កម្មករ​៣នាក់​ត្រូវ​ថៅកែ​បញ្ឈប់​ពីការងារ ក្រោយ​នាំគ្នា​បង្កើត​សហជីព​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តកំពង់ស្ពឺ

រោងចក្រផលិតកាបូប ស៊ិនឡន។ (ផ្ដល់ឱ្យ)

​កម្មករ-កម្មការិនីចំនួន ៣នាក់ បម្រើកា​រងារ​នៅ​រោង​ចក្រ​ ស៊ិន​ឡន អ៊ិន​ធើណេសិន​ណល (ខេមបូឌា) ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ស្នើទៅក្រសួងការងារជួយអន្តរាគមន៍ឱ្យពួកគាត់បានចូលធ្វើការងារវិញ ក្រោយថៅកែបញ្ឈប់ពីការងារដោយសារ​នាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។

កាលពីថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២២ កម្មករ-កម្មការិនី៣នាក់ រួមមាន លោក ស្រឺ នាង លោក មួន សាម៉ុក និងអ្នកស្រី ប៊ូ រ៉ាត បាន​​ដាក់​​លិខិត​មួយ​ទៅ​នាយ​​ក​ដ្ឋានវិវាទការ​ងារ​ នៃក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដើម្បី​ស្នើ​ទៅ​នាយក​ដ្ឋាននេះ​ជួយ​អន្តរាគមន៍ និងជំរុញ​ទៅថៅកែរោងចក្រ ស៊ិន​ឡន ទទួល​យក​ពួកគាត់ចូលធ្វើការងារវិញ។

លិខិតដដែល​ឱ្យដឹង​ថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២​០២២ នាយក​ដ្ឋាន​វិវាទ​ការ​ងារ បាន​ចេញលិខិតមួយបញ្ជាទៅម្ចាស់ក្រុមហ៊ុន​ឱ្យទទួលយកពួកគាត់ទាំង​៣នាក់ដែល​ជាថ្នាក់ដឹកនាំ​សហជីព​សិទ្ធិ​កម្មក​រខ្មែរ​ប្រចាំ​រោងចក្រ ស៊ិនឡន ឱ្យចូលធ្វើការងារវិញ ប៉ុន្តែកម្មករអះអាងថា រហូតមកដល់ពេលនេះ ថៅកែមិនបានអនុវត្តតាមឡើយ។

កម្មការិនី និង​ជាអនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិន​ឡន អ្នក​ស្រី ប៊ូ រ៉ាត ប្រាប់​វីអូឌី​នៅថ្ងៃអង្គារ​នេះ​ថា កាល​ពីខែមិថុនា ឆ្នាំ២០២២​​ រូប​អ្នក​ស្រី និង​កម្មក​រ២នាក់​ផ្សេង​ទៀត បាន​នាំគ្នាបោះឆ្នោតបង្កើតសហជីពសិទ្ធិកម្មករខ្មែរនៅរោងចក្រ ស៊ិន​ឡន ដើម្បី​ជួយ​ការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​កម្មករ។

អនុប្រធាន​សហជីព​រូប​នេះ​បន្ត​ថា ក្រោយ​ពី​​ពួក​​គាត់​​បញ្ជូន​​លិខិត និង​ឯកសារ​ជុំវិញ​ការ​​បង្កើត​សហជីព​នេះ​ទៅ​ខាង​រោង​ចក្រដើម្បី​ទទួល​ស្គាល់ គឺ​ថៅកែ​បាន​បញ្ឈប់​ពួក​គាត់​ពី​ការ​​ងារ ដោយ​មិនប្រាប់​ហេតុ​ផល​ច្បាស់​លាស់ និង​ជូន​ដំណឹង​ត្រឹម​ត្រូវតាម​​ផ្លូវ​ច្បាប់​ឡើយ។

អ្នកស្រីបន្ថែម​ថា៖ «ខ្ញុំគិតថា នេះជាការរើសអើងសហជីព ព្រោះអីគ្រាន់តែពួកខ្ញុំជូនដំណឹងទៅ​រោងចក្រហើយ គេបញ្ឈប់ពួកខ្ញុំតែម្តង។ ហើយការបញ្ឈប់ហ្នឹង អត់មានជូនដំណឹងដល់ពួកខ្ញុំមុនទេ។ រោងចក្រហ្នឹងអត់មានច្បាប់អីត្រឹមត្រូវទេ គ្រាន់តែកម្មករ​ដាក់​ច្បាប់​ទៅពិនិត្យផ្ទៃពោះក៏អត់បានដែរ។ អ៊ីចឹងខ្ញុំសុំស្នើដល់ក្រសួងជួយអន្តរាគមន៍ឱ្យពួកខ្ញុំបានចូលធ្វើការងារវិញ»

កម្មករ និងជាប្រធានសហជីពសិទ្ធិកម្មករខ្មែរ លោក ស្រឺ នាង បាន​និយាយថា ពួក​គាត់​នាំ​គ្នា​បង្កើតសហជីពនៅក្នុងរោងចក្រ ដោយសាររោងចក្រនេះ បានរំលោភច្បាប់ និងសិទ្ធិរបស់កម្មករ។ លោកថា ថៅកែរោងចក្រនេះបានបញ្ឈប់កម្មករពីការងារជាបន្តបន្ទាប់ ដោយសារកម្មករទាំងនោះមិនព្រមធ្វើការថែមម៉ោងនៅថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ និង​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​ថែមម៉ោង ហើយ​រោងចក្រនេះក៏មិនបានចូលជាសមាជិក ប.ស.ស រួម​ទាំង​គ្មានប្រាក់ឧបត្ថម្ភសម្រាប់​ស្ត្រីមា​ន​ផ្ទៃពោះ ជា​ដើម។

លោក​បន្ថែម​ថា ថៅកែ​រោងចក្រមិន​ត្រឹមតែបញ្ឈប់ពួកគាត់ពីការងារ និង​មិនគោរពសេចក្ដីបង្គាប់របស់ក្រសួងការងារដែល​ឱ្យ​ទទួលយកពួកគាត់ចូលធ្វើកា​រវិញ​ទេ ថែម​ទាំង​ប្ដឹងពួក​គាត់​ទាំ​ង៣នាក់ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយចោទ​ពី​បទ «ញុះញង់» ថែម​ទៀត។

លោកបន្ថែមថា៖ «ដំបូងឡើយ រោងចក្រហ្នឹងបា​ន​បញ្ឈប់​កម្មក​រ​ណា​ដែល​អត់ព្រមធ្វើការងារថ្ងៃសៅរ៍-អាទិត្យ​។ ហើយ​មួយ​រោងចក្រ​ហ្នឹង​អត់មានលុយកូន​ទេ ស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន គឺអត់មានលុយឧបត្ថម្ភ​ទេ! គ្មានបណ្ណ​ ប.ស.ស ​ទេ! ដល់ពេល​អ៊ីចឹងពួកខ្ញុំ​នាំ​គ្នាបង្កើត​សហជីព ដើម្បី​ងាយ​ដោះស្រាយរឿងទាំងអស់ហ្នឹង។ ដល់ពេលបង្កើតហើយ ជូនដំណឹង​បានប្រហែល​៥ថ្ងៃ ខាងរោងចក្រហៅពួកខ្ញុំទៅបញ្ឈប់ពីការងារ»

ប្រធានរដ្ឋបាលរោងចក្រ​ ស៊ិនឡន អ្នកស្រី ទូច សុភ័ណ្ឌ អះអាងថា​ ថៅកែប​ញ្ឈប់​កម្មករ៣នាក់នោះពីការងារ មិន​មែន​ជាការ​រើសអើងសហជីពនោះទេ គឺដោយសាររោងចក្រគ្មានការងារឱ្យកម្មករធ្វើ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនមែនបញ្ឈប់ពួកគាត់ក្នុងនាមពួកគាត់ជាសហជីព​ទេ គឺបញ្ឈប់ពួកគាត់ក្នុងនាមជាកម្មករទេ! ហើយកាល​ហ្នឹង មិនមែនបញ្ឈប់ពួកគាត់តែ៣នាក់ហ្នឹងទេ គឺមានកម្មករច្រើនផ្សេងទៀត ដោយសាររោងចក្រអត់ការងារឱ្យកម្មករធ្វើ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ លោក អាំង សេងលី បានទេ នៅថ្ងៃអង្គារនេះ។

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយបញ្ជាទៅថៅកែរោងចក្រ ស៊ិនឡន ទទួលកម្មករ៣នាក់នោះចូលធ្វើការងារវិញ ក្រោយរកឃើញថា ការបញ្ឈប់នោះមិនត្រឹមត្រូវតាមផ្លូវច្បាប់។

លិខិតដដែលបានបញ្ជាក់ថា ក្រោយពីពិនិត្យមើលសំណុំរឿង​នៃពាក្យបណ្តឹងរបស់កម្មករ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ បាន​រក​ឃើញថា ករណីថៅកែ​បញ្ឈប់​កម្មករ​ទាំង​នោះ គឺ​ធ្វើឡើងមិន​ត្រូវ​តាម​ច្បាប់​ស្តីពី​សហជី​ព​ ត្រង់​មាត្រា​៤៣ ដែលចែងថា រាល់​ការបញ្ឈប់ប្រតិភូបុគ្គលិក ឬរាល់ការបញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់ខ្លួន អាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីអធិការការងារ។

មួយទៀតនោះ មាត្រា​៦៧ នៃច្បាប់ដដែលនេះបានចែងថា កម្មករនិយោជិតទាំងអស់ដែលជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីព ទទួលបាននូវការការពារពីការរងគ្រោះ និង​ការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ។

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត ដែលទទួលបានសិទ្ធិតាមដានករណីនេះ បាន​ចាត់ទុកករណី​ថៅកែបញ្ឈប់​កម្មករពីការងារក្រោយបង្កើតសហជីពនេះថាជាការរើសអើងសហជីព និងបានរំលោភលើសិទ្ធិកម្មករ និងជាទង្វើខុសច្បាប់ផងដែរ។ លោក​បន្តថា នេះមិនមែនជាករណីទី១នោះទេ គឺ​នៅ​មានរោងចក្រជាច្រើនផ្សេងទៀតបានបញ្ឈប់កម្មករ​ពី​ការងា​រ ក្រោយពួកគេនាំគ្នា​បង្កើតសហជីពក្នុងរោងចក្រ​ ឬសហគ្រាសដែលពួកគេបម្រើការងារ។

លោក រី សិទ្ធីណែត បន្ថែមថា ចាប់តាំងពីមានច្បាប់សហជីពមក គឺថៅកែរោងចក្រតែងតែរកលេសឬ​ហេតុ​ផល ដើម្បីបញ្ឈប់​កម្មករ​ទាំង​ឡាណាដែលមានគម្រោងបង្កើតសហជីពក្នុងរោងចក្រ ជាពិសេសសហជីពឯករាជ្យ ដែលមានគោលដៅ​ការពារផលប្រយោជន៍កម្មករពិតប្រាកដ។

លោកបន្ថែមថា៖ «អ៊ីចឹងបញ្ហាប្រឈម គឺបញ្ហារបស់កម្មករត្រូវបានគេបំបិទសិទ្ធិសេរីភាពក្នុងការចងក្រងបង្កើតសហជីពនៅក្នុង​រោង​ចក្រ។ យើងចាំមើល៤ទៅ៥ឆ្នាំទៀត គឺសហជីពដែលឯករាជ្យ ដែលការពារផលប្រយោជន៍ពិតប្រាកដ គឺលែងមាន​ហើយ! មូលហេតុអី? គឺសហជីពឯករាជ្យដែលចងក្រងបង្កើតសហជីព ត្រូវបានគេធ្វើទុក្ខបុកម្នេញ បញ្ឈប់ពីការងារ និងត្រូវបាន​គេប្តឹងទៅអាជ្ញាធរ ដើម្បី​ចាប់​ពួក​គាត់ ឬ​ក៏គំរាម​ពួកគាត់ ដើម្បីឱ្យឈប់ធ្វើការងារហ្នឹង។ ក្រសួងការងារគួរតែមានវិធានការ​ជំរុញនិយោជកហ្នឹងឱ្យ​គោរពច្បាប់ដែលមានស្រាប់ ដើម្បីកុំឱ្យកម្មករបន្តរងទុក្ខលំបាកទៀត»។

កម្មករឱ្យ​ដឹង​ថា រោង​ចក្រ​ ស៊ិនឡន អ៊ិន​ធើណេសិនណល (ខេមបូឌា) ឯ.ក (CINLON INTERNATIONAL (CABODAI) CO.,LTD ជារោងចក្រផលិតកាបូបឱ្យក្រុមហ៊ុនបញ្ជាទិញម៉ាក CleverMade មានកម្មករប្រមាណ៥០០នាក់បម្រើការងារ និងមានថៅកែជាជនជាតិចិន។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួនដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេច​ឱ្យក​ម្មករ​​ឈ្នះ​​​ហើយ គឺមិនត្រូវបានថៅកែ ឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​​ករ​ណី​នេះ សហជីព​ចាត់​ទុក​​​ថា​ជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវ​បាន​ហាម​ឃាត់​ដោយ​​ច្បាប់​ផង​នោះ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​លើកឡើង​ថា នៅកម្ពុជា មានតែសហជីពស្និទ្ធជាមួយថៅកែទេ ដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរ​សម្លៀក​បំពាក់ និង​ទេស​ចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។​

អង្គការអន្តរជាតិមួយ​នេះបាន​ជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយរដ្ឋាភិបាលកម្ពុជាក៏ត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិត​សិទ្ធិសេរីភាពបង្កើតសមាគម និង​រំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់» «បទបរិហារកេរ្តិ៍» «បទ​បរិហារ​ជា​សាធារណៈ» ឬ​ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ