តំបន់​ព្រៃភ្នំតាម៉ៅ​ដែល​បាន​ឈូសឆាយ ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​ឧទ្យាន

ដីឧទ្យានភ្នំតាម៉ៅ។ (Danielle Keeton-Olsen/VOD)

អង្គភាព​អង្គ​រក្សរ​បស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីតំបន់ឈូសឆាយ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ បន្ទាប់​​ពី​បាន​កាន់​កាប់​អស់​រយៈ​ពេល​ប្រហែល១ខែ ចាប់​ពី​ខែសីហា​មក ហើយតំបន់នោះ​ហាក់​ដូច​ជា​ប្រែក្លាយ​​​ទៅ​ជា​ឧទ្យាន ក្រោយ​​ពី​មានភា​ព​ចម្រូង​ចម្រាសអំ​ពី​ការ​ធ្វើសម្បទាន​តំបន់​នេះ​ កាលពី៣ខែកន្លងទៅ។

អ្នក​រាយ​ការណ៍ព័ត៌មានវីអូឌី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះ​ទៅតំ​បន់ភ្នំតាម៉ៅ​ដោយផ្ទាល់ និ​ង​បានឃើញតំបន់ដែលត្រូវបានឈូសឆាយនោះ​ព័ទ្ធ​ទៅ​ដោយ​​​របង ហើយ​ច្រកចូលមាន​ដាក់ស្លាក​សញ្ញាថា «សួនភូតគាម ភ្នំតាម៉ៅ»

នៅក្នុងតំបន់ភ្នំតាម៉ៅ ដែល​កាលពីមុនមានព្រៃឈើទាបៗប៉ុន្តែក្រាស់ ឥលូវ​នេះ​ គេ​សង្កេត​ឃើញ​មាន​កូន​ឈើដែ​ល​មាន​កម្ពស់ប្រហែលមួយម៉ែត្រ ត្រូវបានដាំស្មើៗគ្នាជាជួរៗនៅ​លើដី​ខ្សាច់​លាយ​ឡំនឹង​ស្មៅមួយ​ចំនួន។ បឹង និងស្ពានដែលទើបបង្កើតថ្មី ស្ថិតនៅកណ្ដាលឧទ្យាន អម​​ដោយ​ដើមឈើធំៗទើបនឹងដាំថ្មី និងមានរន្ទាទប់នៅក្បែរមាត់បឹង។

ព្រៃភ្នំតាម៉ៅ បានបាត់បង់ជាង៥០០​ហិកតា​ នៅភាគពាយព្យ ខណៈរដ្ឋាភិបាលកម្ពុជា​ផ្ដល់​ដី​ភ្នំតាម៉ៅរាប់​រយ​ហិកតា​ដល់​ឧកញ៉ា ឃុន សៀ និងឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីខែឧសភា។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ដើម​ឡើយ​​បាន​ចុះ​ហត្ថលេខា​​ផ្ដល់ដីឱ្យក្រុមហ៊ុនឯកជនសម្រាប់​​គម្រោងបង្កើត​ទីក្រុង​រណប​ បាន​​លុប​ចោល​គម្រោងនេះវិញ ​កាលពី​ដើម​ខែ​សីហា បន្ទាប់​​​ពី​មាន​ការ​មិន​ពេញ​ចិត្ត​ពីសំណាក់ប្រជាពលរដ្ឋជាច្រើន។ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានរៀប​ចំ​យុទ្ធនាការដាំកូនឈើឡើងវិញ ដែល​ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ប្រហែលមួយ​សប្ដហ៍ មុនពេលអង្គភាពអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលកាន់​កាប់​ព្រៃនេះ។

ទោះយ៉ាងណា​ បច្ចុប្បន្ន​នេះ ​តំប​ន់​​ភ្នំតាម៉ៅ មា​នស​ភាព​​ស្ង​ប់​ស្ងាត់។ នៅពេលដែលអ្នករាយការណ៍ព័ត៌មានទៅដល់ទីនោះ មានសត្វរុយជាច្រើនមករោម ខណៈប្រជាពលរដ្ឋមួយរូបដែលរស់នៅក្នុងវត្ត បាន​និយាយ​ថា សត្វរុយទាំង​នេះ​ វាមកដោយសារមានកសិដ្ឋានផលិត​ទឹក​ដោះគោស្រស់​នៅ​ភាគខាងកើត​ភ្នំ​តាម៉ៅ ខណៈ​អ្នកយាមម្នាក់បាននិយាយថា ជីកំប៉ុសមាននៅជុំវិញចម្ការដូងខាងជើង​ភ្នំ​កាលពីពេលថ្មីៗនេះ ដែលបណ្ដាលឱ្យមានសត្វរុយមក ហើយ​ចម្ការនេះ​ជាកម្មសិទ្ធិរបស់ក្រុមគ្រួសារសពឧបនាយករដ្ឋមន្ត្រី សុខ អាន

នៅ​ពេល​​សួរ​​អំពី​គម្រោងអភិវឌ្ឍន៍​​​ព្រៃ​​ភ្នំ​តាម៉ៅ ​នាពេលខាង​មុខ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​តាកែវ លោក មាស អ៊ុយ បានបង្វែរសំណួរទៅកាន់​ក្រសួង​កសិកម្ម។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ថ្លែង​ថា ​មិន​មាន​អ្វី​ប្រែប្រួលឡើយ ​ចាប់​តាំង​ពី​ខែ​សីហា​មក ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន។

កញ្ញា​មានប្រសាសន៍ថា៖ «ក្រសួង​បាន​ប្រកាស គ្មាន​អ្វី​លើស​ពី​នេះ​ទេ។ ​ប្រសិន​បើ​មាន​គម្រោង ឬ​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ ក្រសួង​នឹង​ប្រកាស​ឱ្យដឹង»។

លោក នាង នូ អាយុ៣៣ឆ្នាំ ជាជំនួយការនៅវត្តមួយក្បែរភ្នំតាម៉ៅ បាន​និយាយ​ថា អង្គភាពអង្គរក្សបានចាកចេញពីតំបន់នេះ​ប្រហែល២ខែមកហើយ។ គាត់​បាន​ប្រាប់​អ្នក​រាយ​ការណ៍ព័ត៌​មាន​ថា ពួក​គេ(អង្គរក្ស)បានបាញ់ទម្លាក់ឧបករណ៍​ដ្រូន ចំនួន​២គ្រឿង ដែល​ត្រូវបានគេបង្ហោះ​​ថត​សកម្មភាពនានា​​នៅតំបន់នេះ អំឡុងពេលកាន់កាប់។

ព្រះចៅអធិការវត្តថ្មអន្ទង ព្រះតេជគុណ សុត ផល្លី មានសង្ឃដីកាថា អង្គរក្ស​មិន​បាន​កាន់​កាប់ដីវត្ត​ទេ ប៉ុន្តែបានទៅសួរសុខទុក្ខព្រះសង្ឃ នៅពេលដែលពួកគេកាន់កាប់តំបន់នោះ។ ព្រះតេជគុណ​មានសង្ឃដីកាបន្ត​ថា មិនមាន​​អង្គរក្ស ឬ​ឧកញ៉ាណាម្នាក់មក​សុំទោស​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​នោះ​ទេ។

ព្រះតេជគុណមានសង្ឃដីកាបន្តថា៖ «​ពួកគេ [អង្គរក្ស] ​មកសម្តែងការសោកស្តាយចំពោះ​ការ​ខូច​ខាត​ជុំវិញ​វត្ត​​ ព្រោះ​​មិន​នឹក​ស្មាន​ថា​មានការ​ឈូស​ឆាយ​ជិត​វត្ត​នោះទេ​»។

នាយកអង្គការសម្ពន្ធមិត្តសត្វព្រៃ (Wildlife Alliance) លោក និក ម៉ាកស្ស (Nick Marx) មានប្រសាសន៍​ថា អង្គការរបស់​លោក ដែល​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​ស្ដារនីតិ​សម្បទា​​សត្វ និង​​សួនសត្វ​នៅក្នុងព្រៃ មិនបានចូលរួមក្នុងការដាំកូនឈើឡើងវិញឡើយ។ លោក Marx ដែល​ពី​មុនបាន​អំពាវនាវឱ្យបញ្ឈប់ការផ្ដល់ដីសម្បទាននៅតំបន់ភ្នំតាម៉ៅ បានបន្តថា អង្គការ​សម្ពន្ធ​មិត្តសត្វ​ព្រៃ បាន​បរិច្ចាគដើមឈើមួយចំនួនដល់គម្រោងដាំដើមឈើឡើងវិញនេះ ដែល​លោក​ជឿថា​នឹងត្រូវបានអភិវឌ្ឍទៅជាសួនភូតគាម។

លោក កែវ សំរិទ្ធ ជាអ្ន​ក​ថែ​សួន ដែល​កំពុងស្នាក់នៅខាង​ក្រៅ​ច្រក​ចូល​ខាង​ត្បូង​​ទៅ​តំបន់​ឈូស​​ឆាយ​ក្បែរ​វត្ត បាន​និយាយ​​ថា​ គាត់​ទទួលបានប្រាក់ខែពីរដ្ឋ​ ដើម្បី​យាម​តំបន់ឈូសឆាយ ហើយ​លោកទទួល​បាន​ប្រាក់​ថែមម៉ោងបន្តិចបន្តួចសម្រាប់ការយាមពេល​យប់។

លោកថា ចាប់​តាំងពីតំបន់នេះបើកជាសាធារណៈ មានមនុស្សមកលេងជារៀងរាល់យប់។

លោក កែវ សំរិទ្ធ និយាយថា៖ «អ្នកដែលមកលេងទីនេះមានការភ្ញាក់ផ្អើល ព្រោះឃើញវាស្អាត។ ដំបូង​ឡើយ ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្ដាយដែរ»។

តំបន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង ​នៅ​ពេល​អង្គភាព​អង្គរក្ស​​បោះ​ទីតាំងនៅ​ទីនោះ។ ឥលូវនេះ លោក កែវ សំរិទ្ធ ឃើញមានសត្វមកស៊ីរុក្ខជាតិ ហើយ​ប្រជាពលរដ្ឋក្នុងតំបន់មក​បេះបន្លែ និង​ផ្លែឈើដែលអាចបរិភោគបាន។ លោកថា អ្វីដែលលោកព្រួយបារម្ភ គឺសត្វ ដែល​លោកត្រូវឱ្យឆ្កែរបស់​លោក​ដេញ។

លោក​​​​ថា៖​ «[សត្វ​] បាន​និងកំពុង​បំផ្លាញ​ដំណាំ ដូច្នេះ​យើង​បាន​សង់​របង។ បើ​មិន​ដូច្នេះ​ទេ​ វា​នឹង​បំផ្លាញ​ដំណាំ»។

លោក នាង នូ បាន​និយាយ​ថា ជ្រូកព្រៃតែងតែមកវត្តថ្មអន្ទងរាល់ល្ងាច ហើយពេលខ្លះមកពេលព្រឹកព្រលឹម ដើម្បីស៊ីសំណល់នៅក្នុងវត្ត ប៉ុន្តែឥលូវនេះមិនសូវមានទេ។

ទោះយ៉ាងណា ព្រះតេជគុណ សុត ផល្លី បាន​កត់​សម្គាល់​ឃើញ​ថា មាន​មនុស្ស​មក​ច្រើនជាងមុន។ វត្តរបស់ព្រះតេជគុណ ស្ថិតនៅភាគឦសាននៃវត្តមួយទៀត ដែលនៅជាប់នឹងសួនសត្វភ្នំតាម៉ៅ។

ព្រះតេជគុណ​មានសង្ឃដីកាថា៖ «​អាត្មា​មាន​អារម្មណ៍​រំភើប ប៉ុន្តែ​ក៏មានអារម្មណ៍​សោកស្ដាយ​ចំពោះ​ព្រៃឈើ​ដែល​បាន​បាត់បង់​ដែរ»​។

ព្រះតេជគុណ​បានរម្លឹកថា ពេលមានឧកញ៉ាមករៀបចំពិធី ដើម្បីចាប់ផ្តើមការអភិវឌ្ឍនោះ​ ព្រះស​ង្ឃ​ដែល​​​គាត់​[ឧកញ៉ា]​បាននិមន្តមកនោះ​មានសង្ឃដីកាថា មានវិញ្ញាណព្រមានថា បើហ៊ានឈូសឆាយព្រៃនេះ គ្រួសារអ្នកនឹងត្រូវបាក់បែក។ ព្រះតេជគុណមានសង្ឃដីកាថា ព្រៃ​ឈើនៅទីនេះមានអ្នកថែរក្សា។

ព្រះតេជគុណមានសង្ឃដីកាបន្តថា៖ «កន្លែង​នេះ​មិនអាចឈូសឆាយបានទេ មានវិញ្ញាណប្រហែល៥ ០០០។ មានវិញ្ញាណព្រមាន​អំពី​គ្រោះថ្នាក់​ចំពោះគ្រួសារពួកគេ [ឧកញ៉ា]»​។

លោក នាង នូ ជឿថានឹងមិន​មានអ្នក​ស្ដាប់​ការ​ព្រមាន​របស់​វិញ្ញាណទាំងនោះ​​ឡើយ។

លោកបាននិយាយថា៖ «ពួកគេ [ឧកញ៉ា] បានចំណាយប្រាក់យ៉ាងច្រើនលើផែនការនេះ ដើម្បីបង្កើតទីក្រុងរណប។ ខ្ញុំបារម្ភថា ចុងក្រោយ ពួកគេនឹងយកទៅវិញ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Cleared Phnom Tamao Forest Sculpted Into Park

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ