អាជ្ញាធរ​ខេត្តកោះកុង​ប្រាប់​ម្ចាស់សំណង់រឹង​ដែល​សង់​ចូល​សមុទ្រ​ផ្អាក​ការ​សាងសង់ ក្រោយ​រកឃើញ​ថា​ខុសច្បាប់

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី និងសំណង់មួយកន្លែងស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលសារព័ត៌មានបានចុះផ្សាយថាមានការកាប់ព្រៃកោងកាង និងចាក់ដីចូលសមុទ្រ។ (រដ្ឋបាលខេត្តកោះកុង)

រដ្ឋបាលខេត្តកោះកុង ប្រាប់​ទៅម្ចាស់សំណង់រឹង​ដែលសង់ចូលសមុទ្រមួយកន្លែងស្ថិត​នៅ​ភូមិ​ខ្សាច់ក្រហម ឃុំ​ជី​ខក្រោម ស្រុកស្រែអំបិល ផ្អាក​សកម្មភាព ក្រោយរកឃើញថា ការសាងសង់នោះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

កាលពីថ្ងៃទី៨ ខែ​​វិច្ឆិកា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងតាម​សារព័ត៌មានមួយចំនួន​ជា​បន្តបន្ទាប់ អំពីសកម្មភាពចាក់ដីលុប​ព្រៃកោ​ង​កាង និង​សាង​សង់​សំណង់​រឹង​ចូល​សមុទ្រ​ ស្ថិតនៅភូមិសាស្ត្រ​ឃុំជីខក្រោម ដោយ​គ្មានការ​ទប់​ស្កាត់​ពី​អាជ្ញាធរ។ ក្រោយការចុះផ្សាយនេះ រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយអភិបាលរងខេត្ត លោក សុខ សុទ្ធី បានចុះពិនិត្យមើលដល់កន្លែងជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា ក្រោយចុះពិនិត្យមើលផ្ទាល់ គឺឃើញសកម្មភាពឈូសឆាយដីដើម្បីអភិវឌ្ឍន៍ចំនួន២ទីតាំង ដោយទីមួយមានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈមួយទីតាំងមួយទៀតបានសាងសង់សំណង់រឹងចូលសមុទ្រដោយខុសច្បាប់ ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម។

អភិបាលរងខេត្តរូបនេះបន្តថា លោកបានឱ្យម្ចាស់សំណង់ផ្អាកសកម្មភាពសាងសង់ និងប្រគល់ភារកិច្ចនេះទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងសំណង់ ដោះស្រាយករណីនេះតាមនីតិវិធីច្បាប់។

លោកបន្ថែមថា៖ «បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគទាំងឡាយ មុននឹងធ្វើការអភិវឌ្ឍដី ឬវិនិយោគអ្វីមួយ សូមមេត្តាស្នើសូមច្បាប់អនុញ្ញាតជាមុនសិន ហើយជាជំហរ​​របស់រដ្ឋបាលខេត្តកោះកុង គឺសូមស្វាគមន៍​នូវរាល់ការចូលរួមអភិវឌ្ឍលើគ្រប់វិស័យ»

មេឃុំជីខ​ក្រោម ​លោក អាង ទី មានប្រសាសន៍ថា បច្ចុប្បន្នេះ សំណង់នោះមិនត្រូវបានសាងសង់បន្តនោះទេ ដោយរង់ចាំឱ្យម្ចាស់ទីតាំងសំណង់រៀបចំឯកសារស្នើសុំឱ្យត្រូវទៅតាមច្បាប់។

លោកបន្ថែមថា៖ «ឥលូវនេះ យើងកំពុងដំណើរការដោះស្រាយរឿងនេះ យើងឱ្យម្ចាស់ទីតាំងហ្នឹងគាត់រៀបចំឯកសារស្នើច្បាប់ឱ្យបានត្រឹមត្រូវឡើងវិញ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង លោក អ៊ី ម៉េងលាង បានទេ ពាក់ព័ន្ធករណីនេះ ខណៈអនុប្រធានមន្ទីរ ​អ្នកស្រី ឯម សុទ្ធារ៉ា ថាខ្លួនមិនទាន់បានដឹងរឿងនេះនៅឡើយ។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ថោង ច័ន្ទតារា អះអា​ង​​​ថា ក្នុង​​ខេត្ត​កោះកុង​ បទល្មើសរំលោភ​​​យកដីក្នុងដែនសមុទ្របានកើត​ឡើង​​ស្ទើរ​​គ្រប់​ទី​កន្លែង ​ដែ​​ល​​ប្រព្រឹត្តឡើងដោយអ្នកមានលុយមានអំណាច ហើយពុំសូវមានចំណាត់ការតឹងរ៉ឹងណាមួយពីមន្ត្រីជំនាញនោះទេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបាន​ដាក់ការសង្ស័យថា បញ្ហានេះកើត​ឡើងបានអាចជាប់ពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធ រវាងអាជ្ញាធរ និងជនល្មើសដែលជាអ្នក​មាន​លុយ​មាន​អំណាច។ លោកថា អាជ្ញាធរថ្នាក់ជាតិ និងមន្ត្រីជំនាញ ត្រូវចាត់វិធានការករណីនេះឱ្យបានតឹងរ៉ឹងតាមផ្លូវច្បាប់ និងមានតម្លាភាព ដើម្បីព្រមានដល់មន្ត្រីខិលខូច និងអ្នករំលោភបំពានធនធានសមុទ្រផ្សេងទៀត។

លោក ថោង ច័ន្ទតារា បានបារម្ភពីការបាត់បង់ធនធានធម្មជាតិសមុទ្រ​យ៉ាង​ឆាប់​រហ័ស និង​រាលដាលទៅកន្លែងផ្សេងៗទៀតកាន់តែច្រើន ប្រសិនបើអាជ្ញាធរថ្នាក់ជាតិ មិនចុះស៊ើបអង្កេត និងពង្រឹង​ការអនុវត្តច្បាប់ ឬចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនល្មើស និងអ្នកពាក់ព័ន្ធជាមួយបទល្មើសនោះ។

លោកបន្ថែមថា៖ «អ៊ីចឹងមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវតែពង្រឹងការអនុវត្តច្បាប់ ដោយចុះបង្ក្រាបឱ្យបានតឹងរ៉ឹង និង​ម៉ឺង​ម៉ាត់។ ហើយ​អាជ្ញាធរថ្នាក់ជាតិ ត្រូវ​សកម្មចុះធ្វើអធិការកិច្ចពិនិត្យមើលករណីនេះ និង​ទប់ស្កាត់កុំឱ្យមានការប្រព្រឹត្តអំពើពុករលួយជុំវិញ​បទល្មើសធនធានសមុទ្រនេះ»

បើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដែលរដ្ឋាភិបាលចេញកាលពីឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ឆ្នេរនិងពាមសមុទ្រ ត្រូវទុកចម្ងាយ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់​ពាម​សមុទ្រ។

ចំពោះមាត្រា៩៨ នៃច្បាប់ស្ដីពីជលផល ចែងថា ការកាប់ឆ្ការ គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃលិច​ទឹក និង​ព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំ ទៅ៥ឆ្នាំ ហើយ​វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ ឬបំផ្លាញចោល។

ចំណែក​មាត្រា១០២ នៃច្បាប់ដដែល​នេះ បញ្ជាក់​ថា បើ​បទល្មើសនោះ​ប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រី​នគរបាល មន្ត្រី​យោធា និង​មន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ