សង្គមស៊ីវិល​និង​សហគមន៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ

ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ និងយុវជន បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យពង្រឹងការអនុវត្តច្បាប់លើមន្ត្រីក្រោមឱវាទ និងអ្នកដែលប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ជួញដូរសត្វព្រៃ និងទន្ទ្រានដីព្រៃលិចទឹក ដើម្បីធានាបានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។

ក្នុងលិខិតចំហរបស់ក្រុមសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព និងយុវជន ចំនួន២៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ​ឱ្យជំរុញកិច្ចការពារព្រៃឈើ ជលផល និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច កុំឱ្យបន្តជួបបញ្ហាដដែលៗដូចពេលកន្លងមក។

ពួកគេបានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ឱ្យពង្រឹង​ការអនុវត្តច្បាប់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ ពិសេសសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្រ្ទានដីព្រៃលិចទឹក ការនេសាទ ការប្រមាញ់ ការជួញដូរសត្វព្រៃខុសច្បាប់។ បន្ថែមពីនេះ ត្រូវពិនិត្យលើទីផ្សារ ភោជនីយដ្ឋានដែលមានការជួញដូរសត្វព្រៃ ការរត់ពន្ធឈើខុសច្បាប់ និងទន្ទ្រានដីព្រៃលិចទឹក ដើម្បីមានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។

លិខិតចំហដដែលបន្តថា ចំពោះករណីអាជ្ញាធរអាមេរិកឃាត់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជាកាលពីពេលថ្មីៗនេះ លើករណីសង្ស័យពាក់ព័ន្ធការនាំចេញស្វាក្ដាមដោយខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក​ ក្រសួងគួរតែស៊ើបអង្កេត និងផ្សព្វផ្សាយជាសាធារណៈ។

ចំណែកករណីអាជ្ញាធរហុងកុងរកឃើញឈើកម្រចំនួន២១១តោនកាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលត្រូវមានឆន្ទៈរកអ្នកទទួលខុសត្រូវ ហើយស៊ើបអង្កេត និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវចំពោះមុខច្បាប់ និងធ្វើការផ្សព្វផ្សាយជាសាធារណៈផងដែរ។

លិខិតដដែលជំរុញទៅអាជ្ញាធរឱ្យត្រួតពិនិត្យបណ្ដាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅជុំវិញតំបន់ការពារធម្មជាតិ លើលក្ខខណ្ឌកំណត់របស់រាជរដ្ឋាភិបាល ដែល​ជាប់ពាក់ព័ន្ធទៅនឹង​សកម្មភាពកាប់បំផ្លាញ ការដឹកជញ្ជូន និងការជួញដូរឈើខុសច្បាប់ចេញពីតំបន់ការពារធម្មជាតិ។ ករណីរកឃើញក្រុមហ៊ុនណាដែលបំពានលក្ខខណ្ឌកំណត់របស់រដ្ឋ ​ត្រូវ​ដកហូតកិច្ចព្រមព្រៀង លុបចោលអាជ្ញាបណ្ណ ឬ​បញ្ឈប់តែម្ដង។

ទន្ទឹមនេះ ក្រសួងគួរបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាវិបត្តិដីធ្លីដែលពាក់ព័ន្ធជាមួយនឹងដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា រួមទាំងធ្វើអធិការកិច្ចលើមន្ត្រី​នៅតាមគោលដៅដែលមានបទល្មើសកន្លងមក ​ដើម្បីឱ្យទទួលខុសត្រូវលើភាពធ្វេសប្រហែសនៃការបំពេញមុខងារសាធារណៈរបស់ខ្លួន។ ករណីរកឃើញថាពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ឬមានការទទួលសំណូកពីជនល្មើស ត្រូវទទួលខុសត្រូវតាមច្បាប់ដោយគ្មានការយោគយល់។ ​

បន្ថែមពីនេះ រដ្ឋាភិបាលត្រូវបង្កើនការគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសិទ្ធិរបស់សហគមន៍ ហើយបន្តកិច្ចការគាំទ្រទាំងធនធានបច្ចេកទេស ធនធានហិរញ្ញវត្ថុបន្ថែមដល់សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន ក្នុងការខិតខំ​ការពារធនធានធម្មជាតិ។ ​

លិខិតចំហ​បញ្ជាក់ថា រយៈពេល២០ឆ្នាំចុងក្រោយនេះ គម្របព្រៃឈើនៅប្រទេសកម្ពុជាប្រមាណ ១១,៧៤% ​បានបាត់បង់យ៉ាងគំហុក ខណៈឈើប្រណីត ឈើកម្រ បាន​បាត់បង់ពីព្រៃឈើនៅកម្ពុជា និង​បន្តរកឃើញពីការនាំចេញដោយខុសច្បាប់ទៅកាន់ទីផ្សារបរទេស។ គម្របព្រៃឈើបានធ្លាក់ចុះពី ៥៨,៦% នៅឆ្នាំ១៩៩៦ មកត្រឹមតែ ៤៦% នៅត្រឹមឆ្នាំ២០១៨ បានក្លាយជាសញ្ញានៃការព្រួយបារម្ភ ដែលអាចធ្វើឱ្យបរាជ័យម្តងទៀតក្នុងការប្តេជ្ញាចិត្តការពារគម្របព្រៃឈើ ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិឱ្យបាន ៦០% ត្រឹមឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ