យុវជន​ក្រុងកំពង់ចាម​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​រថយន្ត​និង​កង់បី​ប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើ​ចំណត

ទិដ្ឋភាពនៅផ្សារធំកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (សុខ ហេង)

អាជីវករលក់ដូរនៅផ្សារសាមគ្គី ហៅ ផ្សារធំ ខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និ​ង​​​​អ្នក​​គ្រ​ប់​​​​​​​គ្រងផ្សារ ជួយទប់ស្កាត់អ្នកប្រកបមុខរបរបើក​​រថយន្ត​​ឈ្នួល (ឡានតាក់ស៊ី) និង​ម៉ូតូ​កង់​បី ដែល​​ប្រើ​​ប្រា​​ស់​​ចិញ្ចើមផ្លូវធ្វើចំណត បង្កឱ្យមានការកក​​ស្ទះចរាចរណ៍​ចំពោះអ្នក​ដំណើរ​ដែល​ឆ្លង​​កាត់ផ្សា​រ និងប្រជា​​ពល​​រដ្ឋ​​​​​​​ដែលប្រើប្រាស់សេវាក្នុងផ្សារសាមគ្គី។​

លោក មាន ធារ៉ា ជាយុវជនម្នាក់រស់នៅក្បែរផ្សារធំ ក្រុងកំពង់ចាម ​និងជាតំណាងឱ្យយុវជន ស.ស.យ.ក បានប្រាប់ វីអូឌី ថា លោកសង្កេតឃើញ មានរថយន្តឈ្នួល និងឡានធំៗ បើកបរចូលក្នុ​ងផ្សារសាមគ្គីជាហូរហែ ហើយបង្កឱ្យមានការកកស្ទះរាល់ថ្ងៃ ជាពិសេសបង្កការរំខានអាជីវករ​​ដែ​​ល​​​​​លក់ដូរនៅក្នុងផ្សារនេះតែម្តង។ ក្នុងនាមជាយុវជន ស.ស.យ.ក ប្រមាណ១០នាក់ តែងជួយ​​ស​​​ម្រ​ប​​​សម្រួល និងព្យាយាមបង្វែរការចតរថយន្ត និងម៉ូតូកង់បីនៅលើចិញ្ចើមផ្លូវទៅទីតាំងផ្សេង ដើ​​ម្បី​​បញ្ចៀស​​​ការ​​កកស្ទះអ្នកដំណើររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ប៉ុន្តែនៅតែមិនអាចធ្វើបាន។

លោកបន្តថា៖ «កន្លងមក តាមការសង្កេតរបស់ខ្ញុំឃើញថា នៅផ្លូវតាមផ្សារ ការមានឡានតូចធំច្រើនទៅ ធ្វើឱ្យមានការរំខានដល់អាជីវករលក់ មានការកកស្ទះធ្វើដំណើរឆ្លងកាត់ ហើយវាប្រឈមគ្រោះថ្នាក់។ មែនទែនទៅ ទាក់ទងជាមួយការងារនេះ ក្រុមរបស់ខ្ញុំធ្លាប់បានផ្សព្វផ្សាយដែរ ក៏ប៉ុន្តែក្រុមរបស់ខ្ញុំមិនមានសិទ្ធិអំណាច ធ្វើឱ្យគាត់ខ្លាចឬក៏ស្ដាប់តាមទេ ជាពិសេសអ្នកបើកបរឡានឈ្នួល ឬឡានតាក់ស៊ី ម៉ូតូកង់បី ជាដើម»។

ប្រភពដដែលបន្ថែមថា ក្នុងការចុះផ្សព្វផ្សាយនាពេលកន្លងមករបស់ក្រុមយុវជន ស.ស.យ.ក ហា​​ក់​ពុំសូវទទួលបានផល ដោយសារពួកគេមិនមែនជាអ្នកជំនាញក្នុងការសម្រប​​សម្រួល​​ចរា​​ច​​រណ៍។ ទន្ទឹមនឹងនេះ លោក មាន ធារ៉ា​ ក៏ស្នើឱ្យអាជ្ញាធរក្នុងមូលដ្ឋានដែលមានសមត្ថកិច្ច ចុះអប់​​រំអ្នកប្រកបមុខរបររថយន្តឈ្នួល និងម៉ូតូកង់បី ដើម្បីជួយឱ្យផ្សារសាមគ្គី មានសណ្ដាប់ធ្នាប់ និងប​​ញ្ចៀ​​សបាននូវការកកស្ទះនៅលើដងផ្លូវ។

លោកបន្តថា៖ «ខ្ញុំចង់សំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធ ឬក៏អាជ្ញាធរមូលដ្ឋានផ្ទាល់ ដែលមានដែនសមត្ថកិច្ចចុះធ្វើការណែនាំឱ្យ ជាពិសេសអ្នកបើក[រថយន្ត]ឈ្នួល ឡានតាក់ស៊ី និងម៉ូតូកង់បី [ចុះណែនាំ]ពួកគាត់ធ្វើម៉េចវៀងចេញពីផ្លូវផ្សារសាមគ្គី ដើម្បីកុំឱ្យមានការកកស្ទះ ហើយក៏បង្ហាញពីទម្លាប់ល្អដែរ»។

ឆ្លើយតបនឹងការរិះគន់នេះ លោក ជា អ៊ួច មានវ័យ៤០ឆ្នាំ ជាអ្នកបើករថយន្តឈ្នួល ទទួលស្គាល់ថា កា​រជួ​​យសម្រួលពីអាជ្ញាធរ និងហាមឃាត់រថយន្តមិនឱ្យចតនៅផ្សារសាមគ្គី វាជាការល្អ។ មិនតែប៉ុ​​​​ណ្ណោះ​​​​ ករណីនេះ វាក៏ស្របទៅតាមផ្លូវច្បាប់ផងដែរ។ ផ្ទុយទៅវិញ លោក ជា អ៊ួច លើកឡើងថា ​​​រ​​ថ​យន្ត​របស់​​ខ្លួនបានបង់ពន្ធចូលក្នុងថវិកាជាតិជាទៀងទាត់ ហេតុដូចម្ដេចបានលោកមិនអាច​​ចត​​​រថ​​យ​ន្តនៅលើចិញ្ចើមផ្លូវផ្សារសាមគ្គីនេះបាន។ មួយវិញទៀត រថយន្តដែលរូបលោក​​ចត​​នេះ​​ទៀត​​សោត មិនមែនចត​នៅលើដងផ្លូវនោះទេ។

លោកបន្តថា៖ «វាអសន្តិសុខ វាមិនល្អ ប៉ុន្តែថាបើឡានគេបង់ពន្ធផ្លូវហើយ មិនឱ្យដាក់លើផ្លូវ ឱ្យយកឡានទុកនៅណាបើឈប់[ចត]? ចង់និយាយថា ខ្ងុំក៏មិនឈប់នៅកណ្ដាលផ្លូវនោះដែរ គ្រាន់តែឈប់លើផ្លូវហើយ ចេញកង់ឡានមួយចំហៀងតែប៉ុណ្ណោះ»។

ចំណែកលោក ផ្លោក សុវណ្ណ ចៅសង្តាត់វាលវង់ ក្រុងកំពង់ចាម អះអាងកាលពីថ្ងៃទី២៩ ខែតុ​​លា ថាចំពោះការលើកឡើងរបស់អាជីវករ និងអ្នកធ្វើដំណើរឆ្លងកាត់នៅម្ដុំផ្សារសាមគ្គី គឺលោកទ​​ទួលស្គាល់ថាពិតជាមានរថយន្តឈ្នួល និងម៉ូតូកង់បី ចតនៅផ្សារសាមគ្គីពិតមែន ប៉ុន្តែនាពេលថ្មី​​​ៗនេះ លោករួមទាំងសហការី បានសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់វាលវង់ បានចុះអប់រំ និងរៀបចំសណ្ដាប់ធ្នាប់ហើយដែរ។

លើសពីនេះ លោកបញ្ជាក់ថា ប្រសិនបើអ្នកប្រកបមុខរបររថយន្តឈ្នួល ទទួលបានការអប់រំហើយនៅតែមិន​​អនុ​​​វត្ត​តាម វិធានការចុងក្រោយ គឺរថយន្តឈ្នួល និងម៉ូតូកង់បីទាំងនោះ នឹងប្រឈមមុខ​​នឹងការ​​ដក​​ហូត ហើយ​​យក​​ទៅ​​រក្សាទុកនៅស្នងការដ្ឋាននគរបាលតែម្តង។

លោកថ្លែងថា៖ «ក្រុមប្រឹក្សា និងមេភូមិ តាមរយៈអង្គប្រជុំ មានអ្នករាយការណ៍ពីការរអ៊ូរទាំ មានអ្នកពួកគាត់ចូលរួមជាមួយខ្ញុំ។ ទោះបីយ៉ាងណា បើសិនយើងដើរចោល ពួកគាត់នឹងចូលមកវិញ មានបណ្ដាញប្រចាំរហូត។ ជាទូទៅ ម៉ូតូ PassApp [កង់បីឥណ្ឌា] ពួកគាត់ឈប់មួយភ្លែតៗណា លើកលែងតែគាត់ឈប់យូរ ក៏ខ្ញុំឱ្យគាត់ចេញដែរ។ រាល់ថ្ងៃ ខ្ញុំមានបញ្ហាប្រឈម ពួកគាត់អ្នករត់ម៉ូតូនៅក្រៅ ក៏មកឈប់នៅ[ម្ដុំនេះ]ផ្សេងៗ»។

ទាក់ទងនឹងបញ្ហានេះ កញ្ញា កាត់ ថា បុគ្គលិកបម្រើការនៅអង្គការ ខេម ក្រុងកំពង់ចាម យល់ឃើ​​ញ​​​​ថា ចំ​​ពោះចំណាត់ការរបស់អាជ្ញាធរទៅលើអ្នកប្រកបរបររថយន្តឈ្នួល និងម៉ូតូកង់បីនេះ ជា​វិ​​​ធានការល្អ សម្រាប់ការរៀបចំសណ្ដាប់ធ្នាប់លើដងផ្លូវ។

ប្រភពបន្តថា អង្គការខេម ស្វាគមន៍ចំពោះយន្តការនេះ ព្រោះវាអាចជួយដោះស្រាយកុំឱ្យបញ្ហាមួ​យ​​​​នេះកើតឡើងម្តងទៀត។ ជាងនេះទៀត ដើម្បីធ្វើឱ្យមានប្រសិទ្ធភាព ​អាជ្ញាធរគួរបិទស្លាក​​​​សញ្ញា​​​មួយ​ចំនួន ដូចជា ស្លាកសញ្ញាហាមចតរថយន្ត និងម៉ូតូកង់បី ជាដើម នៅទីតាំងផ្សារ។

កញ្ញាលើកឡើងថា៖ «​បើសិនគាត់ឈប់យូរអ៊ីចឹង វាកកស្ទះធ្វើដំណើរលើដងផ្លូវ។ ជាចំណាត់ការ មានតែប្រាប់គាត់ថាកុំឱ្យឈប់នៅលើផ្លូវហ្នឹងយូរពេក។ បើមានធុរៈណាយូរ គួរតែរកកន្លែងណាដែលអាចចតបាន​។ សម្រាប់ខ្ងុំ អាជ្ញាធរគួរតែមានខិតបណ្ណផ្សព្វផ្សាយដាក់តាមផ្សារ»។

បញ្ញត្តិ​មាត្រា​២៤ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ចែងថា បើម្ចាស់​រថយន្តចតលើដងផ្លូវ បង្កឱ្យអ្នកបើកពី​​ក្រោយបុកស្លាប់ ឬមានគ្រោះថ្នាក់ ​ត្រូវ​ទទួល​ខុសត្រូវ​ជាសំណងរដ្ឋប្បវេណីផងទៅជនរងគ្រោះ និ​​​ង​បទល្មើស​​ព្រហ្ម​​ទណ្ឌ​​។ ដោយឡែក បញ្ញត្តិមាត្រា៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកដដែល កំ​ណ​​ត់​​​ថា ការប្រើប្រាស់​​ម​​ធ្យោ​​​​​​បាយ​​​ណាមួយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ត្រូវ​​ផ្តន្ទា​​ទោ​​ស​ដាក់​​ពន្ធ​នាគារពីមួយខែទៅ​​មួយ​​ឆ្នាំ និងពិន័យជាប្រាក់ពី២០ម៉ឺន ទៅ២លាន​​រៀល​​​។


រាយការណ៍ដោយលោក សុខ ហេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ