តុលាការ​កំពូល​បដិសេធ​បណ្ដឹងសាទុក្ខ​មន្ត្រី​និង​អតីត​មន្ត្រី​អាដហុក​៥រូប ដោយ​សម្រេច​ឱ្យ​ពួកគាត់​នៅ​មាន​ទោស​ដដែល

លោក យី សុខសាន្ត បុគ្គលិក​សមាគម​អាដហុក​ ផ្ដល់បទសម្ភាសក្រោយចេញពីតុលាការកំពូល ពាក់ព័ន្ធនឹងសំណុំរឿងក្រោមបទចោទប្រកាន់ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​» ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការកំពូលបដិសេធបណ្ដឹងសាទុក្ខអតីត និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៥រូប​ ដោយតម្កល់សាលដីកាតុលាការថ្នាក់ក្រោម ដែលបានផ្ដន្ទាទោសឱ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទចោទប្រកាន់ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​» ទុកជាបានការ​។

បុគ្គលិក និងអតីតបុគ្គលិកស​មាគម​ការពារសិទ្ធិ​មនុស្ស​អាដ​ហុក ៥​រូប​នោះ រួម​​មាន ​​លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និង​អតីតមន្ត្រីអាដហុកចំនួន២រូបទៀត គឺ​លោក ណៃ វ៉ង់​ដា និងលោក នី ចរិយា

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន នៅថ្ងៃសុក្រ​នេះ បាន​ប្រកាសសាល​ដីកាដោយ​ច្រា​ន​ចោល​បណ្ដឹង​សា​ទុក្ខរបស់​បុគ្គលិក​ និងអតីតបុគ្គលិក​​សមាគម​អាដហុក ទាំង​៥រូប ដែល​​ស្នើសុំឱ្យតុលាការកំពូលទម្លាក់រាល់ប​ទចោទ​ប្រកាន់លើ​ពួកគេ​។

ក្រៅពីនោះ លោក និល ណុន ក៏បាន​ប​ដិសេធ​បណ្ដឹង​សាទុក្ខព្រះរាជអាជ្ញា ដែល​ប្ដឹង​សុំ​ឱ្យ​តុលាការ​​ជាន់​ខ្ពស់​ លុបចោលទោស​ព្យួរ​ ហើយមកដាក់ទោសលើបុគ្គ​លិក និង​អតីត​បុគ្គលិក​ស​មាគម​​ការ​ពារ​សិទ្ធិ​​មនុស្ស​​អាដ​​ហុក ៥​រូប វិញផងដែរ។ តែយ៉ាងណា ការ​សម្រេចបដិសេធរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនេះមិនបាន​បញ្ជាក់​អំពី​មូល​ហេតុ​ឡើយ។

លោក យី សុខសាន្ត បុគ្គលិក​សមាគម​អាដហុក​ ដែលបានចូលស្ដាប់ការប្រកាស​សាល​ដីកា បាន​បង្ហាញការសោកស្ដាយចំពោះការសម្រេចរបស់តុលាការ​កំពូល និងបានចាត់ទុក​ការសម្រេច​​របស់​​តុលាការ​ជាន់​​ខ្ពស់​នេះ ថា​ហាក់មិនមានឆន្ទៈក្នុងកា​រ​ស្វែង​រកយុត្តិធម៌ឱ្យអ្នកការ​ពារ​សិទ្ធិ​មនុស្ស​ឡើយ។

លោកថា៖ «ថ្ងៃនេះ ខ្ញុំមា​ន​ការ​សោក​ស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល​ ដែលខ្ញុំគិត​ថាតុលាការកំពូល​នឹងរកយុតិ្តធម៌ឱ្យក្រុមអ្នកធ្វើការងារ​សង្គម​ផ្នែក​សិទ្ធិ​មនុស្ស ប៉ុន្តែផ្ទុ​យទៅ​វិ​ញ តុលាការកំពូលបែរ​ជាបដិសេធ​បណ្ដឹង​សមាគម​សិទ្ធិម​នុស្ស​អាដ​ហុក ដោយ​តម្កល់​ឱ្យយើ​ង​មាន​ទោស​ដដែល។ ចំណុច​នេះ ខ្ញុំគិត​ថា តុលាការ​កំពូល​ហាក់​មិន​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​រក​​យុត្តិធម៌​ឱ្យ​ក្រុមអង្គការ​សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិ​មនុស្ស​ទេ»។

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា បានលើកឡើងដែរ​ថា ការ​មិនទម្លាក់ចោលបទចោទលើអ្នក​ទាំង​៥​រូប​នេះ​ បាន​​ឆ្លុះប​ញ្ចាំង​ឱ្យ​​ឃើញ​​ពី​ការ​បំបាក់​ស្មារតី និង​ឆន្ទៈរបស់អ្នកការពារសិទ្ធិមនុស្ស ដែលបានខិតខំជួយដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងវិស័យការពារសិទិ្ធមនុស្ស។

លោកថា៖ «ផ្ទុយ​ទៅវិញ មិនមានការលើកទឹកចិត្ត ហើយជាការបង្ហាញឱ្យកាន់តែច្បាស់ថា ប្រព័ន្ធយុត្តិធម៌យើងទោះ​បីជា​មាន៣​ថ្នាក់ក៏ដោយ តាំងពីសាលាដំបូង​ មក​ដល់​ឧទ្ធរណ៍​ ហើយ​តុលាការកំពូល ​នៅ​តែ​មិន​អាច​រកយុត្តិ​ធម៌​នៅ​ក្នុង​រឿង​មួយ​​ដែល​បំប្លែង​ការ​ពិត​ពី​ជន​​ដែល​​ចោទ​​ប្រកាន់​មក​លើ​អ្នកទាំង​៥​ហ្នឹង ​​មិន​​មាន​​ភស្ដុតាង​អ្វី​ក្រៅ​​ពីលិខិត៤​សន្លឹក ហើយ​មិន​ដែល​ចូល​មក​សវនាការ​ម្ដង​ណា​សោះ បែរ​​​ជា​តុលាការ​យក​រឿង​ហ្នឹង​មក​​ពិចារណា ខណៈ​មន្ត្រី ៥រូប បាន​ព្យាយាម​ចូល​​គ្រប់​ដំណាក់​កាល ដើម្បី​បំភ្លឺ​ទាំង​មាន​ភស្តុតាង​និង​មូល​ដ្ឋាន​បញ្ជាក់ច្បាស់​លាស់​ ក្នុ​ងការជួយទៅលើជនរងគ្រោះ មិនមែន​ជាការជួយទៅលើសូកប៉ាន់សាក្សីដូចការចោទប្រកាន់បែប​នេះទេ»។

លោក ស៊ឹង សែនករុណា បន្តថា ទោះបីជាតុលាការកំពូល មិនទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់ ហើយ​សាលក្រម​នេះចូល​ជា​ស្ថាពរ​ក្ដី ប៉ុន្តែ​ពួក​គាត់​នៅមិ​ន​បោះប​ង់​បេសកកម្ម និងបន្តធ្វើការងារវិស័យការពាសិទ្ធិមនុស្ស​ដដែល ដើម្បីជួយដល់សង្គមជាតិ និងអ្នករងគ្រោះ។

បុគ្គលិក និងអតីតបុគ្គលិកសមាគមអាដហុក​ទាំ​ង​​៥​រូប ត្រូវ​​​បាន​​​សាលាដំបូង​រាជធានីភំ្នពេញ កាត់ទោសឱ្យជាប់ពន្ធនា​គារ​ម្នាក់ៗ​​​ចំនួន​​៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។ ប៉ុន្តែ​​តុលាការ​សម្រេច​​​ឱ្យអនុ​វ​ត្ត​​ទោសក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​​១៤​​​ខែ ​ហើ​យ​​ទោសដែលនៅ​សល់​ត្រូវ​​ព្យួរ​។

ពួកគាត់ទាំង​៥នាក់ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួនកាលពី​​ខែ​មេ​សា ​ឆ្នាំ​២០១៦ ដោយរងការចោទ​ថា​បាន​​ផ្ដល់​​ប្រាក់​​ជាង​២០០​ដុល្លារទៅ​ឱ្យអ្នក​នាង​ ខុម ចាន់តារាទី ហៅ ស្រីមុំ ក្នុងនាម​ជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យ​ជួយ​​ពេល​នោះ។

ស្ត្រីឈ្មោះ ខុម​ ចាន់តារាទី នៅពេលនោះ ត្រូវបាន​គេ​ចោទថាជាស្រីកំណាន់របស់​លោក កឹម សុខា ដែលមានតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិ ពេលនោះ។ ពួកគាត់​ទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ រហូត​ដល់មាន​ការដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ