សវនាការ​ជំនុំជម្រះ​អ្នកគាំទ្រ​ដំណើរ​វិលត្រលប់​របស់​លោកស្រី មូរ សុខហួរ ឈាន​ដល់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅដើមខែក្រោយ

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សវនាការ​​ជំនុំ​ជម្រះ​​​អតីត​ថ្នាក់ដឹកនាំ​​​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវតុលាការរំលាយ និង​​អ្ន​ក​​គាំទ្រ​​ ពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញការ​​គាំទ្រ​​​ដំណើរ​វិល​ត្រលប់មកកម្ពុជាវិញ​របស់​លោកស្រី មូរ សុខហួរ នឹង​ឈាន​​​ដល់​​ការធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ​នៅ​ដើមខែ​ធ្នូ។

តុលាការសាលាដំបូង​​រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះជនជាប់ចោទចំនួន ៣៧​​នាក់ ដែល​ម្នាក់​​នៅ​ក្រៅឃុំ ពាក់ព័ន្ធ​ករណី​គាំទ្រ​កា​​រ​ប៉ុន​​ប៉ង​​វិលត្រលប់មកកម្ពុជាមិនបានសម្រេច​​របស់​លោកស្រី មូរ សុខហួរ ​​កាលពីឆ្នាំ២០២១។ ជនជាប់ចោទ​ទាំងនេះ​ប្រឈមនឹងបទចោទប្រកាន់​ពី​បទ ​រួ​មគំ​និតក្បត់ ដែល​​អាច​​ជាប់​​ពន្ធនាគារ​​ពី​ ៥​​ឆ្នាំ​ ទៅ​​ ១០​ឆ្នាំ បើ​រក​​ឃើញ​​ថា​​មាន​ពិរុទ្ធ។

ចៅ​ក្រម លោកស្រី អ៊ុក រ៉េតគន្ធា បានសម្រេចនៅចុងបញ្ចប់នៃសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នឹងមិនមានការសួរដេញដោលបន្ថែម​​ទៀតទេ ហើយថាតុលាការនឹងឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ។

លោកស្រីបានមានប្រសាសន៍ថា៖ «ឥឡូវនេះ ​សំណុំរឿង​នេះចប់ហើយ។ យើង​មិនមាន​អ្វី​ត្រូវ​បន្ថែម​ទៀត​ទេ»។

នៅមុនសវនាការ ចៅក្រមបានចាក់ឃ្លីបសំឡេង និងវីដេអូសរុប​ចំនួន៦ ដែលជាបទសម្ភាសរបស់វិទ្យុអាស៊ីសេរី ជាមួយលោកស្រី មូរ សុខហួរ និងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយ លោក អ៊ូ ច័ន្ទឫទ្ធិ ជាវីដេអូដែលលោកស្រី មូរ សុខហួរ និយាយ និងការសន្ទនាតាមទូរសព្ទចំនួន៤លើក​រវាងជនជាប់ចោទ​ឈ្មោះ ខាន់ ប៊ុនផេង និងមនុស្សពីរនាក់ទៀត។

ទោះបីជាចៅក្រមបានបញ្ជាឱ្យបុគ្គលិកនៅតុលាការចាក់ឃ្លីប​ទាំង​នេះក្ដី ស្ទើរ​តែ​គ្មាន​ការពិភាក្សា​​អំពី​​ខ្លឹម​​សារនៅក្នុង​​​ឃ្លីប​នោះ​ទេ​។

លោក​ស្រី អ៊ុក រ៉េតគន្ធា បាននិយាយថា លោក ខាន់ ប៊ុន​ផេង បាន​និយាយ​ជាមួយ​​មនុស្ស​​២នាក់​តាម​​ទូរសព្ទ ក្នុងនោះ​មាន​ម្នាក់ឈ្មោះ ហេង សុខឡេង (ហៅ សេង សុខឡេង) ដែលជាជនជាប់ចោទ​​ម្នាក់ទៀតដែលនៅក្រៅឃុំ និង​ឈ្មោះ ឡេស ស្លែម៉ាត ដែលហាក់ដូចជាមិនពាក់ព័ន្ធដំណើរ​ការសវនាការ​​ឡើយ។ នៅក្នុងឃ្លីប​សំឡេងមួយក្នុងចំណោម​ឃ្លីបទាំងនោះ​ គេពិបាកស្ដាប់ថាតើ​កំពុងសន្ទនាពីអ្វី ហើយឈ្មោះ ខាន់ ប៊ុនផេង និយាយតិចតួចបំផុត។ នៅត្រង់ចំណុច​មួយនៃឃ្លីប អ្នកដែលនិយាយជាមួយឈ្មោះ ខាន់ ប៊ុនផេង បាននិយាយអំពីការឡើងមករាជធានី​ភ្នំពេញ ដើម្បី​ទទួលស្វាគមន៍​​លោកស្រី មូរ សុខហួរ ប៉ុន្តែមិនច្បាស់ថាតើអ្នកដែលបាននិយាយនោះជា ហេង សុខឡេងឡេស ស្លែម៉ាត

លោក ឡោ ជុនធី មេធាវីការពារក្ដីរបស់ជនជាប់ចោទ​ឈ្មោះ ខាន់ ប៊ុនផេង មានប្រសាសន៍ថា ការសន្ទនានេះភាគច្រើនជាសំឡេងតែម្ខាង​ មិនមែនជាសំឡេងកូនក្ដីរបស់លោកទេ។

លោក ឡោ ជុនធី បាន​ថ្លែង​ថា៖​ «​ការ​សន្ទនា​គួរ​តែ​មានភាគីទាំងសងខាង​ឆ្លើយ​ឆ្លងគ្នា»។

ជនជាប់ចោទ ឈ្មោះ ខាន់ ប៊ុនផេង មាន​ចម្ងល់​អំពី​សំឡេងនៅ​ក្នុង​ឃ្លីប​មួយ​។

លោកថា៖​ «សំឡេង​នេះ​ហាក់​មិន​មែន​ជា​សំឡេង​របស់ ​សុខឡេង ​ទេ […] ខ្ញុំ​សុំ​ឱ្យ​ចៅក្រម​ពិចារណា​រឿង​នេះ ហើយ​ផ្ទៀងផ្ទាត់​ម្ដង​ទៀត»។

លោក គង់ ម៉ាស់ និងលោក ​វឿង សំណាង ជាជនជាប់ចោទ​ផ្សេងទៀត​នៅ​ក្នុង​សវនាការ ​បាន​និយាយ​ថា ពួកគេ​គ្មាន​អ្វី​ត្រូវ​បន្ថែម​ទេ ហើយ​សវនាការ​ត្រូវ​បាន​បិទ។ សវនាការនឹងបន្តនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Sochua Mass Trial Moves to Closing Arguments

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ