ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអង្គារនេះ បានជំរុញឱ្យក្រុមអ្នកជួយសង្គ្រោះផ្ដោតសំខាន់លើការជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងគំនរបាក់បែក ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារទីក្រុងមួយក្នុងខេត្ត West Java ដែលបានសម្លាប់មនុស្សរហូតដល់ជាង២០០នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងអំឡុងពេលចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ លោក ចូកូ វីដូដូ បានលើកឡើងថា៖ «ជាការស្នើសុំរបស់ខ្ញុំ គឺសូមផ្តល់អាទិភាពជាសំខាន់ដល់ការជម្លៀសជនរងគ្រោះទាំងឡាយដែលកំពុងតែជាប់នៅក្រោមគំនរបាក់បែក»។
ជាមួយគ្នានេះ ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងឡាយ ខណៈលោកក៏បានសន្យាថានឹងផ្ដល់ជំនួយគាំទ្ររបស់រដ្ឋាភិបាលក្នុងគ្រាអាសន្ននេះផងដែរ។
លោកបន្តថា សម្រាប់កិច្ចការងារសាងសង់ឡើងវិញ គឺគួរតែបូកបញ្ចូលទាំងការសាងសង់ផ្ទះដែលធន់នឹងគ្រោះរញ្ជួយដី ដើម្បីការពារពលរដ្ឋពីគ្រោះធម្មជាតិដែលអាចនឹងកើតឡើងនាពេលខាងមុខ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៥,៦រិចទ័រ ដែលកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ បានវាយប្រហារនៅតំបន់ភ្នំនៃខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្តាលឱ្យមានការខូចខាតដល់ទីក្រុង Cianjur ខណៈយ៉ាងហោចណាស់មានភូមិមួយក៏ស្ថិតនៅក្រោមការរអិលបាក់ដីផងដែរ។
ទាក់ទិននឹងករណីនេះ ក្រុមមន្ត្រីបានលើកឡើងថា អ្នកដែលស្លាប់ភាគច្រើន គឺជាអ្នកដែលជាប់នៅក្រោមអគារទាំងឡាយដែលដួលរលំ។
យោងតាមវីដេអូឃ្លីបដែត្រូវបានបង្ហោះនៅលើទូរទស្សន៍ Kompas TV ក្នុងនោះគេក៏សង្កេតឃើញប្រជាជននៅក្នុងតំបន់រងផលប៉ះពាល់ នាំគ្នាកាន់ផ្លាកសញ្ញាដើម្បីស្នើសុំអាហារ និងទីជម្រក ខណៈការផ្គត់ផ្គង់ទាំងឡាយហាក់មិនទាន់ទៅដល់ពួកគេនោះទេ។
ជាការឆ្លើយតប អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី លោក Dedi Prasetyo បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋមួយថា សមត្ថកិច្ចរាប់រយនាក់ គឺត្រូវបានដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនានា។
លោកបន្ថែមថា៖ «ភារកិច្ចចម្បងសម្រាប់មន្រ្តីសមត្ថកិច្ចនៅថ្ងៃនេះ គឺផ្តោតសំខាន់លើការជម្លៀសជនរងគ្រោះ»៕