មេដឹកនាំ​កូរ៉េខាងជើង​ថា​នឹង​ពង្រឹង​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឱ្យ​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ (KCNA តាមរយៈ REUTERS ATTENTION EDITORS)

មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យខ្លាំងជាងគេនៅលើពិភពលោក ខណៈលោកបានស្ងើចសរសើរមន្ត្រីយោធារាប់សិបនាក់ដែលបានចូលរួមក្នុងការបាញ់ម៉ីស៊ីលផ្លោងនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឈ្មោះ Hwasong-17 ដ៏ធំបំផុតរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានសន្យាថានឹងទប់ទល់​ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

លោក គីម ជុងអ៊ុន បាននិយាយថា៖ «គោលដៅធំបំផុតរបស់យើង គឺធ្វើឱ្យកងកម្លាំងយុទ្ធសាស្រ្តរបស់យើងមានអានុភាពខ្លាំងជាងគេនៅលើពិភពលោក ដែលមិនធ្លាប់មានពីមុនមក»។  

លោកបន្ថែមថា ការកសាងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងការពារសេចក្ដីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជនប្រកបដោយភាពជឿជាក់។

លោកបានពិពណ៌នាថា មីស៊ីល Hwasong-17 គឺជា «អាវុធយុទ្ធសាស្ត្រដ៏ខ្លាំងបំផុតនៅលើពិភពលោក» ហើយថា វាបង្ហាញពីការប្ដេជ្ញាចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពរបស់ខ្លួនឱ្យក្លាយជាកង​ទ័ពដ៏ខ្លាំងបំផុតនៅលើពិភពលោក។

លោក គីម ជុងអ៊ុន ក៏បានថ្លែងផងដែរថា «អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង មានការរីកចម្រើនឆ្ពោះទៅមុខដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានៃការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោង»។

ការបាញ់សាកល្បងមីស៊ីល Hwasong-17 បានជំរុញឱ្យសហរដ្ឋអាមេរិកអំពាវនាវឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញ​សេចក្តីថ្លែងការណ៍មួយ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលរបស់ខ្លួន ដែលត្រូវបានហាមឃាត់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា «មីស៊ីល Hwasong-17 បានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ថា កូរ៉េខាងជើងមានអានុភាពនុយក្លេអ៊ែរពេញលេញ ដែលមានសមត្ថភាពទប់ទល់នឹងអំណាចនុយក្លេអ៊ែររបស់ចក្រពត្តិនិយមអាមេរិក និងបង្ហាញថាខ្លួនជាប្រទេសដែលមានមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏មានអានុភាពបំផុតនៅលើពិភពលោក»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ