ស្ថានទូត​អាមេរិក​បញ្ជាក់ថា លោក បៃដិន ពិត​ជា​បាន​ស្នើ​លោក ហ៊ុន សែន ឱ្យ​ដោះលែង​កញ្ញា សេង ធារី

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃដិន ពិតជាបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិ កញ្ញា សេង ធារី រួមទាំងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។

ការអះអាងនេះធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ក្នុងជំនួបរវាងលោកជាមួយមេដឹកនាំសហរដ្ឋអាមេរិក លោក ចូ បៃដិន អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោក បៃដិន មិនបានលើកឡើងអំពីករណីកញ្ញា សេង ធារី ជាមួយលោកឡើយ ប៉ុន្តែគាត់ពិតជាបាននិយាយអំពីលំហប្រជាធិបតេយ្យនៅកម្ពុជា។

មន្រ្តីទំនាក់ទំនងសាធារណៈរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី លីហ្សា ឡាសុន (Lisa Larson) បានឆ្លើយតបសំណួរវីអូឌីតាមប្រព័ន្ធទំនាក់ទំនងអ៊ីម៉ែលនៅថ្ងៃទី២២ ខែវិច្ឆិកា ថាសន្តិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកនៅក្រៅប្រទេស គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលប្រទេសលោកសេរីមួយនេះ​។ លោកស្រីបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន នៅកម្ពុជា លោកពិតជាបានស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជននយោបាយបក្សប្រឆាំង រួមទាំងកញ្ញា សេង ធារី ផងដែរ។

លោកស្រី លីហ្សា ឡាសុន បន្តថា៖ «សហរដ្ឋអាមេរិកស្នើឱ្យ​ដោះលែងសកម្មជនបក្សប្រឆាំងដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ជាបន្ទាន់។ យើងក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការផ្តន្ទាទោសចំពោះពលរដ្ឋរបស់ខ្លួនក្រោមហេតុផលនយោបាយ ដែលបានអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ»។

ថ្លែងបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប្រកាន់ជំហរថា ក្នុងជំនួបរវាងលោកជាមួយលោក បៃដិន កាលពីពេលថ្មីៗនេះ គាត់មិនបានឮថាមេដឹកនាំអាមេរិករូបនេះនិយាយរឿងស្នើឱ្យដោះលែងកញ្ញា សេង ធារី នោះឡើយ។

លោក ហ៊ុន សែន បន្តថា៖ «សង្គ្រាមបានចប់ ប៉ុន្តែមានរឿងមិនទាន់ចប់ៗ។ ខ្ញុំបានលើកបញ្ហាទាំងអស់ហ្នឹងជាមួយប្រធានាធិបតីអាមេរិក ស្រាប់តែទៅចេញណា ដោះលែងអាដែង អប្សរាក្បាលត្រងោលអីណាតាពាសឯណោះវិញទៅ។ ខ្ញុំមិនបានឮ ចូ បៃដិន និយាយជាមួយខ្ញុំរឿងហ្នឹង [រឿងស្នើដោះលែង សេង ធារី]។ វាអត់ឮ! ស្រាប់តែវាចេញទៅឯណានោះ។ ខ្ញុំដូចជាមិនយល់ដែរ តើនរណាបញ្ចេញព័ត៌មានហ្នឹង ហើយព័ត៌មានហ្នឹងនរណាអ្នកសរសេរ? បើប្រធានាធិបតី​អាមេរិកាំងអត់បាននិយាយជាមួយខ្ញុំរឿងហ្នឹងផង។ និយាយអំពីការបើកលំហប្រជាធិបតេយ្យនៃការបោះឆ្នោតនៅពេលក្រោយនេះ ប៉ុន្តែនិយាយរឿងតួអង្គមនុស្សនេះឬមនុស្សនោះ គឺអត់និយាយហ្មង»។

​កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ​មេដឹកនាំកម្ពុជា និងជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានជួបទ្វេភាគីជាមួយមេដឹកនាំសហរដ្ឋអាមេរិក លោក ចូ​ បៃដិន ​នៅរាជធានីភ្នំពេញ។

ក្រោយជំនួបចប់ សេតវិមាន ឬវិមានប្រធានាធិបតីសហរដ្ឋអាមេរិក (The White House) បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា លោកប្រធានាធិបតី បៃដិន ​បានជំរុញទៅលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពពលរដ្ឋ សង្គមស៊ីវិល និងនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បន្តថា ​លោក បៃដិន ក៏បានស្នើឱ្យ​ដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនដោយចោទប្រកាន់ក្រោមហេតុផលនយោបាយ រួមទាំងពលរដ្ឋខ្មែរអាមេរិកាំង កញ្ញា សេង ធារី ផងដែរ។ ​

យ៉ាងណា នៅថ្ងៃទី១៤ ខែវិច្ឆិកា ក្រោយកិច្ចប្រជុំកំពូលអាស៊ានត្រូវបានបញ្ចប់ ​នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន លោក ហ៊ុន សែន ក៏បានធ្វើសន្និសីទសារព័ត៌មានមួយ ប៉ុន្តែលោកបានបដិសេធចំពោះសំណួររបស់អ្នកកាសែតម្នាក់ដែលបានសួរអំពីការស្នើឱ្យដោះលែងកញ្ញា សេង ធារី នេះ ដោយលោករុញឱ្យសួរស្ថានទូតអាមេរិកប្រចាំកម្ពុជាវិញ ដោយថាលោក និងលោក បៃដិន មិនបាននិយាយរឿងនេះទេ។

ទោះបីជាយ៉ាងនេះក្ដី លោក សំ ទិត្យសីហា ដែលជាមេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី បានស្នើទៅតុលាការស្រាវជ្រាវ និងបង្ហាញភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចោទប្រកាន់ ឬផ្តន្ទាទោសកូនក្តីរបស់លោក។ ករណីនេះ លោកអំពាវនាវទៅតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកូនក្ដី ដូចទៅនឹងការស្នើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែរ។

លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំស្នើសុំឱ្យតុលាការធ្វើយ៉ាងណាសម្រេចឱ្យកូនក្តីខ្ញុំបាទ រួចផុតពីបទចោទ»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា នៅដំណាក់កាលនេះ ថ្នាក់ដឹកនាំកម្ពុជាគួរតែពិចារណាឡើងវិញ ចំពោះសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី និងអ្នកនយោបាយផ្សេងទៀត។

លោកបន្តថា ប្រសិនបើកម្ពុជានៅតែមិនអើពើចំពោះការស្នើសុំនេះទេ កម្ពុជាអាចនឹងខាតប្រយោជន៍ច្រើនពីសហគមន៍លោកសេរី។

លោកមានប្រសាសន៍ថា៖ «កម្ពុជានឹងសហគមន៍អន្តរជាតិរស់នៅក្នុងទំនាក់ទំនងនៅក្នុងសហគមន៍ជាមួយគ្នា ក្នុងសម័យសកលភាវូបនីយកម្ម។ អ៊ីចឹងកម្ពុជាគួរឈរលើជំហរ ឬតម្រូវការឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក មានសហគមន៍អឺរ៉ុប ពាក់ព័ន្ធសិទ្ធិមនុស្ស ប្រជាធិបតេយ្យ។ ប្រសិនបើកម្ពុជាមិនអើពើទេ ខ្ញុំគិតថា វានៅឆ្ងាយពីសហគមន៍អន្តរជាតិ ហើយវាបាត់បង់អត្ថប្រយោជន៍ដែលទទួលបានពីសហគមន៍អន្តរជាតិ និងជួបប្រទះ[បញ្ហា]នៅពេលខាងមុខ»។

ក្នុងជំនួបពិភាក្សាជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno លើកឡើងថា ការបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយ គឺជារឿងសំខាន់ ដើម្បីជាធាតុផ្សំមួយធានាឱ្យមានការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា ក្នុងឆ្នាំ២០២៣ខាងមុខ។

កញ្ញា សេង ធារី ជាពលរដ្ឋដើមកំណើតខ្មែរ ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ក្រៅពីកញ្ញា សេង ធារី ចៅក្រមជំនុំជម្រះ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី៥ទៅ៨ឆ្នាំ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ដូចគ្នានេះ ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ «៩វិច្ឆិកា» របស់លោក សម រង្ស៊ី

ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនកញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ក្រោមហេតុផលដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ប៉ុន្តែលោក ជូង ជូងី ដែលជាមេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ដែរនោះ ចាត់ទុកការលើកឡើងនេះថាជាហេតុផលដែលមិនអាចទទួលយកបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ