ក្រសួងការពារជាតិថា ទំនាក់ទំនងយោធាកម្ពុជានិងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយលោក ឡយ អូសស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទំនាក់ទំនងយោធា​​កម្ពុជា និង​សហរដ្ឋ​អាមេ​រិក ស្ថិត​នៅ​ក្នុងដំណាក់​កាល​លំបាក​មួយ ហើយ​ប្រសិន​បើគូភាគី​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ​មានសារសំខាន់ ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុតសម្រាប់​ការ​យោគ​យល់ និង​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅ​មក។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួប​ពិភាក្សា​ការងារ​រវាងរដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិកម្ពុជា លោក ទៀ បាញ់ ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូសស្ទីន នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ទំព័រហ្វេស​ប៊ុកនាយកដ្ឋានព័ត៌មាន​ក្រសួងការពារជាតិ បាន​ដក​ស្រង់ប្រសាសន៍​លោក​ ទៀ បាញ់ ដែលបានថ្លែងក្នុងជំនួបនោះមកផ្សព្វផ្សាយនៅថ្ងៃអង្គារម្សិលមិញ​ថា ទំនាក់​ទំន​ង​យោធាកម្ពុជា​ និង​យោធា​សហរដ្ឋ​អាមេ​រិក បាន​ស្ថិត​នៅក្នុ​ង​ដំណាក់​កាលលំបាក​មួយ ដែលទាមទារឱ្យមានការ​យោគយល់ និង​បង្កើនកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត។

លោកបន្តថា៖ «ប្រសិន​បើ​យើង​យល់​ឃើញ​​ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរមាន​សារសំខាន់ យើងត្រូវ​តែ​ស្វែងរកមធ្យោបាយដ៏ល្អបំផុត សម្រាប់ការយោគយល់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក»។

ប្រភពដដែលបន្តថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូសស្ទីន ​បាន​យល់​ស្រប​ចំពោះការ​លើកឡើងដែរ​ថា ទំនាក់​ទំនង​ក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-អាមេរិកបានចុះថយក្នុងរយៈពេលប៉ុន្មាន​​ឆ្នាំនេះ ហើយ​ការបារម្ភនេះមិន​ត្រឹម​តែ​បញ្ហាសិ​ទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​មក​ពីការ​ខ្វះ​ខាត​នូវ​តម្លាភាព។

ទាក់ទងទៅនឹងការ​ចោទប្រកាន់​​រឿងការ​ដាក់​​​មូល​ដ្ឋាន​​យោធា​របស់​​ចិន​​​នៅមូលដ្ឋានទ័ពសមុទ្ររាម​​វិញ ត្រូវ​បានរដ្ឋ​មន្ត្រីការពារជាតិអាមេរិក ចាត់​​ទុកថា​​ជា​​ការ​​គំរា​​មកំហែងដល់ផលប្រយោជន៍ សន្តិសុខ​សហរដ្ឋអាមេរិក និងសន្តិសុខសម្ពន្ធមិត្តរបស់អាមេរិកនៅក្នុងតំ​បន់។ លោកបន្តថា សហរដ្ឋអាមេរិកចង់ស្ដារឡើងវិញនូវទំនាក់ទំនង​ការ​ពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរឡើង​វិញ ប៉ុន្តែ​តម្លាភាព​គឺជាបញ្ហាដ៏សំខាន់បំផុត។

លោក ឡយ អូសស្ទីន ត្រូវបានស្រង់ប្រសាសន៍មកផ្សាយក្នុងហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានក្រសួង​ការ​ពារ​ជាតិបន្តថា៖ «កម្ពុជា និង​សហរដ្ឋ​អាមេរិក មិន​មាន​បញ្ហា​អ្វី​ទេ​ ចំពោះកា​រ​មិន​យល់ និង​មិ​ន​ចុះសម្រុង​គ្នា យើងនឹង​ពិភាក្សាគ្នារកដំណោះស្រាយ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញជំនួបរវា​ងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងអាមេរិក ពីអ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ បានទេ នៅថ្ងៃពុធនេះ។

គេសង្កេតឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ហាក់ពុំ​សូវ​មាន​ភាព​ល្អូក​ល្អឺននឹង​គ្នា ដូច​ទំនាក់​ទំនងរវាង​កម្ពុជាជា​មួយប្រទេសមហាអំណាចចិន ដែលកម្ពុជាចាត់ទុកជាមិត្តដែកថែបនោះឡើយ។

ភាពរកាំរកូសនៃទំ​នាក់ទំនងកម្ពុជានិង​អាមេរិក ភាគច្រើនកើតចេញពីការមិនពេញចិត្តរបស់កម្ពុជា​ ចំពោះការរិះ​គន់ទៅលើដំណើរការប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងសេរីភាព ក្នុងប្រទេសនេះ។ ក្នុងពេ​ល​ជា​មួយ​​​គ្នា អាមេរិកក៏តែងចោទប្រកាន់ថា កម្ពុជាលម្អៀងទៅរកប្រទេសចិន ដែលជាគូប្រជែងភូមិសាស្រ្តនយោ​បាយរបស់​ខ្លួន​នៅក្នុ​ង​តំបន់ ជាពិសេសគឺការចោទប្រកាន់ថា​ កម្ពុជាបានអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម​ សម្រាប់បម្រើផលប្រយោជន៍ផ្តាច់មុខរបស់ចិន ដែលអាមេរិកចាត់ទុកថាអាចបង្កឱ្យមានអស្ថិរភាពនិងអសន្តិសុខនៅក្នុងតំបន់ ហើយដែលកម្ពុជាតែងបានច្រានចោលចំពោះការចោទប្រកាន់នេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ថ្នាក់ដឹកនាំកងទ័ពកម្ពុជា និង​អាមេរិក គួរ​តែ​យក​បញ្ហា​នានាមក​ដាក់​លើតុជជែក​គ្នាផ្ទា​ល់​ ពាក់​ព័ន្ធ​កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង​ពីរ បើ​ពុំដូច្នោះទេ អ្នក​ដែល​ខាតប្រយោជន៍​គឺ​កម្ពុជា។

លោកមានប្រសាសន៍​ថា៖ «បើសិនជាអត់មានការជជែកគ្នាទេ វានៅតែ​ជា​បន្ទុក នៅតែជាការចោទដាក់គ្នា អ៊ីចឹង​បញ្ហា​ដែល​រង​គ្រោះ​ គឺកម្ពុជាជាប្រទេសរងគ្រោះ ព្រោះកម្ពុជាជាប្រទេសតូច ទទួលឥទ្ធិពលពីប្រទេសមហាអំណាច​សហរដ្ឋអាមេរិកជាដើមនេះ»។

ក្នុងសេចក្តីថ្លែងការណ៍​របស់​សេត​វិមាន ឬវិមានប្រធានាធិបតីសហរដ្ឋអាមេរិក )The White House) ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងជំនួបរវាង​ប្រធានាធិបតីអាមេរិក​ លោក បៃដិន ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពី​​​កិច្ចប្រជុំកំពូលអាស៊ាន​នោះ មេដឹក​នាំ​អាមេរិក​រូបនេះក៏​​បាន​លើក​ឡើង​ពី​កង្វល់​ទាក់ទងស្ថា​នការណ៍​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​​រាម ក្នុងខេត្តព្រះសីហនុ ដែលអាមេរិក​ថាមាន​​ពាក់ព័ន្ធសកម្មភាព​កង​​ទ័ព​សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សេចក្តី​ថ្លែងការណ៍បន្តថា «លោក​ប្រធានាធិបតី ចូ បៃដិន បានលើកឡើងពីកង្វល់ទាក់ទងនឹងស្ថានការណ៍នៅ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃតម្លាភាពយ៉ាងពេញលេញអំពីសកម្មភាព​យោធានៃសាធារណរដ្ឋប្រជាមានិតចិន )PRC) នៅមូលដ្ឋានទ័ពជើងទឹករាម»។

តែយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជា និង​​ជា​អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ លោក​ គង់ ភោគ បានច្រានចោលភ្លាមៗចំពោះ​ការ​លើកឡើងនេះ។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៥៣​ ចែងថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ​ អចិន្ត្រៃយ៍​ និង​មិន​ចូល​បក្ស​សម្ពន្ធ ហើយរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។ មាត្រាដដែលនេះបន្ត​ថា ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខណ្ឌ​​​របស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ