សង្គមស៊ីវិលថា ពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួននៅតែជួបបញ្ហាប៉ះពាល់ដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋ

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មកពីបណ្តារាជធានី-ខេត្តមួយចំនួន​ លើក​ឡើង​ថា ពលរដ្ឋ​នៅ​តែជួប​បញ្ហាប៉ះ​ពា​ល់​ដីធ្លី ផ្ទះ​សម្បែង និង​មិនទាន់ទទួលបានសំណងសមរម្យ ដោយ​សារ​រដ្ឋាភិបាល​ធ្វើការអភិវឌ្ឍមិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ជាមុន ហើយ​អាជ្ញាធរនៅតែបន្តឃ្លាំមើល និង​គំរាមកំហែងអ្នកមានជម្លោះដីធ្លី។

ក្នុងវេទិកាស​ហគម​ន៍ប្រចាំឆ្នាំស្ដីពី «យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន» នៅថ្ងៃទី២៤ ខែ​វិច្ឆិកា​នេះ នាយក​ប្រតិបត្តិនៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន បានថ្លែង​ថា តាមរយៈ​ការស្រាវ​​ជ្រាវ​​ពាក់ព័ន្ធសិទ្ធិដីធ្លី និងលំនៅឋាន នាពេលកន្លងមក ​បង្ហាញថា​​ ​ប្រជាពលរដ្ឋនៅ​តាម​បណ្តារាជធានី-ខេត្ត បានរងផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង និងមិនទាន់ទទួលបានសំណងសមរម្យ ខណៈពលរដ្ឋខ្លះទៀតមិនទាន់ទទួលបានសេវាសាធារណៈពីរដ្ឋាភិបាលនៅឡើយ​។

លោកបន្ត​ថា៖ «បញ្ហាប្រឈមដែលយើងរកឃើញសម្រាប់បងប្អូនសហគមន៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា​បណ្តា​ខេត្ត ជាពិសេស​បង​ប្អូន​នៅរាជធានីភ្នំពេញ ប្រឈមខ្លាំងបំផុតទាក់ទងនឹងសុវត្ថិភាពដីធ្លី សុខភាព អនាម័យ ទាក់​ទង​នឹង​ហេដ្ឋារចនាសម្ពន្ធនិងផ្ទះសម្បែង។ លើសពីនេះទៀត ពួក​គាត់​ប្រឈម​ទៅ​នឹង​ការ​មិនទាន់​បាន​នូវឯកសារសាធារណៈ​ដែលជាឯកសារគោលសម្រាប់ប្រើប្រាស់ ដើម្បីទទួលបាននូវសេវាសាធារណៈផ្សេងៗ ឧទាហរណ៍បណ្ណសមធម៌»។

ប្រធាន​គម្រោង​ផ្នែក​សិទ្ធិ​លំនៅ​ឋាន និង​ការ​ងារ​ស្រាវ​ជ្រាវ​នៃស​មាគម​ធាងត្នោត អ្នកនាង គាំ ចាន់​រស្មី មានប្រសាសន៍​ថា អាជ្ញាធរ​មូល​ដ្ឋាន​មួយចំនួនបានសន្យាដោះស្រាយបញ្ហាដីធ្លី និង​ផ្ទះសម្បែងជូនពលរដ្ឋ​ដែលរងគ្រោះនៅ​តាមប​ណ្តា​រាជធានី-ខេត្តដែរ ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរទាំងនោះមិនបានធ្វើតាមការសន្យានោះទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាជ្ញាធរ​បែរ​ជារឹតត្បិតសិទ្ធិសេរីភាព និង​គំរាមហែងដល់ពលរដ្ឋដែលមានបញ្ហាដីធ្លី​ ហើយ​​ចេញ​តស៊ូមតិ​បែបអ​ហិង្សាថែម​ទៀត​ផង។

អ្នកនាង​ថ្លែងថា៖ «សិទ្ធិនិងសេរីភាពបញ្ចេញមតិ ត្រូវបានរឹតត្បិត មានការបំភិត​បំភ័យ មាន​ការគំរាមកំហែងតាម​រយៈ​អាជ្ញាធរមូលដ្ឋានរបស់ពួកគាត់ផងដែរ។ ក្រោយ​ពី​ពួកគាត់​ទទួលបានការគំរាមកំហែងបំភិត​បំភ័យ​ពីអាជ្ញាធរ​មូលដ្ឋាន គឺគាត់ចាប់ផ្តើមមានការបាក់ទឹកចិត្ត មាន​ការ​ភ័យខ្លាច ឆន្ទៈរបស់ពួកគាត់មានការថមថយ ដោយ​សារគាត់មានការបារម្ភថាមានការចូលមកយាយីរំខានពីសំណាក់អាជ្ញាធរមូលដ្ឋានតាមតំបន់ពួកគាត់ ហើយ​ការញុះញង់ទៅដល់ប្រជាសហគមន៍​នៅពេលដែលសហគមន៍ទទួលបានជំនួយពីអង្គការដៃគូ គឺចោទថាជាសកម្មភាពនយោបាយ»។

អ្នកស្រី កែវ វុត្ថា តំណាងសហគមន៍ផ្លូវរថភ្លើង ស្ថិតសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាន​លើកឡើង​ថា រដ្ឋាភិបាលបានដកផ្លូវដែកចេញ និងជំនួសមកវិញផ្លូវបេតុង ធ្វើឱ្យរូបគាត់ ក៏ដូចជា​ពលរដ្ឋរស់នៅអម​សងខាងផ្លូវ​​មាន​​ទុក្ខ​​លំបាក​ខ្លាំង ដោយសា​រ​អាជ្ញាធរ​បាន​បណ្ដេញ​ពលរដ្ឋចេញពីតំបន់នោះឱ្យទៅរស់នៅកន្លែង​ផ្សេងដែល​មិន​ទាន់មាន​ហេដ្ឋា​រចនាសម្ពន្ធគ្រប់គ្រាន់នៅឡើយ។

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំមានទុក្ខលំបាក​ខ្លាំង​នោះ ដោយ​សារគាត់ [អាជ្ញាធរ] ឱ្យពួកខ្ញុំផ្លាស់ទីតាំងថ្មី ទៅនៅដីអូរវែង ចាប់​បាន​​ឡូត៍ហើយ ដោយមិនបានរៀបចំហេដ្ឋានរចនាសម្ពន្ធ ទឹក​ស្អាត ភ្លើង អត់ទាន់មានប្រព័ន្ធលូទឹកស្អុយក៏អត់ទាន់មាន ហើយបណ្តេញប្រជាពលរដ្ឋចេញដោយទាន់ហន់​បំផុត។ ទីមួយ គាត់ជាស្ត្រីមេម៉ាយ ខ្វះខាត តែអាជ្ញាធរតែងតែទៅបង្ខំពួកគាត់ចាកចេញជាបន្ទាន់។ អ៊ីចឹង​ហើយ​បានដល់​ពេល​ខ្ញុំចាកចេញទៅ ខ្ញុំសោក​ស្តាយ​បំផុត បើសហគមន៍ណាក្រោ​យត្រូវចាកចេញ ត្រូវរៀនសារាចរ០៣ យកទៅប្រើជាមួយអាជ្ញាធរវិញ»។

តំណាង​សហគមន៍មានជ័យ ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង អ្នកស្រី ម៉ែន ដាវី មាន​ប្រសាសន៍​ថា កាល​ពីឆ្នាំ​២០១៤ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ បានធ្វើការអភិវឌ្ឍប្រឡាយ ប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ​ចំនួន​៤៦ខ្នងផ្ទះ លើផ្ទៃដី៣៥ហិកតា និងប៉ះពាល់ដល់ពលរដ្ឋចំនួន១៥២គ្រួសារ។ ករ​ណីនេះ​ អ្នកស្រីថា ពួកគាត់បាននាំគ្នាតស៊ូមតិបែបអហិង្សា ប៉ុន្តែត្រូវបានអាជ្ញាធររឹតត្បិតសេរីភាព គំរាមកំហែង និងលាប​ពណ៌ថាពួកគាត់មាននិន្នាការនយោបាយទៅវិញ​។

អ្នកស្រីនិយាយ​ថា៖ «អភិវឌ្ឍន៍​ហើយទឹកភ្នែកអ៊ីចឹង​ ខ្ញុំសុំកុំឱ្យមានការអភិវឌ្ឍវិញ! បើអភិវឌ្ឍ​រីកចម្រើន ចាំអភិវឌ្ឍ​ បើអភិវឌ្ឍ​បង្កបញ្ហា នៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ា សុំឱ្យមានការដោះស្រាយ បែរជាបង្កើតឱ្យមានក្រុមអាជ្ញាធរចុះមកធ្វើការគំរាមកំហែង ប្រជាពលរដ្ឋជួបជុំធ្វើការ​ប្រមូល​ផ្តុំ គឺគាត់​បែរជា​ចោទ​ប្រជាពលរដ្ឋ​ថា​ជាបក្សពួកនយោបាយ។ អ៊ីចឹង​ធ្វើឱ្យពួកខ្ញុំទទួលរង​បាត់បង់ដីស្រែ ផ្ទះសម្បែង រងនឹងការលាបពណ៌ថែមទៀត»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អន មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ដែលថារដ្ឋាភិបាលធ្វើការអភិវឌ្ឍនាំឱ្យប៉ះពាល់ដីធ្លី ផ្ទះសម្បែង មិនបានផ្តល់សំណងសមរម្យ និងមានអាជ្ញាធរបន្តឃ្លាំមើលគំរាមកំហែងពលរដ្ឋដីធ្លីជាដើមនោះ មិនត្រឹមត្រូវទេ។ លោកបញ្ជាក់​ថា មុននឹងធ្វើការអភិវឌ្ឍនៅតំបន់ណាមួយ ជាពិសេសនៅបឹងតាមោក និងតំបន់ព្រលានយន្តហោះថ្មី ជាដើម រដ្ឋាភិបាល​បានឱ្យក្រុមហ៊ុន និងអ្នកជំនាញសិក្សា និងផ្តល់សំណងសមរម្យជូនពលរដ្ឋដែលរងផលប៉ះពាល់។

លោកមានប្រសាសន៍ថា៖ «មិនមានករណីណាបិទសិទ្ធិសេរីភាពអ្នកតវ៉ាទាំងនោះទេ យើងឃើញថាការចេញដាក់ញត្តិ​តាម​ស្ថាប័នរដ្ឋ ការដាក់ញត្តិនៅមុខផ្ទះនាយករដ្ឋមន្ត្រី ជាដើម យើងឃើញថា អាជ្ញាធរតែងតែរៀបចំសណ្ដាប់ធ្នាប់នៅតា​មដ​ង​ផ្លូវ កុំឱ្យរញ៉េរញ៉ៃ ស្ទះចរាចរណ៍ ប៉ះពាល់ដល់សណ្តាប់ធ្នាប់​សាធារណៈ​ទេ។ នេះ​ជារឿងពិត​ដែលយើងឃើញការចោទប្រកាន់មិនមានមូលដ្ឋានច្បាស់លាស់ ហើយការចោទប្រកាន់បែបនេះធ្វើឱ្យប្រជាពលរដ្ឋខាតប្រយោជន៍ខ្លួនទៅវិញទេ»

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោកបណ្ឌិត មាស នី ដែលចូលរួមក្នុងវេទិកានៅថ្ងៃនេះ បានផ្តល់ជាអនុសាសន៍​ថា ប្រជាពលរដ្ឋត្រូវធ្វើការសហការគ្នាតស៊ូមតិជំរុញឱ្យរដ្ឋាភិបាលបង្កើតច្បាប់មួយ ដើម្បីផ្តល់សំណងសម​ស្រប​ជូន​ពលរដ្ឋ​ដែល​រងគ្រោះដោយសារការបណ្តេញចេញក្រោមគម្រោងអភិវឌ្ឍន៍​របស់រដ្ឋាភិបាល នោះទើ​ប​អាចទប់ស្កាត់បញ្ហាប្រឈមនានា​បានប្រសិទ្ធភាពខ្ពស់។

លោក​ថា៖ «នាំគ្នាបង្កើតគំនិតណាមួយជំរុញឱ្យរដ្ឋាភិបាលត្រូវតែចេញឱ្យបាននូវច្បាប់សម្រាប់សំណងសមស្រប សំណងសមស្របមិនមែនមានន័យថា អ្នកទីក្រុងបាន១០ម៉ឺនដុល្លារ ហើយអ្នកជនបទបាន១០ម៉ឺនដុល្លារដែរទេ ក៏ប៉ុន្តែឱ្យមានគោលនយោបាយមួយ​ច្បាស់​លាស់​ថា ពាក្យថាសំណងសមស្រប បើសិនជាប៉ះចំតំប​ន់ណាមួយដែលគេរុញចេញ តើក្របខណ្ឌច្បាប់ទទួលបានអ្វីខ្លះ? ទទួលបានដី ផ្ទះ ឬផលវិនិយោគដែលយើងបានដាក់រួចហើយ? ហើយមួយទៀត ការបាត់បង់មុខរបរដែលយើងមាន។ បើយើងមិនជំរុញឱ្យបង្កើតច្បាប់​មួយ​នេះឡើង​ទេ ការតស៊ូ ការតវ៉ារបស់បងប្អូន គឺទទួលរងការគាបសង្កត់ពីអាជ្ញាធរនៅកន្លែងមួយៗ បានន័យថាស្រេច​តែគាត់ថា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ