សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ជាថ្មី​ជា​ការ​គំរាម​កំហែង​សិទិ្ធ​សេរី​ភាព​សហជីព​

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យតុលាការដោះលែង ​កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយថា ការចាប់ខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ ជាការគំរាមកំហែងសិទ្ធិសេរីភាពសហជីព និងជាសារព្រមានដល់ក្រុមកូដករណាហ្គាវើលដ៍មិនឱ្យចេញតវ៉ាទាមទារសិទ្ធិការងារដែលធានាដោយច្បាប់។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅថា​សង់ត្រាល់ លោក​ ឃុន ថារ៉ូ ​មានប្រសាសន៍ថា មេធាវីការពារក្តីឱ្យកញ្ញា ឈឹម ស៊ីថរ កំពុង​សិក្សាលើអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធករណីតុលាការបញ្ជាឱ្យចាប់ខ្លួនកូនក្តីដាក់ពន្ធនាគារម២ឬ ព្រៃសវិញ ក្រោមហេតុផលល្មើសបម្រាម ឬគេចវេសពីការត្រួតពិនិត្យរបស់តុលាការ ខណៈកញ្ញាត្រឡប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៦ ខែវិច្ឆិកា។

លោក ឃុន ថារ៉ូ បន្តថា បន្ទាប់ពីតុលាការអនុញាតឱ្យកញ្ញា ឈឹម ស៊ីថរ បាននៅក្រៅឃុំបណ្តោះអាសន្នកន្លងមក គឺកញ្ញា និងមេធាវីរបស់កញ្ញា មិនទទួលបានដីកាសម្រេចពីតុលាការដាក់ឱ្យស្ថិតនៅក្រោមការតាមដាន ​ឬ​លក្ខខណ្ឌ​សាកល្បង​ ​ដូចជា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​នោះ​ទេ​ ទើបកញ្ញាចេញទៅប្រជុំនៅក្រៅប្រទេស។

ករណីនេះ លោកអំពាវនាវទៅតុលាការធ្វើការដោះលែងកញ្ញាឱ្យមានសេរីភាពវិញ ដោយថាការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ​មានភាពមិនច្បាស់លាស់ក្នុងការអនុវត្តច្បាប់។

លោកមានប្រសាសន៍ថា៖ «យើងសោកស្តាយ យើងអំពាវនាវឱ្យតុលាការ ជាពិសេសអាជ្ញាធរត្រូវតែពិនិត្យពិចារណានៅក្នុងការដោះលែងគាត់ឱ្យនៅក្រៅឃុំ ពីព្រោះថាមកដល់ពេលនេះ យើងមិនទាន់បានឃើញ ហើយយើងមិនទាន់មានភាពច្បាស់លាស់របស់តុលាការនៅក្នុងការចោទប្រកាន់នៅក្នុងលក្ខខណ្ឌច្បាប់ ហើយនឹងការបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់គាត់»។

នាយកទទួលបន្ទុកកិច្ចការទូរទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការចាប់និងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធករណី​ល្មើសបម្រាមតុលាការនេះ គឺជារឿងមិនសមហេតុផលឡើយ ពីព្រោះ កញ្ញា ​មិនធ្លាប់បានផ្តិតមេដៃទៅលើដីកា ឬសេចក្តីសម្រេចណាមួយរបស់តុលាការឡើយ។ ​លោកបន្ថែមថា ការចាប់ខ្លួនកញ្ញា ស៊ីថរ គួរតែធ្វើនៅពេលកញ្ញារៀបចំចេញពីកម្ពុជា មិនមែនត្រលប់មកវិញបានចាប់ខ្លួនបែបនេះទេ ដោយថាប្រធានសហជីពរូបនេះក៏គ្មានចេតនាគេចវេសពីលក្ខខណ្ឌរបស់តុលាការនោះដែរ។

លោក​បន្ថែមថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារជាថ្មីទៀតនេះ ជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់សហជីព និងជាសារព្រមានដល់ក្រុមកូដករណាហ្គាវើលដ៍ផ្សេងទៀត មិនឱ្យចេញតវ៉ាទាមទារលក្ខខណ្ឌការងារជាដើម ។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនោះបញ្ជាក់ថា  បើតុលាការ និងអាជ្ញាធរ នៅតែមិនដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញទេ នឹងអាចធ្វើឱ្យកម្ពុជាខាតប្រយោជន៍ពីសហគមន៍អន្តរជាតិ ។

លោកបញ្ជាក់ថា៖ «ដំណោះស្រាយមិនមែនស្ថិតលើការច្បាប់ខ្លួន ការចោទប្រកាន់ និងការបំភិតបំភ័យ ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញនោះទេ  អ្វីដែលសំខាន់ត្រូវរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់វិវាទការងារ វាជារឿងយុត្តិធម៌ជារឿងត្រឹមត្រូវបំផុត។ ផ្ទុយទៅវិញ បើយើប្រើប្រាស់ប្រព័ន្ធតុលាការចាប់ការចាប់ខ្លួនការចោទប្រកាន់ ការធ្វើទុក្ខបុកម្នេញផ្សេងៗ វាអាចរងនូវការរិះគន់ទាក់ទងនិងបញ្ហាការរំលោភលើសិទ្ធិសហជីព និងកម្មករជាដើម ។

លោកបន្តថា៖ «យើងឃើញហើយសហរដ្ឋអាមេរិកក៏មិនទាន់បន្តអនុគ្រោះពន្ធពាណិជ្ជកម្ម GSP ផងដែរ។ អ៊ីចឹងនៅក្នុងលក្ខខណ្ឌរបស់គេ គឺការគោរពសិទ្ធិការងារហ្នឹង អញ្ចឹងបើសិនជានៅតែបន្តធ្វើទុក្ខបុកម្នេញវាអត់មានផលចំណេញទេ។ ផ្ទុយទៅវិញមានតែការបារម្ភទៅលើបញ្ហាការអនុគ្រោះពន្ធ GSP និងការអនុគ្រោះពន្ធ EBA ជាដើម»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃអាទិត្យនេះ ។ ប៉ុន្តេកាលពីម្សិលមិញ លោកមានប្រសាសន៍ថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ​ពីបទ«ល្មើសបម្រាមរបស់តុលាការ»។

លោក អ៊ី រិន្ទ បន្តថា«ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅម២ ដោយសារគាត់មិនបានគោរពកាតព្វកិច្ចតុលាការ ដែលបានដាក់ឱ្យគាត់»។  

ក្រោយហេតុការណ៍ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃ២៦ ខែវិច្ឆិកានេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញអត្ថបទខ្លីមួយ ដោយអះអាងថា មេធាវី​របស់​ កញ្ញា​ ​ស៊ី​ថ​រ​ ​ដែល​បានមាន​វត្តមាន​នៅ​អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួបកូនក្តីឡើយ ​អំឡុង​ពេល​សាកសួរ​របស់សមត្ថកិច្ច​​​​ ​ព្រមទាំង​មិន​អាច​ទាក់ទង​កូនក្ដី​របស់​ខ្លួន​ ​ជាច្រើន​ម៉ោង​ផង​ដែរ​​។​

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ«​ញុះញង់​» ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​សហជីព​កញ្ញា​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​អហិង្សាទាមទាររកដំណោះស្រាយការងារពីភាគីក្រុមហ៊ុនបនល្បែងមួយនេះ។​

កញ្ញា ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​កាល​ពីរសៀល​ ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២ ០២២​ ​អំឡុង​ពេល​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ផ្សេងទៀត​ ​ហើយ​ត្រូវ​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់       ​រយៈពេល​២​ខែ​ ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​ខ្លួនចំនួន១០នាក់ផ្សេងទៀត​ ​មុន​ពេល​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំនេះ​។​ ​

អង្គការឃ្លាំមើលសិទិ្ធមនុស្ស​ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអះអាងថា នៅកម្ពុជា មានតែសហជីពស្និទ្ធនឹងថៅកែទេ ដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។​

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិនេះក៏បានលើកឡើងករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ១០នាក់ផ្សេងទៀត ដែលត្រូវបានដោះលែងកាលពីខែមីនានោះ ដោយថា ការដោះលែងនៅក្រៅឃុំបណ្តោះអាសន្ននេះ មិនធ្វើឱ្យពួកគេស្ងប់ចិត្តឡើយ នៅពេលបទចោទមិនត្រូវបានទម្លាក់ចោលទាំងស្រុង ដោយពួកគេអាចត្រូវប្រឈមនឹងការចាប់ខ្លួនសារជាថ្មី។

អង្គការដដែលរកឃើញថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងយូររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាបសង្កត់ជាចំហទៅលើវិស័យការងារ សិទ្ធិនយោបាយរបស់បក្សប្រឆាំង បណ្ដាញផ្សាយព័ត៌មាន និងចលនាសង្គមស៊ីវិលផ្សេងៗទៀត។

អង្គការនេះថា ដើម្បីធានាដល់សេរីភាពសហជីពដែលការពារផលប្រយោជន៍កម្មករនោះ  ​រដ្ឋាភិបាលកម្ពុជាគួរអនុវត្តពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ។

ក្រៅពីនោះ រដ្ឋាភិបាលត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិត​សិទ្ធិសេរីភាពបង្កើតសមាគម និង​រំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់», «បទបរិហារកេរ្តិ៍», «បទបរិហារជាសាធារណៈ» ឬ​ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ