ផ្ទៃដីប្រមាណ១ម៉ឺនហិកតាជុំវិញបឹងទន្លេសាបមានការបន្ធូរបន្ថយការការពារ ដោយរំពឹងថានឹងផ្ទេរទៅឱ្យប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីនេះ ខណៈគម្រោងកំពង់ផែដែលមានទំនាក់ទំនងជាមួយឧកញ៉ា ទ្រី ភាព ទទួលបានដីឆ្នេរសមុទ្រនៅខេត្តកំពតចំនួន១៥០ហិកតា។
ការចាត់ថ្នាក់ឡើងវិញនៃជីវមណ្ឌលបឹងទន្លេសាបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំមុន បានលើកឡើងថា មន្ត្រីមូលដ្ឋានជាប់ពាក់ព័ន្ធក្នុងការទន្រ្ទានយកព្រៃលិចទឹកអស់ជាច្រើនហិកតា។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ។ មន្ត្រីនគរបាលចំនួនពីររូបត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីបទរំលោភយកដីបឹងទន្លេសាប។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានបន្ធូរបន្ថយការការពារឋបនីយជីវមណ្ឌលបឹងទន្លេសាប (កន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព) ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។ អនុក្រឹត្យចេញកាលពីខែមិថុនា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានលើកឡើងពីការកំណត់ឡើងវិញនូវផ្ទៃដី ចំនួន៦ ៣៨៥ហិកតា ក្នុងខេត្តកំពង់ធំ, ៣ ៣៩១ហិកតា នៅខេត្តកំពង់ឆ្នាំង, ៣៩៨ហិកតា នៅខេត្តបាត់ដំបង និង ៥៨ហិកតា នៅខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារទទួលបានការអនុញ្ញាតជាផ្លូវការ ដើម្បីធ្វើស្រែចម្ការ ទោះបីជាពួកគាត់មិនទទួលបានបណ្ណកម្មសិទ្ធិលើដីនេះក៏ដោយ។
លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ថា៖ «នេះជាដីដែលប្រជាពលរដ្ឋមានសិទ្ធិធ្វើស្រែចម្ការ ប៉ុន្តែមិនមានសិទ្ធិកាន់កាប់ឡើយ»។
លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា មន្ត្រីជំនាញបាននិងកំពុងរៀបចំផ្តល់ដីបន្ថែម ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋដាំដុះ។
លោកបានមានប្រសាសន៍ថា៖ «គណៈកម្មាធិការជាតិ ដែលដឹកនាំដោយក្រសួងរៀបចំដែនដី កំពុងធ្វើការលើរឿងនេះ។ សង្ឃឹមថាសប្ដាហ៍ក្រោយនឹងទទួលបានលទ្ធផល»។
សមាគមអភិរក្សសត្វព្រៃ ធ្លាប់បានជូនដំណឹងថា អាងបឹងទន្លេសាប «បាត់បង់ដែនជម្រកជាច្រើន»។
តំបន់ទំនាបលិចទឹក គឺជាជម្រកដ៏សំខាន់សម្រាប់ប្រភេទសត្វដែលរងការគំរាមកំហែងជាសកល ដូចជា សត្វត្រដក់ (ស្ថិតនៅក្នុងអម្បូរសត្វក្រសារ) ក្ងោកទេព និងភេខ្លួនរលោង។
នៅក្នុងអនុក្រឹត្យដាច់ដោយឡែកមួយដែលបានចេញផ្សាយក្នុងខែនេះ ផ្ទៃដីសមុទ្រចំនួន១៥០ហិកតា ក្នុងក្រុងបូកគោ ខេត្តកំពត ត្រូវបានផ្ទេរឱ្យក្រុមហ៊ុន Kampot Logistics។
ក្រុមហ៊ុននេះកំពុងសាងសង់កំពង់ផែមួយ ដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ទទួលបានការវិនិយោគចំនួន១,៧ពាន់លានដុល្លារ ហើយអាចតភ្ជាប់ឆ្នេរសមុទ្រទៅកាន់ទន្លេបាសាក់។ ក្រុមហ៊ុននេះក៏ធ្លាប់ទទួលបានដីឆ្នេរសមុទ្រចំនួន៦០០ហិកតាផងដែរ។
រូបភាពពីផ្កាយរណបបង្ហាញថា តំបន់ដែលត្រូវបានផ្ទេរនៅក្នុងអនុក្រឹត្យនេះ និងដែលត្រូវបានចុះហត្ថលេខាក្នុងខែមិថុនា កំពុងត្រូវបានចាក់ខ្សាច់បំពេញ។
ចៅសង្កាត់ព្រែកត្នោត លោក គង់ ប៊ុនរ៉ា បាននិយាយថា ដីនោះត្រូវបានផ្ទេរទៅឱ្យឧកញ៉ា ទ្រី ភាព។ លោកបន្តថា ការអភិវឌ្ឍនេះបានបង្កឱ្យមានជម្លោះជាមួយប្រជាពលរដ្ឋក្នុងតំបន់។
លោកថា៖ «ក្រុមហ៊ុនត្រូវតែផ្ដល់ដំណោះស្រាយដល់ប្រជាពលរដ្ឋរបស់យើងដែលរងផលប៉ះពាល់»។
ទោះយ៉ាងណា លោកឧកញ៉ា ទ្រី ភាព មិនស្ថិតក្នុងចំណោមនាយកក្រុមហ៊ុន Kampot Logistics ដែលមានរាយនាមឡើយ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kampot Port Receives More Sea, Tonle Sap Transfer Proceeds