លោក​ ​យ៉ង​ សាំង​កុមារ​ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​

លោក យ៉ង់ សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយក នៃគណបក្ស​​ប្រជា​​ធិប​​តេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សំណើចងសម្ពន្ធនយោបាយ ២០២៣» ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺ លោក ឡឹក សុធារ បានស្នើចុះចូលជាមួយគណបក្សកាន់អំណាចនិងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដោយថា ដើម្បីមានឱកាសចូលរួម​អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលលោបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ជាលិខិតរបស់ពួកលោកនោះ បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកំពុងគ្រប់គ្រងអំណាចមួយនេះ។

ទាំងលិខិតរបស់បណ្ឌិត យ៉ង សាំងកុមារ និងលិខិតរបស់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានបញ្ជាក់ពីមូលហេតុនៃការចុះចូលនេះថា ​ ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។ ​

លិខិតក្នុងនោះលើកឡើងថា មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លិខិតទាំងពីរមានន័យដូចគ្នាបានសរសេរថា៖ «នៅក្នុងន័យនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះឱ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ»។

លិខិតទាំងពីរដែលមានន័យតែមួយនោះ បញ្ជាក់ថា ​នឹងចាប់ផ្តើមជីវភាពនយោបាយជាមួយគណបក្សដែលធ្លាប់ប្រកួតប្រជែងមួយនេះចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ តទៅ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍បញ្ជាក់បន្ថែមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លិខិតចុះចូលជាមួយគណបក្សកាន់អំណាចនោះគឺជារបស់ពួកលោកប្រាកដមែន ប៉ុន្តែលោកថា​លិខិតដែលពួកលោកត្រៀមនោះបែរជាត្រូវផ្សព្វផ្សាយមុនពេលសម្រេចពីប្រធានគណបក្សប្រជាជនកម្ពុជាទៅវិញ។

លោកបន្តថា ថ្មីៗនេះមានករណីផ្ទុះឡើងនូវវិបត្តិទីផ្សារកសិកម្ម ពិសេសស្រូវកសិករដែលលក់បានតម្លៃថោក ហើយខាងគណបក្សក៏បានដាក់លិខិតជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ​ដើម្បីជជែកពិភាក្សាអំពីយន្តការនៃការដោះស្រាយវិបត្តិកសិកម្ម ឬវិបត្តិទីផ្សារជូនកសិករ។ ក្រៅពីនេះ លោកក៏បានជួប​ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីក្រៅផ្លូវការបន្ថែមទៀត ដើម្បីពិភាក្សាអំពីបញ្ហានេះ តែជាការឆ្លើយតប ​ការចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះបាន គឺទាល់តែពួកលោកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចជាមុន។

សំណើនេះ ​លោកក៏បានយល់ព្រម តែស្នើសុំជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ជាមុនសិន ប៉ុន្តែលិខិតដែលត្រៀមនេះត្រូវបានចេញផ្សាយមុនការសម្រេចទៅវិញ។

លោកបន្តថា៖ «អីចឹងចុងក្រោយខ្ញុំក៏បានឯកភាពដែរ[ឯកភាពចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច] ប៉ុន្តែខ្ញុំបានបញ្ជាក់ថា គឺត្រូវមានពីរជំហាន។ ជំហានទី១ ខ្ញុំសុំជួបផ្ទាល់ជាមួយសម្តេច ដើម្បីជជែកលម្អិតលើផែនការរបស់ខ្ញុំ ដើម្បីទទួលបានការគាំទ្រពីសម្តេចជាមុនសិន។ ទីពីរប្រសិនបើសម្តេចឯកភាព ខ្ញុំសុំឱ្យប្រកាសជាផ្លូវការនៅថ្ងៃទី២ធ្នូ ប៉ុន្តែគួរឱ្យសោកស្តាយ យើងឃើញមិនដឹងជាសំបុត្រ ដែលខ្ញុំបានត្រៀមហ្នឹងហេតុអីបានជាត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលហ្នឹង។ ខ្ញុំអត់យល់ដែរបាទ»។

ក្រៅពីលិខិតសុំចុះចូលជាមួយបក្សកាន់អំណាច​ ក៏មានលិខិតពីរដាច់ដោយឡែកទៀត ​មានឈ្មោះ បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែវិច្ឆិកា ដែលជាលិខិតស្នើសុំទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសស្រូវអង្ករ។

ក្រោយចេញផ្សាយលិខិត ដែលលោក កុមារ អះអាងថា ជាលិខិតត្រៀមចុះចូលជាមួយបក្សកាន់អំណាច និងចូលរួមបម្រើការងារជាមួយរដ្ឋាភិបាលនៅថ្ងៃទី២៧ ខែវិច្ឆិកា ភ្លាម ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) លោក យ៉េង វីរៈ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រាប់ឱ្យសមាជិកសមាជិការ រួមទាំងអ្នកគាំទ្រគណបក្សទាំងអស់រក្សាភាពស្ងៀមស្ងាត់លើបញ្ហានេះ ដោយបន្តតាមដានលើការវិវត្តន៍បន្ថែមទៀត។

លោក យ៉េង វីរៈ មិនបានច្រានចោល​អំពីលិខិតចុះចូលជាមួយគណបក្សកាន់អំណាចពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្សខ្លួនឡើយ ដោយគ្រាន់តែថា ថ្មីៗនេះ មានដំណឹងទាក់ទង លោកបណ្ឌិត យ៉ង សាំងកុមារ ដែលលោកទំនងសំដៅដល់លិខិតចុះចូលនោះ។

ប្រធានគណបក្សរូបនេះ បញ្ជាក់ថា គណបក្សពិតជាបានដាក់លិខិត​ទៅក្រសួងកសិកម្មកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីផ្តល់ជាអនុសាសន៍ក្នុងការដោះស្រាយវិបត្តិទីផ្សារស្រូវអង្ករ ពិសេសស្ថានភាពរបស់កសិករនៅកម្ពុជា។

លោកបន្តថា៖ «ក្រសួងបានទំនាក់ទំនងជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាអ្នកបច្ចេកទេសខាងវិស័យកសិកម្ម ដូចដែលយើងទាំងអស់គ្នាបានដឹង បានស្គាល់លោក ហើយក៏ជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានយើងមួយរូបដែរ។ លោកក៏មានឱកាសប្រាប់ពីគំនិតខ្លះៗអំពីដំណោះស្រាយ ចំពោះកសិករយើង»។

យ៉ាងនេះក្តី ប្រធានគណបក្សក្រៅរដ្ឋាភិបាលរូបនេះបន្តថា លោកបណ្ឌិត យ៉ង សាំងកុមារ នៅមិនទាន់ទទួលបានការធានាណាមួយថា រាជរដ្ឋាភិបាលនឹងយកចំណេះដឹង ព្រមទាំងបទពិសោធន៍របស់លោកទៅប្រើនៅក្នុងក្រសួងកសិកម្ម ដើម្បីអាចដោះស្រាយបញ្ហារបស់កសិករនៅឡើយទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាចគាំទ្រចំពោះអ្នកនយោបាយក្រៅរដ្ឋាភិបាល ឬសកម្មជនផ្សេងទៀត ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក​បន្តថា បើលោក យ៉ង់ សាំងកុមារ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចង់បានតួនាទីនេះ តួនាទីនោះ ទំនងជាថ្នាក់ដឹកនាំគណបក្សមិនព្រមនោះទេ ដោយសារជាគោលការណ៍គណបក្សមុននឹងផ្តល់តួនាទីដល់បុគ្គលណាមួយ លុះត្រាតែបុគ្គលនោះមានស្នាដៃនិងធ្វើកិច្ចការទទួលបានផ្លែផ្កាជូនគណបក្សសិន។

លោកមានប្រសាសន៍ថា«ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវការអ្នកបច្ចេកទេសផ្នែកកសិកម្មដែរ ក៏ប៉ុន្តែការសុំមករួមរស់ជាមួយគណបក្សប្រជាជន និងរាជរដ្ឋភិបាលនៅក្នុងករណីណាមានការដាក់លក្ខខណ្ឌចង់បានតួនាទីនេះ តួនាទីនោះអី មិនអាចទៅរួចទេ យើងមិនអាចធ្វើតាមបានទេ»

លោកបន្ថែមថា៖ «ត្រូវយល់ពីជំហរបស់គណបក្សប្រជាជនកម្ពុជា មិនមែនមកហើយដាក់លក្ខខណ្ឌចង់ធ្វើនេះ ធ្វើនោះតាមតែអំពើចិត្តបាន ព្រោះយើងត្រូវការប្រើប្រាស់មនុស្សឱ្យធ្វើការឃើញស្នាដៃការងារ ទើបមានការតែងតាំងជាក្រោយ មិនមែនតែអ្នកមកថ្មីទេ អ្នកចាស់ក៏អ៊ីចឹង​ដែរ»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា លោក យ៉ង សាំងកុមារ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនៅពេលនេះ ជៀសមិនផុតពីការរិះគន់របស់មហាជននោះទេ។ ប៉ុន្តែលោកថា បើលោក យ៉ង សាំងកុមារ ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ហើយគាត់យកចំណេះដឹង បទពិសោធ៍ និងបច្ចេកទេស ផ្នែកកសិកម្មទៅជួយដល់កសិករ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើននោះ ជារឿងល្អសម្រាប់ប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ « បើសិនជាគាត់អាចប្រើប្រាស់ចំណេះដឹង និងសមត្ថភាពលើវិស័យកសិកម្ម ជួយដល់ប្រជាកសិករ។ ខ្ញុំគិតថា ជារឿងល្អ និងមានប្រសិទ្ធភាព  ពីព្រោះខ្ញុំមិនគិតថា គណបក្សនយោបាយណាគ្រាន់បើជាងគណបក្សនយោបាយណាទេ សំខាន់ចេតនារបស់មេដឹកនាំក្នុងការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រជាកសិករយើងជារឿងសំខាន់»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ