ព្រះសង្ឃ​បង្កើត​បណ្ណាល័យ​ក្នុង​វត្ត​ដើម្បី​រួមចំណែក​លើក​កម្ពស់​វិស័យ​អំណាន

បណ្ណាល័យគំនិត ត្រូវបានព្រះសង្ឃមួយអង្គបង្កើតឡើងក្នុងវត្តមហាមន្រ្តី ដែលមានសៀវភៅជិត៣ ០០០ក្បាល ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍លើការអានសៀវភៅ។ (ផ្ដល់ឱ្យ)

ព្រះសង្ឃមួយអង្គបង្កើតបណ្ណាល័យមួយក្នុងវត្តមហាមន្រ្តី ដែលមានសៀវភៅជិត៣ ០០០ក្បាល ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍លើការអានសៀវភៅ។

ប្រធានស្ថាបនិកបណ្ណាល័យគំនិត ព្រះតេជគុណ រឹម ណាំឈាវ មានសង្ឃដីកាថា បណ្ណាល័យគំនិត បង្កើតឡើងកាលពីចុងឆ្នាំ២០១៨​ ស្ថិតនៅកុដិលេខ២៨ វត្តមហាមន្ត្រី រាជធានីភ្នំពេញ ដោយមានគោលបំណងចែករំលែកក្នុងនាមជាអ្នកស្រឡាញ់ការអានសៀវភៅ។

ទន្ទឹមនេះ ព្រះអង្គថា បណ្ណាល័យគំនិតនេះបាន​រួមចំណែកក្នុងការលើកកម្ពស់ការអានសៀវភៅ និង​ជួយបំពេញបន្ថែមចំពោះការសិក្សាស្រាវជ្រាវរបស់និស្សិត ព្រមទាំងជួយកាត់បន្ថយការចំ​ណា​​​យ​របស់យុវជនដោយអាចខ្ចីសៀវភៅយកទៅអានដោយឥតគិតថ្លៃ។

ព្រះអង្គមានសង្ឃដីកាថា៖ ​«ការបង្កើតបណ្ណាល័យ វារឿងមួយដ៏ល្អសម្រាប់ការលើកស្ទួយវិស័យអំ​ណាននៅកម្ពុជា»។

ព្រះតេជគុណ រឹម ណាំឈាវ ឱ្យដឹងថា បច្ចុប្បន្ន​ បណ្ណាល័យគំនិត មានសៀវភៅទាំងផ្នែកអាណាចក្រ​ និងផ្នែកពុទ្ធចក្រ ជិត៣ ០០០ក្បាល ហើយបណ្ណាល័យនេះក៏បានបរិច្ចាគសៀវភៅទៅតាមបណ្ណាល័យផ្សេងៗទៀតនៅតាមបណ្ដាខេត្តផ្សេងៗផងដែរ។

ព្រះអង្គឱ្យដឹងទៀតថា បណ្ណាល័យគំនិត បើកឱ្យយុវជនចូលអានសៀវភៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយយុវជនអាចខ្ចីសៀវភៅទៅអាននៅឯផ្ទះ ដោយមានពេលកំណត់មួយសប្ដាហ៍។ ជា​​មួ​យ​គ្នានេះ បណ្ណាល័យកំពុងតែដំណើរការចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលមួយផងដែរ។

ព្រះតេជគុណ ហ៊ឺន មករា ជាសមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត គង់់នៅវត្តមហាមន្រ្ដី ដែលតែងតែទៅអាន និងខ្ចីសៀវភៅនៅបណ្ណាល័យគំនិត ប្រាប់វីអូឌីថា បណ្ណាល័យនេះជាកន្លែងផ្ដល់ចំណេះដឹង និងអាចបង្កើតភាពស្និទ្ធស្នាលរវាងព្រះសង្ឃ និងគ្រហស្ថ។

ព្រះអង្គមានសង្ឃដីកាថា​៖ «បណ្ណាល័យនេះ គឺជាបណ្ណាល័យមួយដ៏ល្អ ដែលមានសារៈសំខាន់មែនទែន ជាពិសេសសម្រាប់ព្រះសង្ឃនៅក្នុងវត្តអារាម»។

សមណសិស្សរូបនេះយល់ថា នៅតាមសាលារៀន និងវត្តអារាម គួរមានបណ្ណាល័យផ្ទាល់ខ្លួន ហើយសប្បុរសជនគួរតែជួយឧបត្ថម្ភសម្ភារ ដូចជាសៀវភៅជាដើម ដើម្បីឱ្យសន្ទុះនៃការអានកាន់តែមានភាពប្រសើរឡើង។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ការបង្កើតបណ្ណាល័យនេះជាកន្លែងមួយដែលផ្ដល់ចំណេះដឹងដល់សាធារណជន និងអាចលើកទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់វិស័យអំណានបានច្រើន។ ប៉ុន្តែលោកសង្កេតឃើញថា ឥ​​រិ​​យា​​បថរបស់ពលរដ្ឋខ្មែរចូលចិត្តការស្ដាប់ជាជាងការអាន។

លោកបន្តថា៖ «ការបង្កើតបណ្ណាល័យជាការផ្ដល់ចំណេះដឹងមួយដ៏វិសេសវិសាល ហើយគួរតែមានការលើកទឹកចិត្តឱ្យបង្កើតបណ្ណាល័យ ហើយលើកទឹកចិត្តការអានឱ្យបានច្រើននៅទូទាំងប្រទេសកម្ពុជា ពីព្រោះយើងដឹងថា វិស័យនៃការអាននេះមានការធ្លាក់ចុះដែរបាទ ឃើញថាយុវជនក្រោយៗ ឬក៏ប្រជាពលរដ្ឋទូទៅ មិនសូវចូលចិត្តអានទេ បើស្ដាប់សំឡេង គាត់ងាយស្ដាប់»។

លោក យង់ គិមអេង យល់ថា ការបង្កើតបណ្ណាល័យ​ ដែលអាចពង្រីកការអានឱ្យបានច្រើន គួរតែរៀបចំបណ្ណាល័យឱ្យមានសោភ័ណភាពល្អ មានបរិយាកាសល្អក្នុងការអង្គុយអាន និងមានសៀវ​​ភៅ​​​​​គ្រប់ប្រភេទទៅតាមវ័យមនុស្ស ព្រមទាំងមានបណ្ណារក្សល្អ។

សម្រាប់ប្រធានស្ថាបនិកបណ្ណាល័យគំនិត នៅតែយល់ឃើញថា ការបង្កើតបណ្ណាល័យនេះត្រូវបង្កើតកម្មវិធីជំរុញទឹកចិត្តយុវជនឱ្យចាប់អារម្មណ៍លើវិស័យអំណាន និងអាចកាត់បន្ថយការប្រើប្រាស់ទូរសព្ទ ដើម្បីចូលរួមលើកស្ទួយវិស័យអំណាននៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។

ព្រះអង្គ​មានសង្ឃដីកាថា៖ «យើងមិនបានទៅចូលរួមលើកស្ទួយវិស័យសិក្សាធិការជាតិ វិស័យអំណានសម្រាប់ប្រទេសទាំងមូលបានទេ ប៉ុន្ដែវាក៏ជាការរួមចំណែកដ៏តូចមួយក្នុងការជ្រោមជ្រែងឱ្យយុវជនងាកត្រលប់ពីកាន់ទូរសព្ទដៃ មកកាន់សៀវភៅវិញម្ដង ផ្ដល់តម្លៃទៅលើចំណេះដឹងជាងផ្ដល់តម្លៃទៅលើការកម្សាន្ត ទៅលើ Social media»។

ចំណែកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត សម្ដែងការសាទរចំពោះការបង្កើតបណ្ណាល័យនេះ ហើយលោកលើកទឹកចិត្តឱ្យមានការបង្កើតបណ្ណាល័យជាច្រើនទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់ការអានសៀវភៅ។ 

លោកបន្តថា៖ «សម្រាប់ខ្ញុំគាំទ្រ ហើយជំរុញការលើកទឹកចិត្ត ដែលធ្វើឱ្យមានបណ្ណាល័យតាមវត្តអា​រាម។ រឿងនេះជារឿងល្អណាស់ ដើម្បីជំរុញឱ្យមិនមែនតែយុវជនទេ​ គឺប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាពចូលរួមអានសៀវភៅឱ្យបានច្រើន»។

លោក ហែម ស៊ីណារ៉េត ឱ្យដឹងថា សព្វថ្ងៃ ក្រសួងអប់រំមានយន្ដការជំរុញឱ្យមានសន្ទុះនៃការអាន ដោយរដ្ឋាភិបាលបង្កើតជាបណ្ណាល័យតាមគ្រឹះស្ថានសិក្សា និងតាមរយៈឃ្លីបវីដេអូអប់រំរបស់ក្រសួង។ ប៉ុន្ដែយ៉ាងណា លោកថា យ​ន្ដការនេះនៅមានកម្រិត មិនបានដល់ប្រជាពលរដ្ឋទូទៅនៅ​​ឡើយ​​​នោះទេ។

លោកបន្តថា៖ «ជាគំនិតពូ ដើម្បីឱ្យបានចូលរួមទាំងអស់គ្នា គ្រប់ស្រទាប់វណ្ណៈទាំងអស់ គ្រប់កម្មវិធីទូរទស្សន៍ទាំងអស់គួរតែជំរុញឱ្យមានការបង្កើត ហើយជំរុញឱ្យមានការអានសៀវភៅដល់គ្រប់ប្រជាពលរដ្ឋទាំងអស់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ