លោក គ្រី ម៉ះផល បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអន្តរជាតិ ស្ដីពីការហាមឃាត់ការជួញដូរប្រភេទសត្វជិតផុតពូជ។ ការធ្វើដំណើរទៅចូលរួមការប្រជុំនេះ ជាផ្នែកមួយនៃតួនាទីរបស់លោក ក្នុងនាមជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទរបស់កម្ពុជា។
ប៉ុន្តែ «ហេតុការណ៍ស្មានមិនដល់» ដែលក្រុមអ្នកអភិរក្សបានហៅ គឺថាលោក ម៉ះផល ត្រូវបានសមត្ថកិច្ចអាមេរិកឃាត់ខ្លួននៅទីក្រុងញូវយ៉ក ជុំវិញការរត់ពន្ធសត្វស្វាព្រៃជិតផុតពូជចូលទៅសហរដ្ឋអាមេរិក។
បើយោងតាមនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោម៨នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ថាជា «ក្រុមអ្នករត់ពន្ធវានរសត្វអន្តរជាតិ» ក្នុងនោះក៏មានប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើកម្ពុជា ព្រមទាំងម្ចាស់ក្រុមហ៊ុន នាយកគ្រប់គ្រងទូទៅ និងបុគ្គលិក៤ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Vanny Resource និង Bio Research (ឈ្មោះក្រុមហ៊ុនចម្បងនៅហុងកុង) ដែលជាកន្លែងផ្គត់ផ្គង់សត្វស្វាបង្កាត់ពូជ។
បុគ្គលដែលត្រូវបានគេចោទថាជា «ក្រុមអ្នករត់ពន្ធ» គឺជាផ្នែកមួយនៃវិស័យពាណិជ្ជកម្មសត្វព្រៃអន្តរជាតិ ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ជាករណីគេសង្ស័យថាមានការជួញដូរសត្វស្វាព្រៃកើតឡើងក្នុងប្រទេសកម្ពុជា ក្រោមរូបភាពដោយស្របច្បាប់នៃ «ជំនួញសត្វស្វាចិញ្ចឹមទុកបង្កាត់ពូជ»។
ឯកសារតុលាការរបស់សហរដ្ឋអាមេរិកបានចោទពាក់ព័ន្ធនឹងការសូកប៉ាន់មន្រ្តីក្រសួងឈានដល់រាប់ម៉ឺនដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកសារតុលាការដដែលក៏បានកត់សម្គាល់ផងដែរនូវការបរិច្ចាគយ៉ាងច្រើនពីក្រុមហ៊ុន Vanny Bio Research (ឈ្មោះក្រុមហ៊ុននៅកម្ពុជា) ដល់គណបក្សកាន់អំណាចនៅកម្ពុជា តាមសំណើរបស់អគ្គនាយកដែលត្រូវបានចោទប្រកាន់នៅពេលនេះ។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមអ្នកអភិរក្សចោទជាសំណួរថា តើការចោទប្រកាន់នេះនឹងជំរុញឱ្យមានការផ្លាស់ប្តូរ ឬក៏យ៉ាងណានោះទេ ខណៈសព្វថ្ងៃនេះ អ្នកស្រាវជ្រាវខាងផ្នែកសត្វព្រៃ បានបង្ហាញនូវក្តីកង្វល់អំពីប្រព័ន្ធអេកូឡូស៊ីដែលគ្មានសត្វស្វា អាចបង្កផលប៉ះពាល់មកលើព្រៃឈើនៅអាស៊ីអាគ្នេយ៍។
សត្វស្វាកន្ទុយវែង ឬ ស្វាក្ដាម (Long-tailed macaques) ត្រូវបានចាត់ទុកថាជាប្រភេទសត្វស្វាដែលត្រូវបានគេជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសារតែមានតម្រូវការប្រើប្រាស់នៅក្នុងការស្រាវជ្រាវមន្ទីរពិសោធ បូករួមទាំងការបង្កើតវ៉ាក់សាំងកូវីដ-១៩។ កាលពីខែកក្កដា សត្វស្វានេះត្រូវបានប្ដូរចេញពីបញ្ជីសត្វ «ងាយរងគ្រោះ» ទៅជាសត្វ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលត្រូវបានគំរាមកំហែង ដែលបានបញ្ជាក់ថា «ការយកស្វាទៅប្រើប្រាស់ក្នុងផ្នែកជីវសាស្រ្ត» ជាការគំរាមកំហែងចម្បងទៅលើសត្វនេះ។
លោក ជូន អេនតូនីញ៉ូ ហ្គូនហ្សាលេស (Juan Antonion Gonzales) ជាមេធាវីសហរដ្ឋអាមេរិក បាននិយាយថា៖ «សកម្មភាពនៃការចាប់សត្វស្វាចេញពីព្រៃដោយខុសច្បាប់ ទៅដាក់ក្នុងបន្ទប់ពិសោធ គឺជាបញ្ហាមួយដែលយើងត្រូវបញ្ឈប់»។
លោកបានបន្ថែមថា៖ «ភាពលោភលន់មិនគួរកើតមាន មុនការអភិរក្សប្រកបដោយទំនួលខុសត្រូវឡើយ»។
ការនាំចេញសត្វស្វាក្ដាមរបស់កម្ពុជាទៅសហរដ្ឋអាមេរិកប្រព្រឹត្តទៅតាំងតែពីឆ្នាំ២០០០ ហើយឧស្សាហកម្មនេះបានរីកចម្រើនតាំងពីពេលនោះមក។ មូលដ្ឋានទិន្នន័យពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ បានកត់ត្រាការនាំចេញសត្វស្វាដល់ទៅជាង១០០ ០០០ក្បាល ដែលត្រូវបានចុះបញ្ជីថាជាសត្វ «រស់» ឬជាសត្វប្រើសម្រាប់យក «គំរូ» (Sampling or Specimens) មកពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរទសវត្សរ៍។
ទំនាក់ទំនងពាណិជ្ជកម្មកំពុងដំណើរការមួយនេះ ដែលបានចាប់ផ្តើមជាមួយនឹងការនាំចេញគំរូសត្វស្វាចំនួន២០០ក្បាលជាលើកដំបូងកាលពីឆ្នាំ២០០០ ត្រូវបានគេកត់ចំណាំនាពេលជើងហោះហើរ Maleth Aero ដែលមានផ្ទុកនូវសត្វស្វាក្ដាមចំនួន៧០០ក្បាល ហោះចេញពីទីក្រុងភ្នំពេញ សំដៅទៅ រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅក្នុងថ្ងៃតែមួយដែលការចោទប្រកាន់នេះត្រូវបានប្រកាសជាសាធារណៈ។
អ្នកស្រី សារ៉ា ខៃយ៍ (Sarah Kite) ជាសហស្ថាបនិក នៃអង្គការស្ដីពីសិទ្ធិរបស់សត្វស្វា Action for Primate បាននិយាយថា៖ «ជាក់ស្តែង ពេលដែលមានមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធក្នុងរឿងនេះ ច្បាស់ណាស់ថានឹងមានសំណួរជាច្រើនទៀតទៅនឹងបញ្ហាផ្សេងៗដែលអាចនឹងកើតមាននៅកន្លែងចិញ្ចឹមសត្វផ្សេងៗទៀតនៅកម្ពុជា»។
អ្នកស្រីបានបន្ថែមថា «រឿងដ៏គួរឱ្យហួសចិត្ត និងជាបញ្ហាទាក់ទងនឹងសត្វស្វា គឺថាបុគ្គលម្នាក់ដែលគេគិតថាជួយការពារនិងអភិរក្សសត្វស្វា បែរជារងការចោទប្រកាន់ទៅលើទង្វើដែលផ្ទុយស្រឡះពីតួនាទីរបស់ខ្លួន ពោលគឺការរត់ពន្ធសត្វព្រៃលួចលាក់»។
ទាក់ទិននឹងបទចោទប្រកាន់
នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកបានប្រកាសចេញនូវការឃាត់ខ្លួនទៅលើលោក ម៉ះផល នៅថ្ងៃទី១៦ ខែវិច្ឆិកា ព្រមទាំងបទចោទប្រកាន់ទៅលើលោក កែវ អូម៉ាលីស ជាអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បទចោទប្រកាន់ក៏បានចោទប្រកាន់ទៅលើសមាជិកចំនួន៦នាក់ទៀតមកពីកសិដ្ឋាន Vanny Resources និង BioResearch ក្នុងនោះរួមមានម្ចាស់កសិដ្ឋាន ចេមស៍ ម៉ានសាងឡោវ (James Man Sang Leu), អគ្គនាយកគ្រប់គ្រង ឌីកសិន ឡាវ (Dickson Lau), អគ្គនាយករង ស៊ុននី ឆាន់ (Sunny Chan), ប្រធានផ្នែកនាំចេញ រ៉ាហ្វាអ៊ែល ឆឹងម៉ាន់ (Raphael Cheung Man), មន្ត្រីផ្នែកហិរញ្ញវត្ថុ សារ៉ា យ៉ាង (Sarah Yeung) និង ហ៊ីង អ៉ីបឆឹង ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខាងលើនេះនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន VannyBio Research ប្រចាំកម្ពុជា បានបដិសេធសំណើក្នុងការទស្សនាកន្លែងបង្កាត់ពូជ ដែលធ្វើឡើងនៅទីតាំងចំនួនពីរខាងលើ នៅប្រទេសកម្ពុជា។ កន្លែងចិញ្ចឹមធំជាងគេដែលមានទំហំ៤០ហិកតា គឺមានទីតាំងមិនឆ្ងាយប៉ុន្មានទេពីអាគាររដ្ឋបាលព្រៃឈើខេត្ត។
លោក កែវ អូម៉ាលីស មិនបានឆ្លើយតបទៅនឹងសំណើក្នុងការធ្វើអត្ថាធិប្បាយឡើយ។ មានសំណើស្រដៀងគ្នាដែលធ្វើឡើងដោយ Southeast Asia Globe ស្តីពីការស៊ើបអង្កេតកន្លងមក ជុំវិញឥរិយាបថមិនច្បាស់លាស់របស់រដ្ឋាភិបាល ទាក់ទិនទៅនឹងរឿងសត្វស្វាចិញ្ចឹម ការអភិវឌ្ឍនៅព្រៃការពារ និងការផ្តួចផ្តើមដាំដើមឈើឡើងវិញ ក៏ត្រូវបានលោកច្រានចោលផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបង្ហាញនូវភាព «ភ្ញាក់ផ្អើល និងសោកស្ដាយ» ដែលបានទទួលដំណឹងអំពីការចាប់ខ្លួនលោក ម៉ះផល ហើយព្រមទាំងក្រុមអភិរក្ស ក៏គិតថាជា «រឿងហួសចិត្ត» ដែលគាត់ត្រូវបានឃាត់ខ្លួន ខណៈពេលលោកធ្វើដំណើរទៅកាន់កិច្ចប្រជុំដែលគាំទ្រដោយអង្គការសហប្រជាជាតិ អំពីការការពារប្រភេទសត្វជិតផុតពូជទៅវិញ។
ក្រសួងបញ្ជាក់ថា សត្វស្វា «មិនត្រូវបានចាប់ពីក្នុងព្រៃ និងធ្វើការរត់ពន្ធចេញនោះទេ» ហើយច្បាប់ និងបទប្បញ្ញត្តិត្រូវបានគោរព។ សេចក្តីថ្លែងការណ៍បានបញ្ចប់ដោយការសន្យារបស់ក្រសួង ថានឹង «ស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីរបស់យើង»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ។ ចំណែកលោក ណៅ ធួក ប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស (CITES) ប្រចាំកម្ពុជា បានសរសេរក្នុងអ៉ីម៉ែលថា «រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីឆ្លើយតបចំពោះហេតុការណ៍នេះ»។
ទីស្នាក់ការជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។ រូបភាពផ្តល់ដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe
លោក ណៅ ធួក បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតកំណត់ទូតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ដើម្បីស្នើសុំការបំភ្លឺអំពីការចាប់ខ្លួន និងសុំឱ្យដោះលែងលោក ម៉ះផល ព្រមទាំងបានស្នើឱ្យគាត់ស្នាក់នៅស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក ស្តេហ្វហ្វេនី អាហ្សេត (Stephanie Arzate) ជាអ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានសរសេរថា៖ «សហរដ្ឋអាមេរិកជាអ្នកដឹកនាំក្នុងការទប់ស្កាត់នូវការជួញដូរសត្វព្រៃខុសច្បាប់ និងចាត់ទុកការជួញដូរសត្វព្រៃការពារនេះថា ជាការគំរាមកំហែងដល់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ស្របពេលដែលធ្វើឱ្យបរិស្ថានរបស់យើងមានអស្ថិរភាព»។
មន្ត្រីស៊ើបអង្កេត នៃនាយកដ្ឋានសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោក រីកគី ផាថេល (Ricky Patel) បាននិយាយនៅក្នុងការចេញផ្សាយថា ទីភ្នាក់ងារសហព័ន្ធ (Federal Agencies) នឹងបន្ត «ប្រើប្រាស់សិទ្ធិអំណាចរបស់យើងទាំងអស់ ដើម្បីបញ្ឈប់បុគ្គល និងស្ថាប័នពីការបំពានច្បាប់របស់យើង ដោយមិនគិតថាពួកគេនៅកន្លែងណានោះទេ»។
សត្វស្វាក្ដាមស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមនៅកម្ពុជា។ រូបភាពផ្តល់ដោយ៖ អង្គការ Cruelty Free International
ការជួញដូរវានរសត្វដែលរងការគំរាមកំហែងដូចជាសត្វស្វាក្ដាម គឺស្របច្បាប់នៅក្រោមលក្ខខណ្ឌដែលកំណត់ដោយអនុញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃដែលកំពុងប្រឈមនឹងការជិតផុតពូជ ឬសាយតេស (CITES) តែប៉ុណ្ណោះ។ មូលដ្ឋានច្បាប់នៃអនុសញ្ញានេះ គឺជាប្រព័ន្ធអនុញ្ញាត ដែលកំណត់ទាក់ទងនឹងសុខុមាលភាពសត្វ និងតម្រូវការបង្កាត់ពូជ ស្ថិតក្នុងចំណោមច្បាប់ផ្សេងទៀត ដែលត្រូវតែអនុវត្តតាម។
លោក ណៅ ធួក ប្រធានគណៈប្រតិភូកម្ពុជាទៅចូលរួមសន្និសីទលើកទី១៩ នៃភាគីនានា ដែលជាព្រឹត្តិការណ៍ដែលលោក ម៉ះផល កំពុងធ្វើដំណើរទៅ បានបញ្ជាក់ថា កិច្ចប្រជុំត្រូវបានរៀបចំជាមួយអគ្គលេខាធិការ សាយតេស (CITES) ដើម្បីពិភាក្សាអំពីស្ថានភាពនេះ។ តែយ៉ាងណា លោកបដិសេធក្នុងការផ្តល់អធិប្បាយ។
ក្នុងច្បាប់របស់សហរដ្ឋអាមេរិក ដីកាចាប់ខ្លួននឹងត្រូវបានចាត់ទុកថាជាបទចោទប្រកាន់ ហើយភាគីចុងចោទ គឺមិនទាន់កំណត់ថាមានទោសទេ លុះត្រាតែមានភស្តុតាងគ្រប់គ្រាន់មកបញ្ជាក់អំពីទោសកំហុស (Innocent unless proven guilty)។ សំណុំឯកសារតុលាការដែលបានធ្វើការប្តឹងផ្តល់នៅរដ្ឋផ្លរីដា បានរកឃើញថាមានអំពើខុសច្បាប់រាប់សិបជា «អំពើហួសហេតុ» ហើយបើរកឃើញថាមានកំហុស មានន័យថា ជនជាប់ចោទពិតជាបានរំលោភលើច្បាប់នៃអនុសញ្ញា CITES ពិតប្រាកដមែន នេះបើយោងតាមច្បាប់អាមេរិក និងកម្ពុជា។
បើយោងតាមឯកសាររបស់តុលាការ បទល្មើសដែលត្រូវបានចោទប្រកាន់ រួមមាន ការចាប់យកសត្វស្វាព្រៃពីតំបន់ការពារក្នុងប្រទេសកម្ពុជា ការក្លែងបន្លំលិខិតអនុញ្ញាតនាំចេញ ក៏ដូចជាការផ្តល់ និងទទួលសំណូក។ បើរកឃើញថាមានកំហុស ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ពីបទសមគំនិត និង ២០ឆ្នាំ ពីបទរត់ពន្ធ និងពិន័យជាប្រាក់រហូតដល់២៥ម៉ឺនដុល្លារ។
លោក អ៊េដវឺដ ហ្គ្រេស (Edward Grace) នៃទីភ្នាក់ងារសហព័ន្ធ ស្តីពីត្រី និងសត្វព្រៃ បាននិយាយថា៖ «ចំនួនសត្វស្វាក្ដាម ក៏ដូចជាសុខភាព និងសុខុមាលភាពសាធារណៈរបស់អាមេរិក ស្ថិតក្នុងហានិភ័យ នៅពេលដែលសត្វទាំងនេះត្រូវបានដកចេញពីជម្រកធម្មជាតិរបស់ពួកគេ ហើយលក់ដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត»។
ក្នុងឆ្នាំ២០១៤ អាជ្ញាធរគ្រប់គ្រង CITES នៅកម្ពុជា បានដាក់លិខិតមួយទៅកាន់លេខាធិការដ្ឋាន CITES ដែលចាត់ទុកថាជាឯកសារសាធារណៈតែមួយគត់ ដែលមានព័ត៌មានអំពីកន្លែងបង្កាត់ពូជទាំងប្រាំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកសារនោះបញ្ជាក់ថា ការចាប់សត្វស្វាចេញពីព្រៃ ត្រូវបានកំណត់ថាខុសច្បាប់ ចាប់ពីឆ្នាំ២០១០ បន្ទាប់ពីសត្វស្វាជិត៣៧ ៨០០ក្បាល ត្រូវបានគេអនុញ្ញាតឱ្យយកពីព្រៃ នៅចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។
លោក អូម៉ាលីស ដែលថ្មីៗនេះកំពុងរងការចោទប្រកាន់ ហើយបម្រើការជាប្រធានអាជ្ញាធរវិទ្យាសាស្ត្រ CITES សម្រាប់ព្រៃឈើលើគោក និងធនធានសត្វព្រៃក្នុងប្រទេសកម្ពុជា បាននិយាយនៅក្នុងអត្ថបទកាលពីឆ្នាំ២០១៦ ចុះដោយកាសែត ខ្មែរថែមស៍ (Khmer Times) កាលពីឆ្នាំ២០១៦ ថាគ្មានអាជ្ញាបណ្ណណាទាក់ទងនឹងការចាប់យកសត្វស្វាព្រៃ ត្រូវបានទទួលស្គាល់ទេ ចាប់តាំងពីឆ្នាំ២០១០មក។
«គ្មានការអនុម័តផ្លូវច្បាប់ណាមួយសម្រាប់បុគ្គលណាម្នាក់ ក្នុងការចាប់យកសត្វព្រៃនោះទេ។ ប្រសិនបើរឿងនេះនឹងកើតឡើង វានឹងមិនល្អសម្រាប់ការគាំទ្រដល់ការអភិរក្សសត្វស្វា» នេះបើតាមការថ្លែងរបស់លោក អូម៉ាលីស នៅក្នុងអត្ថបទកាសែតខាងលើនាឆ្នាំ២០១៦ ដោយបានបញ្ជាក់ថា «វាខុសច្បាប់ទាំងស្រុង»។
ដីការបស់សហរដ្ឋអាមេរិកត្រូវបានចុះហត្ថលេខាសម្រេចទៅលើការចាប់ខ្លួនលោក អូម៉ាលីស គិតត្រឹមដើមខែវិច្ឆិកា។
សត្វស្វាក្ដាម ស្ថិតនៅក្នុងព្រៃនៃតំបន់ការពារទូទាំងប្រទេសកម្ពុជា។ រូបភាពផ្តល់ដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe។
ការចោទប្រកាន់មិនត្រូវបានគេដឹងថា ជំនួញសត្វស្វានេះចាប់ផ្ដើមតាំងពីថ្ងៃណានោះទេ ពោលគឺ «គ្មានកាលបរិច្ឆេទ» ច្បាស់លាស់ ប៉ុន្ត្តែត្រូវគេដឹងថា បានចាប់ផ្តើមយ៉ាងហោចណាស់នៅដើមខែធ្នូ ឆ្នាំ២០១៧ និងបន្តរហូតដល់ខែមករា ឆ្នាំ២០២២។
ទឹកប្រាក់ប្រហែល៨០ ០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ថាជាការដោះដូររវាង Vanny Bio Research និងមន្ត្រីក្រសួង។ នេះបើយោងតាមឯកសារតុលាការ ២៧ទំព័រ ដែលចោទប្រកាន់លោក អូម៉ាលីស និងលោក ម៉ះផល ថាជាអ្នកត្រួតពិនិត្យប្រតិបត្តិការទាំងនេះ ក៏ដូចជារៀបចំការចាប់យក និងចែកចាយសត្វស្វាព្រៃរាប់ពាន់ក្បាល។
ឧទាហរណ៍ដ៏ជាក់លាក់មួយក្នុងឆ្នាំ២០១៨ ឯកសាររបស់តុលាការបានចោទប្រកាន់ថា លោក អូម៉ាលីស និងលោក ម៉ះផល បានយល់ព្រមទទួលការទូទាត់ជាសាច់ប្រាក់ ជាថ្នូរនឹងការយកសត្វស្វាព្រៃពីឧទ្យានជាតិ និងតំបន់ការពារ ហើយប្រគល់វាទៅកន្លែងចិញ្ចឹម ក៏ដូចជាការផ្តល់លិខិតអនុញ្ញាតក្លែងក្លាយរបស់ CITES ក្នុងការនាំចេញសត្វស្វាចំនួន៣ ០០០ក្បាល។ .
សត្វស្វាមួយក្បាលត្រូវបានគេវាយតម្លៃថាមានតម្លៃ ២២០ដុល្លារសហរដ្ឋអាមេរិក គឺជា «លុយទឹកតែ» ដែលជាភាសាទូទៅគេប្រើក្នុងប្រទេសកម្ពុជាដើម្បីសំដៅទៅលើសំណូក។ នេះជាតម្លៃដ៏ថ្លៃមួយ បើប្រៀបធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជាដែលទើបនឹងដំឡើងថ្មីចំនួន២០០ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-កម្មការិនីកាត់ដេរ ដែលជាឧស្សាហកម្មដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រឿងរ៉ាវមួយទៀត ក្នុងចំណោមប្រតិបត្តិការសាច់ប្រាក់ដែលត្រូវបានចោទប្រកាន់ គឺនិយាយអំពីឯកសារគណនេយ្យផ្ទៃក្នុងនៃឆ្នាំ២០១៨ របស់ក្រុមហ៊ុន វណ្ណី បាយអូរីសឺច (Vanny Bio Research) ដែលឆ្លុះបញ្ចាំងពីការបរិច្ចាគតាមសំណើរបស់លោក អូម៉ាលីស ក្នុងទំហំទឹកប្រាក់ចំនួន១០,០០០ ដុល្លារ ទៅដល់គណបក្សដែលកំពុងកាន់អំណាច។
ការបរិច្ចាគនេះធ្វើឡើងមួយខែមុនការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសកម្ពុជានាឆ្នាំ២០១៨ បន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅឆ្នាំ២០១៧ ដោយព្រឹត្តិការណ៍នេះធ្វើឱ្យការក្ដោបអំណាចធ្លាក់យ៉ាងពេញទំហឹងទៅក្នុងកណ្ដាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាក្បាលម៉ាស៊ីនរបស់ប្រទេសកម្ពុជាអស់រយៈពេល៣៧ឆ្នាំ បានធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេនៅអាស៊ីអាគ្នេយ៍។
ជំនួញសត្វស្វាក្នុងប្រទេសកម្ពុជា
តម្លៃសរុបនៃការជួញដូរសត្វស្វាក្ដាមមានតម្លៃប្រហែល១,២៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ខណៈដែលជំនួញវានរសត្វនៅកម្ពុជា មានតម្លៃ១១,៣លានដុល្លារ ក្នុងឆ្នាំ២០១៧។
ពាណិជ្ជកម្មសត្វស្វាដែលត្រូវបានគេកត់ត្រានៅប្រទេសកម្ពុជា (ចន្លោះឆ្នាំ២០០៤ – ឆ្នាំ២០២០)
ទិន្នន័យដែលបានបញ្ជូនជារៀងរាល់ឆ្នាំទៅកាន់អនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ ឬ CITES បានតាមដានការកើនឡើងជាលំដាប់នៃការចូលរួមរបស់កម្ពុជាចំពោះពាណិជ្ជកម្មស្វាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការនេះត្រូវបានគេដឹងថាមាន «គម្លាតភាពដ៏ត្រឹមត្រូវ» រវាងភាគីនាំចេញ និងភាគីនាំចូល។ ក្រាហ្វិចបន្ទាប់ទៀតបង្ហាញពីចំនួនសត្វស្វាដែលកត់ត្រាដោយប្រទេសនាំចូល និងបាននាំចេញដោយកម្ពុជា។
តម្រូវការពពួកសត្វស្វាបានហក់ឡើងខ្លាំង បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នៅក្នុងខែកុម្ភៈ អ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើស្ថិតិពាណិជ្ជកម្មពិភពលោក ហើយបានគណនាថា ជាមធ្យម សត្វស្វាមួយក្បាលមានតម្លៃលើសពី២ ០០០ដុល្លារ។
កម្ពុជាបានគ្របដណ្ដប់លើទីផ្សារសត្វស្វា បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ យោងតាមទិន្នន័យពាណិជ្ជកម្ម CITES បានឱ្យដឹងថា កម្ពុជារួមចំណែកប្រមាណ ៧៨,៥% នៃទីផ្សារពាណិជ្ជកម្មពិភពលោកមួយនេះ ក្នុងឆ្នាំ២០២០។ ទិន្នន័យដដែលក៏បានកត់ត្រាផងដែរថា សត្វស្វាចំនួន៣ ក្នុងចំណោម៥ក្បាល ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក។
កម្ពុជាបានជួញដូរសត្វស្វាជាង៣២ ៣០០ក្បាល ទូទាំងពិភពលោក ក្នុងឆ្នាំ២០២០ ដែលកើនឡើងជិតទ្វេដងនៃបរិមាណនាំចេញពីព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៩។
អ្នកស្រី ខៃយ៍ ដែលជាសហស្ថាបនិក នៃអង្គការស្តីពីសិទ្ធិរបស់សត្វស្វា Action for Primates បាននិយាយថា៖ «យើងបានឃើញការផ្លាស់ប្តូរទាំងស្រុងនៅក្នុងគំរូនៃពាណិជ្ជកម្មសត្វស្វាសកល អំឡុងពេលនៃជំងឺរាតត្បាត»។ គាត់បានបន្ថែមថា «គេតែងតែជាព្រួយបារម្ភទៅលើសុពលភាពនៃការលើកឡើងថា សត្វទាំងនេះពិតជាសម្រាប់ចាប់បង្កាត់ពូជមែនឬអត់»។
របាយការណ៍ខែមករា ស្តីពីស្ថានភាព ការគំរាមកំហែង និងការអភិរក្សសត្វស្វាក្នុងតំបន់ បានបញ្ចេញថា «កន្លែងស្រាវជ្រាវជាច្រើនដែលទំនងមិនបានផ្តល់អាទិភាពលើសុខុមាលភាពសត្វស្វា កំពុងតែវាយចេញការជួញដូរសត្វស្វាដែលចាប់ចេញពីព្រៃ ក្រោមរូបភាពស្របតាមច្បាប់»។
ការនាំចូលសត្វស្វាដែលគេបានកត់ត្រាមកពីកម្ពុជា (ចន្លោះឆ្នាំ២០០៤ – ឆ្នាំ២០២០)
ទិន្នន័យដែលបានបញ្ជូនជារៀងរាល់ឆ្នាំទៅកាន់អនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ ឬ CITES បានតាមដានការកើនឡើងជាលំដាប់នៃការចូលរួមរបស់កម្ពុជាចំពោះពាណិជ្ជកម្មស្វា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការនេះត្រូវបានគេដឹងថាមាន «គម្លាតភាពដ៏ត្រឹមត្រូវ» រវាងអ្នកនាំចេញ និងអ្នកនាំចូល។ ក្រាហ្វិចខាងក្រោមបង្ហាញពីចំនួនសត្វស្វាដែលកត់ត្រាដោយប្រទេសនាំចូល និងបាននាំចេញដោយកម្ពុជា។
ពណ៌ក្រហម៖ ចិន, ពណ៌លឿង៖ បារាំង, ពណ៌លឿងទុំ៖ ជប៉ុន, ពណ៌ត្រាវ៖ កូរ៉េខាងជើង, ពណ៌ទឹកសមុទ្រ៖ សឹង្ហបុរី, ពណ៌ទឹកប៊ិក៖ សហរដ្ឋអាមេរិក, ពណ៌ស្វាយ៖ វៀតណាម។
ដីកាចោទនេះក៏បានចោទភាគីចុងចោទ ពីបទទិញសត្វស្វាក្តាមដោយខុសច្បាប់ពីទីផ្សារងងឹតក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីជំរុញ «ប្រតិបត្តិការដែលគេបានអះអាងថាសម្រាប់បង្កាត់ពូជ»។
អ្នកសិក្សាពីវានរសត្វ មានការព្រួយបារម្ភអំពីឥទ្ធិពលនៃចាប់សត្វស្វាចេញពីទីជម្រករបស់ពួកគេក្នុងទ្រង់ទ្រាយធំ ដែលជាការព្រួយបារម្ភចំពោះប្រព័ន្ធអេកូឡូស៊ីនៅអាស៊ីអាគ្នេយ៍។
លោកស្រី ម៉ាលីន ហ្វ្រីស ហានសេន (Malene Friis Hansen) ជានាយកគម្រោងសត្វស្វាក្ដាម (Long-Tailed Macaque Project) បានប្រាប់សារព័ត៌មាន Globe ក្នុងបទសម្ភាសមួយក្នុងខែមករាថា ប្រភេទសត្វនេះ គឺមានសារៈសំខាន់ក្នុងអេកូឡូស៊ី។
លោកស្រី ហានសេន បាននិយាយថា៖ «ពពួកសត្វស្វា គឺជាសត្វមំសាសីផង [ស៊ីសាច់ជាអាហារ] ជាចំណីរបស់សត្វផ្សេងផង និងជាសត្វបំបែកគ្រាប់ពូជរុក្ខជាតិទៀត។ ពួកគេគឺជាផ្នែកមួយដ៏ធំនៃប្រព័ន្ធអេកូឡូស៊ី»។
លោកស្រីបានបន្ថែម៖ «យើងត្រូវពិចារណាថាតើសត្វប្រភេទណាដែលកំពុងធ្វើឱ្យពិភពលោកវិវឌ្ឍទៅមុខ? តើប្រភេទណាដែលកំពុងជួយអភិរក្ស រក្សាទុក និងបង្កើតឱ្យមានតំបន់ធម្មជាតិឡើងវិញ?»
ជើងហោះហើររបស់ក្រុមហ៊ុន Maleth Aero បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Washington-Dulles មួយថ្ងៃបន្ទាប់ពីការចោទប្រកាន់ត្រូវបានប្រកាស ជាមួយនឹងទំនិញដែលគេប៉ាន់ប្រមាណថាមានសត្វក្តាមជាង៧០០ក្បាល សម្ដៅចែកចាយទៅមន្ទីរពិសោធក្នុងរដ្ឋម៉ារីឡេន (Maryland)។
អ្នកស្រី ខៃយ៍ បានដកដង្ហើមធំ និងហួសចិត្តជាខ្លាំង។
អ្នកស្រី ខៃយ៍ បាននិយាយថា៖ «ការពិតដែលថាការចោទប្រកាន់ទាំងនេះជាប់ពាក់ព័ន្ធ មិនត្រឹមតែបុគ្គលិកនៅក្នុងក្រុមហ៊ុនពិសេសមួយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានមន្ត្រីនៅក្នុងនាយកដ្ឋានព្រៃឈើកម្ពុជាផងដែរ គួរតែក្លាយជាការដាស់តឿនមួយដល់រដ្ឋាភិបាល និងឧស្សាហកម្មជួញដូរនេះ»។
អ្នកស្រីបន្ថែមថា៖ «រឿងនេះល្មមនឹងរោទ៍កណ្ដឹងអាសន្នហើយ។ យើងមិនដឹងថាតើក្រុមហ៊ុន ឬប្រទេសផ្សេងទៀតអាចពាក់ព័ន្ធនឹងរឿងនេះកម្រិតណានោះទេ»។
អត្ថបទនេះត្រូវបានផលិតឡើងដោយមានការសហការជាមួយ The Pulitzer Center’s Rainforest Investigations Network។
អត្ថបទដើមជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe
បកប្រែដោយ៖ ឡាយ សុផាន់ណា