អ្នកនយោបាយមកពីបក្សក្រៅរដ្ឋាភិបាល និងអ្នកជំនាញកិច្ចការបោះឆ្នោត លើកឡើងថា ការបំភ្លឺរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ជុំវិញការកែសម្រួលសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីខ្លះសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ដោយថា ការបំភ្លឺនេះ នៅតែធ្វើឱ្យប្រព័ន្ធបោះឆ្នោតមិនអាចធានាពីការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានទេ។
ការលើកឡើងរបស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានចេញសេចក្ដីបំភ្លឺមួយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
គ.ជ.ប. បានបំភ្លឺថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប. បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ប្រាប់វីអូឌីនៅថ្ងៃសៅរ៍ថា ខ្លឹមសារដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានកែសម្រួលនោះ គឺកែត្រង់ចំណុចសំខាន់តែម្ដង។ ឧទាហរណ៍ ពាក់ព័ន្ធនឹងការចែកកំណត់ ហេតុនៃការរាប់សន្លឹកឆ្នោតទៅឱ្យភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមានជាដើម។ ដូច្នេះ លោកថា ការបំភ្លឺរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចទទួលយកបានឡើយ ហើយនៅតែទាមទារខ្លឹមសារដែលបានលុបកន្លងមក ដាក់ត្រឡប់មកវិញ។
លោកបន្តថា៖«គាត់[គ.ជ.ប.]ថា ទុកស្ទើរទាំងស្រុង តែលុបៗកន្លែងសំខាន់។ មួយចំណុចទៀត ពាក្យដែលគាត់[គ.ជ.ប.]ថា កែនឹងកែតែបច្ចេកទេសអីទេ ហើយក៏បានដាក់ឱ្យអនុវត្តហើយទទួលបានជោគជ័យ ក្នុងការបោះឆ្នោតឃុំកន្លងមក ។ យើងចង់ឱ្យគាត់បកស្រាយដែរ ពាក្យជោគជ័យហ្នឹង គាត់[គ.ជ.ប.] វាស់របៀបម៉េច គាត់ថា ការអនុវត្តបានជោគជ័យកន្លងមក ។ មែនទៅ យើងបានតស៊ូមតិទៅលើនីតិវិធីបោះឆ្នោតឃុំកន្លងមកហើយ តែគាត់អត់ទទួលយកទេ ហើយគាត់ថា គាត់បានយកទៅអនុវត្តហើយបានជោគជ័យទៀត»។
លោកស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅពេលទទួលយកសំណើពីគណបក្សនយោបាយហើយត្រូវធ្វើការពិចារណាឱ្យបានល្អិតល្អន់ និងកែទៅតាមការស្នើសុំរបស់គណបក្សនយោបាយផងដែរ។
លោកថា៖« អ៊ីចឹងយើងសុំឱ្យគាត់ឆ្លើយតបឱ្យបានលឿន អត់យកទៅផ្អិបទុកទេ ហើយឆ្លើយតបដោយវិជ្ជមាន ។ សុំយោបល់ តែយករបស់យើងទៅបោះក្នុងធុងសំរាមដដែល។ អាហ្នឹងមិនចាំបាច់សុំយោបល់ទេ ហើយនៅបន្តធ្វើការជាមួយសភាទៀត ឱ្យសភានឹងមើលការងារ គ.ជ.ប. បន្តិច»។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បង្ហាញការព្រួយបារម្ភចំពោះនីតិវិធីមួយចំនួន និងច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតជាដើម។ ករណីនេះ វាបង្ហាញឱ្យគណបក្សនយោបាយខ្លះមិនជឿទុកចិត្តក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខ។
លោកថា៖«កន្លងមក យើងឃើញការអនុវត្តនីតិវិធីនៃច្បាប់មួយចំនួន ដែលបានអនុវត្តដោយ គ.ជ.ប. ហាក់បីមិនបានត្រឹមត្រូវ មួយរយភាគរយទេ។ ដូច្នេះហើយយើងនៅតែមានព្រួយបារម្ភរហូតថា ការបោះឆ្នោតនឹងមិនអាចជាការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ ពិតប្រាកដទេ»។
នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី បង្ហាញការខកចិត្ត ដោយថា ប្រសិនបើគ.ជ.ប. មិនធ្វើការកែលម្អទេ ការបោះឆ្នោតខាងមុខ ប្រាកដណាស់នឹងមានភាពមិនប្រក្រតីដដែល ខណៈសំណើគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលស្នើសុំ មិនត្រូវបានគ.ជ.ប. កែសម្រួលនោះឡើយ។ លោកបញ្ជាក់ថា ការស្នើសុំរបស់បក្សក្រៅរដ្ឋាភិបាលកន្លងមក ដោយសារ ចង់ឱ្យបទបញ្ជា និងនីតិវិធីនាពេលខាងមុខនេះ កាន់តែប្រសើរតែប៉ុណ្ណោះ។
លោកថា៖«បើយើងមិនកែសម្រួលទេ បញ្ហាវាអាចកើតឡើងដដែលទៀត ។ អ៊ីចឹងយើងចង់ឱ្យវាប្រសើរ កុំឱ្យវាមានភាពមិនប្រក្រតីវាច្រើនពេក ឱ្យវារលូនទៅ។ សូមឱ្យ គ.ជ.ប. យកចិត្តទុកដាក់នូវសំណើដែលស្នើឱ្យរៀបចំកែតម្រូវបទបញ្ជា នីតិវិធីរបស់ភាគីពាក់ព័ន្ធមិនថា សង្គមស៊ីវិល និងគណបក្សណាសូមមេត្តាយកចិត្តទុកដាក់ទៅ តាមលទ្ធភាពដែលអាចធ្វើទៅតាមឱ្យដំណើរការនឹងកុំឱ្យវាមានបញ្ហាទៀត ព្រោះអីអ្នកដែលស្នើនឹងគ្នាមានបញ្ហាហើយ បានស្នើឱ្យកែហ្នឹង»។
អនុលោមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រដ្ឋាភិបាលបានប្រកាសកាលពីចុងខែមិថុនា ឆ្នាំ២០២២ ដោយកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឬបោះឆ្នោតជាតិ។
គណបក្សខ្មែររួបរួមជាតិ ស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កែសម្រួលលើខ្លឹមសារមួយចំនួន ក្រោយពីបានពិនិត្យរួចលើបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានផ្ញើលិខិតមួយទៅស្ថាប័ន គ.ជ.ប. ដោយគណបក្សក្រៅរដ្ឋាភិបាលមួយនេះរកឃើញចំណុចខ្វះខាតមួយចំនួនដែលត្រូវកែតម្រូវ និងរក្សាទុក សម្រាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ។
គណបក្សខ្មែររួបរួមជាតិ រកឃើញថា ៣ចំណុចដែលត្រូវកែសម្រួល និងរក្សាទុក ដូចជា ទម្រង់១១០២ ឬហៅថា កំណត់ហេតុរាប់សន្លឹកឆ្នោត និងសូមបញ្ជាក់បន្ថែមក្នុងជំពូកទី៣ ត្រង់ប្រការ ៣.៣ ដោយចែងថា សមាគមឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចូលរួមសង្កេតការណ៍ មិនត្រូវអនុញ្ញាតឱ្យពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែបណ្ណដែលចេញដោយ គ.ជ.ប។
ប្រភពដដែលក៏រកឃើញពីចំណុចដែលត្រូវកែតម្រូវមួយទៀតនៃបទបញ្ជានិ ងនីតិវិធីនេះ គឺនៅត្រង់ចំណុចលិខិតបញ្ជាក់បេក្ខជនថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់រួចហើយ។ ហេតុនេះ គណបក្សដដែលស្នើឱ្យ គ.ជ.ប. លុបចេញនូវប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្តល់សុពលភាពដោយ គ.ជ.ប. រួចស្រេចទៅហើយ៕