អ៊ុយក្រែន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ UN ចាត់​វិធានការ​ជុំវិញ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋា​រចនា​សម្ពន្ធ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Juan Medina)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធម្សិលមិញ បានអំពាវនាវ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​រ​សហ​ប្រជាជាតិ ឱ្យចាត់វិធានការ​ដើម្បីបញ្ឈប់ការវាយប្រហារតាមដែនអាកាសរបស់​រុស្ស៊ីលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ដែលបានធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែន​គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។

ការអំពាវនាវ​នេះត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ី​បាន​​បាញ់​​មីស៊ីល​​​ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាល​ពី​ថ្ងៃ​ពុធ ដោយ​ក្នុងនោះក៏បាន​សម្លាប់​មនុស្ស ១០​នាក់ ​ខណៈ​ការផ្គត់ផ្គង់​ទឹក និង​អគ្គិសនី ក៏ត្រូវបាន​កាត់​​ផ្ដាច់​នៅ​​ក្នុង​ទីតាំង​​ជា​ច្រើន​ផង​ដែរ។

ថ្លែងតាមរយៈប្រព័ន្ធវីដេអូទៅកាន់សភានៅទីក្រុងញូវយ៉ក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើង​ថា៖ «ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែយើង​ទទួល​បាន​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​រហូត​ដល់​ទៅ៧០​គ្រាប់ លើ​មន្ទីរ​ពេទ្យ សាលារៀន ហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន និងតំបន់លំនៅដ្ឋាន​ ជាដើម។ វាគឺជាសកម្មភាពនៃភេរវកម្មរបស់រុស្ស៊ី»។

ទាក់ទិននឹងករណីនេះ លោកប្រធានាធិបតីអ៊ុយក្រែន បន្ថែមថា អ៊ុយក្រែន បច្ចុប្បន្នកំពុងតែរង់ចាំមើលប្រតិកម្មដ៏ខ្លាំងក្លាមួយពីពិភពលោក ចំពោះការវាយប្រហារតាមផ្លូវអាកាសដែលកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ។

គួរបញ្ជាក់ថា ទីក្រុងកៀវ គឺជាគោលដៅដ៏សំខាន់មួយនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ខណៈអភិបាលនៃទីក្រុងមួយនេះបានឱ្យដឹងថា តំបន់ទាំងអស់ក្នុងទីក្រុង​ ដែលមានប្រជាជនរស់នៅជាង៣​លាននាក់ ក៏គ្មានអគ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ផងដែរ។

ទោះជាយ៉ាងណា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ថាមពល និងសេវាកម្មផ្សេងទៀត កំពុងតែត្រូវបានតភ្ជាប់ឡើងវិញហើយ​នៅក្នុងតំបន់ជាច្រើន ខណៈមន្រ្តីពាក់ព័ន្ធទាំង​ឡាយ​កំពុង​តែខិ​ត​ខំ​បំពេញ​ការ​ងារ​នេះ​ទាំង​យប់ទាំង​ថ្ងៃ។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន ​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីខែកុម្ភៈឆ្នាំនេះ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រទេសរុស្ស៊ីថាកំពុងតែព្យាយាមកម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ