សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ បានអះអាងថា អាជ្ញាធរក្រុងប៉ោយប៉ែតហាមសមាគមនេះលើកស្លាកនៅក្នុងទឹកដីជាប់ព្រំដែនមួយនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ជាសមាគមឯករាជ្យមួយធ្វើសកម្មភាពផ្នែកសិទ្ធិការងារ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិ និងផលប្រយោជន៍អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមិនស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ។ លោកបន្តថា សមាគមនេះបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីអង្គការសមាគមមិនមែនរដ្ឋាភិបាលត្រឹមត្រូវ និងមានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ និងសាខានៅខេត្តតាកែវ កំពង់ស្ពឺ កណ្ដាល សៀមរាប ក្រុងប៉ោយប៉ែត និងគ្រោងបង្កើតនៅតាមបណ្ដាខេត្តផ្សេងៗទៀត។
លោកបន្តទៀតថា កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ សមាគមរបស់លោកបានដាក់លិខិតជូនដំណឹងមួយទៅរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីស្នើសុំលើកស្លាកសមាគមនៅខេត្តជាប់ព្រំដែនថៃមួយនេះ ប៉ុន្តែអាជ្ញាធរក្រុងប៉ោយប៉ែតមិនទទួលយកលិខិតជូនដំណឹង និងមិនអនុញ្ញាតឱ្យសមាគមលើកស្លាកបានឡើយ។
លោក ព្រុំ ប៊ុនថន បានបង្ហាញការខកចិត្ត និងចាត់ទុកទង្វើរបស់អាជ្ញាធរមូលដ្ឋាននេះថា ជាការរឹតត្បិតសិទ្ធិសេរីភាព ដោយសារអាជ្ញាធរតម្រូវឱ្យសមាគមបំពេញនូវនីតិវិធីស្មុគស្មាញជាច្រើនក្នុងការលើកស្លាកនេះ។
លោកបន្ថែមថា៖ «ខ្ញុំយល់ថា ការដែលអាជ្ញាធរមូលដ្ឋានតម្រូវឱ្យមាននីតិវិធីស្មុគស្មាញនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល ជាពិសេសសមាគមរបស់ខ្ញុំ ក្នុងការបម្រើសមាជិកខ្ញុំនៅប៉ោយប៉ែត។ បើយើងយោងទៅលើច្បាប់ និងលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃ ការលើកស្លាកនេះ យើងគ្រាន់តែជូនដំណឹងទៅអាជ្ញាធរដែនដី អំពីការលើកស្លាកនោះ គឺបានហើយ»។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែប្រសិនបើសមាគមនោះមានច្បាប់ត្រឹមត្រូវហើយ ការលើកស្លាកមិនមែនជាបញ្ហានោះទេ។
លោកបន្ថែមថា៖ «ខ្ញុំអត់ទាន់ដឹងទេរឿងនេះ ប៉ុន្តែធម្មតាតែមានច្បាប់ត្រឹមត្រូវ គេដូចជាមិនហាមឃាត់ទេ។ ទី១ គាត់មានច្បាប់ត្រឹមត្រូវ ទី២ គាត់ត្រូវលើកស្លាកនោះលើដីឯកជនរបស់គាត់ អ៊ីចឹងវាអត់មានអីដែលត្រូវគេហាមឃាត់ទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចាត់ទុកករណីនេះថា ជាការរឹតត្បិតលំហសេរីភាពសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ លោកថា ប្រសិនបើសមាគមនោះបានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវតាមផ្លូវច្បាប់ ហើយការលើកស្លាកនោះមានការយល់ព្រមពីម្ចាស់ទីតាំង គឺអាចលើកបានហើយ មិនចាំបាច់មានការយល់ព្រមពីអាជ្ញាធរមូលដ្ឋាននោះទេ។
លោកបន្ថែមថា៖ «បើគាត់មានការចុះបញ្ជីត្រឹមត្រូវ ហើយមានការដាក់លិខិតរដ្ឋបាលខេត្តត្រឹមត្រូវ ហើយគាត់លើកស្លាក មិនឱ្យគាត់លើក អាហ្នឹងវាជាការរឹតត្បិតសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រោះបើយើងមើលទៅផ្លាកគណបក្ស និងផ្លាកផ្សព្វផ្សាយផ្សេងៗលើកព្រោងព្រាត ចុះហេតុអីត្រឹមតែផ្លាកសមាគមមួយមិនអាចឱ្យលើកបាន? អ៊ីចឹងនេះជាទង្វើមួយដែលយើងមិនអាចទទួលយកបានទេ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទាមទារទៅរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា៕