កូនលោក គង់ គាំ រំពឹងលើការស្ដារប្រជាធិបតេយ្យ ក្រោយចូលរួមជាមួយបក្សភ្លើងទៀន

គណបក្សឆន្ទៈខ្មែរ ប្រារព្វពិធីអង្គសមាជវិសាមញ្ញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក គង់ មុនីកា)

ប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាកូនបង្កើតរបស់លោក គង់ គាំ គឺលោក គង់ មុនីកា សម្អាងថា ការទៅចូលរួមជា​មួ​យគណបក្សភ្លើង​ទៀន ដើម្បីត្រៀមខ្លួនប្រកួតការបោះឆ្នោតជាមួយបក្សកាន់អំ​​ណា​ចនៅឆ្នាំ២០២៣ខា​ង​មុខ អាចនឹងស្ដារប្រ​​​​ជាធិបតេយ្យឡើងវិញបាន ខណៈអ្នកឃ្លាំមើលមានជំនឿតិចតួចពី​ចរន្តរួបរួមនេះ​។

ការអះអាងរបស់លោក គង់ មុនីកា ធ្វើឡើងបន្ទាប់ពីអង្គសមាជគណបក្សឆន្ទៈខ្មែរ យល់ព្រមតាមសំណើរបស់លោក ដែលសុំលាលែងពីតំណែងជាប្រធានបក្ស ដើម្បីទៅចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន។

គណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសមួយក្រោយបិទបញ្ចប់សមាជវិ​សា​​​មញ្ញរបស់ខ្លួនថា អង្គសមាជបានយល់ព្រមតាមការស្នើសុំរបស់លោក គង់ មុនីកា និងមន្ត្រីជាន់ខ្ពស់មួ​​យ​ចំ​​នួនទៀត ដោយអនុលោមតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

គណបក្សនេះបញ្ជាក់ថា ក្រោមហេតុផលនេះ គណបក្សឆន្ទៈខ្មែរ នឹងមិនដាក់បញ្ជីបេក្ខជន ឈរឈ្មោះសម្រាប់ការបោះ​ឆ្នោ​តជាតិឆ្នាំ២​០​២​៣​​ទេ តែនៅរក្សាឈ្មោះគណបក្សក្នុងបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។

លោក គង់ មុនីកា បានឱ្យដឹងបន្ថែមនៅថ្ងៃចន្ទ​ ទី២១ វិច្ឆិកាថា ជម្រើសថ្មីនេះនឹងបង្កើនសក្ដានុពលដល់គណបក្សភ្លើងទៀន ក្នុងការកៀរគរអ្នកគាំទ្រ ដោយថា វាបានបូកបញ្ចូលចំនួនអ្នកគាំទ្ររបស់គណបក្សលោកទៅ​​​ក្នុ​​ងគណបក្សសម្ពន្ធដៃគូនេះ។

លោកគូសបញ្ជាក់ថា បរិបទនេះក៏ជាគំរូបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីត្រៀ​មខ្លួ​នប្រកួតប្រ​ជែងជា​មួយ​គណបក្សកាន់អំណាចនៅឆ្នាំ២០២៣ ដែលលោកគិតថា កម្លាំងដែលកើតចេញពីចរន្តរួបរួមនេះ អា​ចនឹ​ងជំរុញដល់ភាពប្រសើរឡើងវិញខាងវិស័យសិទ្ធិមនុស្ស និងនយោបាយ។

លោកបន្តថា៖ «យើងមានការរំពឹងទុកថា នៅពេលក្រោយការបោះឆ្នោតឆ្នាំ២០២៣ គណបក្សភ្លើងទៀននឹងអាចមានលទ្ធភាពនាំឱ្យស្ថានភាពប្រជាធិបតេយ្យ ក៏ដូចជាស្ថានភាពសិទ្ធិមនុស្សនិងសេរីភាពនយោបាយនៅកម្ពុជាល្អឡើងវិញ»។

អ្នកនាំពាក្យគណបក្សប្រជាជានកម្ពុជា លោក សុខ ឥសាន ហៅចរន្តរួបរួមនេះថា ជាសញ្ញាផុយស្រួយ និងមិនបង្កការភ័យខ្លាចដល់បក្សកាន់អំណាចសម្រាប់ទីលានប្រកួតនៅឆ្នាំ២០២៣ ទេ ។

លោកថា៖ «[គណបក្សឆន្ទៈខ្មែរ] ទៅស្រវាទៅ [គណបក្សភ្លើងទៀន]គេមានសំឡេងមួយចំនួនទៅ ដល់អ៊ីចឹងទៅ ពឹងពាក់គេ ហើយអាការពឹងពាក់ហ្នឹង វាមិនដឹងថាពឹងបានឬមិនបាន។ អ៊ីចឹងបានជាត្រូវទុកស្នៀតខ្លះ ដើម្បីដកថយ។ [សម្រាប់ឯកឧត្ដមមានការព្រួយបារម្ភទៅនឹងប្រព័ន្ធរួបរួមថ្មីនេះទេ?] អត់ទេ! អ្នកចាញ់បូកអ្នកចាញ់ អាហ្នឹងវាពីរចាញ់! អ្នកចាញ់បូកអ្នកចាញ់បានអីទៅឈ្នះ?»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការរួមរវាងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន មិនមែនជាគំរូសម្រាប់អ្នកប្រជាធិបតេយ្យទេ តែថាជាមនោសញ្ចេតនារវាងអតីតមេដឹកនាំរបស់គណបក្សទាំងពីរ។

លោក សុវណ្ណរ៉ា សម្អាងថា លោក គង់ គាំ ជាសហស្ថាបនិកជាមួយលោក សម រង្ស៊ី ចាប់ពីការបង្កើតគណបក្សជាតិខ្មែរ គណបក្ស សម រង្ស៊ី រហូតគណបក្សភ្លើងទៀត បច្ចុប្បន្ន។

ប៉ុន្តែលោកថា ចរន្តរួបរួមនេះជាសញ្ញាវិជ្ជមានខ្លះដែរ ក្នុងការជំរុញដំណើរការប្រជាធិបតេយ្យ ព្រោះថា ប្រព័ន្ធបោះឆ្នោត ប្រព័ន្ធតុលាការ និងកងកម្លាំង នៅតែត្រូវបានគេមើលឃើញថាគ្រប់គ្រងដោយបក្សកាន់អំណាចនៅឡើយ។

លោកថា៖ «គណបក្សភ្លើងទៀន ឬគណបក្សនយោបាយដែលចង់រួបរួមហ្នឹង គឺត្រូវគិតអំពីផលប្រយោជន៍ប្រជាធិបតេយ្យជារួម កុំគិតទៅលើផលប្រយោជន៍បុគ្គល ឬក៏អំណាចបុគ្គលជាធំ អានោះទើបអាចទាក់ទាញកៀរគរអ្នកប្រជាធិបតេយ្យនោះមករួមគ្នាបាន»។

បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ជុំវិញទីលានប្រកួតការបោះឆ្នោតនេះ អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ធ្លាប់ផ្ដល់អនុសាសន៍ថា ការបោះឆ្នោតមួយមានលក្ខ​ណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ យ៉ាងហោចណាស់ ត្រូវធានាកុំឱ្យមានការគំរាមកំហែ​ងខាងនយោបាយ សេរីភាពបញ្ចេញមតិ ការជួបជុំ ​​នៅមុនការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត។

មួយវិញទៀត ប្រព័​ន្ធបោះឆ្នោតត្រូវ​កែលម្អ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធជឿជាក់បានថាជាស្ថាប័នឯករាជ្យ គ្មានការជ្រៀតជ្រែកពីគណបក្សនយោបាយ រួមទាំងយន្តការដោះ​ស្រាយវិវាទន​​យោបាយ។

បន្ថែមពីនេះ ខុមហ្វ្រែល ទាមទារឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលពាក់ព័ន្ធ ក្នុងនោះមានទាំ​ងច្បាប់ស្តីពីគ​ណ​បក្សនយោបាយ កុំឱ្យមានការរឹបអូសឆន្ទៈម្ចាស់ឆ្នោត ដូចបានធ្វើទៅលើគណបក្សសង្គ្រោះ​ជាតិអំឡុងចុងឆ្នាំ២០១៧ រួមទាំងភាពឯករាជ្យរប​ស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ