ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី​ស្នើ​អាជ្ញាធរថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ជាង​២៥០ហិកតា​ជាមួយ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

​ជនជាតិដើមភាគតិចពូនង៧នាក់ តំណាងឱ្យពលរដ្ឋជាង១៣០គ្រួសារ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា បានដាក់ញត្តិតាមស្ថាប័នរដ្ឋថ្នាក់ជាតិមួយចំនួន ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយជម្លោះដីធ្លី ២៥៥ហិកតា ជាមួយឧកញ៉ា។

កាលពី​ថ្ងៃទី​២​៤ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​ចេញអនុក្រឹត្យកាត់ដីរដ្ឋចំនួន​២ទីតាំង ដោយ​​ទីតាំង​ទី១ មាន​ដី​ជាង៧៩​​ហិកតា នៅភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​​សែន​មនោរម្យ និងទីតាំង​ទី​២​ មានដីទំហំ​២៥៥ហិកតា ស្ថិតក្នុងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ផ្តល់ជាកម្មសិទ្ធិឯកជន​ឱ្យទៅឈ្មោះ​ ជឹង ធាង​សេង និងចេញបណ្ណកម្មសិទ្ធិ​ទៅតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ជើស ម្លើង ជាជនជាតិដើមភាគតិចពូនង ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់វីអូឌីក្រោយដាក់ញត្តិនៅក្រសួងរៀបចំដែនដី ថាករណីរដ្ឋាភិបាលកាត់ដីទៅឱ្យបុគ្គលឈ្មោះ ជឹង ធាងសេង ដែលមានងារជាឧកញ៉ានោះ គឺបានប៉ះពាល់ដី២៥៥ហិកតារបស់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចពូនង នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ដែលជាដីស្រែចម្ការ និងដីអាស្រ័យផលជាសមូហភាពតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច។

តំណាងជនជាតិដើមភាគតិចរូបនេះ ឱ្យដឹងថា ការរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋនេះកើតឡើងពីការក្លែងឯកសារ និងការគប់គិតគ្នាជាប្រព័ន្ធរវាងអាជ្ញាធរមូលដ្ឋាន និងអ្នកមានលុយមានអំណាច។ លោកថា ការកាត់ដី និងការចេញបណ្ណកម្មសិទ្ធិដីធ្លីទៅឱ្យឧកញ៉ា ជឹង ធាងសេង នោះ គឺអាជ្ញាធរថ្នាក់ខេត្តមិនបានជូនដំណឹង ​ឬពិភាក្សាជាមួយប្រជាពលរដ្ឋនោះទេ។

លោកបន្ថែមថា៖ «ដីហ្នឹងជាដីសមូហភាពរបស់ពួកខ្ញុំ! ឥលូវនេះ គេធ្វើសកម្មភាពបោះបង្គោលជាន់លើដីរបស់ពួកខ្ញុំអស់ជាច្រើនហិកតា។ តែឥលូវនេះ ដែលខ្ញុំដាក់ពាក្យស្នើកាត់ឆ្វៀលហ្នឹងតែ២៥៥ហិកតាទេ។ គាត់បានបោះបង្គោលហ៊ុមព័ទ្ធយកដីចម្ការរបស់ប្រជាពលរដ្ឋ ដីតំណម ដីអារក្ខអ្នកតា ដីកន្លែងឃ្វាលគោលក្របី ចម្ការចាស់ និងចម្ការថ្មី វាបានប៉ះពាល់ទាំងអស់»

តំណាងជនជាតិដើមភាគតិច អ្នកស្រី លី សារឿន និយាយថា រូប​អ្នក​ស្រី និងពលរដ្ឋផ្សេងទៀតកំពុងពិបាកចិត្ត​ ដោយ​បារម្ភពីការបាត់បង់ដីធ្លី គ្មានដីសម្រាប់ធ្វើកសិកម្ម ធ្វើឱ្យពួកគាត់ជួបបញ្ហាជីវភាពគ្រួសារ ខណៈពួកគាត់ជាជនជាតិដើមភាគតិច គ្មាន​មុខ​របរ​អ្វី​ផ្សេង​ក្រៅពី​ការ​ធ្វើស្រែ​ធ្វើ​ចម្ការ ចិញ្ចឹម​សត្វ និង​ការ​រក​អនុផល​ព្រៃឈើ​សម្រាប់​ចិញ្ចឹម​ជីវិត​នោះ​ទេ។

អ្នកស្រីបន្ថែមថា៖ «រាល់ថ្ងៃនេះ ខ្ញុំបារម្ភខ្លាំងណាស់រឿងដីធ្លីនេះ វាប៉ះពាល់មែនទែន ខ្ញុំដេកអត់លក់ទេ។ ហើយពួកខ្ញុំ បើអស់ដីកន្លែងហ្នឹងហើយ ឱ្យពួកខ្ញុំរស់នៅរបៀបម៉េច? បើយកដីពួកខ្ញុំអស់ ខ្ញុំបានអីចិញ្ចឹមកូនចិញ្ចឹមចៅ? បានដីធ្លីអីសម្រាប់ចិញ្ចឹមកូនចៅជំនាន់ក្រោយទៀត?»

អ្នកស្រី ណៅ សេងលាង ជនជាតិខ្មែរ មានស្វាមីជាជនជាតិដើមភាគតិច បាននិយាយថា ចម្ការស្វាយចន្ទីរបស់អ្នកស្រីត្រូវបានអាជ្ញាធរហ៊ុមព័ទ្ធយក ហើយបានរុះរើផ្ទះចាំចម្ការ និងបានកាប់បំផ្លាញដំណាំស្វាយចន្ទីរបស់អ្នកស្រីអស់រាប់រយដើមទៀតផង​។ អ្នកស្រីថា អាជ្ញាធរស្រុក និងខេត្ត តែងតែគំរាមកំហែងប្តឹងពលរដ្ឋទៅតុលាការ ក្រោយពលរដ្ឋនាំគ្នាតវ៉ាប្រឆាំង និងទាមទារសិទ្ធិដីធ្លីរបស់ខ្លួនមកវិញ។

ពលរដ្ឋរូបនេះបន្តថា កន្លងមក អ្នកភូមិបានដាក់សំណើទៅអាជ្ញាធរស្រុក និងខេត្ត ឱ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីនេះដែរ ប៉ុន្តែអាជ្ញាធរទាំងនោះមិនបានដោះស្រាយនោះទេ ក្រោមហេតុផលថា ដីតំបន់នោះត្រូវបានក្រសួងកសិកម្មដកហូតទៅអភិវឌ្ឍ និងបង្ខំឱ្យពលរដ្ឋទទួលយកសំណងបន្តិចបន្តួច។

អ្នកស្រីបន្ថែមថា៖ «គាត់ [អាជ្ញាធរ] ថាដីហ្នឹង ក្រសួងកសិកម្មដកហូត។ អ៊ីចឹងដល់ពេលបោះឆ្នោតសាក្រោយនេះ ឱ្យក្រសួងកសិកម្មបោះតែម្នាក់ឯងទៅ ប្រជាពលរដ្ឋមិនបាច់ទៅបោះទេ ហើយប្រជាពលរដ្ឋក៏អត់មានទំនុកចិត្តទៅបោះទៀតដែរ។ បោះយ៉ាងម៉េចបើអស់ដីធ្លីហើយហ្នឹង? ​ពេលប្រជាពលរដ្ឋមានទុក្ខទោម្នេញ សុំឱ្យដោះស្រាយ មិនព្រមដោះ ព្រងើយកន្តើយ! ចាំតែដល់ពេលបោះឆ្នោត ហៅប្រជាពលរដ្ឋទៅបោះឆ្នោត។ ពលរដ្ឋមានកម្លាំងចិត្តអីណាទៅបោះទៀត? បើអាជ្ញាធរចាំតែដល់ពេលដីឡើងថ្លៃ នាំគ្នាគប់គិតជាប្រព័ន្ធយកអស់។ អ៊ីចឹងទឹកភ្នែកប្រជាពលរដ្ឋ បើអស់លោកគិតថាហែលរួចឬមិនរួច សូមឱ្យកម្មពៀរទាំងអស់ហ្នឹងឱ្យអស់លោកទទួលយកទៅ»

បើតាមពលរដ្ឋ នៅថ្ងៃចន្ទនេះ ពួកគាត់បានដាក់ញត្តិនៅក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប៉ុន្តែខាងក្រសួងមហាផ្ទៃ និងខុទ្ទកាល័យ មិនបានទទួលយកញត្តិពីពលរដ្ឋនោះទេ ក្រោមហេតុផលថា ញត្តិនោះធ្វើមិនត្រឹមត្រូវតាមបែបបទរដ្ឋបាល។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងបុគ្គលឈ្មោះ ជឹង ធាងសេង បានទេពាក់ព័ន្ធករណីនេះ។

មេឃុំ​សែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល ប្រាប់វីអូឌីកាលពីថ្ងៃទី២៥ ខែតុលា ថា ក្រោមគម្រោងផ្តល់ដី២៥៥ហិកតាទៅឱ្យឧកញ៉ា ជឹង ធាងសេង នោះ វាពិតជាបានប៉ះពាល់លើដីពលរដ្ឋជនជាតិដើមភាគតិចមួយចំនួនធំ ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់ពីទំហំជាក់លាក់បានទេ។ អ្នកស្រីថា ជុំវិញ​រឿង​ជម្លោះដីធ្លីនេះ គឺ​ហួសពីសមត្ថកិច្ចរបស់អ្នកស្រី​ក្នុងការ​ដោះស្រាយ។

អ្នកស្រីបន្ថែម​ថា៖ «នៅតំបន់ស្រុកអូររាំងនេះ [ដី]នៅតាមតំបន់ជ្រលង​ដង​អូរ​ហ្នឹង គឺ​របស់​ប្រជាពលរដ្ឋពិតប្រាកដមែនហើយ ហើយគាត់មកតវ៉ាកន្លែងហ្នឹង ព្រោះជាស្រុកកំណើត ភូមិកំណើតរបស់ពួកគាត់ ពីមុនមកគឺធ្វើអ៊ីចឹង។ គាត់​អាស្រ័យផល​ជាក់​ស្តែង​ តាម​ជ្រលងដងអូរ​ តាមប្រពៃណីខាងជនជាតិដើមភាគតិចខាងខ្ញុំ ប៉ុន្តែរឿងនេះ ​ខ្ញុំ​គ្មាន​សិទ្ធិ​សម្រេច​ថាដោះស្រាយ​យ៉ាង​ម៉េចជូនពលរដ្ឋបានទេ មានតែថ្នាក់លើទេ»

បើតាមមេឃុំរូបនេះ នៅ​ភូមិពូរ៉ាង មានពលរដ្ឋជាជនជាតិដើមភាគតិចរស់នៅ​សរុបចំនួន​១៣២​គ្រួសារ ស្មើ​នឹង​៥១០​​​នាក់។

អ្នក​សម្របសម្រួលបណ្តាញ​ជនជាតិដើមភាគតិច ​នៅ​ខេត្ត​មណ្ឌល​គិរី អ្នក​ស្រី ផ្លឹក ភីរុំ មាន​​ប្រសាសន៍​ថា ករណី​​​អ្ន​​ក​មាន​​លុយ​មាន​​អំណាច​​រំលោភ​យ​​ក​​​ដី​របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីនេះ​ បាន​កើត​មាន​ស្ទើរ​គ្រប់​កន្លែង ខណៈ​ជនជាតិ​ដើម​​ភាគ​​តិច​​មិន​សូវ​យល់​ដឹង​​អំពី​ផ្លូវ​ច្បាប់ និងនីតិវិធីនៃកា​រ​ចុះ​បញ្ជី​ដីធ្លី​​​ជា​ប្រព័ន្ធ និងជាសមូហភាព។ អ្នកស្រី​អះអាងថា បញ្ហានេះកើតឡើងដោយសារតែមា​នការគប់គិតគ្នា និងការប្រព្រឹត្តអំពើពុករលួយ​ជាប្រព័ន្ធរវាងអាជ្ញាធរ និង​អ្នកមានលុយមានអំណាច។

តំណាងជនជាតិដើមភាគតិចរូបនេះបន្ត​ថា ប្រសិនបើអាជ្ញាធរថ្នាក់ជាតិមិនស៊ើបអង្កេត និងចុះស្រាវជ្រាវដោះស្រាយឱ្យមានតម្លាភាពជូនពលរដ្ឋទេ នោះ​បញ្ហាការរំលោភបំពានដីធ្លីរបស់ជនជាតិដើមភាគតិច​នៅតែបន្តកើត​មាន ហើយ​សិទ្ធិនិងវប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់របស់ពួកគេនឹង​រង​ការរំលោភ​បំពានបន្តទៀត។

អ្នកស្រី​បន្ថែម​ថា៖ «ប្រសិន​ជា​​រដ្ឋាភិបាលមិនមានចំណាត់ការ​ដោះស្រាយនិង​ទប់​ស្កាត់​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់ ​និង​រំលោភ​ទៅ​ដល់​​សិទ្ធិរបស់ជនជាតិដើមភាគតិច ជាពិសេសការអាស្រ័យផលរបស់បងប្អូនជនជាតិដើមភាគតិច ដូចជា​ ដីព្រៃជំនឿ និងកន្លែងផ្សេង​ទៀត ហើយនឹងធ្វើឱ្យមានជម្លោះដីធ្លីមិនចេះចប់»

មាត្រា២​៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា ដីសហគមន៍ជនជាតិដើមភាគតិច មិនមែនមានតែដីដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែ​ពួកគេត្រូវមានដីបម្រុងទុកជាចាំបាច់ក្នុងការដូរវេនដាំដំណាំ និងដីប្រើប្រាស់តាមបែបប្រពៃណីផ្សេងៗទៀត។

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពី នីតិវិធីនៃការចុះបញ្ជី​ដី​សហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់​គោល​ការណ៍​នី​តិ​វិធី និង​យន្ត​ការ​សម្រាប់​ការ​​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការ​កាន់​កាប់​ដីធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានាសុវត្ថិភាព​​នៃការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណីល្អរបស់​សហគមន៍​ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ