រដ្ឋបញ្ចេញប្រាក់ជិត១០០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំអង្ករចេញ ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ (រូបភាព៖ ហេង វិចិត្រ)

ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​រំពឹងថា ​ស្រូវនឹងរក្សា​តម្លៃ​ជាង១ ០០០រៀលក្នុងមួយគីឡូ ក្រោយរដ្ឋាភិបាល​​​​បាន​​បញ្ចេញថវិកា​​ជិត១០០លាន​ដុល្លារ​ ដើម្បីគាំទ្រ​ដល់​រោងម៉ាស៊ីនកិនស្រូវ ​និងក្រុមហ៊ុន​កែច្នៃ​នាំអង្ករចេញ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។ ​

​​ធនាគា​​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម បានចេញសេចក្ដី​ប្រកាសព័ត៌មានមួយនៅថ្ងៃ​ទី២១​ ខែវិច្ឆិកា​ ​​ឱ្យដឹង​ថា ​រដ្ឋាភិបាល​តាមរយៈក្រសួងសេដ្ឋកិច្ច បាន​បញ្ចេញ​ថវិកា​ ១០លានដុល្លារ​ លើ​មូលនិធិ​​​សម្រាប់ទិញស្រូវ ​៨៣លាន​ដុល្លារ​តាយរយៈ​​ធនាគា​​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម​ ដើម្បី​គាំទ្រ​​ដល់​រោងម៉ាស៊ីនកិនស្រូវ ​និងក្រុមហ៊ុន​កែច្នៃ​នាំអង្ករចេញ។

ធនាគា​​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម អះអាងថា ការសម្រេចនេះ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករនៅកម្ពុជា ស្របពេលរដូវប្រមូលផលស្រូវរបស់កសិករកំពុងសម្រុកខ្លាំង។

ជុំវិញ​ករណីនេះ​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន Amru Rice ​លោក សុង សារ៉ន​ បង្ហាញ​សុទិដ្ឋិនិយមចំពោះ​​ការបញ្ចេញកញ្ចប់ថវិកា ដើម្បីគាំទ្រដល់​រោងម៉ាស៊ីន​​កិនស្រូវ​ ឬ​សហគ្រាស ​ដើម្បី​ទិញ​ស្រូវ​ពីកសិករ​ និងរក្សាតម្លៃ​មិនឱ្យធ្លាក់ចុះនោះ​។

បន្ថែមពីនេះ ​លោករំពឹងថា​ តម្លៃ​ស្រូវ​នឹងអាច​រក្សា​ក្នុង​តម្លៃ​លើ​ស​ ១ ០០០​រៀល​​​ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះ​នឹង​ជួយ​កសិករ​ក្នុងការប្រមូល​ផល​ស្រូវ​ឆ្នាំនេះ។

លោកថា៖ ​«មានតែល្អឡើងទៅលើ ​ព្រោះយើងទប់ស្ថានការណ៍នេះបានហើយ​ ទាញឡើងបាន​១ពាន់ជាងហើយ។​ ដូច្នេះមិនមាន​ការ​ថយក្រោយ​ មានតែថ្លៃ​ ឬទប់ថេររហូត​»។

ចំណែក​លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថា ​​ការបញ្ចេញ​ថវិកា​របស់​រដ្ឋ​នេះ គឺ​ជាផ្នែក​មួយ​ដើម្បី​ជួយដល់​កសិករ​​ ដែលអា​ច​រក្សាតម្លៃ​ស្រូវ​កុំឱ្យ​ចុះថោក​ពេក​។

តែយ៉ាងណា ​សង្គមស៊ីវិល​រូបនេះស្នើ​ដល់​ក្រសួង​​សាម៉ី​ជួយ​​តាមដាន​ដល់រោងម៉ាស៊ីន​​កិនស្រូវ​ ឬ​សហគ្រាស​ដែលទទួលបាន​កញ្ចប់ថវិកាពីរដ្ឋាភិបាល​​ទាំងនោះ​​ ​ដើម្បីធានាការផ្ដល់ប្រយោជន៍ដល់កសិករពិតប្រាកដ។

លោកថា៖​ «ឱ្យមានមន្រ្តី​ទៅតាម​ដាន​លើ​រោង​ម៉ាស៊ីនកិនស្រូវ​ ឬ​សហ​គ្រាស​ដែល​ក្រុមហ៊ុនដែលទទួលបាន​កម្ចីពីរដ្ឋាភិបាល​បានត្រឹមត្រូវដែរឬទេ​! ហើយការទិញស្រូវនេះ ​ឬ​ដាក់​ហិរញ្ញប្បទាន​​បានជួយដោះស្រាយ​ចំពោះមុខ​ ឬ​ក៏ជួយ​ដល់​ប្រជាពលរដ្ឋ​កម្រិត​ណា​»។​

​នៅក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០២២ កសិករមួយ​នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ជាដើម បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក​ ពាក់ព័ន្ធនឹងករណី​តម្លៃស្រូវ​ចុះ​ថោក ឬ​គ្មាន​ទីផ្សារ​លក់ចេញ។ ពួកគេនិយាយថា នៅពេលតម្លៃស្រូវចុះថោក ​​លក់​មិនចំណេញ ស្របពេល​ការចំណាយដើម​ទុន រួមមាន​ ថ្នាំ ជី​ ប្រេង​សាំង កម្លាំងពលកម្ម និងសម្ភារប្រើប្រាស់ផ្សេងៗ​ទៀត​មានតម្លៃ​ថ្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ