វាយ៉ាប់ដែរ! ដោយសារអី? ដោយសារទឹកអណ្ដូងហ្នឹង វាមានច្រែះ។
នេះជាការលើកឡើងរបស់អ្នកស្រី កៅ សុគន្ធា ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិនគរក្រៅ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរៀបរាប់ពីផលលំបាកនៃការប្រើប្រាស់អណ្ដូង ស្របពេលដែលប្រព័ន្ធទឹកស្អាតមិនទាន់ផ្គត់ផ្គង់ទៅដល់ពួកគាត់។
នេះជាការលើកឡើងរបស់អ្នកស្រី កៅ សុគន្ធា ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិនគរក្រៅ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរៀបរាប់ពីផលលំបាកនៃការប្រើប្រាស់អណ្ដូង ស្របពេលដែលប្រព័ន្ធទឹកស្អាតមិនទាន់ផ្គត់ផ្គង់ទៅដល់ពួកគាត់។
ភូមិនគរក្រៅ ឃុំគោកចក មានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ ដែលមានផ្ទះប្រជាពលរដ្ឋរស់នៅជាប់ៗគ្នាជាច្រើន ខណៈដែលផ្ទះពលរដ្ឋខ្លះមានអណ្ដូងទឹកប្រើប្រាស់ និងពលរដ្ឋខ្លះត្រូវសុំអ្នកជិតខាងប្រើប្រាស់ជាមួយ។
អាជីវករលក់ដូរសម្លៀកបំពាក់បុរាណនៅតំបន់អង្គរ អ្នកស្រី កៅ សុគន្ធា ឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងភូមិរបស់អ្នកស្រី មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតមកដល់នោះទេ ពោលគឺប្រជាពលរដ្ឋយកទឹកអណ្ដូងដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងបរិភោគ ដោយសារពុំទាន់មានការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតប្រើប្រាស់នៅឡើយ។
កំពុងឈររៀបចំសម្លៀកបំពាក់ ស្រ្តីវ័យ៥០ឆ្នាំរូបនេះបានឱ្យដឹងថា ការប្រើប្រាស់ទឹកអណ្តូងទាំងស្រុងបែបនេះ ហាក់មិនអាចផ្គត់ផ្គង់ការប្រើប្រាស់បានទាន់ចិត្តនោះទេ ដោយសារតែវាមានសភាពល្អក់កករ និងមានជាតិច្រែះ ដោយពុំទាន់អាចបរិភោគបានភ្លាមៗនោះទេ ពោលគឺត្រូវដាក់ចម្រោះវាចោល៤ ទៅ៥ថ្ងៃ រហូតឱ្យវាបាត់ភាពកករនោះ ឬឡើងថ្លាជាមុនសិន បន្ទាប់មកគឺត្រូវដាំឱ្យឆ្អិន ទើបអាចយកមកបរិភោគ។
អ្នកស្រីបន្តថា៖ «ពេលដែលយើងមុជ ដូចថាយើងប្រើប្រាស់អីទៅ ទឹកអណ្ដូងហ្នឹងវាច្រែះទៅ! ពេលយើងបូមមក វាឡើងពណ៌ ឡើងត្រា [ឡើងកករដី]»។
អ្នកស្រីបន្តថា បញ្ហានេះ វាតម្រូវឱ្យពលរដ្ឋតាមផ្ទះនីមួយៗត្រូវទិញធុងចម្រោះទឹកដាក់តាមផ្ទះរៀងៗខ្លួន ដោយអ្នកខ្លះមានជីវភាពមិនសូវជាធូរធារ ត្រូវសុំទឹកគេយកមកប្រើប្រាស់។ ប៉ុន្តែសម្រាប់ការប្រើប្រាស់ផ្សេងៗដូចជា បោកខោអាវ និងងូតទឹកសម្អាតកាយ គឺត្រូវប្រើទឹកអណ្ដូង ព្រោះថាតម្រូវការច្រើន និងពុំទាន់មានលទ្ធភាពដាក់ធុងចម្រោះទឹកដែលអាចផ្ទុកបានបរិមាណច្រើន។
អ្នកស្រីថា៖ «ទឹកមុជអី! យើងអត់ដែលបានចម្រោះទេ។ យើងអត់មានអាងចម្រោះទេ ដោយសារពេលយើងមុជ វាប្រើការអស់ច្រើន ដល់ពេលអ៊ីចឹងយើងមិនអាចចម្រោះបានមុជទេ»។
អ្នកស្រី សុគន្ធា បានឱ្យដឹងបន្ថែមថា ដោយសារតែមិនអាចផ្គត់ផ្គង់តាមតម្រូវការភ្លាមៗ និងត្រូវទាមទារឱ្យឆ្លងកាត់ការចម្រោះជាមុនសិននេះ បានបង្កផលលំបាកដល់ប្រជាពលរដ្ឋ ដោយសារវាធ្វើឱ្យស្អិតខ្លួន និងមិនអាចលាងជម្រះខ្លួនបានដូចការប្រើទឹកស្អាតឡើយ។ មួយវិញទៀត ធ្វើឱ្យជាប់ពណ៌ដល់សម្លៀកបំពាក់។
យ៉ាងណា អ្នកស្រីមិនដឹងថាកត្តាបញ្ហាទឹកបែបនេះបណ្ដាលមកពីអ្វីនោះទេ។
អ្នកស្រីថា៖ «ដល់ពេលទឹក យើងបូមភ្លាមៗមក យើងប្រើមក ទឹកហ្នឹងវាស្អិត! ហើយដូចយើងយកត្រាំខោអាវអី វាជាប់នឹងខោអាវដែរ»។
មិនមែនតែអ្នកស្រី សុគន្ធា ទេ ដែលលើកឡើងពីបញ្ហានេះ ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅភូមិនគរក្រៅ ឃុំគោកចក ក៏បានលើកឡើងពីផលលំបាកនៃការប្រើប្រាស់ទឹកអណ្ដូងដែលមានជាតិច្រែះនេះដែរ ខណៈពួកគេអះអាងថា អាជ្ញាធរធ្លាប់បានចុះពិនិត្យពីការប្រើប្រាស់ទឹកនេះដែរ ប៉ុន្តែក៏ស្ងាត់ទៅវិញទៅ។
ពលរដ្ឋម្នាក់ទៀតកំពុងអង្គុយអ៊ុត និងបត់ខោអាវនៅនឹងមួយកន្លែង អ្នកស្រី មុំ ស៊ីន អាយុ៣៦ឆ្នាំ ជាពលរដ្ឋក្នុងភូមិដដែលនោះ បានឱ្យដឹងថា កន្លងមក អាជ្ញាធរក៏ធ្លាប់បានចុះមកវាស់វែង និងពិនិត្យមើលផងដែរ ប៉ុន្តែក្រោយមកក៏បាត់ដោយពុំមានដំណឹងអ្វីទៀតឡើយ។
អ្នកស្រីថា៖ «កាលមួយសារមុន ក៏មានគេ[ខាងរដ្ឋ]ចុះមក[ពិនិត្យ]អារឿងទឹកនេះដែរ តែយូរហើយ!»
ជាមួយគ្នា ស្រ្តីវ័យ៣៦ឆ្នាំរូបនេះឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋក្នុងភូមិសុទ្ធតែចង់បានសេវាទឹកស្អាតប្រើប្រាស់ ព្រោះបច្ចុប្បន្នសម្រាប់ទឹកបរិភោគ ពួកគេភាគច្រើនអាស្រ័យនឹងប្រព័ន្ធចម្រុះទឹកស្អាតក្រោមជំនួយឧបត្ថម្ភរបស់អង្គការមួយរបស់ជប៉ុន ដែលបានដាក់ធុងស្តុកក្នុងសាលារៀននៅក្នុងភូមិ ព្រោះតែមិនមានប្រភពផ្សេងដែលអាចប្រើបាន។
ចំណែកពលរដ្ឋម្នាក់ទៀតកំពុងចង្អុលបង្ហាញពីអណ្ដូងទឹកបណ្ដើរ និងនិយាយបណ្ដើរ គឺអ្នកស្រី រិ តេន អាយុ៤០ឆ្នាំ បានឱ្យដឹងថា ដោយសារពុំទាន់មានលទ្ធភាពក្នុងការទិញធុងចម្រោះប្រើប្រាស់ ដូច្នេះការប្រើប្រាស់ទឹកបរិភោគប្រចាំថ្ងៃ គឺអាស្រ័យនឹងទឹកដាំឆ្អិន។ ដោយពេលខ្លះ អ្នកស្រីក៏ទៅសុំទឹកដែលចម្រោះរួចពីអ្នកស្គាល់គ្នា និងពេលខ្លះទៀតក៏ទៅបើកទឹកស្អាតនៅសាលារៀន ដែលអង្គការជប៉ុនបានដាក់ឱ្យសិស្សានុសិស្ស ក៏ដូចជាអ្នកស្រុកប្រើប្រាស់ទាំងអស់គ្នា។
ស្រ្តីវ័យ៤០ឆ្នាំរូបនេះ ឱ្យដឹងដែរថា ពីដំបូង គឺគាត់ប្រើប្រាស់អណ្ដូងស្នប់ ប៉ុន្តែក្រោយមកដោយសារមានអង្គការមកជួយដាក់ឱ្យ គាត់បានប្ដូរទៅប្រើប្រាស់អណ្ដូងដែលដាក់ម៉ូទ័រសម្រាប់បូមវិញ ប៉ុន្តែយ៉ាងណានៅតែមានផលលំបាក។
យ៉ាងណា អ្នកស្រីថា ដោយសារតែកង្វះទឹកស្អាតនេះប្រើប្រាស់ ទើបប្រជាពលរដ្ឋតែងតែពិភាក្សាគ្នាចង់បានសេវាកម្មទឹកស្អាតនេះគ្រប់ៗគ្នា ប៉ុន្តែមិនទាន់មានការទាក់ទង និងផ្តល់សេវានេះជូននៅឡើយទេ។
អ្នកស្រី រិ តេន ថា៖ «លឺតែគេនិយាយចង់បានគ្រប់តែគ្នាហ្នឹង ប៉ុន្តែគេអត់ទាន់មកដល់»។
ទាក់ទិននឹងកង្វះទឹកស្អាតប្រើប្រាស់នេះ អ្នកស្រី រិ តេន ក៏បានស្នើដល់អាជ្ញាធរឱ្យពិនិត្យ និងរៀបចំតបណ្ដាញទឹកស្អាតសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីភាពងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋ ដោយមិនចាំបាច់ដាំ ឬយួរចុះឡើង ក៏ដូចជាអាចឱ្យអ្នកដែលមិនមានលទ្ធភាពទិញធុងទឹកចម្រោះ ទទួលបានសេវាទឹកស្អាតដូចគេឯង។
អ្នកស្រីថា៖ «បន់ឱ្យតែមានឆាប់ៗនោះឯង។ បើមាន ក៏វាស្រួលដែរ។ លឺតែគេនិយាយថាចង់បានៗ»។
អគ្គនាយករងរដ្ឋាករស្វយ័តខេត្តសៀមរាប លោក ចាន់ សេងឡា ឱ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ គឺរដ្ឋាករស្វយ័តបានរៀបចំគម្រោងរួចហើយ ដែលនឹងធ្វើការទៅតាមដំណាក់កាលៗ។ ក្នុងនោះ លោកបន្តថា ការតភ្ជាប់បណ្ដាញប្រព័ន្ធទឹកស្អាតនេះ គឺទាល់តែមានតម្រូវការភាគច្រើនផងដែរ ទើបអាចភ្ជាប់ជូនបាន។
លោក ចាន់ សេងឡា បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋក្នុងមូលដ្ឋានណាមួយមានតម្រូវការសេវាទឹកស្អាតនេះ អាចមកទំនាក់ទំនងនៅអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តខេត្តបាន។ លោកថា ដោយសារខេត្តសៀមរាបមានតំបន់ដែលត្រូវពង្រីកសេវានេះច្រើន ដូច្នេះអាចនឹងមានផលលំបាកសម្រាប់រដ្ឋាករទឹក ដែលមិនសូវបានដឹងពីតម្រូវការនេះ។
លោកបន្តថា៖ «បើសិនគាត់ចង់បាន ប្រាប់គាត់ថាមកទំនាក់ទំនងនៅរដ្ឋាករទឹកទៅ បានដឹងថាយើងអាចផ្គត់ផ្គង់ឱ្យទៅណាខ្លះៗ ដែលមានទីតាំងនឹងស្រាប់ [..] ហើយបើសិនជាតំបន់ដែលគាត់[រស់នៅ] អត់មានទឹកប្រើប្រាស់ ហើយយើងមានលទ្ធភាពនឹងដាក់ទៅដូចមានក្នុងផែនការ យើងនឹងជម្រាបគាត់ថា អូខេ! បងអាចចាំរយៈពេលប៉ុន្មានខែៗទៅទៀត»។
យ៉ាងណាមិញ លោក ចាន់ សេងឡា បានបន្ថែមថា សម្រាប់ការស្នើសុំដើម្បីទទួលបានសេវាផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតប្រើប្រាស់ គឺរដ្ឋាករស្វយ័តទាមទារឱ្យប្រជាពលរដ្ឋភ្ជាប់មកជាមួយនូវឯកសារប្លង់ដី សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ ជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ និងគ្រប់ទីកន្លែងដែលមានតម្រូវការ គឺជារឿងល្អបំផុតក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងសុខភាពល្អផងដែរ។
លោកថា៖ «បើសិនជាប្រជាពលរដ្ឋនៅមិនទាន់អាចទទួលបានទឹកស្អាតប្រើប្រាស់នោះទេ គឺបញ្ហាការលើកកម្ពស់ទៅដល់សុខភាព ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋនឹងអាចជួបការលំបាក»។
ដោយឡែក លោកថា កង្វះទឹកស្អាតប្រើប្រាស់ក៏ជាបញ្ហាសម្រាប់ភ្ញៀវទេសចរដែរ ព្រោះលោកថា ភ្ញៀវត្រូវការកន្លែងស្អាត កន្លែងថោក ក៏ដូចជាអាហារដែលមានសុវត្ថិភាព។ ដូច្នេះ លោកថា បើសិនជាអាជ្ញាធរអាចដោះស្រាយ និងអាចផ្ដល់ទឹកស្អាតឱ្យពួកគាត់បានគ្រប់គ្រាន់នោះ គឺវាជារឿងសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ។
លោកថា៖ «កាលណាតែទឹកវាទៅអត់ដល់ បញ្ហាទេសចរណ៍ក៏វាជាការប្រឈមដែរ»។
យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា ការប្រើប្រាស់ទឹក និងការធ្វើអនាម័យមិនបានត្រឹមត្រូវ នឹងផ្សារភ្ជាប់មនុស្សទៅនឹងការឆ្លងជំងឺ ដូចជា ជំងឺអាសន្នរោគ រាករូស ជំងឺរលាកថ្លើមប្រភេទA ជំងឺគ្រុនពោះវៀន ជំងឺស្វិតដៃជើង។
ការសិក្សាដដែលឱ្យដឹងបន្ថែមថា មនុស្សប្រហែល៨២៩ ០០០នាក់ ត្រូវបានប៉ាន់ប្រមាណថាបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការប្រើប្រាស់ទឹកមិនស្អាត និងគ្មានសុវត្ថិភាព។ ក្នុងនោះ អត្រានៃការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ ប្រមាណ២៩៧ ០០០នាក់ ប៉ុន្តែករណីនេះអាចនឹងមានការថមថយ ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នៅក្នុងឆ្នាំ២០៣០ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបនឹងកើនឡើងដល់ ៩០ពាន់ម៉ែត្រគូបឬម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ។ បច្ចុប្បន្ន តម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាក់ស្តែង មានចំនួនដល់ទៅ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ខណៈដែលក្រុងសៀមរាបមានសមត្ថភាពផលិតបានត្រឹមតែ៣០ពាន់ម៉ែត្រគូបឬម៉ែត្រត្រីគុណក្នុង១ថ្ងៃប៉ុណ្ណោះ ដោយរាប់បញ្ចូលទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិល២ ដែលបានដាក់សម្ពោធឱ្យប្រើបា្រស់ក្នុងពេលថ្មីៗនេះ៕