ក្រសួងណែនាំបេក្ខជនគោរពបទប្បញ្ញត្តិនៃការប្រឡងបាក់ឌុប បើរកឃើញកំហុសនឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ

រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ក្រសួងអប់រំ អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត បើពុំនោះទេ បេក្ខជននឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិនៅឆ្នាំនេះ​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ដោយ​មានបេក្ខជនចុះឈ្មោះប្រឡង​សរុបចំនួន១២៨ ១៣៤នាក់ (ស្រី ៦៨ ៧៧១នាក់) និងមានមណ្ឌលសំណេរសរុបចំនួន២២១មណ្ឌល (ស្មើនឹង ៥ ១៧៤បន្ទប់។

ក្រសួងបន្តថា ចំពោះការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្ត ចំនួន២លើក ក្នុងនោះ លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌល​ប្រឡង​ និងលើកទី២ នៅថ្ងៃទី៤ ខែធ្នូ ដើម្បីពិនិត្យមើលនិងបញ្ជាក់ជាថ្មីម្តងទៀត​អំពីមណ្ឌល​ប្រឡង និងលេខតុ។

ក្រសួងក៏បានតម្រូវឱ្យបេក្ខជនទាំងអស់ត្រូវអនុវត្ត​ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដូចមានកំណត់ក្នុងសេចក្តីណែនាំប្រតិបត្តិ ជាពិសេសគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម​ត្រូវជាប្រចាំក្នុងមណ្ឌល​ប្រឡង។

ក្រសួងបានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវ​ដល់បេក្ខជនទាំងអស់ ត្រូវ​គោរព​បទប្បញ្ញតិ្ត​នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស​មិនត្រូវលាក់ទុកជាប់នឹងខ្លួន​នូវ​ឧបករណ៍​អេឡិច​ត្រូនិចគ្រប់ប្រភេទក្នុងមណ្ឌលប្រឡង ឬបន្ទប់​ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត​វិន័យ បេក្ខជន​នឹង​ត្រូវ​​បានកំណត់ឱ្យធ្លាក់​ជាស្វ័យប្រវត្តិ»។

ការរៀបចំការប្រឡងសញ្ញាបត្របាក់ឌុបនេះ ក្រសួងអប់រំ​ ក៏មានការ​សហការជាមួយក្រសួង​ស្ថាប័នចំនួន​៦ផងដែរ ក្នុងនោះរួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំង​អំពើពុករលួយ សហព័ន្ធសហភាពយុវជន​កម្ពុជា និងអគ្គិសនីកម្ពុជា។

បើតាមក្រសួងអប់រំ ការប្រកាសលទ្ធផល​ប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល​ នៅថ្ងៃទី​២៧ ខែធ្នូ និង​សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ