ព្រះមហាក្សត្រ​ម៉ាឡេស៊ី តែងតាំង​មេដឹកនាំ​បក្សប្រឆាំង លោក Anwar Ibrahim ជា​នាយករដ្ឋមន្ត្រី​ថ្មី

នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី​ លោក Anwar Ibrahim គ្រវីដៃ​ពេល​លោក​មក​ដល់​ព្រះបរមរាជវាំង​ជាតិ ​ក្នុង​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (Fazry Ismail/Pool តាមរយៈ REUTERS)

ព្រះមហាក្សត្រម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងមេដឹកនាំគណបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) វ័យ៧៥ឆ្នាំ ជានាយករដ្ឋមន្ត្រីថ្មី ខណៈលោកនឹងត្រូវស្បថ​ចូល​កាន់តំណែង​នៅ​ម៉ោង៥​រសៀលនេះ។

យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយព្រះរាជវាំង អ៊ីស្តាណា ណេហ្ការ៉ា (Istana Negara) ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន CNA បានឱ្យដឹងថា៖ «ព្រះមហាក្សត្រ​ក៏​​មាន​បំណង​ចង់​​ជម្រាប​លោក​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​បង្កើតនេះ​ ដើម្បី​បង្ហាញ​​ពីការដាក់ចិត្តដាក់កាយក្នុងការដឹកនាំប្រទេសជាតិដោយគ្មានការលម្អៀង»។

សេចក្តី​ថ្លែងការណ៍បានឱ្យដឹងទៀតថា៖ «ស្របពេលដែលប្រទេសនេះត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាពមួយ ដើម្បីជំរុញ​ទិដ្ឋភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ​ប្រទេស ប្រជាជនសាមញ្ញមិន​គួរទទួល​បន្ទុកជាមួយភាពចលាចលនយោបាយមិនចេះ​ចប់នោះ​ទេ»។

ជាមួយ​គ្នា​នេះ សេចក្តីថ្លែងការណ៍របស់ព្រះរាជវាំង ក៏បានក្រើនរំលឹកដល់សមាជិកសភាដែលជាប់ឆ្នោតទាំងឡាយ ត្រូវបង្ហាញពីអាទិភាព ការប្តេជ្ញាចិត្តខ្ពស់ ក៏ដូចជាការផ្តល់សេវាល្អបំផុតជូនប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍នោះ​បន្ថែមថា៖ «​អ្នក​ដែល​ឈ្នះ​មិនមែនមានន័យថា ​ឈ្នះ​អ្វី​ៗគ្រប់យ៉ាងទាំងអស់ឡើយ ខណៈ​អ្នកដែល​ចាញ់ក៏​មិនបាន​បាត់បង់​អ្វីៗ​ទាំងអស់ផងដែរ​»​។

គួរបញ្ជាក់ថា ការ​តែង​តាំង​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ​បានកោះប្រជុំ​ក្រុម​ប្រឹក្សាពិ​សេសមួ​យ​ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលយកការយល់ឃើញពីព្រះចៅស៊ុលតង់ដទៃទៀត លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី ក្រោយប្រទេសជាតិជួបប្រទះវិបត្តិនយោបាយដែលជាប់គាំងអស់រយៈពេលប៉ុន្មានថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ