អាជ្ញាធរទុកពេល៧ថ្ងៃឱ្យពលរដ្ឋនៅតាមបណ្ដោយអតីតផ្លូវរថភ្លើង រុះរើសំណង់ដែលប៉ះពាល់ចេញដើម្បីស្ថាបនាផ្លូវថ្មី

ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ​ចុះពិនិត្យដំណើរការចាក់ដីបើកផ្លូវសាធារណៈ​ក្នុងតំបន់ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ​ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៣ ខែកញ្ញា​​ ឆ្នាំ២០២១​​​។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ)

រដ្ឋបាលខណ្ឌប្ញស្សីកែវ បានដាក់ឱសានវាទ​​រយៈ​ពេល​ ​៧ថ្ងៃ ​​ឱ្យ​ប្រជា​​ពលរដ្ឋដែល​រស់នៅ​តាម​​បណ្ដោយអ​តីត​ផ្លូវ​រថភ្លើង ក្នុងសង្កាត់ចំនួន​៣ ដែលមានសំណង់​លំនៅឋាន និងសំណង់ផ្សេងៗ​​ប៉ះពាល់ដល់​​ការ​ស្ថាបនាផ្លូវបេតុង​ថ្មី រុះរើសំណង់របស់ខ្លួន​ចេញ ដើម្បីឱ្យ​ក្រុមការងារ​មន្ទីរសាធារណការ ដាក់គ្រឿង​ចក្រពន្លឿនការ​ស្ថាបនាផ្លូវ។

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាលខណ្ឌប្ញស្សីកែវ​ ចុះ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា​នេះ បានលើកឡើង​ថា ដោយ​លំហូរ​ចរាចរណ៍តាមបណ្តោយ​ផ្លូវជាតិលេខ​៥ មានការ​មមាញឹក និងកកស្ទះខ្លាំងនោះ រដ្ឋបាល​រាជធានីភ្នំពេញ នឹងពន្លឿនការស្ថាបនាផ្លូវបេតុងថ្មីទំហំ ២០ម៉ែត្រ លើអតីតផ្លូវរថភ្លើង ដើម្បី​បន្ធូរ​បញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ៥ ឱ្យ​បានទាន់ពេលវេលា។

សេចក្តីជូនដំណឹងដដែលបន្តថា កន្លងមក ក្រុមការងារ​រដ្ឋបាលខណ្ឌ បានធ្វើការ​វាស់វែង និងបាញ់ថ្នាំកំណត់​ព្រំផ្លូវបេតុង​ថ្មីទៅតាមខ្នងផ្ទះ ជូន​ប្រជាពលរដ្ឋ​ដែលមានសំណង់ផ្សេងៗប៉ះ​ពាល់​ដល់ការស្ថាបនាផ្លូវថ្មីនេះរួចរាល់ហើយដែរ។

ករណីនេះ រដ្ឋបាលខណ្ឌអំពាវនាវ​ដល់ប្រជាពលរដ្ឋ​នៅសង្កាត់គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ដែលមានសំណង់ផ្សេងៗប៉ះពាល់​ដល់ការ​ស្ថាបនាផ្លូវបេតុងថ្មី និង​ទទួលបានសំណង​រួច​ ត្រូវ​​រុះ​​រើ​​សំណង់របស់ខ្លួនទៅតាមការវាស់វែងនោះ ក្នុងរយៈពេល​៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យ​ក្រុម​ការ​ងារមន្ទីរ​សាធារណការ និងដឹកជញ្ជូន អាចដាក់គ្រឿងចក្រចូលឈូសឆាយ និង​ពន្លឿន​ការ​ស្ថាបនា​ផ្លូវនេះជូនប្រជាពលរដ្ឋទូទៅ​បាន​ប្រើប្រាស់។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានព្រមាន​ដែរ​ថា​៖ ​«​ករណីបងប្អូនប្រជាពលរដ្ឋទាំងអស់​ពុំអនុវត្តតាមការណែនាំខាងលើ ហើយបង្កឱ្យ​​មានការរាំងស្ទះ​ដល់ការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋទូទៅប្រើប្រាស់​ជាសាធារណៈ រដ្ឋបាលខណ្ឌ​នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយ​ពុំទទួលខុសត្រូវលើការខូចខាត ឬ​បាត់​បង់​ផលប្រយោជន៍​អ្វី​ឡើយ»។ ​ ​​​

អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនឌឿន មានប្រសាសន៍យ៉ាងខ្លី​ថា ចំពោះព​លរដ្ឋ​ដែល​ទទួលបាន​សំណង​រួច ត្រូវ​រុះរើ​សំណង់ចាស់​របស់​ខ្លួន​​ចេ​ញ​​ឱ្យ​បាន​មុនថ្ងៃ​ផុត​កំណត់មក​ដល់​។ តែយ៉ាងណា លោក​មិនបានបញ្ជាក់ថាតើនៅមានពលរដ្ឋ​ប៉ុន្មានគ្រួសារ​ដែលរស់នៅតំបន់នោះ នៅមិន​ទាន់​ព្រមទទួលយក​សំណងតាមគោលនយោបាយ​របស់​រដ្ឋាភិបាលនោះឡើយ។

លោក​ថា៖ «អ្នក​ទទួលសំណងហើយត្រូវតែរើចេញ»។

ពលរដ្ឋ​រស់នៅបណ្ដោយអតីត​ផ្លូវ​​រថភ្លើង​ ក្នុងខណ្ឌឫស្សីកែវ អ្នកស្រី គឹម សារី​ មានប្រសាសន៍ថា ​គ្រួសារអ្នកស្រី​បាន​ទទួល​​សំណង​ និង​​បាន​សាងសង់​ផ្ទះ​ថ្មី​រួច​ហើយ​ដែរ ហើយអ្នកស្រី​គ្រោង​នឹង​រុះ​រើ​សំណង់​ដែលប៉ះពាល់ដល់ការស្ថាបនា​ផ្លូវបេតុងនេះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។

អ្នកស្រីថា​«​​មីងព្រមចេញហើយ​ មិនចាំបាច់គេរុះរើទេ! មីងព្រមចេញហើយ!​ ឮថាថ្ងៃហ្នឹងខណ្ឌ​ចុះទៀ​ត​ ហើយ​សុំ​ពន្យារពេ​លគេ​ពីរបីថ្ងៃទៀត ហើយ​ថ្ងៃអាទិត្យ គេមករុះ​»។

យោងតាមរបាយការណ៍របស់សមាគមធាងត្នោត កាលពីអំឡុងឆ្នាំ២០១៧ បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍ផ្លូវរថភ្លើងទៅជាផ្លូវបេតុង​នេះ បាន​ប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅអម​សងខាង​ផ្លូវ​ប្រមាណ១ ០០០គ្រួសារ។ តែយ៉ាងណា អាជ្ញាធរ​រាជធានីភ្នំពេញ បានដោះស្រាយ និង​ផ្តល់សំណង​ជា​បន្តបន្ទាប់​ដល់គ្រួសារដែលរង​ផលប៉ះពាល់ ដោយ​ផ្តល់ជា​ដីឡូត៍ដែលមានក្បាល​ដី​​ទំហំ ៤ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ នៅ​តំបន់​អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិត​ក្នុងភូមិ​បឹងសាឡាង សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សីកែវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ