ហុងគ្រី​នឹង​ផ្ដល់​សច្ចាប័ន​សមាជិកភាព​អង្គការណាតូ​សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត​នៅ​ដើមឆ្នាំក្រោយ

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ស្វាគមន៍នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅឯគេហដ្ឋានផ្លូវការនាយករដ្ឋមន្ត្រី Kesaranta ក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (Reuters)

នាយក​​រដ្ឋមន្ត្រី​​ហុង​គ្រី​ លោក វិ​ចទ័​រ អ័រ​បេន ​(Viktor Orban) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សភា​នៃ​ប្រទេស​ហុងគ្រី នឹង​ផ្ដល់​សច្ចា​ប័ន​លើសមាជិក​ភាព​អង្គ​ការ​ណាតូ (NATO) សម្រាប់ប្រទេសហ្វាំ​ង​ឡង់ និង​ស៊ុយ​អែត ​នៅ​ដើម​ឆ្នាំ​ក្រោយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​បន្ទាប់ពីកិច្ចប្រជុំមួយនៅប្រទេសស្លូវ៉ាគី នាយក​រដ្ឋមន្ត្រីហុងគ្រី បានលើកឡើង​​​ថា រដ្ឋាភិបាលរបស់លោកបានធ្វើការសម្រេចចិត្តរួចរាល់ហើយថា ប្រទេសហុងគ្រី នឹង​គាំទ្រដល់​ការចូល​ជា​សមាជិក​អង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ខណៈសភាក៏នឹងកំណត់ប្រធាន​បទនេះ​នៅក្នុងរបៀបវារៈរបស់ខ្លួននៅក្នុងសម័យប្រជុំដំបូងរបស់ខ្លួននៅឆ្នាំក្រោយផងដែរ។

លោក វិ​ចទ័​រ អ័រ​បេន ​បន្ថែម​ថា៖ «ហុងគ្រីប្រាកដជា​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ចូល​ជា​សមាជិក​របស់​ពួកគេ [ហ្វាំងឡង់ និងស៊ុយអែត]។ ខណៈរដ្ឋាភិបាលបានសម្រេចរួចរាល់ហើយ សភា​ក៏​នឹង​សម្រេច​ដូច​គ្នានេះផង​ដែរ»។

គួរបញ្ជាក់​ថា សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ក៏ធ្លាប់បានធានាក្នុងការដោះស្រាយរាល់ទុកកង្វល់​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិ​សុខ​សម្រាប់​ស៊ុយ​អែត និងហ្វាំងឡង់ ក្នុងអំឡុងពេលដែលប្រទេសទាំង២​នេះដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ និងមុនពេលដែលពួកគេត្រូវបាន​ទទួលយក​ចូល​ក្នុ​ង​សម្ពន្ធមួយនេះផងដែរ។ ការធានានេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ​នេះបានលើកឡើងជាការព្រួយបារម្ភទាក់ទង​នឹង​ការ​ដាក់​សំណើ​​សមាជិកភាពទៅសម្ពន្ធ​យោធា​ណាតូ ដោយ​ថា ​ពួកគេអា​ច​នឹង​ងាយ​រង​នូវ​ការ​គំរាមកំហែង​ពីរុស្ស៊ី ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ដាក់​ពាក្យ​ស្នើ​សុំ ដែលអាចនឹងចំណាយរយៈពេលរហូតដល់ទៅមួ​យ​ឆ្នាំ​ក្នុងការទទួលបានការអនុម័តដោយសមាជិកណាតូទាំង​៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ