ស្នូរកាំភ្លើងផ្ទុះចេញពីកាំភ្លើងវែងមួយដើមរបស់មន្រ្តីឧទ្យានុរក្ស ដែលបានទាញចំណាប់អារម្មណ៍បណ្ដាញសហគមន៍ព្រៃឡង់ដែលកំពុងឮសំឡេងអារឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ។
សំឡេងស្នូរកាំភ្លើងបាញ់ស្ថិតត្រង់ចំណុចអូរវ៉ា ឃុំកាំងចាម តំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ខេត្តស្ទឹងត្រែង មិនបានធ្វើឱ្យជនល្មើសបញ្ឈប់សកម្មភាពនោះទេ តែផ្ទុយទៅវិញ ពួកគេនៅតែបន្តអារឈើដដែល។ ក្រោយពីការបាញ់រួច មន្រ្តីរូបនោះបានអះអាងថា ខ្លួនកំពុងតែសាកល្បងកាំភ្លើងដោយបារម្ភថាខ្លាចបាញ់មិនចេញនៅពេលជួបបទល្មើស។
ខេត្តស្ទឹងត្រែង ជាខេត្តមួយជាប់ព្រៃឡង់ ចំនួន៥ឃុំ ដោយគិតដល់ចុងខែតុលា ឆ្នាំ២០២២ បណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសរៀងរាល់ចុះល្បាត។ ពួកគេអះអាងថា រយៈពេល១០ខែនេះ គម្របព្រៃឈើតំបន់អភិរក្សនេះបានបាត់បង់ទំហំជិត៦០០ហិកតា (៥៩០) ដែលរួមមានការកាប់ឈើដោយខុសច្បាប់ ការទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ ការកាប់ដើមឈើដើម្បីចាប់ស្វាលក់ ជាដើម។
អនុប្រធានបណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ បានលើកឡើងថា ស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន៤ ដែលមានការដឹកឈើចេញសឹងជារៀងរាល់ថ្ងៃ រួមមាន ឃុំអន្លង់ភេ ឃុំចំការលើ ឃុំកាំងចាម និងឃុំអន្លង់ជ្រៃ ជាដើម។ លោកបន្តថា ការបាត់បង់ព្រៃឈើមួយផ្នែកទៀត ពលរដ្ឋចំណូលស្រុក ឬពលរដ្ឋដែលមកពីខេត្តផ្សេង បានចូលកាប់ទន្ទ្រានដីព្រៃយកដីដាំដំណាំ។
លោកថា គិតមកដល់ចុងខែតុលា ឆ្នាំនេះ ផ្ទៃដីព្រៃឡង់ក្នុងឃុំកាំងចាម ប្រមាណ៦០ហិកតា ត្រូវបានគេកាប់ទន្រ្ទាន តែពុំទាន់មានវិធានការច្បាប់លើជនល្មើសនោះទេ។
លោកថា៖ «គឺអាជ្ញាធរឃុំកាំងចាមតែម្ដង ដែលគាត់អនុញ្ញាតប្រជាពលរដ្ឋមកពីខេត្តផ្សេង មកហើយគេឱ្យ មិនមែនឱ្យស្រួលៗទេ។ អាជ្ញាធរគាត់ដឹងច្បាប់ដែរ តែងតែមានឱ្យលាភសក្ការៈ បានផ្ដល់ដីសម្បទានឱ្យទៅគេ»។
លោកបន្តថា៖ «ប៉ុន្តែក្រសួងគាត់អត់បានចុះមកទេ តែគាត់បញ្ជាឱ្យថ្នាក់ស្រុក ថ្នាក់ខេត្ត ចុះមកសិក្សាពិនិត្យមើល ហើយខាងស្រុកក៏បានចុះមើលត្រួតពិនិត្យដែរ ក៏បានឃើញការកាប់រានទន្រ្ទានដីព្រៃពិតប្រាកដ តែអត់មានការដកហូតចេញ»។
ចំណែកឃុំចំការលើវិញ លោកថា កន្លងទៅ នៅពេលដែលលោកទៅចូលរួមល្បាតផងនោះ បានសង្កេតឃើញថា ចាប់តាំងពីដើមឆ្នាំនេះមានការកាប់ឈើអស់ជាច្រើន។
ឃុំអន្លង់ភេ ប្រភពដដែលអះអាងថា ក៏មានការកាប់រានដីព្រៃច្រើនដែរ ដោយមានទាំងការដាក់គ្រឿងចក្រចូលទៅឈូសឆាយក្នុងតំបន់ព្រៃឡង់ថែមទៀតផង។ លោកថា ទំហំនៃការបាត់បង់ព្រៃឈើក្នុងឃុំនេះ មានប្រមាណ២០ហិកតា។
លោកថា៖ «ឃុំអន្លង់ភេ មានការកាប់រានដីព្រៃសម្រាប់ទុកលក់។ បងប្អូនសហគមន៍ព្រៃឡង់នៅទីនោះថាមានក្រុមប្រឹក្សាឃុំនិងមេឃុំផងដែរ ដែលគប់គិតគ្នាកាប់រានដីព្រៃទុក»។
អនុប្រធានប្រជាសហគមន៍ ខេង ខូ បន្តថា ឃុំអន្លង់ជ្រៃវិញ មានការកាប់បំផ្លាញព្រៃឈើប្រមាណ៥០០ហិកតា ដើម្បីយកដីធ្វើកម្មសិទ្ធិ ហើយសកម្មភាពកាប់ទន្ទ្រានខ្លាំង គឺកើតឡើងក្នុងរដូវប្រាំង។
លោកថា៖ «អន្លង់ជ្រៃ មានការកាប់បំផ្លាញព្រៃឈើនៅខាងលិចអន្លង់ជ្រៃប្រហែលជាពីរបីគីឡូដី មានការកាប់ទន្ទ្រានដីយកជាកម្មសិទ្ធិ ច្រើនមែនទែន ធំធេងណាស់»។
ស្រុកសៀមបូក ដែលមានឃុំសៀមបូកជាប់ព្រៃឡង់ដែរនោះ លោកថា បើតាមការចុះល្បាតកន្លងទៅ មានការកាប់បំផ្លាញព្រៃឈើនៅទីតាំងតំបន់ស្នូលនៃព្រៃឡង់ ដែលកាប់ប្រមាណ១០ហិកតាផងដែរ។
លោកថា៖ «នៅភូមិសៀមបូក បើខ្ញុំល្បាតនៅខាងជើងខ្លេ មានការកាប់កាប់រានទន្រ្ទានដីព្រៃនៅតំបន់ស្នូលតែម្ដង គឺចំណុចទីតាំងអូរចំបក់ មានការកាប់ច្រើនកន្លែងដែរ បទល្មើស កំពុងធ្វើសកម្មភាព»។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បានបង្ហាញពីបទល្មើសកាប់ព្រៃឈើដើម្បីចាប់ស្វាចំនួនពីរកន្លែង ដែលជនល្មើសបានប្រព្រឹត្តប្រហែលមួយសប្ដាហ៍ ឬពីរសប្ដាហ៍កន្លងទៅនេះ។
លោកបានបន្តថា ទីតាំងទាំងពីរកន្លែងដែលកាប់បំផ្លាញព្រៃឈើដើម្បីចាប់សត្វស្វាលក់នោះ មានទំហំជិតកន្លះហិកតា ស្ថិតក្នុងឃុំកាំងចាម ត្រង់វាលត្រពាំងត្រសេក។ លោកបន្តថា ជនល្មើសកាប់ដើមឈើដែលព័ទ្ធជុំវិញដើមឈើណាមួយដែលមានស្វារស់នៅច្រើន បន្ទាប់មកជនល្មើសចាប់ផ្ដើមព័ទ្ធសំណាញ់ រួចរាល់ពួកគេចាប់ផ្ដើមកាប់ផ្ដួលដើមឈើដែលមានស្វារស់នៅទាំងនោះ ដើម្បីឱ្យសត្វស្វារត់ចេញទៅជាប់នឹងសំណាញ់ដែលបានរៀបចំជាស្រេច។

លោកថា៖ «ព្រៃនេះ តាមការប៉ាន់ស្មានរបស់ខ្ញុំ ព័ទ្ធចាប់យកសត្វស្វាដើម្បីធ្វើជាអាជីវកម្មលក់ ព្រោះឃើញតម្រុយកាប់នេះ គេកាប់ជុំវិញ ហើយទុកព្រៃនេះប្រឡោះកណ្ដាល មានន័យថា សត្វនៅប្រឡោះកណ្ដាលនេះ»។
មុនពេលធ្វើដំណើរចូលទៅកាន់ព្រៃឡង់ មន្រ្តីបរិស្ថានបានបង្ហាញពីការចាប់ឈើក្ដារបន្ទះ ដែលអះអាងថាជនល្មើសបានបោះបង់ចោល ហើយមន្រ្តីបរិស្ថានបានដកហូត ដើម្បីរក្សាទុកក្នុងស្នាក់ការមន្ទីរបរិស្ថាន។
ពលរដ្ឋរស់នៅក្នុងដែនជម្រកព្រៃឡង់ខ្លះបានអះអាងថា ពួកគេបានកាប់ប្រភេទដើមឈើល្អៗ រួមមាន ចំបក់ និងស្រឡៅ ដើម្បីការពារសត្វស្វាចូលចម្ការរបស់ពួកគេ។ តែយ៉ាងណា អ្នកចុះត្បាតយល់ថាជាការកាប់ដើម្បីចាប់យកសត្វស្វាលក់ច្រើនជាង។
អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឱ្យដឹងថា លោកមិនបានដឹងទាក់ទងករណីកាប់ឈើ ឬប្រមាញ់សត្វស្វាក្នុងដែនជម្រកព្រៃឡង់នោះទេ ដោយលោកបង្វែរឱ្យទៅសួរមន្រ្តីបរិស្ថានជំនួសវិញ។
លោកបន្តថា ពុំមានការឈូសឆាយគម្របព្រៃឈើនៅតំបន់ព្រៃឡង់នោះទេ ប្រសិនបើមាន គឺពលរដ្ឋដែលរស់នៅទីនោះជាយូរមកហើយ និងមានពលរដ្ឋចំណូលស្រុកតិចតួចប៉ុណ្ណោះដែលមកដាំដំណាំក្នុងតំបន់ព្រៃឡង់នោះ។
លោកបន្តថា៖ «ករណីឈូសឆាយមិនមានទេ បើសិនជាកាប់ អាចមានប្រជាពលរដ្ឋ គាត់ពង្រីកចម្ការគាត់។ អត់មានទេ! យើងសុទ្ធតែមានមន្រ្តីបរិស្ថាននៅទីនោះ។ ភូមិខ្លះកើតរាប់រយឆ្នាំមកហើយ តិចណាស់ [ពលរដ្ឋចំណូលស្រុក] មកយូរហើយ តាំង២០១៤ មុនខ្ញុំទៅនៅទៀត»។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង ថាលោកនៅមិនទាន់ដឹងចំនួនករណីនៃបទល្មើសកាប់ឈើ និងឈូសឆាយដីព្រៃក្នុងដែនជម្រកព្រៃឡង់ក្នុងឆ្នាំនេះនៅឡើយទេ។ ចំណែកឯបទល្មើសចាប់សត្វព្រៃ ជាពិសេសសត្វស្វានោះ ខាងមន្រ្តីមិនទាន់ចាប់ជនល្មើសបាននៅឡើយទេ។
ប្រធានមន្ទីររូបនេះក៏ទទួលស្គាល់ដែរថា ពិតជាមានករណីដែលពលរដ្ឋបានមករស់នៅ ឈូសឆាយ និងដាំដំណាំក្នុងតំបន់ដែនជម្រកសត្វព្រៃនៃភូមិសាស្ត្រខេត្តនេះពិតប្រាកដមែន ហើយអាជ្ញាធរបានកសាងសំណុំរឿងទៅតុលាការ និងព្យាយាមដោះស្រាយជាបន្តបន្ទាប់។
លោកថា៖ «ករណីចាប់ស្វាហ្នឹងកើតឡើងញឹកញាប់ណាស់ ជួនកាលជនល្មើស វារត់ទេ! យើងចាប់បានវត្ថុតាង ដូចជា សំណាញ់ និងវត្ថុតាងផ្សេងៗមានអន្ទាក់អីហ្នឹង។ ហើយយើងចាប់វត្ថុតាងដាក់ក្នុងមន្ទីររួចហើយ។ ហើយសត្វស្វា និងសំពោចអី យើងលែងវិញ»។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន្នី យល់ស្របជាមួយនឹងបណ្ដាញសមាគមព្រៃឡង់ ដែលរកឃើញការបាត់បង់គម្របព្រៃឈើជិត៦០០ហិកតា នៅរយៈពេល១០ខែ ឆ្នាំនេះ។
លោកបន្តថា ការបាត់បង់គម្របព្រៃឈើបែបនេះ បណ្ដាលមកពីការធ្វេសប្រហែសរបស់មន្រ្តីអនុវត្តច្បាប់នៅទីនោះ ដែលឱ្យប្រជាពលរដ្ឋចំណូលស្រុកមករស់នៅក្នុងតំបន់ការពារ និងការកាប់ព្រៃឈើនៅតែបន្តកើតមាន។
លោកបន្តថា៖ «យើងឃើញថា មូលហេតុដែលបណ្ដាលឱ្យមានការកាប់ទន្រ្ទានបែបនេះ គឺដោយសារតែមិនមានការចាត់វិធានការច្បាប់ទៅលើចំពោះជនប្រព្រឹត្ត អាជ្ញាធរមិនបានចាត់វិធានការអ្វីឱ្យជាក់លាក់ទេ»។
សង្គមស៊ីវិលរូបនេះបន្ថែមថា ការផ្ដល់ដីឱ្យពលរដ្ឋ ឬជនជាតិដើមនៅក្នុងព្រៃឡង់តាំងពីយូរមកហើយ គឺជារឿងត្រឹមត្រូវ ប៉ុន្តែចំពោះមន្រ្តីអាជ្ញាធរដែលប្រព្រឹត្តអំពើពុករលួយឱ្យពលរដ្ឋចំណូលស្រុកមករស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃបន្ថែមទៀតនោះ គឺជាទង្វើខុសច្បាប់។
អ្នកគ្រប់គ្រងគម្រោង និងទិន្នន័យ ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Copenhagen លោក Dimitris Argyriou បានប្រាប់វីអូឌីកាលពីថ្ងៃទី២៧ ខែតុលា ថាកម្ពុជាមានសំណាង ដែលមានព្រៃបៃតងធំបំផុតមួយនៃឧបទ្វីបឥណ្ឌូចិន។
យ៉ាងណា លោកថា ចាប់តាំងពីមានការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន បទល្មើសព្រៃឈើនៅតំបន់ការពារមួយនេះបានកើតឡើង ហើយក៏មិនមែនកើតមានតែក្នុងភូមិសាស្ត្រនៃខេត្តស្ទឹងត្រែងមួយនោះដែរ។
លោកបន្តថា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើបែបនេះ គឺទាមទារឆន្ទៈនយោបាយ ហើយប្រសិនបើអ្នកកាន់អំណាចមិនមានឆន្ទៈនយោបាយហើយ វិនាសកម្មព្រៃឈើនឹងបន្តកើតមានឡើងរហូត។
ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» កាលពីឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង៕