ពុជាជាប្រទេសរងគ្រោះ៕