លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-១៩​ ​​ក្រោយ​ខក​ខាន​ចូល​រួម​កិច្ច​ប្រជុំ​G20​នៅ​ឥណ្ឌូនេស៊ី​  

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង​ស្រុង​វិញហើយ ក្រោយ​ខកខានចូលរួមកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅថាG20 នៅប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ​ នៅទីក្រុងបាងកក ប្រទេសថៃ ដោយត្រូវសម្រាកព្យាបាលជំងឺ និងតាមដានសុខភាពមួយរយៈពេលខ្លី។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​ ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា​ លោកមាន​វិជ្ជមាន​​កូវីដ-១៩ បន្ទាប់​ពី​ពេទ្យប្រទេស​ឥណ្ឌូនេស៊ី បាន​យកសំ​ណាកទៅធ្វើតេស្ត ​មុន​​ពេល​​ចូល​​រួម​​ក្នុង​​កិច្ច​ប្រជុំ G20។

ក្រោយរកឃើញថា មានវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះ លោក ហ៊ុន សែន ក៏​បានសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយ​​​កិច្ច​ប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ព្រមទាំងកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ​  ដោយកម្ពុជាក្នុងនាមប្រធានអាស៊ានក៏​ត្រូវបានខកខានផងដែរ។

ក្រោយកិច្ចប្រជុំ G20 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC ចប់សព្វគ្រប់ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា​ តាមរយៈទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី បានប្រកាសថា សម្រាប់លោកមកដល់ពេលនេះ មេរោគកូវីដ-១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។

ជាមួយគ្នានេះ លោកអះអាងថា គ្រូពេទ្យដែលព្យាបាលលោកក៏បានចេញលិខិតមួយបញ្ជាក់ថា រហូតមកទល់​ថ្ងៃទី១៩ ខែវិច្ឆិកា សុខភាពរបស់នាយករដ្ឋមន្ត្រីវិលមកល្អជាធម្មតាវិញហើយ និងពុំមានរោគសញ្ញារំខានណាមួយឡើយ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្នុងលិខិតរបស់ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក ហ៊ុន សែន ឱ្យដឹងថា ការព្យាបាល ឬតាមដានសុខភាពរបស់លោកនាយករដ្ឋមន្ត្រីត្រូវបានបញ្ចប់ ត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ដោយពុំតម្រូវឱ្យធ្វើចត្តាឡីស័កអ្វីទៀតនោះឡើយ។

ជាមួយគ្នានេះ លោក ហ៊ុន សែន បញ្ជាក់ថា ចាប់ពីថ្ងៃអាទិត្យ​នេះនិងពេញមួយសប្តាហ៍លោកមានកម្មវិធីពេញទាំងអស់ ប៉ុន្តែនឹងមិនហត់ពេកនោះទេ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីបញ្ចប់កិច្ចប្រជុំនោះ លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ជា​ភ្ញៀវ​របស់ប្រធាន​កិច្ច​ប្រជុំ​កំពូល នឹងចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ នៅថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ