អង្គការសង់ត្រាល់ថា ពលករចំណាកស្រុកមួយចំនួនមានបញ្ហាជីវភាព និងមិនទទួលបានបណ្ណក្រីក្រ

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានឱ្យដឹង​ថា ពលករចំណាកស្រុកមួយចំនួនបានជួបបញ្ហា​​ក្នុង​​ជីវភាព​គ្រួសារជាខ្លាំង ប៉ុន្តែមិនទទួលបានបណ្ណក្រីក្រ ឬបណ្ណសមធម៌ពីរដ្ឋ។

ថ្លែងក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការលើកកម្ពស់កិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក នៅរាជធានីភ្នំពេញ ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មន្ត្រីកម្មវិធី​នៃម​ជ្ឈម​ណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា បានឱ្យដឹងថា មានពលករខ្មែរប្រមាណ២លាននាក់បានចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ។

មន្ត្រីសិទ្ធិការងាររូបនេះបន្តថា ក្នុងចំណោមពលករទាំងនោះ មានពលករមួយ​ចំនួនបាន​ជួប​បញ្ហា​ប្រឈម​ទាំង​ជីវភាព សុខភាព និង​មិន​ទទួលបានកិច្ចគាំពារសង្គមទាំងនៅក្រៅប្រទេស នៅ​ពេលដែលពួកគេត្រលប់​​​មក​កម្ពុជា​វិញ ជាពិសេស​​មិន​ទទួល​បាន​សេវា​ព្យាបាល​សុខ​ភាព​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩។

លោក ឌីថេ ហូយ៉ា បន្ត​ថា តាមការកត់​ត្រារ​បស់​អង្គ​ការ​សង់​ត្រាល់ គឺ​នៅ​ឆ្នាំ២០២២​នេះ ពលករខ្មែរ​ត្រូវ​បាន​ឃាត់​ខ្លួនប្រមាណ​៨០ករណី ក្រោយ​ពួកគេចាញ់បោកមេខ្យល់ចំណាកស្រុករកការងារធ្វើនៅប្រទេសថៃ ហើយ​ក្រោយ​ពេល​បញ្ជូនពួក​គេម​ក​កម្ពុជា​វិញ គឺ​ពលករមួយចំនួន​បានជួ​បប​ញ្ហាជីវភាពជាខ្លាំង ហើយពួកគេមិនទទួលបានបណ្ណក្រីក្រ ឬបណ្ណសមធម៌ពីរដ្ឋនោះទេ។

លោកបន្ថែមថា៖ «គាត់ប្រឈមមិនមានប្រាក់ចំណូល អ្នក​ខ្លះបាន​ជំពាក់បំណុលគេ ហើយ​អ្នក​ខ្លះអត់​មាន​ដីស្រែដីចម្ការសម្រាប់​ធ្វើកសិកម្មទេ ខ្វះខាតជីវភាព។ យើងបានជួបសម្ភាសជាច្រើនជាមួយអតីតពលករចំណាកស្រុកដែលវិលត្រលប់មកវិញហ្នឹង គឺថាហេតុអីមើលទៅផ្ទះ ដូចជាមិន​មាន​ទេ ផ្ទះតូច សួរថាមានដីស្រែចម្ការ មានអត់? [ពលករចំណាកស្រុកថា]អត់មានទេ! ដល់ពេលសួរថាមានបណ្ណក្រីក្រអត់? ក៏អត់មានដែរ។ គាត់បានលើកឡើងមកថា អ្នកខ្លះផ្ទះដំរី​ដើរ​ចូល​ចុះ មាន​ទូរទស្សន៍​LCDមើល ​តែមាន​បណ្ណ​ក្រីក្រ»

បើតាម​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិ​​ទ្ធិ​​មនុស្ស (សង់​ត្រាល់) ការ​រៀបចំ​សិក្ខា​សាលា​ពិគ្រោះយោ​បល់​ថ្នាក់​ជាតិ នៅថ្ងៃ​សុក្រ​​នេះ ក្នុង​គោល​បំណង​ប្រមូល​ធាតុ​ផ្សំ​ដាក់​ទៅ​រដ្ឋាភិ​បាល ដើម្បី​ជំរុញ​ដល់ការ​លើក​កម្ពស់​កិច្ច​គាំពារ​សង្គម​ដល់​ពលករចំណាក​ស្រុក។

ថ្លែងក្នុង​សិក្ខាសាលានេះដែរ ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ​ លោក កែវ អូលី បានទទួល​ស្គាល់​ថា ការធ្វើបណ្ណក្រីក្រ ឬបណ្ណសមធម៌ ពិតជាមានភាពខ្វះចន្លោះខ្លះ ហើយ​លោកបានស្នើដល់ប្រជាពលរដ្ឋទីទ័ល​ក្រី និងអ្នកពាក់ព័ន្ធ ត្រូវទៅដាក់ពាក្យស្នើសុំសម្ភាសសុំបណ្ណក្រីក្រ ក្នុងករណីអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ ឬធ្វើការងារនេះមានភាពខ្វះចន្លោះ។

លោក កែវ អូលី អះអាង​ថា ការផ្តល់បណ្ណសមធម៌នេះ គឺពុំមានការរើសអើងប្រកាន់បក្ខពួក ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបន្ថែមថា៖ «ហើយសម្រាប់ការផ្តល់បណ្ណសមធម៌នេះ គឺក្រសួងផែនការមិនមានពន្យល់ ឬក៏ណែនាំអាជ្ញាធរមូលដ្ឋានថាកុំឱ្យធ្វើបណ្ណក្រីក្រ ឬបណ្ណសមធម៌ ទៅឱ្យអ្នកមាននិន្នាការប្រឆាំង ក៏អត់ទេ! ពាក្យសមធម៌ គឺមានន័យថាស្មើភាពគ្នា ខាងរដ្ឋាភិបាល​ក៏មិនបានចាត់ទុកថាអ្នកប្រឆាំងមិនឱ្យបណ្ណ ក៏អត់ដែរ»

បើតាមលោក ឌីថេ ហូយ៉ា កត្តាដែលនាំឱ្យពលរដ្ឋខ្មែរចំណាកស្រុក​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​នៅ​ក្រៅប្រទេស​ ដោយសារជីវភាពក្រីក្រ ក្នុងស្រុកអត់ការងារធ្វើ កសិកផល​របស់​កសិករ​គ្មាន​ទីផ្សារ ខណៈសម្ភារកសិកម្មឡើងថ្លៃ និងបញ្ហាផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ