តំណាងជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី នាំគ្នាមកដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយអន្តរាគមន៍ឱ្យរក្សាទុកដីសហគមន៍ជាង២០០ហិកតា សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងបញ្ឈប់ការផ្តល់ដីនោះទៅឱ្យក្រុមហ៊ុនឯកជនមួយសម្រាប់អភិវឌ្ឍន៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
សមាជិកសហគមន៍សមូហភាពជនជាតិដើមភាគតិចពូនងភូមិពូរ៉ាង ស្រុកអូររាំង ខេត្តមណ្ឌលគិរី អ្នកស្រី ហើត ផិត មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគាត់ ៥នាក់បានយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយមន្ត្រីនៅទីនោះទទួលទុកសិន ប៉ុន្តែមន្ត្រីមិនបានចារ ឬស៊ីញ៉េលើញត្តិនោះទេ ដោយថា ញត្តិរបស់ពួកគាត់នៅមានចំណុចខ្វះខាត។
អ្នកស្រីបន្តថា ការស្វែងរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន នេះ ដើម្បីឱ្យលោកជួយអន្តរាគមន៍រក្សាទុកដីសហគមន៍ភូមិពូរ៉ាង ចំនួន ២៥៥ហិកតា ដែលជាដីសហគមន៍ជនជាតិដើមភាគតិចពូនង ធ្លាប់អាស្រ័យផល និងជាព្រៃប្រពៃណីផងដែរ។
អ្នកស្រី ហើត ផិត បន្តថា៖ «គោលបំណងដាក់ញត្តិគឺចង់ឱ្យពួកគាត់ចុះអន្តរាគមន៍ និងសិក្សាឡើងវិញ ដើម្បីកាត់ដីហ្នឹងជូនប្រជាពលរដ្ឋវិញ។ កាត់ដីហ្នឹងចុះបញ្ជីជាដីសមូហភាពជនជាតិដើមភាគតិចនៅភូមិពូរ៉ាង»។
ក្នុងខ្លឹមសារញត្តិដែលដាក់ជូនទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យលោកពិនិត្យ និងលុបចោលការធ្វើអនុបយោគដីសហគមន៍នេះពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិជូនបុគ្គលឯកជន និងអន្តរាគមន៍បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ជីង ធានសេង។
ក្នុងញត្តិបន្តថា ប្រជាសហគមន៍សមូហភាពជនជាតិដើមភាគតិចពូនង ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានសមាជិកចំនួន ១២៩គ្រួសារ ដែលស្មើពលរដ្ឋជាង ៥០០នាក់។
ក្នុងញត្តិសរសេរថា៖ «សូមស្នើយ៉ាងទទូច ចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សូមសម្តេចមេត្តាជួយអន្តរាគមន៍ ជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ និងអន្តរាគមន៍លើទំហំដី ២៥៥ហិកតា ដែលបានប្រគល់ឱ្យក្រុមហ៊ុន ជីង ធានសេង ដើម្បីប្រគល់ជូនសហគមន៍ជនជាតិដើមភាគតិចភូមិពូរ៉ាង បន្តចុះដីសហគមន៍សមូហភាពវិញ ស្របតាមគោលជំហររបស់សហគមន៍»។
ប្រភពដដែលអះអាងថា ឯកសារដែលបានចុះបញ្ជីនៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃឱ្យដឹងថា ផ្ទៃដីសហគមន៍នេះ ដែលមាននៅក្នុងផែនទីជាក់ស្តែង មានជំហំជាង ៧០០ហិកតា(៧៦១.៣៩ហិកតា)
ខ្លឹមសារញត្តិបន្ថែមថា សកម្មភាពអភិវឌ្ឍន៍ និងដំណើរការទេសចរណ៍របស់ក្រុមហ៊ុន ជីង ធានសេង ដែលប៉ះពាល់ដីសហគមន៍ជាង ២៥០ហិកតានោះ បានធ្វើឱ្យប៉ះពាល់ដីសហគមន៍ជនជាតិដើមភាគតិចដែលកំពុងប្រតិបត្តិការជំនឿ ព្រៃភ្នំអារក្សចំនួន៣កន្លែង ដីតំណមចំនួន១កន្លែង ដីកប់សពចំនួន២កន្លែង និងដីប្រើប្រាស់សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាដាំស្រូវ និងដំណាំហូបផ្លែរបស់ពលរដ្ឋជាង ៤០គ្រួសារជាដើម។
សមាជិកសហគមន៍សមូហភាពជនជាតិដើមភាគតិចពូនងភូមិពូរ៉ាង អ្នកស្រី ហើត ផិត អះអាងថា ពួកគាត់នឹងទៅជួបមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃចន្ទ សប្តាហ៍ក្រោយម្តងទៀត។ បន្ថែមពីនេះ ពួកគាត់នឹងយកញត្តិទៅដាក់ទៅក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕