មន្ត្រីជំនាញក្រសួងមហាផ្ទៃ គ្រោងជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សានិងប្រមូលយកធាតុចូលបំពេញបន្ថែម លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ ស្តីពី «បទល្មើសបច្ចេកវិទ្យា» ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះកាន់តែមានសុក្រឹតភាពនៅពេលអនុម័ត។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម លោក ប៊ុន ហុន បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ថាក្រសួងមហាផ្ទៃគ្រោងនឹងរៀបចំជំនួបជាមួយអង្គការសង្គមស៊ីវិលក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ។
លោកថា៖ «ចាំមើលគេចេញកម្មវិធីសិន ព្រោះឥលូវគេត្រូវពិនិត្យកម្មវិធីសិន ចាំមើលសិន»។
សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យា (Cyber Crime Law) ត្រូវបានក្រសួងមហាផ្ទៃចាប់ផ្ដើមតាក់តែងឡើងនៅឆ្នាំ២០១៦ និងបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់រាប់សិបលើក ក្នុងកម្រិតកិច្ចប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ អន្តរក្រសួង ព្រមទាំងមានជំនួយឧបត្ថម្ភផ្នែកបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុន ហុន នាពេលកន្លងមក។
លោកបន្តថា ការដែលក្រសួងតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយសារមានក្តីបារម្ភពីបទល្មើសបច្ចេកវិទ្យាកើនឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ខណៈវិស័យបច្ចេកវិទ្យាមានការរីកចម្រើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើងផងដែរ។
ក្នុងវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា ដែលរៀបចំឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ បានថ្លែងថា ទោះបីជាបច្ចុប្បន្ន ក្រសួងមិនទាន់កំណត់ពេលវេលានៃការជួបពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់ស្ដីពី «បទល្មើសបច្ចេកវិទ្យាព័ត៌មាន» នេះក្ដី តែក្រសួងនឹងអនុញ្ញាតឱ្យភាគីសង្គមស៊ីវិលបានលើកឡើងពីមតិយោបល់ ដើម្បីជាធាតុចូលបំពេញបន្ថែមក្នុងសេចក្តីព្រាងច្បាប់នេះ។
លោកថា៖ «ជាគោលការណ៍ គឺមានហើយ! គឺគេបើកឱ្យពិគ្រោះ! ប៉ុន្តែខ្ញុំមិនកំណត់ពេលវេលា ប៉ុន្តែនឹងធ្វើ គ្រាន់តែមិនទាន់ដាក់ពេលវេលា។ ពួកគេ [អង្គការសង្គមស៊ីវិល] ជាប្រជាជនខ្មែរដែរ គ្រាន់តែការរំពឹងទុក គ្រាន់តែជាមតិទាំងអស់មកហើយ តែយកកម្រិតណាបានកម្រិតណា ចាំមើលជាក់ស្ដែង»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរការដែលក្រសួងអនុញ្ញាតឱ្យសង្គមស៊ីវិលចូលរួមផ្តល់ជាមតិយោបល់លើសេចក្តីព្រាងច្បាប់នេះ។
លោកថា៖ «ហ្នឹងជារឿងល្អ ដើម្បីឱ្យច្បាប់ហ្នឹងមានធាតុចូលគ្រប់ជ្រុងជ្រោយ ហើយមិនរំលោភបំពានលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋធ្ងន់ធ្ងរ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ក៏បានសាទរដូចគ្នាដែរ ប៉ុន្តែលោកស្នើដល់ក្រសួងផ្ដល់សេចក្តីព្រាងច្បាប់នេះដល់សង្គមស៊ីវិល នៅមុនកិច្ចប្រជុំ។
លោកបន្តថា ការផ្ដល់មតិនៃការដាក់នូវធាតុចូលរបស់ក្រុមអង្គការសង្គមស៊ីវិល នឹងជួយកែលម្អសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែប្រសើរ មុនពេលដែលអនុម័តឱ្យសាធារណជនប្រើប្រាស់។
លោកថា៖ «សំខាន់ខាងអង្គការសង្គមស៊ីវិលត្រូវការព័ត៌មានពេញលេញ អំពីសេចក្ដីព្រាងច្បាប់ដែលត្រូវជជែកគ្នាហ្នឹង ដើម្បីធ្វើការឈ្វេងយល់ ហើយជាទូទៅអង្គការសង្គមស៊ីវិលតែងតែធ្វើការសហការជាក្រុម អ៊ីចឹងប្រសិនបើអង្គការសង្គមស៊ីវិលមានឯកសារហ្នឹង យើងអាចផ្ដល់ធាតុចូលប្រកបដោយប្រយោជន៍ដល់ការតាក់តែងច្បាប់ហ្នឹង»។
យោងតាមរបាយការណ៍មួយមានចំណងជើងថា «សេរីភាពអ៊ិនធឺណិតនៅកម្ពុជា ជាច្រកទ្វារត្រួតពិនិត្យ» ពីមជ្ឈមណ្ឌលអាស៊ី (Asia Center) កាលពីឆ្នាំ២០២១ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាក់ទង ដើម្បីបង្ក្រាបអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងការធ្វើវិសោធនកម្មនាពេលថ្មីៗនេះទៅលើច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីទូរគមនាគមន៍ ក្រមព្រហ្មទណ្ឌ ប្រកាសអន្តរក្រសួងលេខ១៧០ សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា និងអនុក្រឹត្យថ្មីបំផុតស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ៕