កម្ពុជា​ទាមទារ​ឱ្យ​អាមេរិក​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​​ដែល​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​សត្វស្វា​

សត្វ​ស្វាក្ដាម (long-tailed macaques)។ (Cruelty Free International)

កម្ពុជាតាមរយៈក្រសួងការបរទេស បានទាមទារឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គ្រី ម៉ះផល ជាបន្ទាន់ និងអនុញ្ញាតឱ្យលោកស្នាក់នៅក្នុងស្ថានទូតខ្មែរ​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ អំឡុងពេល​រង់ចាំការកាត់ទោសនៅតុលាការ។ ​

ការទាមទារនេះ ធ្វើឡើងក្រោយពីប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គ្រី ម៉ះផល ត្រូវ​បានចាប់ខ្លួន​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ​​នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ ការចាប់ខ្លួននោះ  ​អាចឈានដល់ការចោទប្រកាន់ ពាក់ព័ន្ធការរ​ត់ពន្ធសត្វស្វាព្រៃ ឬស្វាក្តាមខុ​ស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស ​ក៏​រកឃើញថា​​ជាប់​ពាក់​ព័ន្ធ​​ករណី​នេះ​ដែរ។

ក្នុងលិខិតជាភាសាអង់គ្លេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហាញការ​ខកចិត្តយ៉ាងខ្លាំងចំពោះការចាប់ខ្លួន លោក គ្រី ម៉ះផល ក្នុងពេលលោកបានធ្វើដំណើរបំពេញកាតព្វកិច្ចផ្លូវការតំណាងឱ្យ​កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី១៩ នៃ​​អនុសញ្ញាអន្តរជាតិស្តីពីការការ​ពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ ​​ ​ដែល​ធ្វើឡើងនៅ​ប្រទេសប៉ាណាម៉ា។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួងការបរទេសលើកឡើងថា រដ្ឋាភិបាល​​កម្ពុជា នៅតែជំទាស់ចំពោះការ​​ចាប់ខ្លួនមន្ត្រី​ជាន់​ខ្ពស់ក្រសួងកសិកម្ម និង​ជំរុញឱ្យ​​​សហរដ្ឋ​អាមេរិក ដោះលែង​លោក គ្រី ម៉ះផល ​​ជា​បន្ទាន់។

ក្រសួងការបរទេសកម្ពុជាសរសេរថា៖  «ជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការដោះលែង លោក គ្រី ម៉ះផល ពីការឃុំខ្លួន​​ជាបន្ទាន់ និងអនុញ្ញាតឱ្យ​លោក​ស្នាក់នៅ​ក្នុងស្ថានទូតព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​ទីរដ្ឋធានី​វ៉ាស៊ីនតោន ឌី.ស៊ី អំឡុងពេល​កំពុង​រង់ចាំ​ការ​កាត់ទោស​នៅ​តុលាការប្រចាំតំបន់នៃភាគខាងត្បូង​នៃ​រដ្ឋផ្លរីដា(Florida)»។

​​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងបណ្តាញសង្គមតេឡេក្រាមកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ចំពោះករណីមន្រ្តីក្រសួងកសិកម្មត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួននោះ កម្ពុជា កំពុង​សម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូន មន្រ្តីរូបនោះ ដែលត្រូវបានឃាត់ខ្លួនក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។

លោក ជុំ សន្ទរី សរសេរថា៖ «ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ »។

សេច​ក្ដីថ្លែងការណ៍​ដែលចេញ​ដោយ​ការិយា​ល័យ​មេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសំណុំរឿង​រត់​ពន្ធ​សត្វ​ស្វាព្រៃខុស​ច្បាប់​នេះ មានជន​សង្ស័យ​ ៨នាក់​ ក្នុង​នោះមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម២នាក់ និងបុគ្គលិក ៦នាក់របស់ក្រុមហ៊ុន Vanny Bio Research។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មទាំងពីរនាក់ដែលពាក់ព័ន្ធសំណុំរឿងរួមមាន ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ ​ លោក គ្រី ម៉ះផល និងអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស។

សេចក្តីថ្លែងការណ៍​បន្តថា ជនសង្ស័យ​ទាំង​ ៨នាក់ត្រូវបាន​ចោទ​ប្រកាន់​ថា បាន​​ចា​ប់​ប្រមូល​សត្វ​ស្វាក្ដាម​​​នៅ​ក្នុងឧទ្យាន​ជាតិ និងតំបន់ការពារ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានសត្វស្វាចំនួន៣ ០០០​ក្បាលត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រីក្រសួង​កសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រលប់មកវិញ​ដែរ។

ក្រោយចាប់ខ្លួន លោក គ្រី ម៉ះផល បានមួយថ្ងៃ នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្ម ​ ​បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ​បង្ហាញ​ការភ្ញាក់​ផ្អើល និង​​ខក​ចិត្តជាខ្លាំងចំពោះការចាប់ខ្លួននេះ។ ​

ក្រសួងកសិកម្ម​លើក​ឡើង​​ថា នៅ​កម្ពុជា​ សត្វស្វាក្ដាមជាប្រភេទសត្វសម្បូរ និងមាន​វត្តមាន​នៅទូទាំង​ប្រទេស ទាំង​ក្នុង​ព្រៃធម្មជាតិ រួម​ទាំង​នៅ​តំបន់ជាយ​ក្រុង និងទីក្រុង ជាពិសេសនៅរមណីយដ្ឋានវត្តភ្នំ​ ក្នុងរាជធានីភ្នំពេញ។

ក្រសួងអះអាងថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយ​បាន​នាំចេញ​សម្រា​ប់គោលដៅវេជ្ជសាស្ត្រ ជាពិសេស​សម្រាប់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសម្អាង ហើយ​សត្វស្វាក្តាមទាំងនោះមិនមែនត្រូវបានចាប់ហើយបញ្ជូនចេញទៅក្រៅទេសនោះទេ។

ក្រសួងកសិកម្មបាន​បញ្ជាក់​ថា«រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋាភិបាលកម្ពុជា នឹង​ខិតខំប្រឹង​ប្រែង​ឱ្យអស់ពី​លទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេស​អ្នក​ដែល​បំពេញ​កាតព្វ​កិច្ច​ផ្លូវការ​តំណាង​ប្រទេស​ ស្របតាមអនុសញ្ញាអន្តរជាតិ»។

ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ មានប្រសាសន៍ថា សម្រាប់ច្បាប់នៅសហរដ្ឋអាមេរិកលោកមិនស៊ីជម្រៅនោះទេ ប៉ុន្តែលោកយល់ថា កាលណាអាមេរិកចាប់ខ្លួនមន្ត្រីកម្ពុជាណាម្នាក់ហើយ គេកម្រដោះលែងងាយៗណាស់។ កម្រដោះលែង ដោយលោក​ថា អាមេរិកអាចសំអាងទៅលើចំណុច៣ ដែលឈានដល់ការចាប់ខ្លួននេះ ដោយទី១ ​មានភស្តុតាងរឹងមាំឬគ្រប់គ្រាន់។ ទី២ ​ចាប់មន្ត្រី​តំណាងកម្ពុជានិងជាមន្ត្រីអនុវត្តច្បាប់ ហើយបំពានច្បាប់ និងទី៣​ បង្ហាញថាច្បាប់អាមេរិកគ្មានបក្ខគ្មានពួក។

លោកបន្តថា៖ «គេហៅថាច្បាប់នីតិរដ្ឋ គេ[សហរដ្ឋអាមេរិក]ឱ្យតម្លៃច្បាប់ និង​តម្កើងការអនុវត្តនីតិរដ្ឋ។ ដូច្នេះកាលណាគេមានភស្តុតាងរឹងមាំហើយ សេចក្តីស្នើឱ្យគេដោះលែងនោះមិនចេះតែងាយទេ»។

លោក គឹម សុខ មើលឃើញដែរថា លទ្ធភាពបន្ធូរបន្ថយតាមរយៈកិច្ចអន្តរាគមន៍ផ្នែកការទូត​អាចមាន ប្រសិនបើមន្ត្រីកម្ពុជារូបនោះជាសាច់ញាតិស្និទ្ធ​នឹងក្រុមគ្រួសារលោក ហ៊ុន សែន ឬជាមន្ត្រីការទូតបែបជំនាញ ប៉ុន្តែបើគ្រាន់តែមន្ត្រីបច្ចេកទេសធម្មតាទេ មិនមែនជាមន្ត្រីកម្រិតនយោបាយនោះ ក្រុមលោកនាយរដ្ឋមន្ត្រីនឹងមិនស្វះស្វែងរកកិច្ចអន្តរាគមន៍បែបការទូតនោះឡើយ ហើយបណ្តោយឱ្យអាមេរិកចាត់ការទៅតាមច្បាប់តែម្តង។ ​ លទ្ធភាពមួយទៀតលោកថា​ អាចធ្វើតាមរយៈកិច្ចព្រមព្រៀងនៃការធ្វើបត្យាប័នរវាងកម្ពុជានិងអាមេរិក ក្នុងការបញ្ជូនអ្នកទោសពីសហរដ្ឋអាមេរិកមកអនុវត្តទោសនៅកម្ពុជាបន្ត។ ​

អង្គការ Action for Primates ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងដោយផ្អែក​លើតួលេខ​របស់​ភ្នាក់​ងារ U.S. Fish and Wildlife Service ថា សត្វស្វាក្ដាម ចំនួន១៧ ០០០​ក្បាល ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០២១ កន្លងទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ