កម្ពុជានឹងបញ្ជូនមន្ត្រីស៊ីម៉ាក់ ៣នាក់ ទៅបង្រៀនជំនាញ​ដោះមីន​​​នៅ​អ៊ុយ​ក្រែន

ពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ថា នឹងបញ្ជូន​មន្ត្រីជំនាញបច្ចេកទេស​​​ស៊ីម៉ាក់​​ចំនួន​៣នាក់ ដើម្បីជួយបង្រៀនបច្ចេកទេសឬ ជំនាញ​ដោះ​​មីននៅប្រទេស​អ៊ុយក្រែន​​ ខណៈ​​សង្គ្រាម​​រវាង​​រុស្ស៊ី និង​​​អ៊ុយ​ក្រែន​ នៅមិនទាន់​បញ្ចប់​នៅឡើយ។

ក្នុង​ពិធី​បិទ​សន្និបាត​ជាតិ​ខួប​៣០​ឆ្នាំ​នៃស​កម្មភាព​មីន​នៅកម្ពុជា នាព្រឹកថ្ងៃអង្គារនេះ​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា ក្នុង​បទ​ពិសោធ​លើសកម្មភាព​ដោះ​មីន​រយៈ​ពេល៣ទសវត្សរ៍ ដោយគិត​​ចា​ប់​តាំង​ពីឆ្នាំ២០០៦មកនេះ បានធ្វើឱ្យកម្ពុជាខិតខំចែករំលែកក​ងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសជាច្រើន ដែល​កំពុង​ប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិកកណ្ដាល ស៊ីប លីបង់ ស៊ីរី និងយេម៉ែន។

លោកថា៖ «នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល​បានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសស៊ីម៉ាក់ចំនួន៣រូប ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្ម​ភាពមីននៅ[ប្រទេស]អ៊ុយក្រែន ក្រោម​ការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន»។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា មានប្រសាសន៍​​ថា កម្ពុជានឹងបញ្ជូនមន្ត្រីទាំង៣រូបទៅប្រទេសប៉ូឡូញ ដែលជាប្រទេស​ជាប់​ព្រំដែនគ្នា​ជាមួយ​​ប្រទេស​​​អ៊ុយក្រែន នា​ដើម​ខែម​ករា ឆ្នាំ២០២៣ ខាង​មុខ​នេះ ដោយ​​ទៅ​ក្នុង​នាមជា​​គ្រូហ្វឹកហ្វឺន​បច្ចេក​ទេស​​បោស​សម្អាតមីនដល់មន្ត្រីអ៊ុយក្រែន​។

ចំពោះ​រយៈ​ពេលនៃការហ្វឹកហ្វឺនវិញ លោកថានៅមិនទាន់អាចបញ្ជាក់បានឡើយ ដោយកំពុងជជែកពិភាក្សាគ្នា ខណៈការបញ្ជូន​នេះនឹងអាចមានបន្តបន្ទាប់ទៀត​ផង​ដែរ។

លោកថា៖ «ការសម្រេចចិត្តរបស់សម្ដេច​តេជោ ក្នុងការអនុញ្ញាតឱ្យកម្លាំងស៊ីម៉ាក់ទៅ ជាកិត្តិយសជាតិយើង! ខ្ញុំគិត​ថា មាន​សារៈ​សំខាន់​សម្រាប់ជនជាតិយើង ​ដែល​បាន​រើខ្លួន​ផុត​ពី​សង្រ្គាម មាន​សន្តិភាព​ ដែល​យើង​ខិតខំបោស​សម្អាត​មីន ៣០ឆ្នាំ។ ឥលូវប្រទេសផ្សេងទៀត គេមានបញ្ហា យើងទៅចូលរួមជាមួយគេ វា​ជា​បុណ្យកុ​សល ដែលយើ​ង​អាចចែករំលែកទៅអ្នកដទៃ ហើយជាឱកាសដែលបង្ហាញពីកិត្យានុភាពជាតិរបស់យើង រួមចំណែកដែលយើងបានធ្វើជាហូរហែ»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា កម្ពុជាអាចបញ្ចេញសមត្ថភាព​របស់ខ្លួន​នៅលើឆាក​អន្តរជាតិ​ តាមបទពិសោធដែលបានឆ្លងកាត់ និង​ជួយ​បណ្ដាប្រទេស​មួយ​ចំនួនក្នុង​ការ​ហ្វឹក​ហ្វឺន​ដើម្បី​ដោះ​មីន។ ប៉ុន្តែការបញ្ជូនមន្ត្រីកម្ពុជាទៅនា​ពេលសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ​​មិន​ទាន់​បញ្ចប់​នេះ លោកថា អាចធ្វើឱ្យ​​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ទំនាក់ទង​ការ​ទូត​ផង និង​គ្រោះថ្នាក់​ផង​​។

លោក សេក សុជាតិ ថ្លែងថា៖ «ដូច្នេះហើយរដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​មេដឹកនាំ​ជុំវិញ​ពិភ​ព​លោក គួរ​តែ​រកវិធីដើម្បី​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន និង​ប្រទេស​រុស្ស៊ី ជាមុន​សិន ដើម្បី​បើក​ទូលាយ​ឱ្យ​ភាគី​ទាំងសង​ខាង​ស្ងប់​ចិត្ត​ ហើយ​ឈប់​ធ្វើការ​ប្រយុទ្ធ​គ្នា នោះទើ​ប​ជា​ពេលវេលាសមស្រប ដើម្បី​យើងបញ្ជូនកងទ័ព និង​ជំនួយផ្នែក​ការ​ដោះមីនទៅ»។

លោកបន្តថា៖ «ខ្ញុំគិតថា វាមិនចំណេញអីនៅពេលហ្នឹង​ទេ! គឺ​គួរ​រង់​ចាំរហូតដល់បញ្ចប់សង្រ្គាម ទើប​ជា​ឱកាស​ ទើប​កម្ពុជាអាច​បង្ហាញអំពីការឈឺឆ្អាល ឬក៏បង្ហាញអំពីស្នាដៃឱ្យអន្តរជាតិបានមើល»។

គួរបញ្ជាក់ថា ការឈ្លាន​ពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី​៩ហើយ គិត​ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២មក ដែល​បានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់​ជីវិត និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក ខណៈប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រទេសរុស្ស៊ីថាកំពុង​​តែព្យាយាម​​កម្ចាត់​​ប្រទេស​​របស់​​លោកចេញពីពិភពលោក​។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ​ថា សកម្មភាពរបស់ខ្លួននេះ គឺ​ជា​ការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែន​ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍​ប្រឆាំង​នឹង​ប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានបណ្ដាប្រទេស​មួយចំនួនចាត់ទុកថា​ជា​ការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ