តុលាការ​សម្រេច​លើក​ពេល​សវនាការ​លោក សៀម ភ្លុក ក្រោយ​អវត្តមាន​មេធាវី

លោក សៀម ភ្លុក ជិះរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ និងមនុស្ស១២នាក់ទៀត ក្រោមបទចោទ «​ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ទៅពេល​ក្រោយ​វិញ បន្ទាប់ពីមានសំណើពី​ជនជាប់ចោទ និងមេធាវី។

ការ​លើក​ពេល​សវនាការ នៅថ្ងៃនេះ បន្ទាប់លោក កែត ឃី មេធាវីការពារសិទ្ធិឱ្យលោកស្រី នូ សិទ្ធារី និងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម  ភ្លុក បាន​ស្នើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សាជំនុំ​ជម្រះ លោក ឃុន សូណា អំឡុង​ពេល​តុលាការ​បើកសវនាការ។

លោកមេធាវី កែត ឃី បានលើកឡើងក្នុងបន្ទប់សវនាការ ដោយ​ស្នើទៅប្រធានប្រឹក្សាជំនុំជម្រះឱ្យពន្យារពេលសវនាការ​ ដោយសា​រ​មេធាវីការពារក្ដីលោក សៀម ភ្លុក ដែល​ជាជនជាប់ចោទ និង​កំពុង​ជាប់ឃុំនៅ​ពន្ធនាគារ បាន​អវត្តមាន ខណៈលោក សំ សុគង់ មេធាវីកា​រពារក្តីឱ្យ​ជន​ជាប់ចោទផ្សេង​ទៀត ក៏អវត្តមានដែរ។

លើសពីនេះ លោកថា ក្នុងចំណោម​ជនជាប់ចោទទាំង១៣នាក់ គឺ​មានតែ​៣នាក់​ប៉ុណ្ណោះដែល​មាន​វត្តមានក្នុងសវនាការ ​ខណៈ​អ្នកផ្សេងទៀតមិនបាន​ទទួលបានដីកាកោះហៅពីតុលា​ការ ហើយ​ជន​ជាប់​ចោទ​ដែល​បាន​ដឹង​ព័ត៌​មាន ក៏​បាន​ទៅ​​កាន់តុលាការ​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ចមិនអនុ​ញ្ញាត​​ឱ្យ​ចូល​​ ដោយ​សារ​​មិនមានដីកាកោះ។ ករណីនេះ លោក​ស្នើ​ទៅ​ចៅក្រម​ជម្រះ ​ឱ្យពន្យា​រពេល​សវនាការ និងរៀបចំចេញដីកាកោះហៅជាថ្មីទៀត។

យ៉ាងណា មុនពេលសម្រេចថា​ពន្យារពេលនោះ ប្រធានក្រុមប្រឹក្សាជំនុំ​ជម្ រះ​លោក ឃុន សូណា បានសួរទៅលោក សៀម ភ្លុក ថា​តើតុលាការអាចបន្តសវនាការ​ដោយមិន​មាន​វត្ត​មាន​មេធាវីបាន​ដែ​រ​ឬ​យ៉ាង​ណា?

ឈរ​នៅ​រង្វង់ក្រចក​សេះ ក្នុងស​ម្លៀក​បំពាក់​ពណ៌​ស្លាទុំ លោក សៀម ភ្លុក បាន​ស្នើ​ទៅ​ចៅ​ក្រមជម្រះ ឱ្យ​ពន្យា​រពេល​សវនាការ ដើម្បីរង់ចាំមេធាវី ខណៈតំណាងអយ្យការ លោក សេង ហៀង បាន​លើក​ថា សំណុំរឿងនេះជា​រឿង​មជ្ឈិម ដូច្នេះ​សវនាការមិនចាំបាច់មានមេធាវីចូលរួម​ក៏បាន​ដែរ ប៉ុន្តែប្រសិនបើ​ជនជាប់ចោទស្នើសុំ លោកឯកភាពនឹងពន្យារពេល។

លោក សេង ហៀង ក៏ចោទ​សួរទៅ​លោក សៀម ភ្លុក វិញ​ថា បើ​សវនាការលើកក្រោយអវត្ត​មាន​មេធាវី​ទៀត តើលោក សៀម ភ្លុក យល់ព្រមឱ្យតុលាការបន្តសវនាការដែរឬទេ?

ឆ្លើយនឹង​សំណួរតំណាងអយ្យការ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក លើកឡើង​ថា បើ​សវនាការក្រោយ គ្មាន​មេធាវីចូលរួ​ម​នោះ រូប​លោក​សម្រេចឱ្យតុលាការបន្តសវនាការ។

ក្រោយ​ពីបា​ន​ស្ដាប់​ការ​លើក​ឡើង​របស់​​មេធាវី និងជនជាប់ចោទ រួមទាំង​តំណាងអយ្យការនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្ រះលោក ឃុន សូណា សម្រេច​លើកពេលសវនាការទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេលជាក់លាក់នៅឡើយ។

សំណុំរឿង​ «ក្លែងបន្លំ និង​ប្រើ​ប្រាស់លិខិតក្លែង» នេះ​មាន​ជន​ជាប់​ចោទចំនួន​១៣​នាក់ និងសាក្សី​ចំនួន៣០​នាក់​។ ក្នុង​ចំណោមជនជាប់ចោទទាំង១៣​នាក់ គឺ​មានតែលោក សៀម ភ្លុក ម្នាក់ទេ​ដែលជាប់ពន្ធនាគារ ខណៈមនុស្ស១២​នាក់ទៀតនៅក្រៅឃុំបណ្ដោះអាសន្ន។

លោក សៀម ភ្លុក ត្រូវ​បាន​តុលាការ​ចោទ​​​​ប្រកាន់​​​​​​ពី​​​បទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» កាលពីថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២២ និង​ត្រូវបានសមត្ថកិច្ច​​ចាប់​ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​នៅ​ថ្ងៃដដែល​នោះ។

លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃ​​ រកឃើញថាមានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាម​មេដៃ ដើម្បី​​បង្កើត​​​គណ​​​បក្ស​​​បេះដូងជាតិ កាលពីខែ​មិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ​លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ​​វិច្ឆិកា ឆ្នាំ​២០២១។

ចំណែក​លោក សៀម ភ្លុក ធ្លាប់​ប្រាប់​​វីអូឌី​​ថា បើស្ថិតក្នុងមន្ទិលសង្ស័យ​​ស្នាម​​មេ​​​​ដៃ​​ក្លែង​​ក្លាយ និងស្នាមមេដៃខូច​​គុណ​​​ភាព ឬមានស្នាម​មេដៃ​​ស្ទួនមែន ក្រសួងមហាផ្ទៃអាច​​មាន​​សិទ្ធិ​​​​បដិ​សេធ​​ឬ​​​ទាត់​​​​​​ចោលបាន ដោយ​មិនត្រូវចាត់​​ទុកស្នាម​​មេ​ដៃទាំងនោះ​ប្រែក្លាយ​​ទៅ​​​​ជាបទល្មើស​​​ព្រហ្ម​​ទណ្ឌ​នោះ​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ