សកម្មភាព​ធម្មយាត្រា​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ថែរក្សា​ព្រៃ​ឈើ​នៅ​ខេត្ត​កំពង់ធំ​មិន​គួរ​ត្រូវ​បាន​រារាំង​ ​

សកម្មភាពអាជ្ញាធរហាមឃាត់ព្រះសង្ឈ និងយុវជន មិនអោយធ្វើធម្មយាត្រាស្ថិតនៅភូមិស្វាយ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែវិឆ្ឆិកា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលចំនួន២​ ដែលសកម្មក្នុងការឃ្លាំមើលសិទ្ធិមនុស្សនិងធនធានធម្មជាតិលើកឡើងថា សកម្មភាពហែក្បួនធ្វើធម្មយាត្រាពីសំណាក់ព្រះសង្ឃ និងក្រុមយុវជន ដើម្បីផ្សព្វផ្សាយអំពីព្រះធម៌ដោយផ្សាភ្ជាប់ទៅនឹងការថែរក្សាធនធានធម្មជាតិនៅតំបន់ ព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនគួរត្រូវបានរារាំងឡើយ ហើយការហាមឃាត់ណាមួយ គឺជាការរំលោភសិទ្ធិ​ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្ស និស្សិត និងព្រះសង្ឃជិត ៣០អង្គ/នាក់ បានរៀបចំពិធីបំបួសដើមឈើនៅក្នុង ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តកំពង់ធំ បញ្ជាឱ្យបញ្ឃប់សកម្មភាព នៅចំណុចភូមិស្វាយ ក្រោមហេតុផលថា មិនបានសុំច្បាប់អនុញ្ញាតពីពួកគេជាមុន។

ព្រះតេជព្រះគុណព្រះនាម លឹម ប៊ុនថាត ព្រះជន្ម ២៤ព្រះវស្សា និមន្តមកពីខេត្តបាត់ដំបង មានថេរដីការប្រាប់ វីអូឌីថា ដំណើរទស្សនកិច្ចនេះ មានរួមបញ្ចូលការផ្សព្វផ្យាយ​សីល៥​ ដោយផ្សាភ្ជាប់ជាមួយការថែរក្សាធនធានធម្មជាតិ ពិសេសព្រៃឈើ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅតំបន់នោះ​។

ព្រះអង្គបានឱ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ជាថ្ងៃចុងក្រោយនៃដំណើរទស្ស​នកិច្ចនោះ គឺមានការហែក្បួនធម្មយាត្រា ទៅកាន់វិទ្យាល័យសណ្តាន់ ស្ថិតនៅឃុំសណ្ដាន់ ប៉ុន្តែមានកម្លាំងសម្ថកិច្ច ៣នាក់ រួមជាមួយអាជ្ញាធរស្លៀកពាក់ស៊ីវិលមួយចំនួនទៀត បានហាមឃាត់ មិនឱ្យព្រះសង្ឃនិងក្រុមយុវជនបន្តដំណើរទៅមុនទៀត ដោយអាជ្ញាធរបានតាមដានថតរូប និងកត់ឈ្មោះអ្នកចូលរួមផងដែរ។

ព្រះតេជព្រះគុណ លឹម ប៊ុនថាត មានថេរដីការថា៖« ពួកគាត់ [អាជ្ញាធរ] បែរជានិយាយដាច់អហង្ការថា ទោះបីជាយ៉ាងណាក៏គាត់មិនអនុញ្ញាតឱ្យទៅដែរ! ដោយសារ ក្រុមយុវជនរបស់យើងមិនបានធ្វើលិខិតទៅរដ្ឋបាលស្រុក»។

បើតាមព្រះតេជព្រះគុណ លឹម ប៊ុនថាត សកម្មភាពស្ម័គ្រចិត្តការងារសង្គមមួយនេះ មានអ្នកចូលរួមពីព្រះសង្ឃនិងយុវជនចំនួន ២៧អង្គ/នាក់ និងបានដាក់លិខិតសុំការអនុញ្ញាតពីអាជ្ញាធរឃុំ រួចរាល់ហើយដែរ មុននឹងធ្វើសកម្មភាព។

ចំណែកយុវជន ឆាត ម៉េងឈ័ង វ័យ ២២ឆ្នាំ ដែលបានចូលរួមដំណើរធម្មយាត្រាដែរនោះ បានឱ្យដឹងថា ខណៈអាជ្ញាធររារាំងបែបនេះ ពួកគេបានព្យាយាមសម្របសម្រួល ទើបកម្លាំងសមត្ថកិច្ចបានអនុញ្ញាតឱ្យយុវជន៣នាក់ និងព្រះសង្ឃ ២អង្គ ធ្វើដំណើរទៅកាន់វិទ្យាល័យសណ្តាន់បន្តទៀត ប៉ុន្តែដាក់លក្ខខណ្ឌថា មិនឱ្យព្រះសង្ឃផ្តល់ឱវាទ ដល់សិស្សសាលាលើសពី១៥នាទី នោះទេ។

ប្រភពបន្តថា ៖ « នៅពេលនោះសឹងតែបិទព្រះសង្ឃ រំសាយកន្លែងផ្តល់ឱវាទនោះទៀត ដោយសារតែព្រះសង្ឃលើកអំពីសីល៥ ដែលទាក់ទងការសម្លាប់សត្វ ទាក់ទងការកាប់ព្រៃឈើ។ កាលណាអស់ព្រៃទៅ​ សត្វអត់មានជម្រក។ ពេលនោះគាត់ [អាជ្ញាធរ] ប្រើពាក្យថា​បានហើយ បើនៅតែចិងទៀត! បិទរំសាយទៅ ការអប់រំហ្នឹង»។

ពាក់ព័ន្ធករណីនេះ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសណ្តាន់ លោក អ៊ួង ធារិទ្ធ បានឆ្លើយតបយ៉ាងខ្លីថា លោកមិនបានដឹងករណីនេះទេ រួចលោកបានចុចបិទទូរសព្ទតែម្តង។

លោកថា ៖ «  អត់ដឹងទេ ! ខ្ញុំអត់ដឹងអីទេ! សួរអភិបាលស្រុក! ខ្ញុំអត់សូវដឹងទេការងារហ្នឹង »

ចំណែក មេឃុំសណ្ដាន់ ​លោក បាន ហេង ទទួលស្គាល់ពិតជាមានការ​ហាមឃាត់ក្បួនធម្មយាត្រារបស់និស្សិត និងព្រះសង្ឈ ពិតមែន ​ដោយថា ពួកគេមិនបានសុំសិទ្ធិហែក្បូនធម្មយាត្រានោះទេ ដោយគ្រាន់តែបានដាក់លិខិតជូនដំណឹងចុះកម្មសិក្សា ទើបអាជ្ញាធរហាមឃាត់បែបនេះ។

លោកបញ្ជាក់ថា ៖ «គាត់អត់មានសុំសិទ្ធិហែក្បួនទេ! គាត់យកលិខិតជូនដំណឹង គាត់មកទស្សនកិច្ចសិក្សានៅព្រៃសហគមន៍ក្បាលខ្លា ដល់គាត់ហែក្បូនចេញមក។ ស្រុកគេឃាត់ គាត់អត់មានបានទទួលលិខិត ជូនដំណឹង ហែក្បួន ហែអី! »។

ទាក់ទិនករណីនេះ មន្រី្តសម្របសម្រួលគម្រោង នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា អាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួន តែងតែរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្តការពារធនធានធម្មជាតិ ការចូលរួមជីវភាពនយោបាយ ឬបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ជាដើម ក្រោមរូបភាពតាមដាន រារាំង និងកត់ឈ្មោះ ដែលផ្ទុយពី​រដ្ឋធម្មនុញ្ញកម្ពុជាបានចែង។

លោកចាត់ទុកថា សកម្មភាពហាមឃាត់ របស់អាជ្ញាធរខេត្ត​បែបនេះ គឺជាការរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជាដោយបើកចំហ ហើយការចូលរួមសកម្មភាពបែបនេះគួរតែត្រូវបានការលើកទឹកចិត្ត។

លោកបន្តថា ៖ «ករណីហ្នឹង គឺជាការរំលោភសិទ្ធិ ការចួលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ​សង្គមយ៉ាងធ្ងន់ធ្ងរ! បើមើលទៅក្នុងច្បាប់ វាអត់មានច្បាប់ណាមួយហាមឃាត់ប្រជាពលរដ្ឋ ក្នុងការចូលរួម ការសម្តែងមតិ ការចូលរួមជំរុញឱ្យមានការអភិវឌ្ឍសហគមន៍នោះទេ»។

ជាមួយគ្នានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា នៅក្នុងសង្គមប្រជាធិបតេយ្យ ភាពសកម្មរបស់ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍របស់សង្គមជាតិ ត្រូវបានរដ្ឋាភិបាលធានា និងលើកទឹកចិត្ត ដែលមានចែងក្នុងច្បាប់ជាតិ និង​អន្តរជាតិ​។

បន្ថែមលើនេះ លោកថា សកម្មភាព​ហាមឃាត់ការធ្វើធម្មយាត្រាផ្សព្វផ្សាយពីធនធានធម្មជាតិនេះ គឺបានបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមការអភិវឌ្ឍ​សង្គមដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ លោកថា សកម្មភាពធម្មយាត្រានេះ គួរត្រូវបានលើកទឹកចិត្ត មិនគួរហាមឃាត់នោះឡើយ។

លោកបន្ថែមថា ៖ «យើងទទូចឱ្យអាជ្ញាធរថ្នាក់ជាតិ ស្ថាប័នថ្នាក់ជាតិហ្នឹង! គាត់មើលសកម្មភាពទាំងនេះឡើងវិញ។សកម្មភាពទាំងអស់នេះវាមិនមានអ្វីដែលជាអំពើល្មើសច្បាប់ទេ! វាមិនមែនជាអំពើទៅកាប់បំផ្លាញព្រៃឈើទេ! ផ្ទុយទៅវិញវាជាអំពើមួយដែលធ្វើសកម្មភាព ក្នុងន័យការការពារ ព្រៃឈើ ដើម្បីជាផលប្រយោជន៍ទៅដល់អ្នកជំនាន់ក្រោយតែប៉ុណ្ណោះ»។

រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ព្រៃសហគមន៍ក្បាលខ្លា  ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសមួយស្តីពីការបង្កើត និងគ្រប់គ្រងតំបន់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ កំណត់ថា​ ព្រៃមួយនេះ មានទំហំជាង ១០ ០០០ ហិកតា  (១ ២៧៥.៤៦ ហិកតា)  ដែលមានទីតាំងស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សេចក្តីប្រកាសដដែល បញ្ជាក់ថា គោលបំណងនៃការបង្កើត ព្រៃសហគមន៍ក្បាលខ្លា​ គឺដើម្បីគ្រប់គ្រងថែរក្សា អភិរក្សជីវៈចម្រុះ ប្រើប្រាស់ផល អនុផលព្រៃឈើលក្ខណៈប្រពៃណីសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ព្រៃសហគមន៍ប្រកបដោចីរភាព ជាដើម។

ទោះជាបែបនេះក្តី សម្រាប់​ព្រះតេជព្រះគុណព្រះនាម លឹម ប៊ុនថាត ​បង្ហាញការព្រួយបារម្ភថា ប្រសិនបើសកម្មភាពរឹតត្បិតពីអាជ្ញាធរនៅតែបន្តកើតមាន នោះវិនាសកម្មព្រៃឈើនៅតំបន់នោះនឹងកើតមានឡើងបន្តទៀតនាថ្ងៃអនាគត ។

ព្រះតេជព្រះគុណ លឹម ប៊ុនថាត មានថេរដីការថា ៖ « ជោគវាសនា ព្រៃសហគមន៍ក្បាលខ្លាហ្នឹង ប្រសិនបើមិនមានការចូលរួមពីប្រជាពលរដ្ឋក្នុងការការពារទេ ក៏ប្រឈមការបាត់បង់ដូចព្រៃឡង់ជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ