លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​លោក យ៉ង សាំងកុមារ អំពី​ការងារ​កសិកម្ម ក្រោយ​ស្នើ​ចុះចូល​ជាមួយ​បក្សកាន់អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ និងលោក ឌិត ទីណា ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងពីការជួបជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ២រូប អំពីការងារកសិកម្ម ក្រោយពួកគេបានស្នើរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ អមដោយរូបភាពជាច្រើនសន្លឹកផងនោះ បញ្ជាក់ថា លោកទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធារ លើការងារកសិកម្ម ខណៈដែលអ្នកទាំងពីរ​ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លិខិតដាច់ដោយឡែកពីគ្នាដែលមានឈ្មោះប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ លោក ឡឹក សុធារ ដែលត្រូវបានគេផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សមួយនេះ។ ក្រៅពីស្នើចូលរួមជាមួយគណបក្សកាន់អំណាច លិខិតពីរដាច់ដោយឡែកទៀត ពួកគេក៏បានស្នើទៅលោក ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រី ដើម្បីបានបម្រើការងារជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសស្រូវអង្ករ។

លោក យ៉ង សាំងកុមារ និយាយប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា លោកនឹងស្នើជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំការបញ្ជាក់ពី​លក្ខខណ្ឌរបស់លោកដែលស្នើជួយដល់វិស័យកសិកម្ម ពិសេសបញ្ហាស្រូវអង្ករដែលកំពុងជួបប្រទះពេលនេះ។ លោកបន្តថា ប្រសិនបើសំណើរបស់លោកមិនត្រូវបានយល់ព្រមឬធានាទេ ការចូលរួមជាមួយបក្សកាន់អំណាចក៏មិនអាចទៅរួចដែរ។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉េង វីរៈ បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់មួយនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយប្រាប់ឱ្យសមាជិក-សមាជិកា រួមទាំងអ្នកគាំទ្រគណបក្សទាំងអស់រក្សាភាពស្ងៀមស្ងាត់លើបញ្ហាមន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនេះ ដោយបន្តតាមដានលើការវិវត្តបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ