អ្នកសារព័ត៌មានមួយរូបប្ដឹងអធិការនគរបាលក្រុងបាវិតពីបទគំរាមកំហែង

រូបអធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ ដែលត្រូវបានផ្ដល់ឱ្យដោយអ្នកសារព័ត៌មានដែលអះអាងថារងការគំរាមកំហែងពីអធិការរូបនេះ។

អ្នកសារព័ត៌មានប្រចាំនៅខេត្តស្វាយរៀងមួយរូប ប្ដឹងអធិការនគរបាលក្រុងបាវិតពីបទ «គំរាម​កំហែង» ដោយថាដើម្បីទាមទារយុត្តិធម៌ បន្ទាប់ពីអធិការរូបនោះបានសម្លុតឱ្យអ្នកសារព័ត៌មានលុបវីដេអូផ្សាយផ្ទាល់ ដណ្ដើមយកទូរសព្ទមកលុបដោយខ្លួនឯង និងគំរាមចាប់វាយខ្នោះ នៅពេលអ្នកសារព័ត៌មានបដិសេធលុបវីដេអូផ្សាយ​ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ។

ការឈានដល់ការប្ដឹងផ្ដល់នេះកើតឡើងក្រោយពេលអ្នកសារព័ត៌មានមកពីលួសសេងញូស៍ (LSN) មួយរូប និងអង្គភាពផ្សេងទៀត បានផ្សាយផ្ទាល់ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី២ ខែវិច្ឆិកា នៅចំណុចភូមិផ្ដៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ​វេលាម៉ោងជាង ៧យប់ ប៉ុន្តែពួកគេអះអាងថា ត្រូវបានសមត្ថកិច្ចក្រុងបាវិត​គំរាមកំហែងនិងបញ្ជាឱ្យលុបវីដេអូផ្សាយផងដែរ។  

លោក លួស សេង ចាងហ្វាងសារព័ត៌មានអនឡាញ លួសសេងញូស៍ (LSN) ដែលថ្លែងតំណាងឱ្យអ្នកសារព័ត៌មានឈ្មោះ ព្រំ ចាន់ថា ប្រាប់ VOD​ ថា លោកបានដាក់ពាក្យប្ដឹងអធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ ទៅសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២១ខែវិច្ឆិកា ពីបទ «គំរាមកំហែង» លើអ្នកសារព័ត៌មាន។

លោក លួស សេង បន្ថែមថា អធិការក្រុងបាវិតរូបនេះបានសម្លុតអ្នកសារព័ត៌មានឱ្យលុបវីដេអូផ្សាយផ្ទាល់នៅទីតាំងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅទីសាធារណៈ។ យ៉ាងណា លោកថា នៅពេលអ្នកសារព័ត៌មាននោះមិនព្រមលុបចោលវីដេអូដែលផ្សាយ អធិការរូបនោះបានដណ្ដើមយកទូរសព្ទទៅលុបដោយខ្លួនឯង និងគំរាមវាយខ្នោះអ្នកសារព័ត៌មានទៀតផង​។

លោកបន្តថា សមត្ថកិច្ចរូបនោះបាន​ប្រើសម្ដីគំរាម​ធ្ងន់ធ្ងរ ​ក្រោមរូបភាពឃោរឃៅ ដោយប្រើអំណាចផ្ទុយពីច្បាប់ ចាប់យកទូរសព្ទអ្នកសារព័ត៌មានលោក និងអង្គភាពផ្សេងទៀត​។ ​

​លោក លួស សេង ថា«នៅកន្លែងហេតុការណ៍ហ្នឹង គឺសមត្ថកិច្ចគេប្រើរូបភាពចេញមកដូចជាវាសាហាវពេក។ គំរាមកំហែងគ្នាហ្នឹងដាក់ខ្នោះ បើមិនលុបវីដេអូដែលកំពុងតែ live ផ្ទាល់។ ហើយដល់ពេលគាត់អត់លុប មកចាប់ទូរសព្ទយកទៅលុបចោលអ៊ីចឹងទៅ។ វាជាការគំរាមកំហែង ក៏ដូចជាបំបាក់ស្មារតីអ្នកសារព័ត៌មាន។ អ៊ីចឹងខ្ញុំចង់ប្ដឹងហ្នឹង គឺប្ដឹងឱ្យរកភាពយុត្តិធម៌ឱ្យអ្នកសារព័ត៌មាន ហើយឱ្យស្ថាប័នពាក់ព័ន្ធហ្នឹងគួរតែឱ្យតម្លៃអ្នកសារព័ត៌មានផង កុំអាងតែសិទ្ធិអំណាច ចង់ថាចង់គំរាមកំហែងយ៉ាងម៉េចក៏បានទៅលើអ្នកសារព័ត៌មាន»

លោកបន្តថា ព្រះរាជអាជ្ញាស្នើឱ្យលោកក្នុងនាមអ្នកតំណាង សម្របសម្រួលគ្នា ដោយកុំដាក់ពាក្យប្ដឹងផ្ដល់អី។ យ៉ាងណា លោក​ថានឹងធ្វើតាមច្បាប់ ដោយដាក់ពាក្យប្ដឹង និងទាមទារឱ្យមានការស៊ើបអង្កេតវែកញែកថាតើនរណារំលោភបំពានទៅលើនរណា។

លោក លួស សេង នៅមិនទាន់ដឹងទេ ថាតើស្ថាប័នជំនាញនឹងកោះហៅក្រុមការងារលោកឱ្យចូលសវនាការនៅពេលណានោះទេ។

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ខាំ សុវណ្ណរី បដិសេធតបនឹងសំណួរវីអូឌីជុំវិញបញ្ហានេះ ដោយអះអាងថាស្តាប់គ្នាមិនបាន។ ​

លោកថា«ស្ដាប់មិនបានទេៗ!»

អធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ ច្រានចោលនូវការលើកឡើងថា លោកបានគំរាមកំហែង សម្លុត និងដណ្ដើមទូរសព្ទរបស់អ្នកសារព័ត៌មានទៅលុបវីដេអូផ្សាយ។

លោកថា«ទេ! ខ្ញុំអត់មានដណ្ដើមអីគាត់ទេ! ខ្ញុំថា គាត់ពាក់ព័ន្ធនឹងចរាចរណ៍ គាត់ live អី live ទៅ ឱ្យគាត់ផ្សាយចុះគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែពួកខ្ញុំកំពុងតែតាមបទល្មើសផ្សេងពេលនៅក្បែរគ្នាហ្នឹង។ អូ! ខ្ញុំលើកទូរសព្ទស្នងការមួយ»

​នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត យល់ថា ករណីនេះគួរទុកឱកាសឱ្យតុលាការវែកញែករកយុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។ យ៉ាងណា លោកសង្ឃឹមថា តុលាការនឹងបំពេញតួនាទីរបស់ខ្លួនដោយឈរលើគោលការណ៍យុត្តិធម៌ផងដែរ។

​លោក សូធឿត យល់ថា ការព្រមានវាយខ្នោះ ឬការប្រើហិង្សាណាមួយ​ទៅលើអ្នកសារព័ត៌មានដែលបំពេញតួនាទីរបស់ពួកគេនៅទីសាធារណៈ គឺជារឿងដែលមិនត្រូវកើតឡើង។ ​ ​

លោក អ៊ិត សូធឿត ថា«អ៊ីចឹងអាជ្ញាធរ ប្រសិនបើគាត់មានហេតុផលណាមួយដែលចង់ឱ្យអ្នកសារព័ត៌មានគាត់ឈប់ live ឬក៏ឈប់ផ្សាយសកម្មភាពអីហ្នឹង គាត់គួរតែមានហេតុផលបញ្ជាក់ ហើយមិនគួរប្រើការគំរាមកំហែងវាយខ្នោះ គុកច្រវាក់អីដល់អ្នកសារព័ត៌មាននោះទេ។ វាទៅជាការគំរាមកំហែងទៅលើសេរីភាពនៃសារព័ត៌មាន ដែលជាអំណាច យើងគិតថាវាជាអំណាចមួយដ៏សំខាន់ ឬក៏ជាតួនាទីមួយដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ»

យ៉ាងណា អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះនិយាយថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានអះអាងថាត្រូវបានសមត្ថកិច្ចគំរាមកំហែង ខណៈសមត្ថកិច្ចមួយចំនួនពិតជាមិនបានយល់ពីតួនាទីរបស់អ្នកសារព័ត៌មានដែលធានាដោយច្បាប់។ លោកថា រឿងនេះ ក្រសួងព័ត៌មានក៏ទទួលស្គាល់ដែរថា អាជ្ញាធរមូលដ្ឋានមួយចំនួនបានបំពេញលើសពីតួនាទីរបស់ខ្លួន ដែលរឿងនេះចាំបាច់ទាមទារឱ្យមានការអនុវត្តតាមច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ