ក្រុមប្រទេស G7 ស្នើ UN ឱ្យ​ចាត់​វិធានការ​ឆ្លើយតប​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។ (KCNA តាមរយៈ REUTERS)

រដ្ឋមន្ត្រី​ការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជាជាតិ (UN) ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​សំខាន់ៗ​នានា ដើម្បីឆ្លើយ​តប​ទៅ​នឹង​កា​រ​បាញ់​មីស៊ីលបាលីស្ទីក​អន្តរទ្វីប (ICBM) ចុងក្រោយបង្អស់​ ដោយ​ប្រទេស​កូរ៉េខាង​ជើង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការស្នើ​នេះត្រូវ​បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសុក្រកន្លងទៅ បានបាញ់​​សាកល្បង​មីស៊ីល​បាលី​ស្ទីក​​​ថ្មីមួ​យ​គ្រាប់​ទៀត​ ដែលធ្វើឡើងភ្លាមៗ​បន្ទាប់​ពីខ្លួន​បាន​​ព្រមាន​ពី​ការ​ឆ្លើយ​តប​ខាង​យោធា​​ចំពោះ​អាមេរិកដែល​បង្កើន​វត្តមាន​សន្តិសុខ​ក្នុង​តំបន់។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 បានឱ្យដឹងថា ការធ្វើតេស្តមីស៊ីលដោយកូរ៉េខាងជើង​ កាលពីថ្ងៃសុក្រនេះ គឺជា​ទង្វើដែលគ្រោះថ្នាក់មួយ ខណៈវាក៏ជាការរំលោភបំពានដល់ដំណោះស្រាយរបស់អង្គការសហប្រជាជាតិផងដែរ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖ «ការបាញ់មីស៊ីលបាលីស្ទីក​អន្តរទ្វីបជាបន្តបន្ទាប់ ដែលមិនធ្លាប់មានពីមុនមកដោយកូរ៉េខាងជើង ក្នុងឆ្នាំ​២០២២នេះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ខណៈប្រទេសមួយ​នេះ​មិនគួរធ្វើសកម្មភាពនេះឡើងឡើយ»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីនៃក្រុមប្រទេសទាំងនោះ​ ដែលរួមមាន​សហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ អង់គ្លេស បារាំង និងអ៊ីតាលី ក៏បានឱ្យដឹងថា៖ «សកម្មភាពរបស់កូរ៉េខាងជើងទាំងនេះ គឺទាមទារឱ្យមានការឆ្លើយតបជារួមនិងរឹងមាំមួយពីសហគមន៍អន្តរជាតិ»។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហប្រជាជាតិ ក៏គ្រោងនឹងពិភាក្សាអំពីបញ្ហាប្រទេសកូរ៉េខាងជើងនេះនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ តបតាមសំណើរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានករណីបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងឆ្នាំនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ