អ្នកជំនាញ​ជំរុញ​ឱ្យ​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​ឯករាជ្យ​ដើម្បី​ឱ្យ​ប្រជាធិបតេយ្យ​រឹងមាំ

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឈរយាមនៅមុខច្រកចូលមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកជំ​នា​ញខាងប្រព័ន្ធផ្សព្វផ្សាយ​ ​អំ​ពា​​វ​នាវ​​ឱ្យ​ភា​គី​ពាក់​ព័​ន្ធ​ប​ន្តលើ​ក​ក​ម្ពស់​វិ​ស័យ​សា​រ​ព័​ត៌​មា​ន​ឯ​ក​រា​ជ្យក្នុ​ង​ប្រ​ទេស​ក​​ម្ពុ​ជា​ ​ដោ​យ​មើ​​លឃើញថា ​ពួក​គេ​ជាតួ​អ​ង្គ​សំ​ខាន់​មួ​យក្នុងការ​​​ចូល​រួម​ព​ង្រឹ​​ងគ្រឹះ​​​​​ប្រ​​ជា​​ធិប​តេ​យ្យ ខណៈ​បញ្ហា​នេះកំ​ពុង​រ​ងកា​​​រ​គំ​រាម​កំហែ​ង​ និ​ងរឹ​តត្បិត​។ ​

កា​រលើ​កឡើ​ងបែ​បនេះ​បា​នធ្វើឡើងក្នុង​វេទិ​​កា​ប្រចាំ​​ឆ្នាំ លើ​ក​ទី២​ ស្តីពី ​តួនា​​ទីប្រ​ព័ន្ធ​ផ្សព្វ​ផ្សា​យក្នុ​ងកា​រតា​ម​ដា​ន ​និ​ង​រា​យ​​កា​រណ៍​​ព័​ត៌មា​នក្នុ​ងដំ​ណើរ​ការ​បោះឆ្នោ​តជា​តិ ​ឆ្នាំ២​០២​៣​​ ធ្វើឡើង​ក្នុង​រាជ​ធា​នី​ភ្នំពេ​ញ នា​ថ្ងៃ​សុក្រ​​នេះ​ ខណៈ​​មាន​ការ​​ចូលរួ​ម​​ពី​​អ្ន​​កសា​​រ​​ព័ត៌​មា​ន​​អា​ជី​​ព​ ​អ្ន​កសា​រ​ព័ត៌មានព​លរដ្ឋ​ ​អង្គការ​ស​ង្គ​ម​ស៊ី​វិល ​និ​ងតំ​ណា​ងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សរុប១២០នាក់។

ក្នុងវេទិកានោះ បញ្ហា​ជាច្រើន​ត្រូវ​បាន​អ្ន​​​ក​សារ​ព័​ត៌មា​នលើកឡើង​ រួ​មទាំ​ងការ​​​គំរា​មកំ​ហែង​​ ការ​រឹត​ត្បិត​​សេរី​ភាព​ ​រួមទាំងករណី​មន្ត្រីបំពានលើក្រមសីលធម៌ដែលចេញដោយ គ.ជ.ប. ជាដើម​។​

អ្នក​យកព័ត៌មា​នវិ​ទ្យុ​សំ​​ឡេងស​ហរដ្ឋ​អា​មេរិក (VOA)​ អ្នកស្រី ​កាន់ ​វិ​ច្ឆិ​កា បា​នលើ​ក​ឡើ​ង​ថា ​គាត់​ត្រូវ​បាន​គេរារាំងមិនឱ្យធ្វើសេចក្ដីរាយការណ៍ផ្ទាល់នៅជិត​ការិយាល័យបោះឆ្នោតមួយកន្លែងក្នុងរាជធានីភ្នំពេញ អំឡុង​នៃការបោះឆ្នោតថ្មីៗនេះ ដោយតម្រូវឱ្យធ្វើសេចក្ដីរាយការណ៍យ៉ាង​ហោចណាស់​ចម្ងាយ១០០ម៉ែត្រពីការិយាល័យបោះឆ្នោត បើទោះបម្រាម​នេះមិនមានចែងក្នុងក្រមសីលធម៌របស់ គ.ជ.ប. ក្ដី។

ប៉ុន្តែអ្នកស្រីថា សមត្ថកិច្ចបានដោះស្រាយ​បញ្ហានេះភ្លាមៗ ដោយបានអនុញ្ញាតឱ្យ​ធ្វើសេចក្តីរាយការណ៍​នៅជិតការិយាល័យបោះឆ្នោត​​វិញ ក្រោយ​ពីអ្នកស្រី​បានទូរសព្ទ​​ទៅកាន់អ្នកនាំពាក្យ គ.ជ.ប. ដើម្បីជម្រាបពីបញ្ហានេះ។

អ្នកស្រីថា៖ «អ៊ីចឹងក្រោយពីបានសួរហើយ មិនដឹងថាយ៉ាងម៉េច គាត់ដើរមកក្បែរខ្ញុំប្រាប់វិញថា ទៅក្បែរការិយាល័យបាន មិនបាច់នៅដល់១០០ម៉ែត្រទេ នេះជារឿងទី១។ ប៉ុន្តែក្នុងអំឡុងចុះយកព័ត៌មាននៅពេលហ្នឹង​ នៅតែប្រឈមនឹងការអត់ឱ្យចូលកៀកដដែល»

បន្ថែមពីនេះ នាយកនៃនាយកដ្ឋាន​ប្រព័ន្ធផ្សព្វផ្សាយរបស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​(CCIM) លោក អ៊ិត​ សូធឿត លើក​ឡើង​ថា រូប​ភាព​នៃ​ការ​រឹតត្បិតនិងគំរាមកំហែងដោយ​ប្រយោលក៏បាន​កើត​មាន​លើ​អ្នក​សារ​ព័ត៌​មាន អំឡុង​យុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត បើទោះបីពួកគេមាន​លិខិត​បញ្ជាក់ពីក្រសួងព័ត៌មាន និង គ.ជ.ប.។

ក្នុងន័យនេះ លោកកត់សម្គាល់ថា អ្នកសារព័ត៌មាន​ដែល​អាច​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​បោះ​ឆ្នោត ពួកគេមាន​ទាំង​បណ្ណ​ដែល​ទទួល​ស្គាល់​ពី​ក្រសួង​ព័ត៌​មាន រួម​ទាំង​ប័ណ្ណព័ត៌មានដែលទទួលស្គាល់ដោយ គ.ជ.ប. តែ​ទៅ​ដល់​កន្លែង​បោះ​ឆ្នោត អាជ្ញាធរបែរតម្រូវឱ្យពួកគេសុំការអនុញ្ញាត​ពីប្រធានការិយាល័យបន្ថែម​ទៀត ទើប​អាចយកព័ត៌មាន​ពី​សកម្មភាពបោះឆ្នោត និង​រាប់សន្លឹកឆ្នោត ជាដើម បើទោះបី គ.ជ.ប. មិន​បានហាម។ ករណី​នេះ លោក​ជំរុញឱ្យ គ.ជ.ប. ពិនិត្យ​ឡើង​វិញ ដើម្បី​ឱ្យអ្នកសារព័ត៌មាន​អាចបំពេញតួនាទីដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោកថា៖ «ប៉ុន្តែការអនុវត្តជាក់ស្តែង ពួកគាត់ត្រូវសុំការអនុញ្ញាតពី​ប្រធាន​ការិយា​ល័យ អានេះ​ជា​បញ្ហាដែល​បញ្ហា​មក​ពី​ការ​បក​ប្រែ [បក​ស្រាយ] អត្ថន័យ​ផ្សេង​គ្នា។ វា​ដូចគ្នានឹងច្បាប់ស្តីពីអង្គការសង្គមស៊ីវិល​ហ្នឹងដែរ​ គឺកន្លងមក ក្រសួងមហាផ្ទៃ តម្រូវឱ្យជូនដំណឹងទៅអាជ្ញាធរ ប៉ុន្តែការ​អនុវត្តជាក់ស្តែង​បែរជា​តម្រូវ​ឱ្យ​សុំច្បាប់​ទៅ​វិញ នេះជា​​បញ្ហា»

នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានថ្លែងដែរ​ថា ការចូលរួមរបស់អ្នកសារព័ត៌មាន និងការគាំទ្រពីបណ្ដាប្រទេស​ម្ចាស់ជំនួយ រួមទាំងដៃគូពាក់ព័ន្ធ ក្នុងការលើក​ស្ទួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជា​ពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត បានរួមចំណែកផ្ដល់ព័ត៌មានគ្រប់​ជ្រុង​ជ្រោយ​ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោកបន្ថែមថា តាម​រយៈសកម្មភាពទាំងអស់នេះ ពលរដ្ឋជាម្ចាស់ឆ្នោតអាចឈ្វេងយល់ពីដំណើរការបោះឆ្នោត ពីគណបក្សនយោបាយ តួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ​ ដើម្បីឱ្យពួកគេមានលទ្ធភាពតាមដាន​និងសម្រេចចិត្តនៅថ្ងៃបោះឆ្នោត។

លោក​គូសបញ្ជាក់ថា បើទោះបីបេសកកម្ម​នេះនៅជួប​បញ្ហា​ប្រឈមពីមួយ​អាណត្តិទៅ​មួយ​អាណត្តិ តែ​ថាការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយជាការពង្រឹងអំណាចប្រជាពល​រដ្ឋ រួម​ទាំង​ចំណេះ​ដឹង ដែលលោកគិតថា នៅថ្ងៃណាមួយ ពលរដ្ឋនឹងប្រើប្រាស់អំណាចនេះក្នុងការបដិសេធពីអំពើអយុត្តិធម៌ដែលកើតចេញពីការបោះ​ឆ្នោត។

លោកថា៖ «នៅពេលនោះហើយ ខ្ញុំជឿថា វាជាចំណុចរបត់មួយ​ដែលនឹងអាចជំរុញឱ្យមានការផ្លាស់ប្តូរ​ដំណើរ​ការបោះឆ្នោតនៅពេលអនាគត។ ហើយនៅពេលនោះ វាក៏ជាចំណុចនៃការចាប់ផ្តើមនូវពន្លឺប្រជាធិបតេយ្យ​ជាថ្មីនៅក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឱ្យប្រទេសយើងស្គាល់នូវតម្លៃប្រជាធិបតេយ្យមួយដ៏រឹង​មាំ ហើយ​នឹង​ធានា​នូវ​ការអភិវឌ្ឍ​សង្គមជាតិប្រកបដោយស្ថិរភាព»

បន្ថែមពីនេះ អ្នកជំនាញផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និង​ផ្នែក​ទំនាក់ទំនងសារព័ត៌មាន នៃអង្គការយូណេស្កូប្រចាំកម្ពុជា លោក មី​តែល អាហ្គ៍រ៉េ អ៊ីឌីតេស ឱ្យដឹង​តាម​រយៈ​អ្នក​បក​ប្រែថា សារព័ត៌មានជាសសរស្ដម្ភទី​៤ ដែលជាដៃគូមិន​អាច​ខ្វះបា​នក្នុង​ការជំរុ​ញតម្លា​ភាពសម្រាប់ដំណើរការបោះឆ្នោត។

មួយវិញទៀត លោក​ថា ការបោះឆ្នោតជា​ពេលវេលាដ៏មានសារសំខាន់សម្រាប់សង្គមប្រជាធិបតេយ្យ ហើ​យ​​ការបោះឆ្នោត​ក៏ផ្សារភ្ជាប់នឹងជីវភាពពលរដ្ឋ​ដែរ ដែល​ចាំបាច់ត្រូវធានាកុំឱ្យមានការគំរាមកំហែងដល់ពួ​ក​គេ។ លោក​បន្តថា ​ក្នុង​សម័យបច្ចេកវិទ្យាទំនើប​នេះ អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយការពិត បាន​ទប់ស្កាត់​ព័ត៌មា​ន​ក្លែង​ក្លាយដែលអាចធ្វើឱ្យពលរដ្ឋយល់ច្រឡំដែរ។

លោកថា«ដូច្នេះ ព័ត៌មានត្រូវតែសុក្រឹត ត្រូវតែច្បាស់លាស់ ដូច្នេះសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ដើម្បីលើកកម្ពស់អក្ខរកម្មនូវសារព័ត៌មាននេះ»

យ៉ាងណា អគ្គលេខាធិការ​រងនៃ​ គ.ជ.ប. លោក ម៉ុក ដារ៉ា ដែល​បានចូលរួមកម្មវិធីនេះ អះអាងថា នឹង​នាំ​យកបញ្ហានេះ​ទៅពិចារណាដើម្បីកែលម្អ។

លោកថា៖ «ក្នុងករណីបើមានករណីដូច្នេះមែន យើងខ្ញុំក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងយកគោលគំនិតនេះ ដើម្បីការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ដើម្បីធ្វើការផ្សព្វផ្សាយ ក៏​ដូចជា​ធ្វើការបង្ហាត់​បង្រៀនដល់​ក្រុម​ទាំង​ឡាយ​នៃ​ក្រុមគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី​ឱ្យ​បាន​​ជ្រាប​ បានយល់ដឹង​ឱ្យច្បាស់ អំពីអី្វជា​នីតិវិធី អ្វីដែលជាក្រមសីលធម៌ដែលបានកំណត់»

ក្រោយតុលាការកំពូល​រំលាយគណបក្សប្រឆាំងចេញពីសង្វៀននយោបាយចាប់ពីចុងឆ្នាំ២០១៧មក ក្បាល​​ម៉ាស៊ីន​ដឹកនាំ គ.ជ.ប. ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច។

 ជុំវិញបញ្ហានេះ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ធ្លាប់បានផ្តល់អនុសាសន៍ថា ដើម្បីឱ្យការបោះឆ្នោតមួយដំណើរទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម យ៉ាងហោចណាស់គេត្រូវធានាថាគ្មានការគំរាមកំហែងខាងនយោបាយ និងសេរីភាពបញ្ចេញមតិ នៅមុខការបោះឆ្នោត អំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោត រួមទាំងត្រូវធានាពីឯករាជ្យភាពរបស់ស្ថាប័នបោះឆ្នោត។

ដោយឡែក ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានវិញ ត្រូវបានអង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ចេញផ្សាយរបាយការណ៍​ថ្មីមួយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយ​វាយតម្លៃថា សេរីភាពសារព័ត៌មានកម្ពុជា​ ឆ្នាំ២០២២ នៅតែអាក្រក់ដដែល។

តាមប្រភពដដែល កម្ពុជាស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេសនិងដែនដី​នៅ​លើពិភព​លោក ដែលចំណាត់​ថ្នាក់​​នេះបង្ហាញ​​​ថា ​សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់​ចុះ​ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ