ពលរដ្ឋ​ខេត្តពោធិ៍សាត់ លាតត្រដាង​ពី​សកម្មភាព​ចាប់​សត្វស្វាព្រៃ​ដើម្បី​លក់​រកចំណូល​នៅក្នុងតំបន់

ពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវលំមួយខ្សែ ស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។ (ត្រាន់ តិចសេង)

លោក វឿន បូរ៉ាន់ បានឱ្យដឹងថា ខ្លួនធ្លាប់ជាអ្នកប្រមាញ់សត្វស្វាមួយរូបកាលពីពេលកន្លងទៅ។ លោកធ្លាប់​បាន​ចំណាយ​ពេល​មួយ​ខែ ​ដើម្បីតាមប្រមាញ់សត្វស្វានៅក្នុង​ព្រៃ​​ក្បែរ​​ៗភូមិ ​កាល​ពី​ដើម​ឆ្នាំ​នេះ បន្ទាប់​​​ពី​​ឮ​ថា​របរនេះអាចទទួលបានចំណូលច្រើន។

ក្នុងអំឡុងពេលនោះ លោកបានឃើញ​សត្វស្វាក្ដាម​ប្រមាណជា២ទៅ៣ក្បាលនៅលើដើម​ឈើ ហើយក៏ព្យាយាម​ដាក់​អន្ទាក់​ដោយ​ប្រើប្រាស់​ពោតជានុយ។ ទោះជាយ៉ាងណា លោកថា គាត់ពុំអាចចាប់បានសូម្បីតែ១ក្បាល។

លោកបន្តថា៖ «អ្នកផ្សេងធ្លាប់ចូលមកព្យាយាម​ចាប់ [សត្វស្វា] មុនខ្ញុំរួចទៅហើយ។ ដូច្នេះហើយ សត្វស្វាទាំងនោះ​ដឹង​ច្បាស់​ពី​អ្វីដែលយើង​ចង់ធ្វើខ្លាំងណាស់ ដោយសារតែពួកវាធ្លាប់​​ត្រូវ​បាន​អ្នក​ផ្សេង​ទៀតតាម​ប្រមាញ់​ជា​ច្រើន​ដងរួចហើយ។ បច្ចុប្បន្ន ​ពួក​វាមាន​ភាព​ឆ្លាតវៃជាងមុន»។

ស្ថិត​នៅ​ក្នុង​តំបន់​​ដែល​ពោរពេញទៅដោយ​ជ្រលង​ភ្នំ ក្រុមពលរដ្ឋ​​លើក​ឡើង​ថា ភោជនីយ​ដ្ឋា​ន​មួយចំនួន​​ក្នុងតំបន់ ក៏មា​ន​ដាក់​លក់​សាច់​ស្វា​ផង​ដែរ ខណៈពួកគេក៏បានចង្អុលបង្ហាញប្រាប់អ្នកយកព័ត៌​មាន​អំពី​ទីតាំង​ដែល​សម្បូរ​ទៅ​ដោយ​សកម្មភាពបរបាញ់ ហើយថែមទាំងបានសួរអ្នក​យក​ព័ត៌មាន​​ថាចង់​ទិញ​សត្វ​ស្វា​ឬអត់ទៀតផង។

អ្នកស្រុកហាក់​ស្ទាក់​ស្ទើរ​ក្នុងការរៀបរាប់អំពីករណីនេះ ដោយក្នុងនោះមា​ន​ពលរដ្ឋម្នាក់​បាន​លើក​ឡើងថា ​​សកម្មភាពនេះ​ពិតជាកើតឡើងពិតមែន ហើយអ្នកមក​បរបាញ់ភាគច្រើន គឺជាអ្នករស់នៅក្រៅតំបន់ ដោយខ្លួន​ក៏ពុំដឹងថាតើ​​អ្នក​ណា​ពាក់ព័ន្ធខ្លះដែរ។

បុរសម្នាក់ទៀត​ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការ​បរបាញ់​សត្វ​ព្រៃ​​ជា​ផ្នែក​មួយ​នៃមុខរបរចិញ្ចឹម​​ជីវិត​​របស់​ពលរដ្ឋ​នៅក្នុង​តំបន់​នេះ​ជា​យូរណាស់​មក​ហើយ។

លោក​ថា​៖ «​មនុស្ស​មួយ​ចំនួន​នៅតែបន្ត​បរបាញ់សត្វព្រៃទាំងនេះ ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​បាន​ឈប់របរនេះ​តាំងពី​ជា​យូរណាស់​មក​ហើយ​»។

លោកបន្តថា៖ «កាលពីពេលកន្លងទៅ នៅក្នុងតំបន់នេះ គឺ​សម្បូរទៅដោយសត្វ​ស្វា​ច្រើន​ណាស់ ប៉ុន្តែបច្ចុប្បន្ន គឺនៅសល់ក្នុងចំនួន​តិចតួចតែប៉ុណ្ណោះ​ ដោយ​ស្ទើរ​តែ​បាត់​បង់ទាំងស្រុងទៅហើយ ដោយសារតែមាន​មនុស្ស​ជា​ច្រើនបាន​ដាក់អន្ទាក់​ចាប់​ពួក​វាជាបន្តបន្ទាប់។ ​ពី​មុន [អំឡុងឆ្នាំ២០១៦] រៀងរាល់ពេលព្រឹក ​យើង​តែងតែឃើញពួកវារាប់រយក្បាលចេញមកស៊ីដំណាំពោតរ​បស់យើង»។

បុរស​រូបនោះ​បន្ថែម​ថា ក្នុង​ចំណោម​គោលបំណងនៃការបរបាញ់សត្វស្វា ក្នុងនោះក៏មានការយកសាច់របស់ពួកវាផងដែរ ខណៈប្រភេទសត្វស្វាដែលគ្មានកន្ទុយ​ គឺមានការពេញនិយមក្នុងការបរិភោគ ដោយតម្លៃ​ទីផ្សារក៏បន្តកើនឡើង។

លោក​ថា​៖ «ដំបូងឡើយ ​ខ្ញុំចង់ចាប់យករបរនេះ​តាម​ពួកគេ ​ដោយសា​រតែវាអាច​រក​ប្រាក់ចំណូល​បាន​ច្រើន​។ ទោះជាយ៉ាងណា ​ការទៅ​បរបាញ់នេះ គឺត្រូវចំណាយរយៈពេល​រាប់​ខែនៅក្នុង​ព្រៃ ដូច្នេះហើយ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ ព្រោះ​គ្រួសារ​ខ្ញុំ​ដែលនៅផ្ទះនឹង​ដាច់ពោះស្លាប់ជាក់ជាមិនខាន»។

យោង​តាម​បុរសរូបនេះ​ ចំពោះសត្វស្វាតូចៗដែលមានទំងន់តិ​ច​ជាង៣​គីឡូក្រាម គឺជាប្រភេទដែលមាន​ទីផ្សារខ្លាំងបំផុត ដោយបច្ចុប្បន្នអាចលក់បានក្នុងតម្លៃរហូតដល់ទៅ២០០​ដុល្លារ​ក្នុង​មួយ​ក្បាល។ ទោះជាយ៉ាងណា លោកមិនដឹងច្បាស់ថាតើពួកគេយកស្វាទាំងនេះទៅណាបន្តទៀតនោះទេ។

ទាក់ទិននឹងករណីនេះ កម្មករម្នាក់ធ្វើការនៅកសិដ្ឋានចិញ្ចឹមស្វារបស់ក្រុម​ហ៊ុន​ Vanny Bio Research ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពួកគេជឿជាក់ថា សត្វស្វាព្រៃនានាកំពុងតែត្រូវបាន​គេប​របាញ់ និង​នាំយក​មក​ពី​តំបន់​វាល​វែង ខណៈតុលាការសហរដ្ឋអាមេរិកបានចេញការចោទប្រកាន់លើអ្នកគ្រប់គ្រងក្រុមហ៊ុន និងមន្ត្រីក្រសួងកសិកម្ម ពីបទរត់ពន្ធសត្វស្វាព្រៃខុសច្បាប់​សម្រា​ប់គោលដៅវេជ្ជសាស្ត្រ ជាពិសេស​សម្រាប់ការធ្វើពិសោធក្នុងប្រទេសអាមេរិក។

ទោះជាយ៉ាងណា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានសួរត្រលប់ទៅកាន់​អ្នក​យក​ព័ត៌មានពីទីតាំងដែល​ការ​បរបាញ់​សត្វ​ស្វា​នេះ​កើត​ឡើង ខណៈ​​លោក​មិន​ទាន់​ឃើញករណីនេះនោះទេ។

លោក​ថា​៖ «​យើង​បានស្រាវជ្រាវដើម្បី​ស្វែង​រក​ករណីទាំងនេះ [បរបាញ់សត្វស្វា] ប៉ុន្តែ​យើង​មិន​ដែលជួបប្រទះនោះទេ»។​

ប្រធានមន្ទីរបរិស្ថានរូបនេះបន្ថែមថា ចាប់តាំងពីមានករណីមន្ត្រីក្រសួងកសិកម្មត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនមក រូបលោកក៏ត្រូវបានប្រគល់ភារកិច្ចឱ្យតាមដាននិងពិនិត្យមើលក្រុមហ៊ុន Vanny Bio Research ដោយក្រុមការងាររបស់លោកក៏នឹងស៊ើបអង្កេតថាតើសត្វស្វាព្រៃត្រូវបាននាំយកទៅកាន់ទីនោះឬយ៉ាងណាផងដែរ។

លោក​​បន្ត​ថា​៖ «បច្ចុប្បន្ននេះ ​យើង​កំពុងតែសាក​សួរ​បងប្អូន​ក្នុង​សហគមន៍ ប៉ុន្តែ​យើង​នៅមិន​ទាន់​បាន​ឮ​ព័ត៌មាន​ណាមួយទាក់​ទិន​នឹង​ករណី​នេះ​នោះ​​ទេ​»។

លោក វឿន បូរ៉ាន់ អង្គុយនៅផ្ទះរបស់លោក ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វឿន បូរ៉ាន់ អង្គុយនៅផ្ទះរបស់លោក ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ (ត្រាន់ តិចសេង)

ត្រលប់មកកាន់ផ្ទះរបស់​លោក វឿន បូរ៉ាន់ ក្នុងតំបន់វាលវែង​វិញ បុរសរូបនេះបានលើកឡើងថា៖ «ខ្ញុំបានឮថា មនុស្សជាច្រើនបានប្រកបរបរចាប់សត្វស្វាព្រៃជាច្រើនក្បាល​ដើម្បីលក់ ដោយពួកគេអាចរកបានចំណូលយ៉ាងច្រើន»។

ដោយមើលឃើញពីឱកាស​នេះ រូបលោកបានសម្រេច​ទិញ​អន្ទាក់ និង​នុយសម្រាប់ដាក់សត្វស្វា ដោយចំណាយពេលបរបាញ់អស់រយៈពេល​មួយ​ខែផងដែរ។ ទោះជាយ៉ាងណា លោកបន្ថែមថា ខ្លួនពុំបានទទួលជោគជ័យក្នុងកិច្ចការនេះនោះទេ។

លោកបន្តថា គាត់​មិន​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​ទិញ​យកសត្វស្វាទាំងនោះទេ ដោយ​គ្រាន់តែដឹងថា ពួកគេទាំងនោះ​មក​ពីរាជធានី​​ភ្នំពេញ និង​ក្រុង​​ពោធិ៍​សាត់។

លោក វឿន បូរ៉ាន់ ថា៖ «នៅក្នុង​ភូមិ​នេះ មនុស្សជាច្រើនធ្លាប់ទៅបរបាញ់សត្វស្វា ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ គឺមិនសូវសម្បូរដូចមុនឡើយ។ កាលពីពេលកន្លងទៅ សត្វស្វាកន្ទុយវែង គឺមានចំនួនជាច្រើនក្បាល ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​យើង​មិន​ដឹង​ថា​ពួកវាបាត់​ទៅណាអស់ទេ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Monkey Hunting an Open Secret among Pursat Residents

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ