អ្នកកាសែត​ជនជាតិជប៉ុន​ដែល​ទើប​ត្រូវ​របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​ជំរុញ​ឱ្យ​ជប៉ុន​ដាក់​សម្ពាធ​លើ​របប​នេះ

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

អ្នកកាសែតជនជាតិជប៉ុនម្នាក់ដែលទើបត្រូវបានដោះលែងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានអំពាវឱ្យទីក្រុងតូក្យូដាក់សម្ពាធបន្ថែមទៀតលើរបបសឹកមួយនេះ និងអំពាវនាវឱ្យជប៉ុនទទួលយកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក តូរូ គូបូតា (Toru Kubota) បានជំរុញឱ្យប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយ និងអ្នកវិនិយោគដ៏ធំជាយូរមកហើយនៅមីយ៉ាន់ម៉ា​ «ចាត់វិធានការយ៉ាងសកម្មចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថ្កោលទោសរបបនេះ»

លោកបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុនគួរតែ «ពិនិត្យមើលយ៉ាងតឹងរ៉ឹងថាតើមូលនិធិទាំងនេះ [ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យ] ត្រូវបានប្រើប្រាស់ដោយយោធា ហូរទៅកាន់យោធា និងថាតើមូលនិធិទាំងនេះត្រូវបានប្រើប្រាស់ដើម្បីសម្លាប់មនុស្សដែរឬទេ»

លោក Kubota បាននិយាយថា «អ្វីដែលយើងត្រូវគិត គឺរបៀបការពារមនុស្សដែលរត់គេចពីការគ្រប់គ្រងបែបផ្តាច់ការ»។

គួរបញ្ជាក់ថា លោក Kubota បានជាប់ពន្ធនាគារអស់រយៈពេល៣ខែកន្លះ បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីខែកក្កដា។

លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទថតសកម្មភាពតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។ លើសពីនេះ លោកក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែមទៀត ពីបទរំលោភលើច្បាប់ស្តីពីអន្តោប្រវេសន៍របស់ប្រទេសមីយ៉ាន់ម៉ា។

លោកត្រូវបានដោះលែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយអ្នកទោសរាប់ពាន់នាក់ផ្សេងទៀត រួមទាំងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស លោកស្រី វីគី បូមែន (Vicky Bowman) និងសេដ្ឋវិទូជនជាតិអូស្ត្រាលី លោក សៀន ថឺនែល (Sean Turnell) ដែលជាទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ