យុវជន​បោះបង់​ការ​សិក្សា​ក្នុង​ភាព​ជា​យុវវ័យ ត្អូញត្អែរ​ពី​ផលលំបាក​ក្រោយ​ប្រឡូក​ក្នុង​ជីវិតគូ

អ្នកស្រី ឆេង ស្រីលក្ខណ៍ និងស្វាមី កំពុងបីកូន២នាក់ជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍រួច នៅខាងមុខផ្ទះ ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជា រ៉ាយុទ្ធ)

យុវវ័យដែលឆាប់រៀបការទាំងនៅវ័យក្មេង ក្រោយបោះបង់ការសិក្សា ពួកគេជួបបញ្ហាជាច្រើន​​ស​​ម្រា​​​​​ប់​​ជីវិតរស់នៅប្រចាំថ្ងៃ ទាំង​​ផ្នែក​​​​ជីវភាព និងហិង្សាក្នុងគ្រួសារ ខណៈអង្គការភ្លែន​​អន្តរជាតិ​​រក​​ឃើ​​ញ​​ថា ការឆាប់ប្រឡូកក្នុងជីវិតគូទាំងនៅក្នុងភាពជាយុវវ័យនេះ ត្រូវប្រឈមមុខសម្រាប់អនាគត​​រ​​​ប​ស់​​ពួកគេ។ 

នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា បង្ហាញរបាយការណ៍របស់ខ្លួនថា នៅក្នុងប្រទេស​​កម្ពុជា​​ប​ច្ចុប្បន្ននេះ មា​​នយុវវ័យប្រមាណ១០ភាគរយក្នុងចំណោមយុវជនសរុបនៅទូទាំងប្រទេស ពួក​​គេ​​​​​​បា​ន​​​​រៀបការទាំងនៅវ័យក្មេង។

អ្នកស្រី យឿន លីកា រស់នៅឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ និយាយថា អ្នកស្រីឈប់រៀនត្រឹ​ម​​ថ្នាក់ទី៧ ក្រោយសម្រេចចិត្តបោះបង់ការសិក្សា ក៏ត្រូវរៀបអាពាហ៍ពិពាហ៍តែម្តង។ ស្ថិតក្នុងវ័យ២​​៤ឆ្នាំ ដោយមានកូនប្រុសម្នាក់ក្នុងបន្ទុក ហើយជាកម្មការិនីរោងចក្រ អ្នកស្រីឱ្យដឹងថា ការដើរ​​ចេ​​ញ​​​ពីការសិក្សា និងរៀបការលឿនពេកបែបនេះ ធ្វើឱ្យអ្នកស្រីត្រូវជួបបញ្ហាសព្វគ្រប់ ជាពិសេ​​ស​​ផ្នែ​​ក​​ជីវភាព។

អ្នកស្រីបន្តថា៖ «អ្វីដែលពិបាកសម្រាប់ខ្ញុំ គឺកត្ដាជីវភាពហ្នឹងតែម្ដង ក្រៅពីហ្នឹងដូចជាមិនសូវអីទេ»

ស្រដៀងគ្នានេះដែរ អ្នកស្រី ឆេង ស្រីលក្ខណ៍ ឱ្យដឹងថា ដោយសារកត្តាជីវភាព អ្នកស្រីត្រូវ​​បង្ខំ​​ចិត្ត​​​​​បោះ​​បង់ការសិក្សាក្រោយប្រឡប់ជាប់ឌីប្លូមរួច។ ស្ថិតក្នុងវ័យ២៧ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើកឡើងថា ក្រោយពីចាប់ដៃគ្នាជាប្ដីប្រពន្ធទាំ​​ង​វ័យប្រហាក់ប្រហែលគ្នា ហើយមានកូន២នាក់នៅក្នុង​​បន្ទុក គ្រួសារអ្នកស្រី​​ឧស្សាហ៍​​ជួបរឿង​​រ​​កាំ​​រ​​កូ​​​ស និងមានពេលខ្លះក៏កើតទៅជាអំពើហិង្សាក្នុងគ្រួសារថែមទៀតផង ប៉ុន្តែការកើតអំពើប្រ​​ទូ​​ស​​រ៉ាយនេះមិនជាបញ្ហាធ្ងន់ធ្ងរប៉ុន្មានទេ។

អ្នកស្រីបន្តថា៖ «រាល់ថ្ងៃ គ្មានអ្វីក្រៅរឿងលុយទេបង! ហើយពេលខ្លះក៏ឈ្លោះគ្នាតិចតួចដែរ។ រៀបការទាំងវ័យក្មេង ពិបាក មិនសូវជាយល់ចិត្ដគ្នា នេះជាបញ្ហាពិបាកសម្រាប់ខ្ញុំរាល់ថ្ងៃ»

កាលពីថ្ងៃទី១០ ​ខែធ្នូ ឆ្នាំ២០២៣ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានបង្កើត​គម្រោង​មួយ ដែ​​លគម្រោងនោះគឺ​គាំពារ​ដើម្បី​ឱ្យ​ឪពុកម្ដាយ យុវជន សហគមន៍ និង​ជនជាតិ​ដើម​ភាគតិច យល់ដឹ​​​​ង​​​​ពី​ផលប៉ះពាល់​នៃ​​​ការរៀ​បការ​វ័យក្មេង។ ផលប្រយោជន៍នៃគម្រោងនេះ សមាគមអាដហុក លើ​​ក​​​ឡើងថា គឺជំរុញឱ្យមានការ​ផ្លាស់ប្ដូរអាកប្បកិរិយា​ក្នុងការ​បង្ខំ​ឱ្យ​កូនរៀបការ​ទាំ​​ង​វ័យក្មេង ជាពិសេ​​ស​​​យល់​​ដឹងពីច្បាប់​អាពាហ៍ពិពាហ៍។

មិនខុសគ្នាទេ អ្នកស្រី ម៉ាក់ ស្រីលីន ដែលទើបចែកផ្លូវគ្នាជាមួយនឹងស្វាមី ដោយបន្សល់ទុកកូន​ស្រីម្នាក់អាយុ១ឆ្នាំកន្លះ រំពឹងទុកថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច អាចកសាងសុភមង្គលគ្រួសារបាន​​​ល្អ​ដូចទេ ប៉ុន្តែលទ្ធផលមិនដូចការគិតទុកឡើយ។ ស្ថិតក្នុងវ័យប្រមាណ១៩ឆ្នាំ អ្នកស្រី​​​​​​​​​​​អះ​អា​ង​​​ថា កា​រដែលឆាប់ប្រឡូកក្នុងជីវិតមានគូ ហើយបោះបង់ការសិក្សាទាំងវ័យ​​​កំ​​ពុងតែរៀន​​សូត្របែប​​​នេះ វា​​ពិត​ជាបង្កើតការឈឺចាប់ និងមានវិប្បដិសារី។

បើតាមអ្នកស្រី ម៉ាក់ ស្រីលីន យុវជនដែលកំពុងស្ថិតនៅក្នុងវ័យកំពុងសិក្សា មិនត្រូវជ្រួលជ្រើម និង​​ចង់​​​ដឹងចង់ឮចំពោះស្នេហា ជាថ្នូរនឹងការឈប់រៀនសូត្រនោះឡើយ។

អ្នកស្រីបន្តថា៖ «ខ្ញុំមានការសោកស្ដាយ ដែលខ្ញុំសម្រេចចិត្ដបោះបង់ការសិក្សាចោល ទាំងខ្លួននៅក្មេង និងសម្រេចរៀបការបែបនេះ»

លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា យុវជនដែលបោះបង់ការសិក្សា ហើយសម្រេចចិត្តរៀបការទាំងវ័យក្មេងមានជាង១​០​ភាគរយ ឬប្រមាណជាង១ម៉ឺននាក់ ក្នុងចំណោមយុវជនសរុបនៅទូទាំងប្រទេស។ លោកបន្តថា ខេត្ដចំនួន៣ ដែលមានអត្រារៀបការទាំងវ័យក្មេងខ្ពស់ជាងគេគឺ ខេត្ដរតនគិរី ស្ទឹងត្រែង និងខេត្ដសៀមរាប។ លោក យី គឹមថាន ចាត់ទុ​​​ក​​ការរៀបការទាំងវ័យក្មេងនេះថា វាបានបង្កទៅបញ្ហាជាច្រើនចំពោះអនាគតរបស់ពួកគេ ជា​​ពិ​​សេ​​​​ស​​ងាយ​​នឹងបង្កជាអំពើហិង្សាក្នុងគ្រួសារ ព្រោះតែខ្វះចំណេះដឹង។

លោកបន្តថា៖ «សម្រាប់យើង អង្គការភ្លែនអន្ដរជាតិកម្ពុជា យើងទទូច និងតែងតែអំពាវនាវ ជាពិ​​សេ​សលើកទឹកចិត្ដឱ្យយុវជនគួរតែសិក្សាឱ្យបានច្រើន យ៉ាងហោចណាស់បានចប់ត្រឹមវិទ្យាល័យអីដែរ។ ហើយមិនគួរបោះបង់ការសិក្សាទាំងវ័យក្មេងទេ វាមានហានិភ័យច្រើន»

វីអូឌី បានព្យាយាមស្នើសុំការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែរ ប៉ុន្ដែ​លោកមិនបានផ្ដល់ការអត្ថាធិប្បាយណាមួយទាក់ទិនយុវជនសម្រេច​​ចិត្តបោះបង់កា​​រ​សិ​​ក្សា​​​​នេះ​​ទេ​។

​ដោយឡែក ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា យុវជនភាគច្រើនបានបោះបង់ការសិក្សាទាំងវ័យក្មេង និងមិនទាន់មានការងារច្បា​​ស់លាស់ រួចចាប់ផ្ដើមបង្កើតគ្រួសារឡើងទាំងខ្លួនគ្មានអ្វី​។ ប្រភពបន្តថា ការពឹងផ្អែកកេរពីឪពុកម្ដាយ វាជា​​ម​ធ្យោ​​​​បាយល្អ ប៉ុន្តែប្រសិនបើការចាយវាយដោយគ្មានចំណេះដឹង ឬយកធនធានទាំងនោះទៅប្រើ​​ប្រា​​ស់ក្នុងទិសដៅខុស ក៏គ្មានតម្លៃអ្វីដែរ។

បើតាមប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ ជាជម្រើសល្អសម្រាប់អនាគត យុវវ័យ​​​មិ​ន​​គួរបោះបង់ការសិក្សាទាំងស្ថិតក្នុងភាពជាយុវវ័យបែបនេះទេ។ មិនតែប៉ុណ្ណោះ ការឆាប់​​ប្រឡូ​​ក​​ខ្លាំ​​​​​​​ងពេកក្នុងជីវិតគូ ទាំងមិនទាន់បានត្រៀមខ្លួនរួចរាល់ វាកាន់តែធ្វើឱ្យអនាគត​​របស់យុវជន​​ត្រូវ​​ជួប​​​​ឧបសគ្គជាងនេះបន្ថែមទៀត។

លោកស្រីបន្តថា៖ «ពួកគាត់អត់អាចគ្រប់គ្រងគ្រួសារបាន នេះជាហានិភ័យរបស់ពួកគាត់។ បើមានទ្រព្យសម្បត្ដិពីឪពុកម្ដាយ ក៏គាត់មិនអាចថែរក្សាបានដែរ។ ចំពោះខ្ញុំ យុវជនគួរតែផ្ដោតសំខាន់ឱ្យមានការងារធ្វើ ចាំយើងរកគ្រួសារ ព្រោះការបង្កើតគ្រួសារ វាជាការទទួលខុសត្រូវខ្ពស់ណាស់ មិនមែនចេះតែតាមចិត្តទេ»

អង្គការ UNICEF បានចេញរបាយការណ៍របស់ខ្លួន ដោយផ្អែកលើ​ទិន្នន័យដែលចេញដោយ​​ក្រ​​សួ​ង​​​​​អប់​​រំ យុវជន និងកីឡា បង្ហាញថា សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ ចំនួន​សិស្ស​ដែល​បោះ​​ប​​ង់​​​​​ចោល​ការ​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​មាន​ចំនួន១៧ភាគរយ និង​សិស្ស​វិទ្យាល័យ​មាន​ចំនួន​១​​៩​ភាគរយ ក្នុងចំណោមសិស្សសរុបនៅទូទាំងប្រទេស​៕


រាយការណ៍ដោយលោក ជា រ៉ាយុទ្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ