អ្នកអភិរក្ស​អំពាវនាវ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូល​ហាត់​ល្ខោនខោល​ដោយ​ឥតបង់លុយ

សកម្មភាពយុវជនកំពុងហាត់រៀនសិល្បៈល្ខោនខោល និងរបាំជំនាន់ថ្មី នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

អ្នកស្ម័គ្រចិត្តអភិរក្សសិល្បៈល្ខោនខោល បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ​ចូលហាត់​​រៀន​ល្ខោ​​ន​​​​បុរាណមួយនេះដោយមិនបង់ប្រាក់ ព្រោះខ្សត់អ្នកបន្តវេនក្នុងពេលបច្ចុប្បន្ន និងព្រួយបារម្ភ​​បាត់​​​ប​​​​ង់នាពេលអនាគត។

អនុប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី លោក ឈុន ឆៃយ៉ា បាន​​ឱ្យ​​ដឹង​​ថា ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែ​ល​​​ដឹកនាំដោយលោក ហង់ ភូមិរ៉ា ជាលិល្បករជំនាញល្ខោនខោល ជិត២០ឆ្នាំ​មកហើយ។

ប្រភពដដែលបានឱ្យដឹងថា ចាប់តាំងពីការបង្កើតក្រុមសិល្បៈនេះមក គឺមានសិស្សហាត់​​រៀនសរុប​​ប្រ​មា​ណជាង៣០០នាក់ ប៉ុន្តែមានសិស្សប្រមាណ២០០​នាក់ទេ ដែលនៅតែបន្តសកម្ម​​ភាព​ហា​ត់​​​រៀ​​ន និងចូលរួមសកម្មភាពអភិរក្សសិល្បៈមួយនេះ។

លោកបន្តថា៖ «ខ្ញុំព្រួយដែរ! ខ្ញុំភ័យដែរ! ដោយសារការចាប់អារម្មណ៍របស់យុវជននៅ​​ខ្មែរយើង​​បច្ចុប្ប​ន្ន​​​ហ្នឹង គឺគាត់ចាប់អារម្មណ៍បានតែមួយឆាវៗ យើងអាចនិយាយបានថា គាត់តាមគ្នា។ គាត់​​មិន​​មែ​ន​​​ធ្វើដោយចេញពីចិត្ត អ៊ីចឹងទៅ ការបាត់បង់ វាអាចប្រឈមមួយខ្ពស់នៅពេលអនាគត ដោយ​​សារ​ពេ​ល​​ខ្លះ ការផ្សព្វផ្សាយរបស់យើងនៅខ្សោយ មួយទៀតការស្រឡាញ់​របស់យុវជនទំនោរទៅ​​ខាង​​ស​​ម័​យ​​ច្រើ​នជាងបុរាណ»។

លោក ​ឈុន ឆៃយ៉ា បង្ហាញក្ដីបារម្ភថា ល្ខោនខោលនេះអាចនឹងប្រឈមបាត់បង់នាពេល​អ​​នា​​​គ​ត ប្រសិនបើមិនមានធនធានមនុស្ស ជាពិសេសយុវជនជំនាន់ក្រោយ​​ចាប់អារម្មណ៍ និងគាំ​​ទ្រ​​​​នោះ​​​​ទេ​​។​​​​ លោកសង្កេតឃើញថា ពេលបច្ចុប្បន្ននេះ យុវជននៅកម្ពុជាភាគច្រើន គឺមានទំនោរគាំ​​​​​ទ្រ​​​សិ​​ល្បៈ​​​​​​បែបសម័យច្រើនជាងសិល្បៈបុរាណ ដែលជាក្តីបារម្តពីការ​​បាត់រូបរាងទម្រង់​​ល្ខោ​​ន​​ខោ​​លមួយនេះ។

ស្របពេលអនុប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីនេះ ដាក់ការ​​ព្រួយ​​បា​​​​រម្ភ លោកក៏បានអំពាវនាវឱ្យយុវជនជំនាន់ថ្មីចូលហាត់រៀនល្ខោន​​ខោលនេះ​​ឱ្យ​​បា​​ន​​​​​ច្រើន និង​​ត្រូ​​​វ​​​​ចាប់​​អា​​រម្មណ៍ពីទម្រង់សិល្បៈបុរាណនេះ​​ឱ្យដូចទៅនឹងទម្រង់សិល្បៈ​​ដទៃទៀត​​​​ដែរ​​។

លោកបន្តថា៖ «ក្នុងនាមជាយុវជនម្នាក់ដែលបានហាត់រៀនល្ខោនខោល ខ្ញុំសូមអំពាវនាវ​ឱ្យយុវ​​ជន​​ជំ​​​នាន់ក្រោយ ឱ្យគាត់បង្វែរអារម្មណ៍ពីការគាំទ្រនូវសិល្បៈសម័យខ្លាំង យកមកចែកខ្លះ មកគាំទ្រសិល្បៈបុរាណវិញ។ យើងអាចនិយាយបានថា បុរាណយើងមិនចោល សម័យក៏យើងមិនភ្លេច»។

ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី លោក ​ហង់ ភូមិរ៉ា ឱ្យដឹងថា ​​ដំបូង​​ឡើ​យ ទម្រង់​​ល្ខោន​​ខោ​លនេះបើកបង្រៀន​ដោ​យ​​ស្ម័​​គ្រ​​​ចិត្តដល់សាធារណជនទូទៅនៅក្នុងវិទ្យា​​ល័​​យ​​ព្រះស៊ីសុវត្ថិ និងបន្ទាប់មកទៀតនៅ​​ក្នុង​​សា​​​ក​ល​​​​វិទ្យា​​ល័​យ​​ភូមិន្ទវិចិត្រសិល្បៈ។ ប៉ុន្តែ​​ពេល​​បច្ចុប្បន្ននេះក្រុមសិល្បៈមួយនេះបានប្ដូរមកបង្ហាត់នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាវិញ ដែលស្ថិតនៅភូមិព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញវិញ។

អ្នកទ្រទ្រង់ផ្នែកសិល្បៈបុរាណរូបនេះ ឱ្យដឹងទៀតថា វគ្គបណ្តុះ​​ប​​ណ្តា​​​​ល​​លើជំ​​នាញទម្រង់​​ល្ខោន​​ខោ​​ល​​​​នេះ គឺ​​ចាប់ផ្តើម​​​​រៀង​រាល់ថ្ងៃអាទិត្យ ពីម៉ោង៧ព្រឹក រហូត​​ដ​​​ល់ម៉ោង៤រសៀល ហើយ​​សិស្ស​​ដែ​​​ល​​ចុះ​​ឈ្មោះចូលរៀននេះ គឺមិនតម្រូវឱ្យបង់​​ថ​​វិ​​កា​​​​នោះ​​ទេ​។

យុវជនឈ្មោះ នន់ សុរៈភិន អាយុ២៤ឆ្នាំ ដែលទើបតែបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម នៅ​​សា​ក​​ល​​​វិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ បញ្ជាក់ថា រូបគេ​បានផ្តើមហាត់ល្ខោ​​ន​​ខោ​​លនេះ ក្នុ​​ង​​ឆ្នាំ​​២០១៨។ ប្រភពបន្តថា មូលហេតុដែលធ្វើឱ្យលោកចាប់អារម្មណ៍ចូលហាត់រៀននេះ ព្រោះតែ មា​​​ន​​និស្ស័យស្រ​​​​ឡាញ់ចូលចិត្តនូវទម្រង់សិល្បៈល្ខោនខោល ជាពិសេសចង់ចូល​​រួម​​​បន្តវេនថែរ​​ក្សា​​​​សិល្បៈ​​មួយ​​នេះ​។ មួយវិញទៀត ដោយមើលឃើញថា មនុស្សមួយចំនួន​​មិនសូវ​​ចាប់​​អា​រ​ម្ម​​ណ៍​​អំ​​ពី​​សិ​​​ល្បៈរបស់ជាតិ ហេតុនេះទើបបង្ខំចិត្តឱ្យរូបលោកត្រូវអត់ធ្មត់ក្នុងការហាត់រៀន និងចង់​​អភិ​រ​​​ក្ស​​​​ទម្រ​​ង់​​​សិល្បៈបុរាណនេះឱ្យបានគង់វង្សផង។

លោកបន្តថា៖ «ហើយក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប និងជាអ្នកដែលបានហាត់រៀនពីល្ខោនខោល ខ្ញុំ​​សូ​​​ម​​អំពាវនាវទៅដល់យុវជនជំនាន់ក្រោយចូលរួមហាត់រៀន និងសិក្សាស្វែង​​យល់អំពីសិល្បៈ​​រប​​ស់​​​​ខ្មែរ ចូលរួមផ្សព្វផ្សាយអំពីល្ខោនខោល ចូលរួមថែរក្សា ការពារ និងអភិរក្ស​​សិល្បៈបុរាណ​​មួយ​នេះ​​​​​​​​ឱ្យបានគង់វង្ស»។

ចំណែកមន្រ្តីតស៊ូមតិផ្នែកសិល្បៈ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោកស្រី សា​​ក់ កន្និ​​ការ លើកឡើងថា សិល្បករផ្នែកល្ខោនខោលនេះអាចប្រឈមនឹង​​ការបោះបង់​​អាជីព​​រប​​ស់​​​​​​ខ្លួ​​ន ហើយទៅប្រកបរបរផ្សេងវិញ ប្រសិនបើបន្តមិនមាន​​ទីផ្សារដូច​​ពេ​​ល​​​​បច្ចុ​​ប្ប​​​ន្ននេះ។ លោក​​ស្រី​​​​បន្ត​​ថា ប្រ​​សិ​​នបើល្ខោនខោលនេះត្រូវបានបាត់បង់ពិតមែន នោះគឺជារឿង​​មួយ​​គួរ​​ឱ្យសោក​​ស្តា​​យ​​​​ស​​ម្រា​​ប់​​​​ពលរដ្ឋកម្ពុជា ដោយហេតុថា សិល្បៈនេះគឺជាមត៌កមួយដ៏សំខាន់ ដែល​​ដូន​​​​តា​​​ខ្មែរបាន​​បន្ស​​ល់​​​​​​ទុកជាច្រើនជំនាន់​​មកហើយ​​។

លោកស្រីបន្តថា៖ «ទី២ បើនិយាយពីមុខមាត់ប្រទេសកម្ពុជារបស់យើង ក្រោយពីគេទទួលស្គាល់ថាខោ​​​ល​​ជា​​របស់យើង ប៉ុន្តែយើងជាម្ចាស់ប្រទេសហ្នឹង សួរថាយើងមានសមត្ថភាពការពារអ្វី​​ដែ​​ល​​ជា​​​​រប​​ស់​​​​ខ្លួនឯងអត់? ប៉ុន្មានឆ្នាំខាងមុខ យើងបាត់បង់ខោល តើអនាគខ្មែរ​​នឹងបាត់​​បង់អីទៀត​​? កន្លែ​​ងហ្នឹ​​​​ង​​ជា​ហានិភ័យដែលកូនខ្មែរ រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ គួរពិចារណា»។

ទាកទិនរឿងនេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ​​សិល្បៈ​​ លោកស្រី ជ័យ ច័ន្ទកិត្យា ទទួលស្គាល់ថា ទម្រង់សិល្បៈល្ខោនខោលនេះពិតជាកំពុង​​ប្រ​​ឈ​​​​ម​​​​​​នឹងការ​​បាត់បង់ពិត​​មែន ព្រោះតែមិនសូវមានអ្នកចាប់អារម្មណ៍ហាត់រៀន។

លោកស្រីបន្តថា៖ «ជាការពិតណាស់ ដែលរាល់មត៌កវប្បធម៌​អរូបីនៅក្នុងប្រទេសកម្ពុជា​​ប្រឈមនឹង​​កា​​រ​​​​​​បាត់បង់រូបរាង ដោយមូលហេតុខ្វះអ្នកបន្តវេន។ វាជាការព្រួយបារម្ភទាំង​​សម្រាប់អ្នកដែល​​ជា​​សិ​​ល្ប​ក​រក្នុងទម្រង់នេះ ទាំងថ្នាក់ក្រសួង និងទាំងនៅក្នុងស្រទាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ»។

លោកស្រី ជ័យ ច័ន្ទកិត្យា លើកឡើងថា​ ដើម្បីជំរុញឱ្យវិស័យមួយនេះមានសកម្មភាពទៅមុខ សព្វ​​ថ្ងៃ​​​​នេះ ក្រសួងវប្បធម៌កំពុងសហការជាមួយនឹងក្រសួងអប់រំ រួមទាំងអង្គការសិល្បៈខ្មែរអមតៈ សាក​​ល្ប​ង​​បញ្ចូលទម្រង់ល្ខោនខោលនេះទៅក្នុងកម្មវិធីសិក្សារបស់សិស្សនៅតាមសាលារ​​ដ្ឋមួយចំនួន ចាប់​ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១០។

ទម្រង់ល្ខោនខោលរបស់កម្ពុជានេះត្រូវបានអង្គការ​​ យូណេស្កូ​​ ដា​​ក់​​​​​បញ្ចូល​​ទៅ​​ក្នុ​​ង​​បញ្ជីបេតិកភណ្ឌ​​វប្បធម៌​​អរូបី​​នៃ​មនុស្សជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០​​១​៨​​។

ឯកសារស្រាវជ្រាវស្តីពី «ប្រវត្តិល្ខោនខោល» របស់លោកបណ្ឌិត ផុន កសិកា អនុប្រ​​ធាន​​វិទ្យា​​ស្ថាន​វប្ប​​ធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា ល្ខោនខោល ឬហៅថា «ល្ខោ​​ន​​ពាក់​​រ​​បាំ​​​ង​​មុ​​ខ» នេះ គឺមានអាយុកាលតាំងពីសតវត្សរ៍ទី១០មកម៉្លេះ។ ដោយឡែក ចំពោះការសម្តែងវិញ គឺ​​មានតែ​​ក្នុង​​​​រឿ​ងរាម​​កេរ្តិ៍​​ខ្មែ​​​​រ​​មួយទេ។ ឯកសារដដែលបញ្ជាក់ទៀតថា ចំណែកតួអង្គនីមួយៗត្រូវពាក់​​មុខ​​ខ្មុក (ស្មាច់​​ក្រ​​ដាស) ជារូបតួ​​អង្គ​​ផ្សេ​​ង​​ៗ ដូចជា តាឥសី ស្វា យក្ស ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ