បណ្ដាញសហគមន៍ព្រៃឡង់រកឃើញបទល្មើសចាប់សត្វស្វាលក់អំឡុងពេលពួកគេចុះល្បាត

បណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បង្ហាញទីតាំងបទល្មើសកាប់ព្រៃចាប់សត្វស្វា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង នៅថ្ងៃ២២ ខែតុលា ឆ្នាំ២០២២។ (កាយ ណារ៉ា)

បណ្ដាញសហគមន៍ព្រៃឡង់ ​​អះអាងពី​ករណីបទល្មើសចាប់យកស្វា​​ចេញពីតំបន់​ការពារ​មួយនេះកំពុងកើតឡើងរាល់ពេលពួកគេ​ចុះល្បាត​ ហើយជនល្មើសទាំងនោះមិនទាន់ត្រូវបានអាជ្ញាធរចាត់​វិធានការ​ច្បាប់នៅឡើយទេ។

​បណ្ដាញសហគមន៍ព្រៃឡង់​ដែលរកឃើញករណីចាប់ស្វាលក់នោះ ​រួមមាន ខេត្ត​កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ជាដើម​ ​​បានរក​ឃើញថា ​ប្រជាពលរដ្ឋ​មួយចំនួន​​បាន​ដាក់សំណាញ់​ចាប់​យក​សត្វស្វា ជាពិសេស​សត្វស្វា​ពណ៌ស។ ប្រជាសហគមន៍បារម្ភថា​ ទាំងសត្វស្វា និងព្រៃឈើ ​នឹងបាត់បង់​យ៉ាងឆាប់រហ័ស ​បើបទល្មើសបន្តកើតឡើងដូចពេលនេះ។​ ​​​

អំឡុង​ពេលចុះល្បាតតំបន់ជម្រកសត្វព្រៃ ​សមាជិក​បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តស្ទឹកត្រែង​​ លោក ឡាយ ផល្លី​ បានបង្ហាញអ្នកសារព័ត៌មានវីអូឌី​ថ្មីៗនេះពី​កន្លែង​​​​​​កាប់​ព្រៃឈើ​ដើម្បីចាប់សត្វស្វា​ចំនួន​ពីរកន្លែងដែលជនល្មើស​បានបន្សល់​​។

​បណ្ដាញសហគមន៍ព្រៃឡង់រូបនេះថា ​ទីតាំង​ទាំងពីរកន្លែងដែលមានទំហំ​មួយ​ហិកតា​នោះ​ ស្ថិតក្នុងឃុំកាំងចាម ​ត្រង់វាលត្រពាំងត្រសេក ​​ត្រូវបានជនល្មើស​កាប់​ដើមឈើ​ព័ទ្ធជុំ​វិញដើមឈើ​ណាមួយដែលមាន​ស្វា​រស់នៅច្រើន​​ បន្ទាប់​មក​ជនល្មើស​ចាប់ដាក់សំណាញ់ ហើយកាប់ផ្ដួលរំលំដើមឈើដែលមានស្វា​ទាំងនោះ ដើម្បីឱ្យវារត់ចេញទៅជាប់សំណាញ់ដែលបានរៀបចំជាស្រេច​។

លោកថា៖ «ព្រៃនេះតាមការប៉ាន់ស្មានរបស់ខ្ញុំ ​ព័ទ្ធចាប់យកសត្វស្វា​ដើម្បីធ្វើជាអាជីវកម្មលក់​ ព្រោះឃើញតម្រុយកាប់នេះ គេកាប់ជុំវិញ​ ហើយទុកព្រៃនេះប្រឡោះកណ្ដាល មានន័យថាសត្វនៅប្រឡោះកណ្ដាលនេះ​»។​

លោកបន្តថា​ ជនល្មើសទាំងនោះបានចាប់សត្វស្វាទាំងរស់​ និងយកទៅលក់​ ដោយ​មិនដែលឃើញ​មន្រ្តី​ចុះ​បង្រ្កាប​ និងផ្ដន្ទាទោស​លើពួកគេ​ទេ​។ លោកបន្ថែមថា កន្លងមក ​រាល់ពេល​ដែល​បណ្ដាញសហគមន៍ព្រៃឡង់​ចុះ​ល្បាត​ព្រៃ ​តែងតែ​ឃើញ​ករណីចាប់ស្វា​មិនដែលខាននោះឡើយ​។

លោក​បារម្ភជាខ្លាំ​ង​ ក្រោយបទល្មើស​ចាប់​ស្វានេះបន្តកើតមាន​ក្នុងព្រៃឡង់ ខេត្តស្ទឹងត្រែង​។ លោកសង្ឃឹមថា ​មន្រ្តីមូលដ្ឋាន​នឹង​ចាត់វិធាន​ម៉ឺងម៉ាត់ ​ដើម្បីធានាថា​បទល្មើស​ទាំងនោះ​​លែងកើតមានតទៅទៀត ហើយជនដែលបានប្រព្រឹត្តត្រូវតែទទួលទោស​តាមច្បាប់​។

លោកថា៖ «ខ្ញុំ​សូមសំណូមពរឱ្យ​​​អាជ្ញាធរពាក់ព័ន្ធ​ និងអង្គការពាក់ព័ន្ធ​ ជួយថែរក្សានិងអភិរក្ស​ព្រៃឡង់ និងសត្វស្វា ដើម្បីទុក​ក្មេងជំនាន់ក្រោយ[បានឃើញនិងស្គាល់] ជាពិសេស​ខាង​ក្រសួងបរិស្ថានផ្ទាល់​»។

ចំណែក​សមាជិក​បណ្ដាញ​សហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ​​ លោក ឃុត​ សឿម​ បានលើកឡើងថា បណ្ដាញសហគមន៍​បានប្រទះឃើញ​កន្លែងចាប់យកស្វា​ចំនួន​៥កន្លែង ​​អំឡុងពេលពួកគេចុះល្បាត​​កាលពីខែ​តុលា​​។

លោកបន្តថា ​សត្វស្វាពណ៌​ស ​​​ដែលមានទម្ងន់​១គីឡូ​៨ខាំ ទៅ៣គីឡូ​ អាចលក់​បានក្នុងតម្លៃ​ចាប់ពី១លានរៀលឡើងទៅ ដោយមានគេចាំទិញក្នុងភូមិតែម្ដង​។

លោកថា៖ ​«ខ្ញុំយល់ឃើញថា ​បទល្មើស​ដែលមានលក្ខណៈជាប្រព័ន្ធ​ ហើយអត់មានអាជ្ញាធរឬមន្រ្តីណា​ធ្វើការស៊ើបអង្កេតចំពោះករណី​ធ្វើការរកស៊ីហ្នឹង។​ ខ្ញុំថាបើអ៊ីចឹងទៀត ព្រៃក៏អស់ ឈើក៏អស់ដែរ»។

ដោយឡែក អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព បានឱ្យដឹងថា ការចាប់សត្វស្វា​​នៅស្រុកសណ្ដាន់​​ មានពីរប្រភេទដែលជាការដាក់អន្ទាក់​ និងប្រភេទមួយទៀតគឺការ​កាប់ព្រៃឈើ​​ព័ទ្ធ​ជុំវិញ រាយ​សំណាញ់​ ​រួចដេញ​ឱ្យស្វាជាប់សំណាញ់ ដើម្បីចាប់តែម្ដង​។

លោកបន្តថា សត្វ​​ស្វាដែលគេពេញនិយម​សម្រាប់ចាប់លក់នោះ គឺមានសម្បុរ​ស ​ដែលអាចឱ្យ​ជនល្មើស​យកទៅលក់​មានតម្លៃយ៉ាងតិច ​១លានរៀល​ក្នុង​​មួយក្បាល​។

លោកថា៖ «ស្វា​សហ្នឹង វាមាន​តម្លៃ​ណាស់!​ បើអាស្វាខ្មៅ អត់មានតម្លៃ​ទេ​។ ស្វាហ្នឹងមួយ ១លាន​​​រៀលឯណោះ!​ ថៅកែ គេ​ទិញនៅខេត្តកំពង់ធំ ​ស្រុកសណ្ដាន់ មានថៅកែច្រើន​សម្រាប់ទិញ​»។

លោកបន្ថែមថា​ ជនល្មើស​​បានចូលទៅក្នុងព្រៃឡង់​ដើម្បីចាប់យកស្វា តែយ៉ាងណា ​មន្រ្តី​បរិស្ថាន​មិនបានចាប់អារម្មណ៍ជុំវិញករណីនេះទេ ហើយរាល់ពេលដែល​បណ្ដាញ​សហគមន៍ព្រៃឡង់​​យាមនៅច្រក​ចេញចូលព្រៃឡង់​ បានជួបករណីនេះជាច្រើនដង​។

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង​ លោក អេង ភីរុង ប្រាប់វីអូឌីកាលពីចុងខែតុលា ថាលោកនៅមិនទាន់ដឹងចំនួន​ករណី​នៃបទល្មើស​កាប់ឈើនៅដែនជម្រកព្រៃឡង់ ក្នុងឆ្នាំ​នេះ ​នៅឡើយទេ​​។ ចំណែកឯបទល្មើស​ចាប់សត្វព្រៃ ជាពិសេសសត្វស្វានោះ ​ខាងមន្រ្តីក៏​មិនទាន់ចាប់ជនល្មើសបាននៅឡើយដែរ។

លោកថា៖ «ករណីចាប់ស្វាហ្នឹងកើតឡើងញឹកញាប់​ណាស់ ជួនកាលជនល្មើសវារត់​ទេ​។ យើងចាប់បានវត្ថុតាង​ដូចជា​សំណាញ់​ និងវត្ថុតាងផ្សេង​ៗ​មានអន្ទាក់អីហ្នឹង​ ហើយយើងចាប់វត្ថុតាងដាក់ក្នុងមន្ទីររួចហើយ។​ ហើយសត្វស្វា និងសំពោចអី យើងលែងវិញ​»។

វីអូឌី បានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប៉ុន្តែមិនមានការឆ្លើយតបគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា។ ដោយឡែក រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព សុំមិនឆ្លើយតបលើរឿងនេះឡើយ។

អ្នកសម្របសម្រួលអាដ​ហុកប្រចាំខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន្នី ដែលបានចួលរួមល្បាតព្រៃឡង់កាលពីពេលថ្មីៗនេះ បានសង្កេតឃើញថា ​មានការកាប់ឈើ​ដើម្បីចាប់យកស្វា​បន្តកើតមាន ​ដោយមន្រ្តីបរិស្ថានមិនបាន​បង្រ្កាប និងទប់ស្កាត់​ឱ្យមានប្រសិទ្ធភាពនៅឡើយទេ​។

លោកថា៖ «កន្លងមក នៅពេលដែលយើងចុះមក​ ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់​ ការដាក់អន្ទាក់ ការដាក់យកស្វាហ្នឹង នៅតែមាន​បន្ត អត់មានស្រាកស្រាន្តនោះទេ។​ ហើយជនដែលប្រព្រឹត្តហ្នឹងអត់ថ្មីទេ មុខដដែលៗ​! អ្នកអារឈើ និងអ្នកដាក់អន្ទាក់ហ្នឹងក៏មុខដដែលៗដែរ»។

​មន្ត្រីសង្គមស៊ីវិលរូបនេះទទូចសាជាថ្មីដល់​អាជ្ញាធរគ្រប់ជាន់ថ្នាក់​​ឱ្យ​ស៊ើបអង្កេតជាបន្ទាន់​ ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ខ្លួនដែល​បានដាក់កំណត់ជាដែនជម្រកសត្វព្រៃ «ព្រៃឡង់» ឬ កម្មវិធី «អន្ទាក់សូន្យ» ជាដើម ហើយ​អាជ្ញាធរត្រូវ​តែអនុវត្តស្របតាមនីតិវិធីតុលាការ គឺមិនគួរ​អនុវត្តតែ​ការផាកពិន័យនោះទេ ដែលធ្វើឱ្យជនល្មើសមិនខ្លាចរអា។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សេច​ក្ដីថ្លែងការណ៍​ដែលចេញ​ដោយ​ការិយា​ល័យ​មេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា បានឱ្យដឹងថា ក្នុងសំណុំរឿង​រត់​ពន្ធ​សត្វ​ស្វាព្រៃខុស​ច្បាប់​នេះ មានជន​សង្ស័យ​៨នាក់​ ក្នុង​នោះមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ២នាក់ និងបុគ្គលិក ៦នាក់របស់ក្រុមហ៊ុន Vanny Bio Research។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មទាំងពីរនាក់ដែលពាក់ព័ន្ធសំណុំរឿង រួមមាន ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ លោក គ្រី ម៉ះផល ដែលត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងអគ្គនាយករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស

សេចក្តីថ្លែងការណ៍​បន្តថា ជនសង្ស័យ​ទាំង​៨នាក់ត្រូវបាន​ចោទ​ប្រកាន់​ថាបាន​​ចា​ប់​ប្រមូល​សត្វ​ស្វាក្ដាម​​​នៅ​ក្នុងឧទ្យាន​ជាតិ និងតំបន់ការពារ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានសត្វស្វាចំនួន៣ ០០០​ក្បាលត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រីក្រសួង​កសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រលប់មកវិញ​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ