ក្រុមយុវនិស្សិត​វ័យក្មេង​អះអាងថា​មិនខ្លាច​នឹង​ការចូលរួម​ការងារ​សង្គម បើ​ទោះ​ជា​ត្រូវ​ប្រឈម​បញ្ហា

កញ្ញា ឡុង សុខលីន និស្សិតផ្នែកច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដាំកូនឈើនៅក្នុងពិធីមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ក្រុមយុវតីវ័យក្មេងដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បង្ខំចិត្ត​លះបង់ពេលវេលានិងការសិក្សាខ្លះដើម្បីចូលរួមក្នុងកិច្ចការសង្គម ដោយពួកគេសង្កេតឃើញថា កិច្ចការងារសង្គមជាកាតព្វកិច្ចរបស់យុវជននិងពលរដ្ឋត្រូវទទួលខុសត្រូវ។

និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា មេន ស្រីដាវ បានឱ្យដឹងថា រូបគេចាប់ផ្ដើមចូលរួមកិច្ចការងារសង្គម និងខ្វល់ខ្វាយពីបញ្ហាសង្គមអំឡុងឆ្នាំ២០២១។ ការចូលរួម​​ក្នុង​​ស​​ក​ម្ម​​ភាព​នេះ ដោយមើលឃើញពីភាពអយុត្តិធម៌សង្គមចេះតែបន្តកើតឡើង ការរំលោភបំពាន ការបំផ្លាញធនធានធម្មជាតិ និងបញ្ហាវិវាទដីធ្លី ជាដើម។

ប្រភពបន្តថា ការបង្ខំចិត្តលះបង់ពេលវេលាពីការសិក្សា និងចំណាយថវិកាផ្ទាល់ខ្លួននេះ វា​ជា​​​​​​​ផ្នែកមួយដែលនឹងអាចរួមចំណែកក្នុងការទាមទារឱ្យមានយុត្តិធម៌សង្គមមួយ ដោយ​​ឈ​​រ​​លើ​​គោ​​ល​​ការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់។ បើតាមកញ្ញា មេន ស្រីដាវ ប្រសិនបើយុវជននៅតែមានការភ័យខ្លាចហើយសម្ងំស្ងៀម មិនចូលរួមកិច្ចការងារសង្គម និងមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាយុវជនសកម្មនោះទ ដូច្នេះពាក្យថា «យុវជនជាទំពាំងស្នងឫស្សី» អាចកើតឡើង​​បាន​​ដោយ​​របៀ​​ប​​ណា​​។

កញ្ញា មេន ស្រីដាវ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កញ្ញា មេន ស្រីដាវ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (ផ្ដល់ឱ្យ)

កញ្ញាបន្តថា៖ «ដោយសារការស្រឡាញ់ ការខ្វាយខ្វល់ពីបញ្ហាធនធានធម្មជាតិ បរិស្ថាន និងសិទ្ធិមនុស្សនៅក្នុងសង្គម ហើយខ្ញុំមើលឃើញថាព្រៃឈើមានការកាប់បំផ្លាញយ៉ាងខ្លាំង ហើយការលុបបឹងជាដើម ​និយាយទៅបញ្ហាដីធ្លីបញ្ហាអីទៀតច្រើន អ៊ីចឹងធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បើខ្ញុំនៅស្ងៀម បើពួកយើងម្នាក់ៗនៅតែខ្លាច តើនរណាគេហ៊ានធ្វើ? ហើយខ្ញុំក៏ជម្នះធ្វើវា»។

ជានិស្សិតមកពីឃុំមានជ័យ ស្រុកឈូក ខេត្តកំពត កញ្ញា មេន ស្រីដាវ អះអាងទៀតថា ការចូលរួម​​នៅ​​ក្នុង​​​សកម្មភាពការងារ​សង្គមនេះ វាហាក់មិនមានអ្វីដែលត្រូវភ័យខ្លាច និងបារម្ភពីសុវត្ថិភាពនោះទេ ព្រោះការចូលរួមកិច្ចការងារសង្គមនេះ ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ មួយវិញទៀត ការងារនេះ ​​វា​​មិ​ន​​​ខុសនឹងច្បាប់ថែមទៀតផង។

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំ អត់មានការភ័យខ្លាចអីទេ មកពីឃើញភាពអយុត្តិធម៌នៅក្នុងសង្គមច្រើនពេក​ អ៊ីចឹងហើយបុគ្គលណាហ៊ានចេញមុខក្នុងសង្គមខ្លាំង ហ៊ានចេញមុខតវ៉ា ចេញមុខធ្វើរឿងអីមួយ គឺដឹងតែគុក! អ៊ីចឹងមានអារម្មណ៍ថា វាសាំ[ដដែលៗ] អ៊ីចឹងអត់មានអារម្មណ៍ភ័យ អត់មានបារម្ភអីទេ […] មិត្តរូមថ្នាក់ខ្ញុំថា ហ្អែងអត់ខ្លាចគុកច្រវាក់ទេអី! ខំរៀនសិនទៅ ការងារហ្នឹង រដ្ឋាភិបាល​​គេ​​​​ធ្វើហើយ»។

តាមមាត្រា៣៥ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ចែថថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ស្រដៀងគ្នានេះដែរ និស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់ទៀត កញ្ញា ឡុង សុខលីន បានឱ្យដឹងថា នៅសាលាមិនបានបង្រៀនឱ្យបានស៊ីជម្រៅទេ អំពីការងារសង្គមនេះ ជាពិសេសតួនាទីរបស់យុវជនក្នុងកិច្ចការសង្គម។ ផ្ទុយទៅវិញ ក្នុងសាលាគ្រាន់តែបង្រៀនទ្រឹស្តី និ​ង​​គោលការណ៍ច្បាប់សំខាន់ៗ ហើយឱ្យនិស្សិតយកទៅសិក្សារៀនសូត្រ និងស្រាវជ្រា​​វដោ​​យ​​ខ្លួន​​ឯ​ង​​​​​​។​​ ជាអ្នកស្រុកកំពង់សៀម ខេត្តកំពង់ចាម កញ្ញា ឡុង សុខលីន បញ្ជាក់ថា ជាក់ស្តែង និស្សិតទា​​​ម​​​​​​ទារការឈ្វេងយល់ និងចុះទៅអនុវត្តផ្ទាល់ដោយខ្លួនឯង ដើ​​ម្បី​​​​​ពង្រឹងសមត្ថភាព គុណភាព និងយល់ដឹងបន្ថែមពីបញ្ហាសង្គមផ្ទាល់។

កញ្ញា ឡុង សុខលីន និស្សិតផ្នែកច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
កញ្ញា ឡុង សុខលីន និស្សិតផ្នែកច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ (ផ្ដល់ឱ្យ)

កញ្ញាថា៖ «ដោយសារនៅក្នុងសាលា រៀនតែទ្រឹស្តី! ហើយពេលខ្លះ ទ្រឹស្តីខ្លះ វាល្អណាស់ ល្អទាំងស្ដាប់ ល្អទាំងមើល ប៉ុន្តែការពិត នៅខាងក្រៅ វាអត់អ៊ីចឹង។ ពេលដែលខ្ញុំចូលរួមការងារសង្គម ដូចជា នៅសាលា គេនិយាយថានៅប្រទេសកម្ពុជាជាប្រទេសដែលសម្បូរព្រៃឈើ តែនៅពេលខ្ញុំចូលរួមការងារសង្គម ទើបខ្ញុំដឹងថាប្រទេសកម្ពុជាសម្បូរព្រៃឈើមែន ប៉ុន្តែពីមុន តែឥលូវនេះកំពុងតែទទួលរងនូវការកាប់បំផ្លាញ»។

បើតាមកញ្ញា ឡុង សុខលីន យុវជនគ្រប់រូបគួរតែលះបង់ពេលវេលាដ៏មានតម្លៃខ្លះៗ ដើម្បីបុព្វេហេ​​តុ​ជាតិ និងសង្គមជាតិ ព្រោះសង្គមមួយនេះមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ តែវាជារប​​ស់​​ដែ​​ល​ត្រូវទទួលខុសត្រូវរួមគ្នា។

គេសង្កេតឃើញថាមានក្រុមយុវជនដែលស្រឡាញ់បរិស្ថាន និងការងារសង្គម​​មួយចំនួនក្នុង​​ពេល​​កន្ល​​​ង​ទៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ នៅពេលពួកគេតស៊ូ​​មតិដើម្បី​​ឱ្យមាន​​យុត្តិ​​ធម៌​​​ស​ង្គ​​ម ជាពិសេសពាក់ព័ន្ធកិច្ចគាំពារបញ្ហាបរិស្ថាន។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Pa​​tr​​ic​k Murphy លើកឡើងនៅចំពោះមុខលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា សហរដ្ឋអា​​មេរិក​​អំ​​ពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបរិស្ថាន៣នាក់ដែលរងការចោទ​​ប្រកាន់ និង​​ឃុំ​ខ្លួ​​​ន​បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ។ លោក W. Pa​​tr​​ic​k Murphy បញ្ជាក់ថា ការដែល​​ពួក​​គេ​​ហ៊ា​​​​​ន​​និយាយដើម្បីការពារបរិស្ថានដែលកំពុងប្រឈមនឹងការគំរាមកំហែងដោយសារ​​​ការកាប់​​ឈើ​​​​ខុសច្បាប់ និងកេងយកប្រយោជន៍ពីពាណិជ្ជកម្មព្រៃឈើនេះ គឺជារឿងដែល​​គួរត្រូវបានគាំពារនិង​​កោតសរសើរ។

ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត យល់ស្របចំពោះការចូលរួមកិច្ចការងារសង្គមរបស់ក្រុមយុវជន។ ប្រភពបន្តថាក្រសួងកិច្ចការនារី តែងតែលើកទឹកចិត្តទៅដ​​ល់​​​យុវជនជាស្រ្តីឱ្យចូលរួមកិច្ចការងារសង្គម និងជំរុញបន្ថែមឱ្យយុវជនបន្តការសិក្សាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

បើតាមលោកស្រី ស ស៊ីណែត ខាងក្រសួងមានច្បាប់គាំពារស្ត្រី និងធ្វើការជាមួយស្រ្តី​​តា​​ម​​រូប​​ភា​​ព​គ្រ​​ប់​​​ទម្រង់ និងគ្រប់វិស័យ ដើម្បីលើកកម្ពស់ស្រី្តនៅកម្ពុជា។

លោកស្រីបន្តថា៖ «ក្រសួងកិច្ចការនារី មានវិស័យច្រើនដែលត្រូវធ្វើ ដើរតួនាទីក្នុងការបញ្ជ្រាបយេនឌ័រ ឬក៏ការលើកកម្ពស់សមភាពយេនឌ័រទៅដល់ស្ត្រីឱ្យមានការចូលរួមពេញលេញ។ អ៊ីចឹងទាក់ទងជាមួយបេសកកម្មរបស់យើងធ្វើការ ដូចជាខាងវិស័យអប់រំ កំពុងធ្វើការផ្សព្វផ្សាយ ឬក៏ទាក់ទងទៅការលើកកម្ពស់ស្រ្តីឬក្មេងស្រី និងឱ្យគាត់បន្តការសិក្សាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។

ដោយឡែក មន្រ្តីជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនក​​រុណា​ មានប្រសាសន៍ថា មន្រ្តីរដ្ឋាភិបាលគួរតែបើកលំហសិទ្ធិសេរីភាពដល់យុវជ​ន​​​​ដែលតែងតែឈឺ​​ឆ្អា​ល​​ពីបញ្ហាសង្គម និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមកិច្ចការងារសង្គ​​ម។

លោក​​បន្តថា​​ កា​​រ​​អ​នុវត្តដូច្នេះ គឺដើម្បីចៀសវាងការរើសអើងផង និងការរឹតត្បិតសេរីភាពប្រឆាំង​​ការ​​ងា​រ​​របស់ពួកគេថែមទៀត។ អ្នក​​ការពារ​​សិទ្ធិ​​រូប​​នេះបន្តថា បច្ចុប្បន្ន ឃើញមានយុវជនតិចតួច​​នៅ​​ឡើ​​យ ​​​ដែលហ៊ានលះបង់ពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមកិច្ចការងារសង្គមបែបនេះ។

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែបង្ហាញអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការចូលរួម និងការលះបង់របស់យុវជនជំនាន់ក្រោយនេះ និងគួរតែមានលើកទឹកចិត្តដល់ពួកគេ និងផ្តល់ឱកាសដល់ពួកគេក្នុងការចូលរួម ដើម្បីធ្វើកិច្ចការងារបម្រើដល់សង្គមជាតិឱ្យបានគ្រប់វិស័យ ជាពិសេសគឺពាក់ព័ន្ធវិស័យយុត្តិធម៌សង្គម ធ្វើកិច្ចការងារជំរុញឬពង្រឹងឱ្យមានការគោរពសិទ្ធិមនុស្សនិងគោរពច្បាប់»។

មាត្រា៤១ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ